
បន្ទាយមានជ័យៈ យុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សប្រជាជន បានប្រព្រឹត្តឡើងនៅក្រុងប៉ោយប៉ែត ជាប់ព្រំដែនខ្មែរ-ថៃ កាលពីម្សិលមិញ ព្រមជាមួយនឹងការផ្តល់ប្រាក់ដល់ក្បួនម៉ូតូរាប់ពាន់ និងចម្ងល់អំពីអវត្តមានរបស់គណបក្សប្រឆាំងដែលជាគូប្រជែង។
ជាការចាប់ផ្តើមនៃយុទ្ធនាការឃោសនាឆ្នាំ ២០១៣ សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាប្រហែល ៥០០០ នាក់ បានដង្ហែក្បួនតាមផ្លូវមានរថយន្ត ដឹកទំនិញ ម៉ូតូ និងម៉ូតូកង់បី ដោយគ្រវីទង់ស្រែកឃោសនាអំពីគោលនយោបាយ ព្រមទាំងចាក់ចម្រៀងឃោសនា។
ការស្រែកនិងការអបអររបស់អ្នកគាំទ្រគឺមានលក្ខណៈខ្លាំងក្លា ប៉ុន្តែមិនមែនអ្នករាល់គ្នាដែលចូលរួមក្បួនដង្ហែកាលពីម្សិលមិញសុទ្ធតែជាអ្នកស្មោះស្ម័គ្រជាមួយគណបក្សប្រជាជនកម្ពុជាឡើយ។ នេះបើយោងតាមលោក អូសាលឧត្តម អ្នករត់ម៉ូតូឌុប។
ដោយមិនបញ្ចេញប្រាប់ថាតើគណបក្សមួយណាដែលលោកនឹងបោះឆ្នោតឲ្យនៅថ្ងៃទី២៨ ខែកក្កដា លោកឧត្តម បានថ្លែងថា៖ «គណបក្សឲ្យអាហារពេលព្រឹក និងសាំងពីរលីត្រដល់ខ្ញុំដើម្បីឲ្យខ្ញុំមកទីនេះ និងធ្វើដំណើរជាមួយនឹងពួកគេ។ ខ្ញុំធ្លាប់ជាសកម្មជនគណបក្សសម រង្ស៊ី»។ «មនុស្សជាច្រើននាក់បានបង្ហាញខ្លួននៅថ្ងៃនេះ ប៉ុន្តែការគាំទ្រដែលអ្នកបានមើលឃើញនៅទីនេះសម្រាប់គណបក្សប្រជាជនមិនមែនជាការគាំទ្រពិតប្រាកដទេ។ ដល់ថ្ងៃបោះឆ្នោតប្រជាជននឹងផ្លាស់ប្តូរ»។
ទោះជាយ៉ាងណា លោក វ៉ា ជុំណារ៉េត សមាជិកក្រុមប្រឹក្សាសង្កាត់ប៉ោយប៉ែត និងជាសមាជិកគណបក្សកាន់អំណាច បានបដិសេធថា គ្មានអ្នកណាម្នាក់ទទួលបានប្រាក់ឬអំណោយ ដើម្បីចូលរួមការដង្ហែឡើយ។
លោកបានបន្ថែមថា៖ «ប្រជាជនដែលបានចូលរួមការដង្ហែគឺជាអ្នកស្ម័គ្រចិត្ត។ ពីសង្កាត់ខ្ញុំតែមួយគត់ មានមនុស្ស ១៥០០ នាក់ បាននិយាយមុនការដង្ហែថា ពួកគេចង់មកហើយមនុស្សច្រើនថែមទៀតបានចូលរួម។ យើងមិនបានផ្តល់អ្វីដល់ពួកគេទេ។ ពួកគេរីករាយនឹងចូលរួមដោយគ្មានទាមទារអ្វីទេ»។
លោក ហី គីមសាំង ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្ត បានថ្លែងថា មនុស្សជាច្រើននាក់បានដើរដង្ហែឲ្យគណបក្សកាន់អំណាច ច្រើនជាងគណបក្សប្រឆាំង។ «មានតែគណបក្សប្រជាជនទេដង្ហែកាត់ផ្លូវថ្ងៃនេះ។ គណបក្សសង្គ្រោះជាតិនិងគណបក្សហ៊្វុនស៊ិនប៉ិចបានប្រមូលផ្តុំនៅការិយាល័យគណបក្សដើម្បីចែករំលែកគំនិតគោលនយោបាយនិងផ្សព្វផ្សាយសំឡេងជូនសមាជិកនិងអ្នកគាំទ្រស្តាប់»។
លោក វេង ចាន់ ដែលអូសរទេះអីវ៉ាន់សម្រាប់អ្នកដំណើរឆ្លងកាត់ព្រំដែន បានថ្លែងថា៖ «ខ្ញុំមិនខ្វល់អំពីយុទ្ធនាការឃោសនាទេ។ ខ្ញុំត្រូវផ្តោតលើមុខរបររបស់ខ្ញុំដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ»។ លោកបានថ្លែងបន្តថា៖«ខ្ញុំត្រូវការម្ហូបអាហារដើម្បីរស់ជាមុនសិន។ បន្ទាប់មក ខ្ញុំនឹងគិតពីការបោះឆ្នោត»។
ក្បួនដង្ហែបានធ្វើដំណើរជុំវិញទីក្រុងប៉ោយប៉ែត អស់រយៈពេលប្រហែល ៤ ម៉ោង ដោយចំណាយពេលប្រហែល ៤៥ នាទី បើកជុំវិញរង្វង់មូលក្បែរផ្តុំកាស៊ីណូនៅព្រំដែនកម្ពុជា-ថៃ។ ១៥ នាទីក្នុងក្រុងហើយក្បួនដង្ហែបានចាកចេញពីទីនោះ នៅសល់តែរូបសញ្ញារបស់គណបក្សប្រជាជន ដែលជាការរំឭកប្រាប់អ្នកក្រុងប៉ោយប៉ែតថា ការបោះឆ្នោតបានកំពុងមកដល់ហើយ៕