ក្រុង​ឡុងដ៍៖ កីឡាករ​បម្រុង​ Andriy Yarmolenko បាន​បង្ហាញ​វត្តមាន​ដ៏​កម្រ​មួយ​សម្រាប់​​ក្រុម​ញញួរ​ធំ West Ham United ជាមួយ​នឹង​ការ​ស៊ុត​បញ្ចូល​ទី​នៅ​ចុង​ម៉ោង ១ ​គ្រាប់ ជួយ​ឲ្យ​​ក្រុម​របស់​ទទួល​បាន​​ជ័យ​ជម្នះ​ដ៏​មាន​តម្លៃ​បំផុត​ក្នុង​លទ្ធផល ៣-២ នៅ​ទឹក​ដី​ខ្លួន​ឯង អំឡុង​ការ​ប្រកួត​នៃ​ក្របខ័ណ្ឌ​កំពូល Premier League ជាមួយ​ក្រុម​តោខៀវ Chelsea កាល​ពី​ថ្ងៃ​ពុធ​។

ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អ៊ុយក្រែន Yarmolenko ដែល​​បាន​លេង​ជា​លើក​ដំបូង ក្នុង​រយៈពេល ៦ ​ខែ នាម​ជា​កីឡាករ​បម្រុង ពេល​ក្រុម West Ham ប្រកួត​ចាញ់​ក្រុម Wolverhampton ២-០ ត្រូវ​បាន​ប្ដូរ​ចូល​នៅ​នាទីទី ​៧៨ ពេល​ក្រុម​ទាំង ​២ ដែល​កំពុង​ត​តាំង​គ្នា​សម្រាប់​​​ជំនួប​នៃ​ក្រុម​ក្នុង​ក្រុង​តែ​មួយ​មាន​លទ្ធផល ២-២​។

ដោយសារ​ក្រុម​ភ្ញៀវ Chelsea ធ្វើ​ការ​វាយ​សម្រុក​ចង់​ឈ្នះ​នៅ​ចុង​ម៉ោង ពេល​មាន​ឱកាស​វាយ​បក​វិញ ដៃ​គូ​ប្រយុទ្ធ​របស់​ក្រុម​ញញួរ​ធំ សហការ​គ្នា​បាន​យ៉ាង​ល្អ ដោយ​​កីឡាករ Pablo Fornals បញ្ជូន​បាល់​ឲ្យ​ទៅ​ Yarmolenko ដែល​ព្យាយាម​បណ្ដើរ​បាល់​គេច​ខ្សែ​ការពារ Antonio Rudiger មុន​នឹង​ស៊ុត​បាល់​ផុត​ដៃ​អ្នក​ចាំ​ទី Kepa Arrizabalaga ទម្លុះ​សំណាញ់​ទី​បាន​សម្រេច​នៅ​នាទីទី ​៨៩​។

ទោះ​ការ​ប្រកួត​នេះ មិន​មាន​អ្នក​គាំទ្រ​ក្រុម West Ham ក្នុង​កីឡដ្ឋាន London Stadium ក៏​ពិត​មែន តែ​សម្រែក​ដ៏​រីករាយ​របស់​កីឡាករ​ទាំង​អស់ ដែល​បញ្ចេញ​យ៉ាង​កង​រំពង​ពេញ​ទីលាន​ទទេ​ស្អាត​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ជោគជ័យ​នេះ ពិត​ជា​មាន​អត្ថន័យ​ណាស់​សម្រាប់​ពួក​គេ ព្រោះ​នេះ​ជា ៣ ​ពិន្ទុ​ដ៏​សំខាន់ ដែល​អាច​ជួយ​ឲ្យ​ពួក​គេ មាន​សង្ឃឹម​កាន់​តែ​ខ្ពស់​ក្នុង​ការ​បន្ត​ជីវិត​នៅ​លីក​កំពូល​របស់​អង់គ្លេស​។

ក្រោយ​ចប់​ការ​ប្រកួត អ្នក​ចាត់​ការ​របស់​ក្រុម West Ham លោក David Moyes បាន​និយាយ​ថា​៖ «​ខ្ញុំ​ដឹង​ថា​ Yarmolenko អាច​ស៊ុត​បញ្ចូល​ទី​បាន​។ គេ​គឺ​ជា​កីឡាករ​មាន​ប្រវត្តិ​ល្អ​មា្នក់។ ខ្ញុំ​មាន​អារម្មណ៍​ថា​ ជា​ពេល​វេលា​សមរម្យ​ ដើម្បី​ធ្វើ​ការ​ផ្លាស់​ប្ដូរ។ យើង​បាន​ស្ថិត​ក្នុង​ស្ថានភាព​តានតឹង​នា​ពេល​នោះ ក្នុង​លទ្ធផល ២-២ តែ​កីឡាករ​ទាំង​អស់​នាំ​គ្នា​ប្រឹងប្រែង​មិន​ព្រម​លះបង់​នោះ​ឡើយ ហើយ​ទី​បំផុត យើង​ទទួល​បាន​លទ្ធផល​ល្អ​មួយ​»​។​​

ពាក់ព័ន្ធ​នឹង​ពិន្ទុ ​ដើម្បី​គេច​ផុត​ពី​តំបន់​ត្រូវ​កាត់​ចោល លោក​ Moyes បាន​ប្រាប់​បន្ត​ទៀត​ថា​៖ «​ប្រសិន​បើ​អ្នក​អាច​ដណ្ដើម​បាន ៤០ ពិន្ទុ នោះ​អ្នក​នឹង​មាន​សុវត្ថិភាព​នៅ​ Premier League ដូច្នេះ​យើង​ត្រូវ​តែ​ព្យាយាម​ធ្វើ​ឲ្យ​បាន​ដល់​ពិន្ទុ​ប៉ុណ្ណឹង។​ អ៊ីចឹង​វា​មាន​ន័យ​ថា យើង​ត្រូវ​ការ​ជ័យជម្នះ ៣ ​ដង​ទៀត​»​។​

ដោយសារ​តែ​ក្រុម​គូ​ប្រជែង​ ដែល​ចង់​​រស់​រាន​ដូច​គ្នា​មាន​ទម្រង់​លេង​មិន​ល្អ​ដែរ ទើប​ធ្វើ​ឲ្យ West Ham ឡើង​ផុត​ពី​​​តំបន់​ដែល​ត្រូវ​កាត់​ចោល បើ​ទោះ​ជា​បរាជ័យ​ដល់​ទៅ ៣ ដង​ផ្ទួនៗ ដោយ​គ្មាន​គ្រាប់​បាល់​សូម្បី ១ គ្រាប់​ក៏​ដោយ តែ​ការ​ឈ្នះ​នេះ បាន​រុញ​ពួក​គេ​ទៅ​នៅ​ពី​លើ​ក្រុម Watford ឈរ​ក្នុង​ចំណាត់​ទី ​១៦ ដោយ​មាន ៣០​ ពិន្ទុ ពោល​គឺ​មាន ៣ ​ពិន្ទុ​ពី​តំបន់​ដែល​គ្មាន​សិទ្ធិ​លេង​នៅ​ក្រប​ខ័ណ្ឌ​ទី​១​។​

ចំណែក​ក្រុម Chelsea ក្រោយ​​បរាជ័យ​ ធ្វើ​ឲ្យ​បាត់​ឱកាស​ឡើង​ទៅ​លេខ ​៣ ឈរ​ពី​​លើ​ក្រុម Leicester City ហើយ​សំខាន់​ទៀត​នោះ ​តំណែង​ក្រុម​កំពូល​ទាំង ​៤ (Top4) ក៏​កំពុង​ចាប់​ផ្ដើម​មាន​សញ្ញា​មិន​ល្អ​ដែរ ខណៈ​ក្រុម Manchester United និង Wolverhampton តាម​ពី​ក្រោយ​យ៉ាង​ប្រកៀក​ប្រកិត​៕ AFP/VN