ក្រុងឡុងដ៍: ខ្សែបម្រើសញ្ជាតិប្រេស៊ីល Willian បានអះអាងថា ខ្លួននឹងចាកចេញពីក្រុមតោខៀវ Chelsea ក្រោយបញ្ចប់រយៈពេល ៧ ឆ្នាំ ដ៏អស្ចារ្យ នៅទឹកដី Stamford Bridge។ នេះបើតាមកីឡាករវ័យ ៣២ ឆ្នាំ ដែលកំពុងមានទំនាក់ទំនងក្នុងផ្លាស់ទៅក្រុមគូប្រជែងរួមក្រុង Arsenal ផូស្តឲ្យដឹងក្នុងលិខិតលាអ្នកគាំទ្ររបស់ក្លិប តាមរយៈបណ្ដាញសង្គម Twitter។
ក្នុងលិខិតនោះ កីឡាករ Willian រៀបរាប់ថា៖ «ឥឡូវនេះ ដល់ពេលត្រូវធ្វើដំណើរទៅមុខហើយ។ ខ្ញុំប្រាកដជា នឹករលឹកមិត្តរួមក្រុមជាមិនខាន។ ខ្ញុំចាកចេញជាមួយនឹងមមោទនភាព ដែលខ្ញុំទទួលបានជោគជ័យយ៉ាងច្រើន នៅទីនេះ ហើយតែងតែ ប្រឹងអស់លទ្ធភាព ពេលពាក់ឯកសណ្ឋានរបស់ក្រុម Chelsea»។
កីឡាករ Willian ដែលចាប់ផ្ដើមអាជីពរបស់ខ្លួនដំបូងជាមួយក្រុមនៅប្រទេសកំណើត Corinthians ក្នុងក្រុង Sao Paulo បានផ្ទេរពីក្រុមនៅរុស្ស៊ី Anzhi Makhachkala មកកាន់ក្រុម Chelsea កាលពីឆ្នាំ ២០១៣ ក្នុងនោះបង្ហាញខ្លួនបានជាង ៣០០ ការប្រកួតឲ្យក្លិប ជាមួយនឹងការឈ្នះពានក្របខ័ណ្ឌកំពូល Premier League ចំនួន ២ ដង។
កុងត្រារបស់ខ្សែបម្រើឆ្នើមរូបនេះជាមួយក្លិប បានផុតហើយ នារដូវក្ដៅនេះ ហើយក៏មិនបានព្រមព្រៀងបន្តកិច្ចសន្យាថ្មីឡើយ។ ដូច្នេះ រូបគេនឹងធ្វើការស្វែងរកក្រុមថ្មីរួមជាមួយនឹងខ្សែបម្រើម្នាក់ផ្សេងទៀត គឺកីឡាករសញ្ជាតិអេស្ប៉ាញ Pedro ដែលបានប្រកាសឲ្យពីការចាកចេញរបស់ខ្លួន ក្រោយរួមរស់ជាមួយអស់រយៈពេល ៥ ឆ្នាំ។
ក្នុងលិខិតនោះ កីឡាករ Willian បានឲ្យដឹងទៀតថា៖ «ក្នុងខែសីហា ឆ្នាំ ២០១៣ នៅពេលខ្ញុំបានទទួលសំណើពីក្រុម Chelsea ខ្ញុំក៏ប្រាកដក្នុងចិត្តថា នេះជាក្រុម ដែលខ្ញុំត្រូវលេងជាមួយ។ ថ្ងៃនេះ ខ្ញុំក៏ច្បាស់ដែរថា វាជាការសម្រេចចិត្តដ៏ល្អបំផុត។ នៅទីនេះ មានរឿងរ៉ាវជាច្រើន បានកើតឡើង ទាំងរីករាយ និងកើតទុក្ខ។ មានការឈ្នះពានរង្វាន់ ហើយក៏មានការតឹងតែងនៅក្នុងក្រុមដូចគ្នាដែរ»៕ AFP/VN