ភ្នំពេញៈ យ៉ាងហោចណាស់យុវជនម្នាក់ត្រូវបានគេឃើញស្លាប់នៅក្នុងថ្លុក ឈាម និងពីរនាក់ទៀត ត្រូវបានរងរបួសបាក់ភ្លៅ និងបែកក្បាល និងជាច្រើននាក់ទៀត ត្រូវបានចាប់ខ្លួន នៅក្នុងការប៉ះទង្គិចគ្នា រវាងសមត្ថកិច្ច និងក្រុមបាតុករនៅម្តុំស្ពានអាកាសក្បាលថ្នល់កាលពីម៉ោងប្រមាណ ជាជាង ៧ យប់មិញ។
ការប៉ះទង្គិចគ្នា ដែលសាក្សីឃើញហេតុការណ៍បានអះអាងថា សមត្ថកិច្ចបានបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងពិតនេះ គឺបានកើតឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាមួយប្រាវ នៅខាងមុខវត្ត ឧណ្ណាលោម កាលពីរសៀលថ្ងៃម្សិលមិញដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤ នាក់ផ្សេងទៀតរងរបួស។
លោក ឆេង សុភ័ស មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការសិទ្ធិមនុស្ស លីកាដូ បានឲ្យ ដឹងកាលពីយប់មិញថា នៅពេលមានការប៉ះទង្គិចគ្នា គេឃើញយុវជនម្នាក់បានស្លាប់នៅមុខហាង ៣៣៣ ក្បែរស្ពានអាកាសក្បាលថ្នល់ខណៈយុវជន ជាច្រើននាក់ទៀតបានរងរបួស ហើយមនុស្សជាច្រើន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។ លោកបានបញ្ជាក់ថា៖ «យុវជនដែលស្លាប់មានហូរឈាមពុំស្គាល់អត្តសញ្ញាណទេ មានអាយុប្រហែល ២០ ឆ្នាំមានស្នាមរន្ធមួយនៅត្រង់ក្បាល។ ចំណែកយុវជនដែលរងរបួសបាក់ភ្លៅមានឈ្មោះ ទាវ សំណាង អាយុ ២៤ ឆ្នាំ និងយុវជនរងរបួសក្បាលឈ្មោះថៃ ម៉ូវ អាយុ ២៥ ឆ្នាំ»។
តាមសេចក្តីរាយការណ៍ផ្សេងទៀតថា នៅមានយុវជនរងរបួសជាច្រើនត្រូវគេបញ្ជូនទៅមន្ទីរពេទ្យនៅច្បារអំពៅ។
ក្នុងព្រឹត្តការណ៍ដែលធ្វើឲ្យល្អក់កករ ដល់បាតុកម្មអហិង្សាពេញមួយថ្ងៃដែលរៀបចំឡើងដោយគណបក្សសង្គ្រោះជាតិ នគរបាលបានប្រើប្រាស់កាណុងទឹក និងបានបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែក មកលើបាតុកររាប់រយនាក់។ អាជ្ញាធរបានទប់ទល់នឹងការរើយករបងលួសបន្លាទៅទម្លាក់ចូលក្នុងទន្លេសាប ដោយបាតុករមួយក្រុមតូច។
បាតុករបានឆ្លើយតបនឹងការបាញ់ទឹកដោយគប់ដុំថ្ម និងស្បែកជើងទៅលើកងកម្លាំងសមត្ថកិច្ចដែលនាំឲ្យមានការបាញ់គ្រាប់ផ្សែងបង្ហូរទឹកភ្នែករាប់សិបគ្រាប់ពីកម្លាំងសមត្ថកិច្ច។
បុរសម្នាក់បានជាប់ខ្លួននឹងលួសបន្លាខណៈដែលនគរបាល បានបន្តបាញ់ទឹកមកលើគាត់ ហើយបានប្រញាប់ប្រញាល់ ចេញពីកន្លែងប៉ះទង្គិចនោះ។
បុគ្គលិកសង្គ្រោះបន្ទាន់ដែលព្យាបាលបុរសនោះ បានថ្លែងតមកថា បើទោះជាទឹកចូលក្នុងសួតគាត់ក៏ដោយ ក៏ប៉ុន្តែគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយគ្មានរបួសធ្ងន់ធ្ងរទេ។ បុគ្គលិកសង្គ្រោះដែលប្រាប់តែនាមខ្លួនថ្លែងថា បាតុករសរុបបីនាក់ ត្រូវបានព្យាបាលដោយក្រុមរបស់លោក។
ក្រោយមក កងរាជអាវុធហត្ថ បានបញ្ជាក់ថា មន្រ្តីនគរបាលម្នាក់ក៏បានរងរបួសផងដែរ ដោយសារដុំថ្មគប់ពីបាតុករ។
ព្រឹត្តិការណ៍នេះខុសពីបរិយាកាស ដូចពិធីនៅសួនសេរីភាព កាលពីព្រឹកម្សិលមិញ នៅពេលអ្នកគាំទ្រគណបក្សប្រឆាំងរាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នាដើម្បីស្តាប់មេដឹកនាំគណបក្សសង្គ្រោះជាតិ ចាប់ផ្តើមបាតុកម្មដែលគ្រោងធ្វើរយៈពេល ៣ ថ្ងៃ។
មេដឹកនាំគណបក្សប្រឆាំង បានលើកឡើងជាថ្មីនូវសេចក្តីអំពាវនាវឲ្យបើកការស៊ើបអង្កេតគួរ ឲ្យទុកចិត្តបានលើភាពមិនប្រក្រតីនៃការបោះឆ្នោត ដែលលោក កឹម សុខា អនុប្រធាន បានប្រើប្រាស់សេចក្តីថ្លែងរបស់ស្ថានទូតដែលស្នើឲ្យធ្វើការស៊ើបអង្កេតថាជាភ័ស្តុតាងដែលសហគមន៍អន្តរជាតិមិនទទួលស្គាល់លទ្ធផលបោះឆ្នោត។
លោកបន្ថែមថា៖ «ប្រទេសដែលមានប្រជាធិបតេយ្យ ប្រទេសដែលយុតិ្តធម៌នៅទូទាំងពិភពលោក ប្រទេសទាំងនោះមិនសរសេរលិខិតអបអរសាទរគណបក្សប្រជាជនទេ»។
ទន្ទឹមនឹងនេះ លោក សម រង្ស៊ី ប្រធានគណបក្សរិះគន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនិងក្រុមប្រឹក្សាធម្មនុញ្ញយ៉ាងខ្លាំងជាស្ថាប័នពីរដែលទទួលភារកិច្ចដោះស្រាយ បណ្តឹងបោះឆ្នោតដែលស្ថិតក្រោមការបញ្ជារបស់បក្សកាន់អំណាច។ លោកក៏បានថ្លែងដែរថា បាតុកម្មនឹងបន្តទាល់តែរកបានយុត្តិធម៌ជូនអ្នកបោះឆ្នោត។
កាលពីយប់ម្សិលមិញ បន្ទាប់ពីព្រឹត្តិការណ៍នៅវិថី ព្រះស៊ីសុវត្ថិ និងព្រះ នរោត្តម លោក សម រង្ស៊ី បានអះអាងថា បាតុកម្មរបស់គណបក្សប្រឆាំងនឹងបន្ត បើទោះជាមានព្រឹតិ្តការណ៍ហិង្សាដាច់ដោយឡែកក៏ដោយ។
លោកឲ្យដឹងទៀតថា ៖ «យើងជាមនុស្សចម្លែកក្នុងព្រឹតិ្តការណ៍នេះ យើងមិនពាក់ព័ន្ធទាល់តែសោះ។ ខ្ញុំបានទៅកន្លែងនោះ ដើម្បីថ្កោលទោសអ្នកទាំងឡាយដែលចូលរួមប្រើហិង្សា ព្រោះនេះផ្ទុយនឹងគោលជំហរអហិង្សារបស់យើង»។
លោកបញ្ជាក់ថា៖ «ដូច្នេះ វាមិនផ្លាស់ប្តូរអ្វីទេ ចំពោះគម្រោងរបស់យើងក្នុងការរៀបចំបាតុកម្មរយៈពេល ៣ ថ្ងៃ»។
លោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានបន្ទោសគណបក្សសង្គ្រោះជាតិ ចំពោះការផ្ទុះហិង្សា កាលពីម្សិលមិញ ដោយថ្លែងថា អ្នកមានវត្តមានមើលឃើញថា សកម្មភាពហិង្សាត្រូវបានបង្កឡើងដោយក្រុមបាតុករ។
លោកបន្តថា៖ «នគរបាលបានដាក់របងលួស ដើម្បីការពារព្រះមហាក្សត្រ... [ខណៈ] ដែល [មនុស្សប្រមូលផ្តុំគ្នា] មិនឆ្ងាយពីព្រះបរមរាជវាំង។ សាលាក្រុងបានប្រាប់បក្សសង្គ្រោះជាតិរួចហើយថា ពួកគេត្រូវអនុញ្ញាតឲ្យធ្វើបាតុកម្មអហិង្សានៅសួនសេរីភាព តើហេតុអ្វីវាកើតឡើងនៅមុខវត្ត ឧណ្ណាលោម?»។

លោក ជួន សុវណ្ណ បានថ្លែងបន្តថា ការដាក់របាំងត្រូវបានរៀបចំឡើងដើម្បីការពារប្រជាជន ហើយបើទោះបីជាបាតុករកប់ដុំថ្មក៏ដោយក៏នគរបាលរបស់យើងនៅតែអត់ធ្មត់។
លោកថ្លែងថា៖ «យើងអត់ធ្មត់យើងមិនបានបង្ក្រាបទេ ... យើងប្រើតែគ្រាប់បែកផ្សែងប៉ុណ្ណោះ ដូច្នេះ វានឹងមិនប៉ះពាល់ដល់បាតុករឬធ្វើឲ្យគេរបួសទេ»។
ភាពតានតឹងបានកើតឡើងនៅកន្លែងដាក់របាំងរបស់នគរបាលចាប់ពីថ្ងៃជិតត្រង់ម្សិលមិញ នៅពេលដែលមេដឹកនាំគណបក្ស សម រង្ស៊ី និងលោក កឹម សុខា បានដឹកនាំបាតុករហែក្បួនទៅមុខព្រះបរមរាជវាំង។
នៅពេលប្រឈមនឹងរបាំងបិទផ្លូវ នៅពេលនោះបាតុករបានព្យាយាមដករបាំងលួសចេញនៅចំពោះមុខកងរាជអាវុធហត្ថ ដែលមានកាន់ខែល កំាភ្លើងបាញ់ឧស្ម័ន និងដំបង។
បើទោះជាពួកគេបានអំណត់អត់ធ្មត់ និងអនុញ្ញាតឲ្យបាតុករឆ្លងកាត់របាំងលើកដំបូងក៏នៅក្រោយមកកងរាជអាវុធហត្ថមិនបានបង្ហាញភាពអត់ធ្មត់ទៀតដែរ ពេលដែលបាតុករមួយក្រុមតូចត្រឡប់មកវិញនៅម៉ោងប្រហែល ៣ រសៀលហើយក៏ចាប់ផ្តើមបិទរបាំងផ្លូវឡើងវិញ។
លោក ជួន សុវណ្ណ បានថ្លែងថា៖ «នៅពេលថ្ងៃត្រង់បាតុករបានបំពានទៅលើអាជ្ញាធរម្តងហើយនៅតាមផ្លូវទៅព្រះបរមរាជវាំង។ នៅពេលនោះយើងបានអនុញ្ញាតឲ្យ [លោក សម រង្ស៊ី ធ្វើការបន់ស្រន់នៅមុខព្រះបរមរាជវាំង] ប៉ុន្តែ បន្ទាប់មកគាត់ក៏ត្រឡប់ទៅទីលានប្រជាធិបតេយ្យវិញ ប៉ុន្តែក្រុមអ្នកគាំទ្រគាត់មិនត្រឡប់ទៅវិញទេ»។
យ៉ាងណាក៏ដោយគណបក្សសង្គ្រោះជាតិពីព្រលប់ថ្ងៃម្សិលមិញបានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយធ្វើការបដិសេធមិន ទទួលស្គាល់ចំពោះទង្វើទាំងឡាយដែលបង្កឲ្យមានអំពើហិង្សានៅក្នុងសង្គមឡើយ ដោយហេតុថា នៅក្នុងឱកាសបាតុកម្មអហិង្សាកាលពីម្សិលមិញ មានជនឱកាសនិយមមួយក្តាប់តូច បានដើរបង្កចលាចល ដូចជាលើកបន្លាលួសបោះក្នុងទន្លេ និងមានជនខ្លះដើរស្រែកឡូឡា បង្កសកម្មភាពញុះញង់ នៅតាមទីសាធារណៈផ្សេងៗ។ គណបក្សសង្គ្រោះជាតិគូសបញ្ជាក់ថា ខ្លួនធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យ «ដូច្នេះ ចំពោះទង្វើរបស់ជនឱកាសនិយមទាំងឡាយណាដែលដើរ បង្កបញ្ហានិងចលាចលផ្សេងៗ នៅក្រៅទីលានប្រជាធិបតេយ្យ គណបក្សសង្គ្រោះជាតិ ប្រកាសបដិសេធមិនទទួលខុសត្រូវឡើយ ហើយអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះជនឱកាសនិយមទាំងនោះ»។
អតីតទាហាន ម្នាក់លោក អ៊ុក សុវណ្ណរិទ្ធ អាយុ ៥៥ ឆ្នាំបានថ្លែងថា លោកជឿថាប្រជាជននាំគ្នាយករបាំងចេញ ពីព្រោះពួកគេចង់ត្រឡប់ទៅផ្ទះដែលនៅខាងក្រោយកន្លែងដាក់របាំង។
លោកបន្តថា៖ «ខ្ញុំខឹងខ្លាំងណាស់ នៅពេលខ្ញុំឃើញពួកគេប្រព្រឹត្តអំពើហិង្សាទៅលើមនុស្សធម្មតាដូចនេះ ពីព្រោះខ្ញុំធ្លាប់ជាទាហានដែរ ប៉ុន្តែ ខ្ញុំមិនដែលធ្វើអ្វីទៅលើពលរដ្ឋសាមញ្ញទេ»។
បន្ទាប់ពីការសងសឹករបស់នគរបាល ដែលបណ្តាលឲ្យអ្នកឈរមើលរាប់រយនាក់រួមទាំងភ្ញៀវទេសចរអ្នកសង្កេតការណ៍ របស់អង្គការក្រៅរដ្ឋាភិបាលនិងអ្នកកាសែតរត់គេច ក្រុមមន្រ្តីពីការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុក ខាងសិទ្ធិមនុស្ស បានមកដល់ ហើយចតឡាននៅមុខរបាំងដែលដាក់រាំងជាថ្មីទាំងនោះ។
មន្រ្តីអង្គការសហប្រជាជាតិ បន្ទាប់មកជួបពិភាក្សាជាមួយស្នងការនគរបាលរាជធានីលោក ជួន សុវណ្ណ នៅរង្គសាលជិតនោះ ដើម្បីរកដំណោះស្រាយដែលអំឡុងពេលនោះលោក សម រង្ស៊ី ក៏បានទៅដល់កន្លែងកើតហេតុដែរ។
មន្រ្តីអង្គការសហប្រជាជាតិបដិសេធ មិនធ្វើអត្ថាធិប្បាយអំពីលទ្ធផលជួបចរចានោះទេ។
លោក សម រង្ស៊ី ថ្លែងថា៖ «ខ្ញុំសូមអំពាវនាវទៅក្រុមយុវជននេះឬបណ្តាជនដទៃទៀតឲ្យ បញ្ឈប់អំពើហិង្សាជាបន្ទាន់...ខ្ញុំថ្កោលទោសនរណាក៏ដោយដែលប្រើហិង្សា...សូមបញ្ឈប់ហើយទៅផ្ទះវិញវាគ្រប់គ្រាន់ហើយ។ តែបើនរណាម្នាក់ចង់ស្តាប់តន្រ្តី សូមទៅកាន់នៅទីលានប្រជាធិបតេយ្យដើម្បីរីករាយសប្បាយដោយសន្តិវិធី»។
បើទោះជាក្រសួង មហាផ្ទៃបានថ្លែងថា គណបក្សសង្គ្រោះជាតិនឹងត្រូវអនុញ្ញាតឲ្យធ្វើបាតុកម្មតែពីម៉ោង ៦ ព្រឹកដល់ ៦ ល្ងាច កាលពីម្សិលមិញក៏ដោយ ក៏បាតុកររាប់ពាន់នាក់ នៅម៉ោងជាង ៨ យប់មិញបានព្យាយាមធ្វើដំណើរទៅទីលានប្រជាធិបតេយ្យ ដើម្បីស្នាក់នៅទីនោះដែរ។
គណបក្សប្រឆាំងបានប្រកាសកាលពីល្ងាចម្សិលថា កម្មវិធីបាតុកម្មបានបញ្ចប់ជាផ្លូវការសម្រាប់ថ្ងៃនេះ ប៉ុន្តែថា បាតុករអាចទៅបោះតង់តាមឆន្ទៈផ្ទាល់បាន។
គណបក្សប្រឆាំងមុននេះ បានសន្យាទៅកាន់ក្រុមអ្នកគាំទ្រខ្លួន ដែលភាគច្រើននៃពួកគេជាអ្នកធ្វើដំណើរមកពីខេត្តឆ្ងាយៗថា គណបក្សនឹងរៀបចំឲ្យស្នាក់នៅសម្រាប់ពេលយប់។
លោក គុច ចាន់ថា អាយុ ៦១ ឆ្នាំមកពីខេត្ត ព្រៃវែង និយាយថា៖ «ខ្ញុំមិនបារម្ភអំពីគ្រោះថ្នាក់ទេ។ ខ្ញុំបានមកចូលរួមបាតុកម្មដើម្បីស្វែងរកយុត្តិធម៌។ ខ្ញុំបានសម្រេចមកស្នាក់ទីនេះចំនួន ៣ ថ្ងៃ»។
បើតាម លោក សម រង្ស៊ី គណបក្សបានជំរុញឲ្យអ្នកដែលមកពីខេត្តជិត ដូចជា ខេត្ត កណ្តាល ឲ្យត្រឡប់ទៅផ្ទះវិញ។ លោកបន្តថា អ្នកមកពីខេត្តឆ្ងាយៗ កំពុងផ្តល់ការជួយសម្រួលផ្សេងៗ។
លោកថ្លែងថា៖ «យើងកំពុងខំប្រឹងប្រែងអស់ពីសមត្ថភាពជាមួយជំនួយសប្បុរសរបស់ប្រជាជនដែលរស់នៅរាជធានី»៕TK/PS/
រាយការណ៍បន្ថែមៈ លាង ផាន់ណារ៉ា, Kevin Ponniah, David Boyle,Shane Worrell