ក្រុងម៉ាឌ្រីដ: លោក Zinedine Zidane អះអាងថា កូនក្រុម​នៅ​ជឿជាក់​លើ​រូបលោក ទោះជា​ក្រុម​អធិរាជស Real Madrid (Real) រង​បរាជ័យ​យ៉ាង​អាម៉ាស់​ក្រោម​ថ្វីជើង​របស់ Alcoyano ក្រុម​លេង​នៅ​លីគ​លំដាប់​ទី​ ៣ ហើយ​ធ្លាក់​ចេញពី​ការប្រកួតប្រជែង​ពាន​កម្មវិធី Copa del Rey កាលពី​យប់​ថ្ងៃ​ពុធ​។

ជា​រឿង​នឹកស្មាន​មិន​ដល់ សម្រាប់​ប្រកួត​ជុំ​ទី​ ៣ នៃ​ពាន​លំដាប់​ទី​ ២ របស់​អេស្ប៉ាញ​នេះ​ដោយសារ​ក្រុម​ជើងឯក​ក្របខ័ណ្ឌ La Liga ដូច Real បែរជា​ចាញ់ Alcoyano ២-១ ទាំង​ដែល​ខ្លួន​មាន​គ្រាប់​បាល់​នាំមុខ​មុន ហើយ​សំខាន់ ក្រុម​គូបដិបក្ខ​មាន​គ្នា​តិចជាង​ម្នាក់​ទៀតផង ក្រោយ​កីឡាករ Ramon Lopez ត្រូវ​បណ្ដេញចេញ​នៅ​នាទី​ទី​ ១០៩ ។

ក្រោយ​ទទួលបាន​លទ្ធផល​នេះ​ធ្វើឱ្យ​ក្រុម Real ពេលនេះ ឈ្នះ​តែ​ម្ដង​គត់ ក្នុងចំណោម ៥ ​ប្រកួត​ចុងក្រោយ ខណៈ​ការបរាជ័យ​ដ៏ចម្លែក​នេះ​កំពុង​បន្ថែម​សម្ពាធ​ចំពោះ​លោក Zidane ខ្លាំង​ឡើងៗ​។

ពេល​ត្រូវបាន​សួរថា តើ​គាត់​នៅ​ទទួល​បាន​ការគាំទ្រ​ពី​កូនក្រុម​ដែរ​ឬ​យ៉ាងណា​? លោក Zidane ឆ្លើយថា​៖ «​មែន ខ្ញុំ​មាន​ជំនឿ​បែប​ហ្នឹង តែ​អ្នក​ត្រូវ​ទៅ​សួរ​ពួកគេ​។ យើង​សម្រេចបាន​កិច្ចការ​ល្អៗ​ជាច្រើន រដូវកាល​នេះ​លើកលែង ៤ ​ប្រកួត​ចុងក្រោយ​។ យើង​នៅមាន​ការប្រកួត​នៅ​ក្របខ័ណ្ឌ La Liga និង Champions League ហើយ​យើង​ត្រូវ​ប្រឹង​បន្ត​»​។

យ៉ាងណា លោក Zidane ក៏​ទទួល​ថា លោក​ជា​អ្នកទទួល​ខុសត្រូវ​ចំពោះ​លទ្ធផល​នេះ​ដោយ​អ្នកចាត់ការ​សញ្ជាតិ​បារាំង​លើកឡើង​ថា​៖ «​ខ្ញុំ​ជា​គ្រូបង្វឹក ដូច្នេះ ជា​កំហុស​របស់ខ្ញុំ​។ ខ្ញុំ​ជា​អ្នកទទួល​ខុសត្រូវ​។ កីឡាករ​របស់ខ្ញុំ​បាន​ប្រឹងប្រែង​ខ្លាំងណាស់ តែ​យើង​ធ្លាក់​»​។

លោក Zidane ធ្វើការ​កែប្រែ​សម្រាប់​កីឡាករ ១១ ​នាក់​ដំបូង តែ​ក្រុម​ដែល​រួមមាន​កីឡាករ​ដូចជា Marcelo, Isco, Casemiro និង Vinicius Junior គ្មាន​លទ្ធភាព​គ្រប់គ្រាន់​បំបាក់ Alcoyano ដែល​ឈរ​លេខ​ ៤ ក្នុង​តារាង​ក្របខ័ណ្ឌ Segunda B​។

កីឡាករ Eder Militao តែ​តឱ្យ Real នាំមុខ នាទី​ទី​ ៤៥ តែ Jose Solbes ជួយ​ឱ្យ Alcoyano តាម​ស្មើ នាទី​ទី​ ៨០​។ ការប្រកួត ៩០ ​នាទី​បញ្ចប់​ទៅក្នុង​លទ្ធផល ១-១ ដូច្នេះ​ត្រូវ​បន្ថែម​ម៉ោង​ពិសេស ១៥ ​នាទី ២ ​ដង ហើយ Juanan ជា​អ្នក​ទម្លាក់​ក្រុម​លោក Zidane ពី​កម្មវិធី​នេះ​ជាមួយ​នឹង​គ្រាប់​បាល់​ជ័យជម្នះ​ចុងក្រោយ​នៅ​នាទី​ទី​ ១១៥៕ VN