ក្រុង​ម៉ា្រឌីដ​៖ លោក Zinedine Zidane បាន​និយាយ​ថា គាត់​មាន​ការ​ព្រួយ​បារម្ភ​ពី​​របួស​កជើង​របស់​ខ្សែ​ប្រយុទ្ធ​ Eden Hazard ក្នុង​ការ​ប្រកួត​ស្មើ​គ្នា ​ជាមួយ​ក្រុម PSG ២-២ ខណៈ​ពួក​គេ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Barcelona ក្នុង​​រយៈពេល ​៣ ​សប្ដាហ៍​ទៀត​​។​

ខ្សែ​ប្រយុទ្ធ Hazard ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ទីលាន​ប្រកួត​នៅ​តង់​ទី ​២ ​​នៅ​កីឡដ្ឋាន​ Santiago Bernadeu ជា​ទី​ដែល​ក្រុម Real បាន​នាំ​មុខ ​២ ​គ្រាប់ ​នៅ​ក្នុង​ក្របខ័ណ្ឌ Champions League កាល​ពី​ថ្ងៃ​អង្គារ​។​​

លោក Zidane ដែល​ក្រុម​របស់​គាត់​​​ឈរ​នៅ​​លេខ ​២ ​នៅ​ក្នុង​ពូល​ A នោះ ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ស្ថានភាព​​របួស​​របស់​កីឡាករ​រូប​នេះ​។​

គ្រូ​បង្វឹក​រូប​នេះ​បាន​ប្រាប់​ Movistar ថា៖ «​មែន​ហើយ​ វា​គួរ​ឲ្យ​បារម្ភ​ខ្លាំង​ណាស់​» ដោយ​គាត់​បាន​បន្ថែម​ក្នុង​សន្និសីទ​កាសែត​ថា៖ «​វា​ពិត​ជា​ការ​រង​របួស​ខុស​​ពី​ធម្មតា​ទៅ​ទៀត ​ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា វា​នឹង​ធូរ​ស្បើយ​ទៅ​ចុះ ហើយ​ខ្ញុំ​​​អាច​បញ្ជាក់​​ពី​ស្ថានភាព​របួស​នេះ​នៅ​ឡើយ​ទេ​»។​​

គ្រូ​បង្វឹក​សញ្ជាតិ​បារាំង​រូប​នេះ​បាន​បន្ថែម​ថា៖ «​ឥឡូវ​នេះ​យើង​ត្រូវ​ធ្វើ​តេស្ត​សិន​ ហើយ​យើង​នឹង​ដឹង​នៅ​ពេល​ក្រោយ​ទៀត​»។​

ក្នុង​ការ​ប្រកួត​នេះ​ កីឡាករ​ Karim Benzenma រក​បាន ​២ ​គ្រាប់ ​​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ផ្ទះ​នាំ​មុខ​ក្រុម​ភ្ញៀវ​​ PSG ២​-០ ក្នុង​នាទី​ទី ​៧៩​ ប៉ុន្តែ​កីឡាករ​ Kylian Mbappe និង​កីឡាករ​ Pablo Sarabia រក​បាន​ម្នាក់ ​១ ​គ្រាប់ ​ជួយ​ឲ្យ​ក្រុម​ភ្ញៀវ​តាម​ស្មើ​ ២-២ ក្នុង​នាទី​ទី ​៨៣​។​

លោក Zidane បាន​និយាយ​ថា ទម្រង់​លេង​របស់​ក្រុម Real គឺ​គួរ​ឲ្យ​ពេញ​ចិត្ត​ណាស់​ ហើយ​​ថា៖ «​​វា​ជា​ការ​ប្រកួត​អស្ចារ្យ​មួយ​របស់​ក្រុម​នេះ​​ ប៉ុន្តែ​​យើង​ត្រូវ​បង្កើន​​សមត្ថភាព​ថែម​ទៀត​។ យើង​ត្រូវ​តែ​ពេញ​ចិត្ត​នឹង​ការ​ប្រកួត​នេះ​»។​

គ្រូ​បង្វឹក​រូប​នេះ​បាន​បន្ថែម​ថា៖ «​អ្នក​មិន​អាច​ពេញ​​ចិត្ត​លទ្ធផល​នេះ​ទេ​​ ប៉ុន្តែ​គ្មាន​ជម្រើស​ដូច្នេះ​អ្នក​ត្រូវ​តែ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​យើង​បាន​ធ្វើ​រយៈពេល ​៨០​ ឬ ​៨៥ ​នាទី​នេះ​»៕ AFP/SN