បុរីញូវយ៉កៈ កីឡាករ​ប្រដាល់ Deontay Wilder កំពុង​ត្រៀមខ្លួន​ «​ប្រកួត​ជាមួយ​អ្នកណា​ក៏បាន​» ក្រោយពី​បាន​ការពារ​ខ្សែក្រវាត់​ក្រុមប្រឹក្សា​ប្រដាល់​ពិភពលោក​ (WBC) ក្នុង​កម្រិត​ទម្ងន់​ធ្ងន់​របស់​ខ្លួន ប៉ុន្តែ​លទ្ធភាព​ប្រកួត​ជាមួយ​ជើង​ខ្លាំង Anthony Joshua ទំនង​ជា​មិនទាន់​អាច​កើតឡើង​ទេ​នៅ​ឆ្នាំ​នេះ​។

កីឡាករ Wilder បាន​ផ្តួល គូប្រកួត​របស់​ខ្លួន Dominic Breazeale នៅក្នុង​ទឹក​ទី​១ ដោយ​ដាល់​តែ​ ១ ​ដៃស្ដាំ​លឿន​ដូច​ផ្លេកបន្ទោរ ធ្វើឲ្យ​គូប្រកួត​ដួល​នៅ​លើ​នៅ​សង្វៀន Brooklyn Barclays កាលពី​ថ្ងៃ​សៅរ៍​។ ជ័យជម្នះ​ថ្មីៗ​នេះ​ត្រូវ​បាន​មហាជន​ស្នើសុំ​ឲ្យ​កីឡាករ Wilder ប្រកួត​ជាមួយ​ម្ចាស់​ជើងឯក​ខ្សែក្រវាត់ WBA, IBF, និង WBO គឺ​កីឡាករ Anthony Joshua ឬ​ក៏​ប្រកួត​ម្ដង​ទៀត​ជាមួយ​កីឡាករ Tyson Fury ក្រោយពី​ពួកគេ​បាន​ប្រកួត​ស្មើគ្នា​នៅ​ទីក្រុង Los Angeles រដ្ឋ​កាលីហ្វ័រ​នីញ៉ា​សហរដ្ឋអាមេរិក​កាលពី​ខែ​ធ្នូ​។

កីឡាករ​វ័យ​ ៣៣ ​ឆ្នាំ Wilder ដែល​មាន​ប្រវត្តិ​ប្រកួត​ ៤១ ​លើក​ដោយ​បាន​ស្មើ​តែ​ ១ ​លើក និង​បាន​ផ្ដួល​គូប្រកួត​ឲ្យ​សន្លប់​ចំនួន​ ៤០ ​លើក​នេះ​បាន​និយាយ ក្រោយ​ការប្រកួត​ពី​ថ្ងៃ​សៅរ៍​ថា គាត់​ជឿ​ថា​គេ​នឹង​រៀបចំ​ឲ្យ​មាន​ការប្រកួត​ជាមួយ Joshua នៅ​ថ្ងៃ​ណា​មួយ​ជាមិនខាន ហើយ​បាន​ជំរុញ​ឲ្យ​អ្នក​គាំទ្រ​អត់ធ្មត់​បន្តិច​។

កីឡាករ​មិនទាន់​ស្គាល់​ការចាញ់ Wilder បាន​ប្រាប់​ក្រុម​អ្នកកាសែត​ថា​៖ «​បញ្ហា​ពាក់ព័ន្ធ​នឹង​ការប្រកួត​ដ៏សំខាន់​នេះ​កំពុង​ពិភាក្សា ហើយ​គ្មាន​ទ្វារ​ណា​មួយ​បិទ​នោះទេ ខណៈ​ក្រុម​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​កំពុង​ជជែក​គ្នា ព្រោះ​នោះ​គឺជា​រឿង​សំខាន់​»​។

អ្នក​ប្រដាល់​ជើង​ខ្លាំង​រូប​នេះ​បាន​បន្ថែម​ឲ្យ​ដឹងថា​៖ «​យើង​ដឹងថា នៅពេល​មាន​ការប្រកួត​សំខាន់ៗ​កើតឡើង​គឺ​អ្វីៗ​នឹង​មាន​សភាព​ស្ងាត់ស្ងៀម ដោយសារ​មាន​អ្នក​ពាក់ព័ន្ធ​ច្រើនពេក​ និង​មាន​គំនិត​ច្រើនពេក​នាពេល​ឥឡូវនេះ​។ ប៉ុន្តែ ខ្ញុំ​ហ៊ាន​សន្យា​ថា​ការប្រកួត​ដ៏សំខាន់​នេះ​នឹង​កើតឡើង ហើយ​ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ទាំងអស់​គ្នា​អត់ធ្មត់ និង​ទុកពេល​បន្តិច​ដល់​យើង​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ដើម្បី​ឲ្យ​យើង​ទាំងអស់គ្នា​ទទួល​បាន​ប្រយោជន៍​ពី​ការប្រកួត​នេះ​»​។

សហ​អ្នកគ្រប់គ្រង​របស់ Wilder លោក Shelly Finkel បាន​និយាយ​ថា​អ្នក​ដែល​ត្រូវ​ប្រកួត​ជាមួយ​ម្ចាស់​ជើងឯក​រូបនេះ​នឹង​ត្រូវ​សម្រេច​ក្នុង​ពេល​ភ្លាមៗ​នេះ ហើយ​ជម្រើស​ល្អ​បំផុត​គឺ​អាច​នឹង​ប្រកួត​ជាថ្មី​ម្ដងទៀត​ជាមួយ​កីឡាករ​សញ្ជាតិ​គុយបា Luis Ortiz​។

ស្របពេល​មាន​ការពន្យារពេល​ចរចា​គ្នា​ពី​លទ្ធភាព​ប្រកួត​ជាមួយ​កីឡាករ Joshua នោះ​លោក Finkel បាន​និយាយ​ថា កីឡាករ Wilder នៅ​តែ​មាន​បំណង​ចង់​សាក​កណ្ដាប់ដៃ​ជាមួយ​ម្ចាស់​ជើងឯក​មិន​ធ្លាប់​ស្គាល់​ចាញ់​សញ្ជាតិ​អង់គ្លេស​រូបនេះ​ដដែល​។

លោក Finkel បាន​បញ្ជាក់​ថា​៖ «Wilder ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការប្រកួត​ជាមួយ​កីឡាករ​ណា​ក៏បាន ប៉ុន្តែ​ពេល​នេះ​គាត់​ក៏​ចង់វាយ​ជាមួយ Joshua បន្តិច ហើយ​ក៏​ចង់​ប្រកួត​ជាថ្មី​ជាមួយ Fury ផងដែរ​។ នៅពេល​កីឡាករ​ណា​ចង់​ប្រកួត​សូម​ដាក់​ពាក្យ​មក ព្រោះ Wilder មិនមែន​ជា​មនុស្ស​កំសាក​នោះ​ឡើយ​»​។

ទោះបី​ជា​យ៉ាងណា​លោក Finkel បាន​ប្រាប់​ភ្នាក់ងារ BBC Sport ថា​ការជួប​ជាមួយ​កីឡាករ Joshua ឬក៏ Fury នេះ​ទំនង​ជា​មិនអាច​កើតឡើង​នៅ​ឆ្នាំ​នេះ​ទេ ហើយ​គាត់​ក៏​មិន​បាន​បញ្ជាក់​ពី​ពេលវេលា​ច្បាស់លាស់​នោះដែរ​៕ SN