ក្រុង​ឡុងដ៍៖ ក្រុម Wolverhampton Wanderers (Wolves) ហក់​ឡើង​ទៅ​ដល់​លេខ ៦ ក្នុង​តារាង​ក្របខ័ណ្ឌ Premier League ពេល​ខ្សែ​ប្រយុទ្ធ Raul Jimenez បាន​ជួយ​​ធានា​នូវ​ជ័យ​ជម្នះ ១-០ លើ​ក្រុម​ម្ចាស់​ផ្ទះ​ Leeds United (Leeds) កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ក្រុម West Bromwich Albion និង Burnley ក្លាយជា​គូ​ដំបូង​គេ​នៅ​លីគ​កំពូល​​របស់​អង់គ្លេស នា​រដូវកាល​នេះ​ដែល​បញ្ចប់​ការ​ប្រកួត​​​​ក្នុង​លទ្ធផល​ត្រឹម ០-០​។​

ក្រុម​ Wolves របស់​លោក Nuno Espirito Santo អាច​រក​ឃើញ​ជ័យជម្នះ​ជា​លើក​ទី​៣ របស់​ខ្លួន​នៅ​លីគ​កំពូល​បាន ដោយសារ​កីឡាករ Jimenez ព្យាយាម​ស៊ុត​បាល់​នៅ​វគ្គ​ទី២ ហើយ​ទៅ​ប៉ះ​ក្បាល​​ខ្សែ​បម្រើ Kalvin Phillips របស់​ក្រុម​ Leeds ចូល​ទី​តែ​ម្ដង។​

គ្រាប់​ទី៣ របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ម៉ិកស៊ិក ប្រចាំ​រដូវកាល​នេះ បាន​ជួយ​ឱ្យ​ក្រុម Wolves ឈ្នះ ២ ប្រកួត​ជាប់ៗ​គ្នា បន្ទាប់​ពី​ពួក​គេ​យក​បាន ៣ ពិន្ទុ ​ពី​ក្រុម Fulham ដែរ មុន​ពេល​មាន​ការ​ឈប់​សម្រាក ដើម្បី​ធ្វើ​ការ​ប្រកួត​សម្រាប់​ក្រុម​ជម្រើស​ជាតិ​។

គ្រូ​បង្វឹក​របស់​ក្រុម​ Wolves លោក Nuno ថ្លែង​ថា​៖ «​វា​ជា​លទ្ធផល​​​ល្អ​មួយ ដោយ​​មាន​​ចំណុច​ខ្លះៗ នឹង​ត្រូវ​កែ​លម្អ។ យើង​គ្រាន់​បើ​នៅ​វគ្គ​ទី២ តែ​នៅ​វគ្គ​ដំបូង វា​ពិត​ជា​តឹងតែង​ណាស់​សម្រាប់​យើង​។ ក្រុម Leeds ខ្លាំង​ណាស់​ (រឹង និង​លឿន)។ យើង​ត្រូវ​តែ​សម្រប​​នឹង​ស្ថានការណ៍ ហើយ​ត្រូវ​តែ​មាន​លំនឹង​ជាង​នេះ នៅ​តំបន់​ប្រយុទ្ធ​។ គ្រាប់​បាល់​នោះ អាច​ជា​សំណាង​ជួយ តែ​យើង​បាន​បង្កើត​ឱកាស​»​។​

ឥឡូវ​នេះ ក្រុម Leeds បាន​រំលង​ទៅ ២ ​ប្រកួត ដោយ​មិន​មាន​ជ័យជម្នះ​ឡើយ ខណៈ​​នេះ​ជា​ការ​បរាជ័យ​លើក​ដំបូង​ក្នុង​លីគ គិត​តាំង​ពី​ចាញ់​ក្រុម​ជើងឯក​ចាស់ Liverpool នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​។

លោក​ Marcelo Bielsa អ្នក​ចាត់​ការ​របស់​ក្រុម Leeds បាន​ប្រាប់​ថា​៖ «​នៅ​វគ្គ​ទី១ យើង​បាន​បង្កើត​ឱកាស​ជា​ច្រើន​ផ្សេងៗ​គ្នា ហើយ​នៅ​វគ្គ​ទី ២ វា​គួរ​តែ​ល្អ​ជាង​ហ្នឹង​។ យើង​​បង្កើត​ឱកាស​ល្មម​តែ​អាច​ធ្វើ​ការ​នាំ​មុខ​បាន​។ ខ្ញុំ​មិន​គិត​ថា ពួក​គេ​ល្អ​ជាង​យើង​នោះ​ទេ តែ​ពួក​គេ​រារាំង​ការ​វាយ​សម្រុក​​បាន​ល្អ​ជាង​យើង​​»​។

ការ​គ្រប​សង្កត់​របស់​ក្រុម Leeds នៅ​តង់​ដំបូង ក៏​មាន​ឱកាស​បំប៉ោង​សំណាញ់​ទី ១ គ្រាប់​ដែរ ដែល​ជា​ការ​តែត​របស់​ខ្សែ​ប្រយុទ្ធ Patrick Bamford តែ​គ្រាប់​បាល់​នោះ មិន​យក​ជា​ការ ដោយសារ​ស្ថិត​ក្នុង​ជំហរ​ក្រៅ​ល្បែង (offside) ហើយ​ក្រោយ​មក​ការ​ទាមទារ​បាល់​ពិន័យ ១១​ម៉ែត្រ ក៏​ត្រូវ​បដិសេធ​ទៀត​។

បន្ទាប់​ពី​ការ​ស៊ុត​បញ្ចូល​ទី​គ្នា​ទៅ​វិញ​ទៅ​មក​​យ៉ាង​ច្រើន​សន្ធឹក​ ទាំង​ ៤៦ ​ប្រកួត នៅ​ Premier League គិត​តាំង​ពី​ថ្ងៃ​បើក​រដូវកាល​ថ្មី កាល​ពី​ខែ​កញ្ញា ​កន្លង​​ទៅ ពេល​នេះ​ទស្សនីយភាព​ដ៏​ល្អ​មើល​ហ្នឹង ត្រូវ​បាន​បញ្ចប់​នៅ​ទឹក​ដី Hawthorns របស់​​​ West Brom​ ហើយ​។

រវាង​ក្រុម​ទាំង ២ West Brom និង Burnley បូក​បញ្ចូល​គ្នា​នូវ​គ្រាប់​បាល់​ដែល​របូត​មាន​ចំនួន ២១ គ្រាប់​ តែ​សម្រាប់​ការ​ជួប​គ្នា ដែល​ជា​ប្រកួត​ទី ៤៧ នៃ​យុទ្ធនាការ​នៅ Premier League បាន​ត្រឹម​លទ្ធផល ០-០ ប៉ុណ្ណោះ ពេល​អាជ្ញា​កណ្ដាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការ​ប្រកួត​ផ្លូវ​ការ​។

លទ្ធផល​នេះ ក៏​បង្ហាញ​ឱ្យ​ឃើញ​ដែរ​​ថា ​ទាំង ២ ក្រុម នៅ​មិន​ទាន់​ស្គាល់​រសជាតិ​ជ័យជម្នះ​នៅ​ឡើយ​ទេ សម្រាប់​ប្រកួត​ក្នុង​លីគ​ នា​រដូវកាល​នេះ ខណៈ​ក្រុម Burnley ទើប​មាន ១ ពិន្ទុ ក្រោយ​បញ្ចប់​ការ​ប្រកួត ៤ លើក​របស់​ខ្លួន​។

សម្រាប់​ក្របខ័ណ្ឌ Premier League គិត​ត្រឹម​សប្ដាហ៍​ទី ៥ នេះ គឺ​ក្រុម Everton កំពុង​ឈរ​ទី១ ក្នុង​តារាង​បណ្ដោះអាសន្ន មាន ១៣ ពិន្ទុ តាម​ពី​ក្រោយ​ដោយ Aston Villa ដែល​ប្រកួត​តិច​ជាង ១ លើក ចំនួន ១ ពិន្ទុ៕ AFP/VN