ភ្នំពេញ: ក្រុមហ៊ុន Khmer Beverages ដែលមាន​ផលិតផល​ភេសជ្ជៈ Wurkz បាន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ប្រដាល់​លក្ខណៈ​ដណ្តើម​ខ្សែក្រវាត់​អន្តរជាតិ​ទម្ងន់ ៦៣,៥ គីឡូក្រាម ខណៈ​កីឡាករ​ល្បីៗ​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា​ចំនួន ៤ នាក់ និង​កីឡាករ​មក​ពី​ប្រទេស​ថៃ ៤ នាក់ នឹង​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ជម្រុះ​ឆ្ពោះ​ទៅ​ដណ្តើម​ខ្សែក្រវាត់ និង​ទឹក​ប្រាក់​ចំនួន ៥០០០ដុ ល្លារ​អាមេរិក នៅ​សង្វៀន​អាស៊ី​អាគ្នេយ៍។ នេះ​តាម​ការ​ប្រកាស​ជា​ផ្លូវការ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ៣១ ខែ​ឧសភា ឆ្នាំ ២០១៨ នៅ​ឯ​រោងចក្រ​ស្រាបៀរ​កម្ពុជា ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

លោក​អ៊ឹម សុធា​រិ​ទ្ធ នាយក​ទំនាក់ទំនង​នៃ​ក្រុមហ៊ុន​ជីបម៉ុង​គ្រុប មាន​ប្រសាសន៍​ថា៖ «នេះ​ជា​លើក​ដំបូង​ដែល​ក្រុមហ៊ុន Khmer Beverages ដែល​មាន​ផលិតផល​ភេសជ្ជៈ Wurkz បាន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ប្រដាល់​លក្ខណៈ​ដណ្តើម​ខ្សែក្រវាត់​អន្តរជាតិ ប៉ុន្តែ​កន្លង​មក ក្រុមហ៊ុន​បាន​ជួយ​ឧបត្ថម្ភ​កម្មវិធី​ប្រដាល់​ដណ្តើម​ខ្សែក្រវាត់​នេះ​ចំនួន ៤ ឆ្នាំ​មក​ហើយ រួម​មាន​ការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ស្រាបៀរ​កម្ពុជា និង Baley Black ដែល​ជា​ផលិតផល​របស់​ក្រុមហ៊ុន​តែមួយ»។

លោក​បាន​បន្តថា៖ «ក្រុមហ៊ុន​មាន​ទស្សនៈ​ទូលំទូលាយ​ក្នុងការ​ជួយឧបត្ថម្ភ​គាំទ្រ​ក្នុង​សកម្មភាព​វិស័យ​កីឡា​ជាច្រើន ពិសេស​កីឡា​ប្រដាល់​នេះ​តែ​ម្តង»។

លោក រាជ សុ​ផែន ប្រធាន​បច្ចេកទេស​ប្រចាំ​សង្វៀន​ប្រដាល់​អាស៊ីអាគ្នេយ៍​បាន​ប្រកាស ឲ្យ​ដឹង​ថា៖ «កីឡាករ​កម្ពជា​មាន ៤ រូប ហើយ​កីឡាករ​ថៃ​មាន ៤ រូប ដោយ​ប្រកួត​ជម្រុះ​វិលជុំ​សន្សំ​ពិន្ទុ ដោយ​កីឡាករ​ម្នាក់ៗ​ជួប ប្រកួត ៤ លើក ខណៈ​ខ្មែរ​មិន​ប៉ះ​ជាមួយ​ខ្មែរ ឬ​កីឡាករ​ថៃ​មិន​ប៉ះ​ជាមួយ​ថៃ​ឡើយ ហើយ​សរុប ពិន្ទុ​យក​កីឡាករ​ថៃ​ម្នាក់ និង​កីឡាករ​ខ្មែរ​ម្នាក់​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដណ្តើម​យក​ខ្សែក្រវាត់ និង​ទឹក​ប្រាក់​ចំនួន ៥០០០ ដុល្លារ​តែម្តង។

លោក ញាន សុធី គណៈកម្មការ​ផ្គូផ្គង បាន​ឲ្យ​ដឹងថា៖ «សមាសភាព​អ្នក​ប្រដាល់​កម្ពុជា​មាន ៤ រូប។ ទី១ កីឡាករ​ទេស ជីវ៉ា មក​ពី​ក្លិប​កងពល​លេខ ៧០ មាន​បទពិសោធ​ប្រកួត​បាន ៦៨ លើក។ ទី២ កីឡាករ​វ៉េង សុភ័ក្ត្រ មក​ពី​ក្លិប​កងទ័ព​ឆត្រ​យោង ៩១១ មាន​បទពិសោធ​ប្រកួត​បាន ៨១ លើក។ ទី៣ កីឡាករ​ឌុម កែវដា មក​ពី​ក្លិប​មកុដ​រាជសីហ៍​មាន​បទពិសោធ​ប្រកួត​ចំនួន ៨៩ លើក និង ទី៤ កីឡាករ​ឡុង សំណាង មក​ពី​សាលវ័ន្ត​កីឡា មាន​បទពិសោធ​ចំនួន ៧៦ លើក»។

ចំណែក​កីឡាករ​ថៃ​មាន​កីឡាករ​ជើងចាស់ Loom Leng មាន​បទពិសោធ​ប្រកួត​បាន​ចំនួន ៧៩ លើក។ ទី២ Phayak Lek មាន​បទពិសោធ​ប្រកួត​បាន​ចំនួន ៨១ លើក។ ទី៣ កីឡាករ​ចំណូល​ថ្មី Pek Thieng មាន​បទពិសោធ​ប្រកួត​បាន​ចំនួន ៥៨ លើក និង​ទី៤ កីឡាករ Fa Nemith មាន​បទពិសោធ ប្រកួត​បាន​ចំនួន ៦៥ លើក៕