The Phnom Penh Post Search

Search form

Wilder សម្រួច​ក្បាច់​សម្លាប់ នៅ​មុន​ពេល​ជួប Fury

Content image - Phnom Penh Post
កីឡាករ Deontay Wilder (ឆ្វេង) នឹង​ជួប Tyson Fury នៅ​ដើម​ខែ​ក្រោយ​។ AFP

Wilder សម្រួច​ក្បាច់​សម្លាប់ នៅ​មុន​ពេល​ជួប Fury

ក្រុង​ឡូ​ស​អេ​ន​ជឺ​លេស: កីឡាករ​ប្រដាល់ Deontay Wilder បាន​បញ្ជាក់​ថា ជំរំ​ហ្វឹកហាត់​ដ៏​ខ្លាំងក្លា​របស់​គេ បាន​សម្រួច​ទៅ​លើ «ក្បាច់​សម្លាប់» របស់​គេ ស្រប​ពេល​រូប​គេ​ត្រៀម​ខ្លួន​ក្នុង​ការ​ដាក់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពី​ស្ថាប័ន WBC របស់​គេ​ឲ្យ​ដណ្តើម​យក​នៅ​ពេល​ប្រកួត​ជាមួយ​នឹង​កីឡាករ Tyson Fury នៅ​ខែ​ក្រោយ​នេះ។

Wilder ដែល​មិន​ស្គាល់​ចាញ់​សោះ​ពី​ការប្រកួត ៤០ លើក ក្នុងនោះ​ផ្តួល​ដៃគូ​ឲ្យ​សន្លប់ ៣៩ លើក​នោះ នឹង​ត្រូវ​ប៉ះ​ជាមួយ​នឹង​កីឡាករ​មិន​ស្គាល់​ចាញ់​ដូចគ្នា Fury នៅ​លើ​សង្វៀន Staples Center ក្នុង​ទីក្រុង Los Angeles នៅ​ថ្ងៃ​ទី ១ ខែ​ធ្នូ ក្នុង​ការ​ប្រកួត​មួយ​ដែល​ត្រូវ​បាន​រំពឹង​ទុក​ថា ជា​ជំនួប​ដ៏​កក្រើក​មួយ។

Wilder វ័យ ៣៣ ឆ្នាំ ដែល​កំពុងតែ​សម្លឹង​រក​ការទទួលបាន​ឱកាស​ប្រកួត​នៅ​ថ្ងៃ​អនាគត​ជាមួយ​នឹង​ម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ពិភពលោក​ពី​ស្ថាប័ន IBF, WBA និង WBO គឺ Anthony Joshua នៅ​ឆ្នាំ​ក្រោយ​នោះ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង Los Angeles កាល​ពី​ថ្ងៃ​ចន្ទ​ថា រូបគេ​បាន​ស្ថិត​ក្នុង​លក្ខខណ្ឌ​យ៉ាង​ល្អ​ឥត​ខ្ចោះ ក្រោយ​ពី​ការ​ហ្វឹក​ហាត់​ក្នុង​ជំរំ​របស់​គេ។

Wilder បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​កំពុង​តែមាន​អារម្មណ៍ល្អ។ ស្មារតី​របស់ខ្ញុំ​បាន​ផ្លាស់ប្តូរ រាងកាយ​របស់​ខ្ញុំ​បាន​ផ្លាស់​ប្តូរ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ដូចជា​អ្នក​សម្លាប់​ម្នាក់​អ៊ីចឹង។ ខ្ញុំ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​អ្នក​សម្លាប់​ម្នាក់»។

កីឡាករ​រូបនេះ​បាន​ប្រាប់​បន្តថា៖ «ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​កំពុងតែ​ស្ថិតក្នុង​កម្រិត​ដ៏​ខ្លាំង​បំផុត​របស់​ខ្ញុំ​នៅ​ពេល​នេះ។ ខ្ញុំ​ត្រៀម​លក្ខណៈ​រួចរាល់​ទាំង​ផ្នែក​ស្មារតី កម្លាំង​កាយ និង​ការ​រំជួល​ចិត្ត។ រាល់​អ្វីៗ​ទាំង​អស់​ស្ថិត​ក្នុង​កម្រិត​ដ៏​ល្អ​ឥត​ខ្ចោះ។ ខ្ញុំ​គ្រាន់​តែ​ចង់​ឡើង​ទៅ​កាន់​សង្វៀន និង​បង្ហាញ​ពី​ការ​ប្រកួត។ Tyson Fury មិន​ដឹង​ពីអ្វី​ដែល​រូបគេ​បាន​ធ្វើ​ឲ្យ​ខ្លួន​ឯង​ទទួល​បាន​ឡើយ»។

ការប្រកួត​ជា​លើកចុងក្រោយ​របស់ Wilde គឺ​ការ​ប៉ះ​ជាមួយនឹង​កីឡាករ​គុយបា Luis Ortiz កាលពី​ខែ​មីនា។ Wilder បាន​ឈ្នះ​ការ​ប្រកួត​នោះ​តាមរយៈ​ការ​ផ្តួល​ឲ្យ​ដៃគូ​សន្លប់​ក្នុង​ទឹក​ទី ១០ ក្រោយ​ពី​ត្រូវ​បាន​បង្ខំ​ឲ្យ​ជួប​ការ​លំបាក​ដោយ​គូប្រកួត​សញ្ជាតិ​គុយបា​រូប​នេះ។

Wilder បានបញ្ជាក់​កាលពី​ថ្ងៃ​អង្គា​រថា រូបគេ​បានទទួល​អត្ថប្រយោជន៍​ផ្សេងៗ​ពី​ការ​ជួប​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​ជាមួយ​នឹង Ortiz។

កីឡាករ​រូបនេះ​បាន​និយាយថា៖ «Luis Ortiz គឺជា​អ្នក​ប្រយុទ្ធ​ដែល​គេ​មិន​ចង់​ជួប​បំផុត​ក្នុង​ទម្ងន់​ធ្ងន់​នេះ ហើយ​ខ្ញុំ​យល់​ពី​មូល​ហេតុ​ដែល​រូបគេ​មិន​ធ្លាប់​បាន​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​កាល​ពី​មុន។ ខ្ញុំ​ជា​ប្រភេទ​នៃ​អ្នក​ប្រយុទ្ធ​ដែល​ផ្តល់​ឱកាស​ឲ្យ​កីឡាករ​គ្រប់គ្នា ហើយ​រូបគេ​ជា​អ្នក​ប្រយុទ្ធ​ដែល​ខ្ញុំ​ត្រូវ​ការ​ជួប​ដើម្បី​បង្ហាញ​ឲ្យ​ពិភពលោក​ឃើញ​នូវ​អ្វី​ដែល​ខ្ញុំ​មាន»។

ស្របពេល​ជាមួយគ្នានេះ Wilder បាន​ប្រាប់ថា រូបគេ​មានការ​ជឿជាក់ថា កម្លាំង​កណ្តាប់ដៃ​ដ៏​ធ្ងន់​របស់​គេ នឹង​យក​ឈ្នះ​លើ​កីឡាករ Fury។

Wilder បាន​ឲ្យ​ដឹងថា៖ «Fury មាន​កម្ពស់​ដូច​ខ្ញុំ​ដែរ ហើយ​រូបគេ​ក៏មាន​ស្នៀត​ប្រកួត​ដូច​ខ្ញុំ​ដែរ។ រូបគេ​មាន​ភាព​រហ័ស និង​កម្ពស់​ខ្ពស់ ហើយ​រូបគេ​ជឿ​ជាក់​ថា គេ​ជា​កីឡាករ​ដ៏​ឆ្នើម​បំផុត​ក្នុង​ពិភពលោក»៕

អត្ថបទគួរចាប់អារម្មណ៍