The Phnom Penh Post Search

Search form

កែម ឡី៖ «ខ្ញុំ​មិន​មែន​ជា​អ្នក​វិភាគ​ទេ»

លោក​ កែម ឡី អ្នក​សិក្សា​ស្រាវ​ជ្រាវ​ ការ​​អភិវឌ្ឍ​សង្គម។
លោក​ កែម ឡី អ្នក​សិក្សា​ស្រាវ​ជ្រាវ​ ការ​​អភិវឌ្ឍ​សង្គម។ ម៉ៃ វីរៈ

កែម ឡី៖ «ខ្ញុំ​មិន​មែន​ជា​អ្នក​វិភាគ​ទេ»

ខណៈ​ដែល​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​ចំនួន​ហៅ​លោក​ថា «ជា​អ្នក​វិភាគ​ឯករាជ្យ» ដោយ​សារ​តែ​លោក មាន​សេចក្តី​ក្លាហាន លាត​ត្រដាង​ពី​បញ្ហា​ដែល​កំពុង​តែ​ញាំ​ញី​សង្គម​ខ្មែរ និង​បាន​ផ្តល់​នូវ​ដំណោះស្រាយ​សម​ហេតុ​ផល ដែល​ជា​ផ្លូវ​អាច​ជួយ​រុញ​ច្រាន​ឲ្យ​សង្គម​ខ្មែរ មាន​ការ​រីក​ចម្រើន​ជឿន​លឿន​ឆាប់​រហ័ស​គេច​ផុត​ពី​ហានិភ័យ និង​ជម្លោះ​បែក​បាក់​រវាង​ខ្មែរ​និង​ខ្មែរ​នោះ លោក កែម ឡី មិន​មាន​ក្តី​ស្រមៃ ចង់​ធ្វើ​ជា​អ្នក​នយោបាយ ឬ​ចង់​អង្គុយ​កៅអី​ធំ នៅ​ក្នុង​រដ្ឋាភិបាល​ឡើយ ប៉ុន្តែ​លោក​ចង់​រក្សា​កេរ្តិ៍​ឈ្មោះ​ឲ្យ​បាន​ល្អ​ផូរ​ផង់ រហូត​ដល់​ថ្ងៃ​ស្លាប់។

លោក កែម ឡី កើត​នៅ​ក្នុង​គ្រួសារ​ក្រីក្រ​មួយ នៅ ភូមិ​អង្គ​តាកុក ឃុំ​លាយបូ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។ ឪពុក​របស់​លោក​ដែល​ជា​សាស្ត្រាចារ្យ បាន​ស្លាប់​នៅ​ជំនាន់ ប៉ុល ពត ធ្វើ​ឲ្យ​លោក និង​បង​ប្អូន​ប្រុស​ស្រី​ពីរ​នាក់​ទៀត ក្លាយ​ជា​កូន​កំព្រា រស់​នៅ​ជាមួយ​ម្តាយ​មេម៉ាយ ចាប់​តាំង​ពី ឆ្នាំ​១៩៧៩ មក។

បើ​ទោះ​បី​ជា​ម្តាយ​មាន​មុខ​របរ​ត្រឹម​ជា​អ្នក​លក់​នំ​បញ្ចុក ក៏​ដោយ ក៏​លោក កែម ឡី បាន​ខិតខំ​ព្យាយាម​តស៊ូ​រៀន​សូត្រ រហូត​ដល់​ទទួល​បាន​សញ្ញាបត្រ​ជាន់​ខ្ពស់​នៅ​ឯ​បរទេស ខណៈ​ដែល​បង​ស្រី​របស់​លោក បាន​ធ្វើ​ជា​គ្រូ​ពេទ្យ ហើយ​ប្អូន​ប្រុស បាន​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ឯកជន។

នៅ​ពេល​ផ្តល់​បទ​សម្ភាស​ដល់​កាសែត ភ្នំពេញ ប៉ុស្តិ៍ នៅ​ពេល​លោក​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ ក្រោយ​សម្រាក​ពី​ការងារ នៅ​អាហារដ្ឋាន​មួយ​ក្នុង សង្កាត់​បឹង​កេង​កង កាល​ពី​ពេល​ថ្មីៗ​នេះ លោក កែម ឡី បាន​មាន​ប្រសាសន៍​ថា៖ «ជា​រួម​ម្តាយ​ខ្ញុំ គាត់​រក​ស៊ី​លក់​នំ​បញ្ចុក លក់​បាញ់​ឆាវ គ្រឿង​ទេស​បន្តិច​បន្តួច​តាំង​ពី ឆ្នាំ​១៩៧៩ រហូត​មក​ដល់​ឥឡូវ ដើម្បី​ចិញ្ចឹម​កូន​រៀន ៣ នាក់ បង​ប្អូន​ខ្ញុំ​ភាគ​ច្រើន​គាត់​រៀន​បាន​ខ្ពស់ៗ​ដែរ»។

ដោយ​សារ​តែ​ម្តាយ​ជួប​ការ​លំបាក​ខាង​ជីវភាព នៅ​ពេល​រៀន​បាន​ត្រឹម​ថ្នាក់ ទី​៥ កុមារា កែម ឡី បាន​ទៅ​សុំ​រស់​នៅ​ជាមួយ​ស្ត្រី​អ្នក​លក់​គុយទាវ​ម្នាក់ នៅ​ទី​រួម ខេត្ត​តាកែវ ដើម្បី​អាច​បន្ត​ការ​សិក្សា​ទៅ​មុខ​ទៀត។ «ខ្ញុំ​បាន​រស់​នៅ​ជាមួយ​ផ្ទះ​យាយ​លក់​គុយ​ទាវ លក់​បាយ​ហ្នឹង ហើយ​បាន​រៀនសូត្រ​តាំង​ពី​អនុ​វិទ្យាល័យ រហូត​ដល់​វិទ្យាល័យ។ នៅ​ផ្ទះ​គាត់ បាន​រៀន​សូត្រ ដោយ​សារ​តែ​គាត់​ចិត្ត​ល្អ ហើយ​នៅ​ពេល​នេះ ខ្ញុំ​នៅ​តែ​គោរព​ស្រឡាញ់​គាត់ ដោយ​សារ​តែ​គាត់​ជួយ​ឲ្យ​យើង​បាន​រៀន ប៉ុន្តែ​យើង​ក៏​ជួយ​លក់​គុយ​ទាវ​បាយ​ឲ្យ​គាត់​ដែរ»។

លោក កែម ឡី បាន​ចាក​ចេញ​ពី ខេត្ត​តាកែវ មក​សុំ​ស្នាក់​អាស្រ័យ​នៅ​វត្ត បទុម ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ការ​សិក្សា​នៅ​មហា​វិទ្យាល័យ។ លោក​បាន​ស្នាក់នៅ​វត្ត​រហូត​ដល់​រៀន​ចប់​មហា​វិទ្យាល័យ ហើយ​បាន​ចូល​ធ្វើ​ការ​នៅ​ក្រសួង សុខាភិបាល កាន់​ខាង​ផ្នែក​ជំងឺ​ឆ្លង។

បុរស​ដែល​មាន​មាឌ​ធំ​ល្មម សម្បុរ​សណ្តែក​បាយ និយម​កាត់​សក់​ខ្លី​រូប​នេះ បាន​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា៖ «ប៉ុន្តែ​បាន​តិច​តួច​ណាស់ ដែល​ខ្ញុំ​បាន​ធ្វើ​ការងារ​រដ្ឋ ដោយ​សារ​ប្រាក់​ខែ​ទាប...ភាគ​ច្រើន ខ្ញុំ​ព្យាយាម​រក​អាហារូបករណ៍ ទៅ​រៀន​នៅ ថៃ ទៅ​រៀន​នៅ ម៉ាឡេ»។

លោក កែម ឡី បាន​ឈប់​ធ្វើ​ការងារ​រដ្ឋ នៅ​ក្នុង​អំឡុង ឆ្នាំ​២០០០ ហើយ​បាន​ទៅ​ធ្វើ​ការ នៅ​កាកបាទ​ក្រហម​កម្ពុជា។ បន្ទាប់​មក​លោក​បាន​ចេញ​ទៅ​ធ្វើ​ការ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ទៅ​ធ្វើ​ជា​អ្នក​ប្រឹក្សា​ឲ្យ​អង្គការ UNDP អស់​រយៈ​ពេល ៤​ឆ្នាំ។ ក្រោយ​ពី​បញ្ចប់​ការងារ​នៅ UNDP លោក​បាន​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​មួយ​នៅ ថៃ ដែល​ក្រុមហ៊ុន​នោះ ធ្វើ​ការងារ​ជួយ​សង្គម​ច្រើន ជា​ពិសេស​ជួយ​ដល់​ជន​ក្រីក្រ​នៅ ថៃ នៅ កម្ពុជា នៅ ចិន និង​នៅ ឥណ្ឌា ហើយ​បន្ទាប់​ពី​នោះ លោក​បាន​ទៅ​ធ្វើ​ជា​ទីប្រឹក្សា​ឲ្យ​ក្រសួង សុខាភិបាល ខាង​មូលនិធិ​សកល។ ក្រោយ​មក​ទៅ​កាន់​ខាង​បណ្តាញ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ហៅ HACC បាន​មួយ​រយៈ។​

«បន្ទាប់​មក ខ្ញុំ​បាន​គិត​ឃើញ​អំពី​ការ​ប្រកប​របរ​ជា​លក្ខណៈ​ឯកជន គឺ​ខ្ញុំ​ធ្វើ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ ដែល​គេ​ហៅ​ថា Freeland consultant តាំង​ពី ឆ្នាំ​២០០៨ រហូត​មក​ដល់​ពេល​នេះ»។

ដំបូង​ឡើយ លោក កែម ឡី បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ភាគ​ច្រើន​ខាង​ផ្នែក​សង្គមកិច្ច បន្ទាប់​មក​ខាង​ផ្នែក​ដីធ្លី សិទ្ធិ​លំនៅឋាន សិទ្ធិ​មនុស្ស ធនធាន​រ៉ែ ហើយ​នៅ​ពេល​ថ្មីៗ​នេះ លោក​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ ភាគ​ច្រើន​ទៅ​លើ​រឿង​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និង​វប្បធម៌។ល។ «ការ​សិក្សា​ស្រាវជ្រាវ​នេះ មិន​មែន​ជា​លុយ​ខ្លួន​ឯង​ទេ ភាគ​ច្រើន​ធ្វើ​ជា​ទីប្រឹក្សា​ខ្លីៗ ឲ្យ​អង្គការ​សហ​ប្រជាជាតិ ឲ្យ​ដៃគូ​អភិវឌ្ឍន៍ ឲ្យ​អង្គ​ការ​អន្តរជាតិ​ហើយ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ផ្អែក​ទៅ​លើ​ផ្នែក ៥ ធំៗ​សំខាន់ ទីមួយ គឺ​ការ​សិក្សា​ស្រាវជ្រាវ​មុន​នឹង​បង្កើត​គម្រោង​វាយតម្លៃ​គម្រោង ទី​ពីរ រៀបចំ​ផែន​ការ​យុទ្ធសាស្ត្រ ខាង​ផ្នែក​ជំនួញ​ក្តី ខាង​ផ្នែក​សង្គមកិច្ច​ក្តី និង ទីបី រៀប​ចំ​គម្រោង​សំណើ​សរសេរ Proposal ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល អង្គការ​អន្តរជាតិ ដើម្បី​ឲ្យ​គាត់​បាន​មូលនិធិ​យក​មក​អនុវត្ត ហើយ​បង្កើត​ប្រព័ន្ធ​តាម​ដាន និង​ត្រួត​ពិនិត្យ​ឲ្យ​ក្រសួង ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល»។

លោក កែម ឡី បាន​បង្កើត​ប្រព័ន្ធ​តាម​ដាន​ត្រួត​ពិនិត្យ​ឲ្យ​ក្រសួង សង្គមកិច្ច ក្រសួង ការងារ និង​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី ទាក់​ទង​ទៅ​នឹង​កំណែ​ទម្រង់​រដ្ឋបាល​សាធារណៈ​ហើយ​ថ្មីៗ​នេះ លោក​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ អុកស្វាម លើ​បញ្ហា​វិភាគ​នយោបាយ និង​សេដ្ឋកិច្ច ឲ្យ យូអេសអេអាយឌី លើ​ការ​វាយតម្លៃ​លើ​គម្រោង​បោះឆ្នោត។

ក្រៅ​ពី​នេះ លោក កែម ឡី ក៏​កំពុង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ឲ្យ​អង្គការ UNDP ផង​ដែរ ទៅ​លើ​ទិដ្ឋភាព​រួម នៃ​កម្មវិធី​របស់​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​នៅ កម្ពុជា ចាប់​តាំង​ពី​គម្រោង​កំណែ​ទម្រង់​រដ្ឋ​គម្រោង​តាម​ក្រសួង​នានា គម្រោង​ខាង​ផ្នែក​សង្គមកិច្ច បរិស្ថាន សិទ្ធិ​មនុស្ស អប់រំ និង​ផ្នែក​សុខាភិបាល​ជាដើម ។ល។

លោក កែម ឡី មិន​មែន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​តែ​ម្នាក់​ឯង​នោះ​ទេ គឺ​លោក​មាន​ក្រុម​យុវជន​ចាប់​ពី ២០ ទៅ ៣០ នាក់ ក្នុង​មួយ​ជំនាន់ ដោយ​លោក​បាន​ធ្វើ​ការ​បណ្តុះ​បណ្តាល​ពួក​គេ​បណ្តើរ និង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​បណ្តើរ។ រហូត​មក​ទល់​ពេល​នេះ លោក​បាន​បណ្តុះ​បណ្តាល​យុវជន​លើ​ជំនាញ​សិក្សា​ស្រាវជ្រាវ​បាន​ចំនួន ៥ ជំនាន់​មក​ហើយ ដែល​មាន​សរុប​ជាង ១០០ នាក់ ហើយ​នៅ​ពេល​នេះ យុវជន​ទាំង​នោះ​ភាគ​ច្រើន បាន​ការងារ​ធ្វើ នៅ​តាម​ស្ថានទូត និង​អង្គការ​អន្តរជាតិ​នានា។

លោក កែម ឡី មាន​ប្រសាសន៍​ថា៖ «ក្មេងៗ​គាត់​រៀន​បណ្តើរ​ធ្វើ​ការ​បណ្តើរ ហើយ​ខ្ញុំ​ធ្វើ​ការ​ណែនាំ​បណ្តើរ និង​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ជាមួយ​គ្នា គាត់​បាន​ប្រាក់​កម្រៃ ខ្ញុំ​ក៏​បាន​ប្រាក់​កម្រៃ»។

លោក កែម ឡី ដែល​បដិសេធ​មិន​ចង់​លាត​ត្រដាង​ពី​បញ្ហា​ផ្ទាល់​ខ្លួន​ច្រើន ដោយ​សារ​តែ​គិត​ថា ពុំ​មាន​ប្រយោជន៍​ដល់​សង្គម​ជាតិ​នោះ នៅ​ទី​បំផុត បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​បាន​រៀបការ​នៅ ឆ្នាំ​២០០១ ហើយ​បច្ចុប្បន្ន​មាន​កូន​សុទ្ធ​តែ​ប្រុស​ចំនួន ៤ រូប កូន​បង​អាយុ ១២ ឆ្នាំ និង​កូន​ប្អូន​អាយុ ៤ ឆ្នាំ។ លោក​បាន​ធ្វើ​ការ​សិក្សា​យក​ជំនាញ​ខាង​ពេទ្យ ក៏​ប៉ុន្តែ​លោក​មិន​ដែល​បាន​ធ្វើ​ការ​ខាង​ពេទ្យ​នេះ​ទេ។

លោក កែម ឡី ទទួល​បាន​សញ្ញាបត្រ នៅ​សាកល​វិទ្យាល័យ ជូឡា​ឡុងកន ប្រទេស​ថៃ ផ្នែក​ជំនាញ​សិក្សា​ស្រាវជ្រាវ​លើ​ផ្នែក​សុខភាព​សាធារណៈ ទទួល​បាន​សញ្ញាបត្រ​ពី​សាកល​វិទ្យាល័យ ម៉ាឡៃយ៉ា ប្រទេស​ម៉ាឡេស៊ី លើ​ផ្នែក​វិទ្យាសាស្ត្រ​សង្គម។

លោក កែម ឡី មិន​មាន​ការងារ ឬ​មុខ​របរ​អ្វី​ផ្សេង​ក្រៅ​ពី​ការ​សិក្សា​ស្រាវជ្រាវ​នោះ​ទេ ប៉ុន្តែ​ភរិយា​របស់​លោក គឺជា​អាជីវករ​លក់​ខោ​ជជុះ​នៅ​ផ្ទះ​ល្វែង​មួយ នៅ ផ្សារ​បឹង​កេង​កង ក្នុង​រាជធានី​ភ្នំពេញ។

ខណៈ​ដែល​កេរ្តិ៍​ឈ្មោះ​របស់​លោក កំពុង​តែ​ល្បី​សុស​សាយ នៅ​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ​មួយ​ចំនួន លោក កែម ឡី មិន​ចង់​ឲ្យ​គេ​ហៅ​លោក​ថា ជា​អ្នក​វិភាគ​ឯករាជ្យ​នោះ​ទេ។ «តាម​ពិត​ទៅ​អ្នក​វិភាគ ខ្ញុំ​អត់​គិត​ថា មក​ដល់​ទេ មុខងារ​នេះ អ្នក​កាសែត​អ្នក​ហៅ​ទេ មុខងារ​របស់​ខ្ញុំ គឺ​អ្នក​សិក្សា​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម​ប៉ុន្តែ​អ្នក​កាសែត​ចេះ​តែ​ហៅ​ខ្ញុំ​ថា អ្នក​វិភាគ ហី​ថែម​ឯករាជ្យ​ទៀត ប៉ុន្តែ​ខ្ញុំ​មិន​ដែល​ទទួល​ស្គាល់​ថា ខ្ញុំ​ឯករាជ្យ​ទេ ហើយ​ក៏​មិន​ដែល​ទទួល​ស្គាល់​ថា អ្នក​វិភាគ​ដែរ ពីព្រោះ​អ្នក​វិភាគ​គេ​ធ្វើ​ការ​មាន​ឯកទេស​ឧទាហរណ៍​ថា អ្នក​វិភាគ​សេដ្ឋកិច្ច គេ​វិភាគ​តែ​សេដ្ឋកិច្ច​ទេ អ្នក​វិភាគ​សង្គមកិច្ច គេ​វិភាគ​តែ​សង្គមកិច្ច​ទេ អ្នក​វិភាគ​នយោបាយ បទ​ពិសោធ​គេ​រៀន​ខាង​នយោបាយ...អ៊ីចឹង​ខ្ញុំ​សូម​ចាប់​ផ្តើម​ធ្វើ​ការ​កែ​តម្រូវ ចាប់​តាំង​ពី​ពេល​នេះ​តទៅ ថា​ខ្ញុំ​មិន​មែន​ជា​អ្នក​វិភាគ​ទេ ហើយ​ខ្ញុំ​ក៏​មិន​មែន​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ដែរ»។

លោក កែម ឡី បាន​គូស​បញ្ជាក់​ទៀត​ថា អ្នក​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ មិន​មែន​ជា​អ្នក​ឯករាជ្យ​ទេ គឺជា​អ្នក​ធ្វើ​ការ​ស្រាវជ្រាវ អំពី​តថភាព​សង្គម គឺ​រក​តែ​ភ័ស្តុតាង អំពី​ការ​សិក្សា​ស្រាវជ្រាវ​តែ​ប៉ុណ្ណោះ។

លោក កែម ឡី មាន​បំណង​ចង់​ធ្វើ​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ចាប់​តាំង​ពី​លោក​ដឹង​ក្តី​មក ហើយ​មនុស្ស​ដែល​លោក​យក​គំរូ​តាម​មាន​ពីរ​នាក់ គឺជា​មនុស្ស​ដែល​មាន​ចរិត​ល្អ មាន​គំនិត និង​ឧត្តម​គតិ​ល្អ មាន​ភាព​ស្អាត​ស្អំ គឺ​លោក ទា ផល្លា អនុ​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ និង​លោក សឺន ស៊ូប៊ែរិ៍្ត កូន​លោក តា សឺន សាន ដែល​ជា​អ្នក​ជាតិ​និយម មាន​ដើម​កំណើត​នៅ កម្ពុជា​ក្រោម។ «ឯកឧត្តម ទា ផល្លា ថ្វី​ដ្បិត​តែ​គាត់​នៅ​ក្នុង​រដ្ឋាភិបាល​មែន តែ​គាត់​មាន​ភាព​ស្អាតស្អំ មិន​ប្រព្រឹត្ត​អំពើ​ពុករលួយ មាន​គំនិត​ជាតិ​និយម គាត់​គឺជា​គំរូ​ល្អ សម្រាប់​ខ្ញុំ​រៀនសូត្រ​តាម ហើយ​គាត់​ក៏​ជា​អ្នក​សិក្សា​ស្រាវជ្រាវ​ដែរ។ ហី​មួយ​ទៀត អ្នក​ដែល​ស្មោះ​ត្រង់​ជួយ​នៅ​ក្នុង​សង្គម​ច្រើន​ហ្នឹង គឺ​ឯកឧត្តម សឺន ស៊ូប៊ែរ្តិ៍ ឃើញ​ថ្វី​ដ្បិត​តែ​គាត់ នៅ​ក្រៅ​មែន​ប៉ុន្តែ​គាត់​គឺជា​មនុស្ស​ស្លូត​បូត​និយាយ​អី​ត្រង់»។ ចំពោះ​អ្នក​ដែល​លោក​យក​គំរូ​តាម ក្នុង​ការ​ចូល​រួម​សកម្មភាព​សង្គម គឺ​លោក ឡៅ ម៉ុងហៃ ដែល​ក៏​ត្រូវ​បាន​អ្នក​កាសែត​ហៅ​ថា ជា​អ្នក​វិភាគ​ឯករាជ្យ​ផង​ដែរ។

លោក​បញ្ជាក់​ថា៖ «លោក​បណ្ឌិត ឡៅ ម៉ុងហៃ គាត់​មាន​ជំហរ មាន​គោល​ការណ៍​ច្បាស់​លាស់។ ហី​អនាគត​ទៅ​ខ្ញុំ​អត់​មាន​ចង់​ធ្វើ​អី​ទេ ខ្ញុំ​អត់​មាន​ចង់​ធ្វើ​គណបក្ស​អត់​មាន​ចង់​ធ្វើ​រដ្ឋាភិបាល អត់​មាន​ចង់​អង្គុយ​កៅអី​ធំ​អី​ទេ ដើរ​តែ​តាម​គំរូ​លោក​បណ្ឌិត ឡៅ ម៉ុងហៃ ធ្វើ​ដូច​គាត់​អ៊ីចឹង​រហូត​ដល់​ស្លាប់​ទៅ​ក៏​ជា​មុខ​តំណែង​ដ៏​វិសេស​វិសាល​សម្រាប់​ខ្ញុំ»៕

នៅ​សប្តាហ៍​ក្រោយ​លោក កែម ឡី នឹង​លាត​ត្រដាង​ពី​ជំងឺ ៥ យ៉ាង​នៅ​ក្នុង​សង្គម​ខ្មែរ

អត្ថបទគួរចាប់អារម្មណ៍