The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គ្រាប់​បែក ១ គ្រាប់ នៅ​ជិត​កន្លែង​មេ​បក្ស​ប្រឆាំង​ប្រជុំ




គ្រាប់​បែក ១ គ្រាប់ នៅ​ជិត​កន្លែង​មេ​បក្ស​ប្រឆាំង​ប្រជុំ

គ្រាប់​បែក ១ គ្រាប់ នៅ​ជិត​កន្លែង​មេ​បក្ស​ប្រឆាំង​ប្រជុំ

130913_03
គ្រាប់បែក១គ្រាប់ រកឃើញនៅក្បែរវេទិកាជួបជុំរបស់បក្សប្រឆាំងនៅសៀមរាប លីកាដូ

សៀមរាបៈ គ្រាប់​បែក​ដៃ​ចាស់​ច្រែះ​ចាប់​មួយ​គ្រាប់​ដែល​អាច​នៅ​ផ្ទុះ​សម្លាប់​មនុស្ស​បាន​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​ជិត​កន្លែង​មេ​ដឹក​នាំ​គណបក្ស សង្គ្រោះ​ជាតិ លោក សម រង្ស៊ី និង​អនុ​ប្រធាន លោក កឹម សុខា ថ្លែង​សុន្ទរកថា​ទៅ​ក្រុម​អ្នក​គាំទ្រ​ជាង​មួយ​ពាន់​នាក់​នៅ​ក្នុង​ខេត្ត សៀមរាប កាល​ពី​ម្សិលមិញ។

លោក ជា ហេញ មន្រ្តី ស៊ីម៉ាក់ ប្រចាំ​ខេត្ត សៀមរាប បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​ប្រទះ​ឃើញ​គ្រាប់​បែក​ដៃ​ផលិត​នៅ​ប្រទេស អាមេរិក នៅ​ជិត​ខ្លោង​ទ្វារ​ចូល​វត្ត​ដែល​ជា​កន្លែង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ជួប​ប្រជុំ​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​លោក​មក​កាន់​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​បាតុកម្ម​តវ៉ា​ឲ្យ​បាន​ច្រើន​ជាង​លើក​ដំបូង។

លោក ជា ហេញ ថ្លែង​បន្ត​ថា៖ «វា​ជា​គ្រាប់​បែក​ដៃ​ចាស់​ច្រែះ​ចាប់​មួយ​តែ​វា​អាច​ផ្ទុះ ប្រសិន​បើ​នរណា​ម្នាក់​គប់​វា​»។ លោក​បន្ត​ថា គ្រាប់​បែក​នេះ​ត្រូវ​បាន​យក​ទៅ​មជ្ឈមណ្ឌល ស៊ីម៉ាក់ ប្រចាំ​ខេត្ត សៀមរាប ដើម្បី​ធ្វើ​ការ​ពិនិត្យ​បន្ថែម។

អ្នក​នាំ​ពាក្យ​និង​ជា​តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​ថ្លែង​ថា គ្រាប់​បែក​ដៃ​នេះ​គឺ​អាច​សម្លាប់​និង​ធ្វើ​ឲ្យ​របួស​ប្រជាជន​បាន ហើយ​លោក​ជឿ​ថា ការ​ដាក់​គ្រាប់​បែក​នេះ​គឺជា «ចេតនា​បង្ក​ហិង្សា​និង​បំភិត​បំភ័យ» ទៅ​លើ​គណបក្ស​ប្រឆាំង។

លោក​ថ្លែង​បន្ត​ថា៖ «គ្រាប់​បែក​នេះ​ត្រូវ​គេ​ដាក់​នៅ​ប្រហែល ៥០ ម៉ែត្រ​ពី​កន្លែង​ជួប​ប្រជុំ​គ្នា។ ខ្ញុំ​សូម​អំពាវនាវ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​នេះ​ឲ្យ​បាន​ឆាប់ៗ តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។

លោក យឹម សុវណ្ណ បាន​ថ្លែង​ដោយ​សំដៅ​ទៅ​ដល់​ការ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ​ក្នុង​ឆ្នាំ ១៩៩៧ ថា ៖ «មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​ប្រឈម​នឹង​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​កាល​ពី​មុន។ ប៉ុន្តែ យើង​ត្រូវ​តែ​បន្ត​ទៅ​មុខ ជាមួយ​នឹង​អ្វី​ដែល​យើង​បាន​គ្រោង​ធ្វើ។ គ្មាន​អ្វី​រារាំង​យើង​បាន​នោះ​ទេ»។

ប៉ុន្តែ​លោក ទិត ណារ៉ុង អធិការ​នគរបាល​ក្រុង សៀមរាប បាន​ថ្លែង​ថា គ្រាប់​បែក​ដៃ​មួយ​នេះ គឺ​ស្ថិត​នៅ​មាត់​ទន្លេ​ជិត​នោះ​វា​បន្សល់​តាំង​ពី​សម័យ លន់ នល់ គឺ​កាល​ពី ៤០ ឆ្នាំ​មុន​មក​ម៉្លេះ។

លោក​ថ្លែង​បន្ត​ថា៖ «វា​ជា​គ្រាប់​បែក​ដៃ​ដែល​ច្រែះ​ចាប់​ដូច្នេះ ខ្ញុំ​គិត​ថា វា​មិន​អាច​ផ្ទុះ​នោះ​ទេ»។

ប៉ុន្តែ ទោះ​យ៉ាង​ណា​ក៏​ដោយ លោក យឹម សុវណ្ណ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ពង្រឹង​សន្តិសុខ​សម្រាប់​ការ​តវ៉ា ដែល​គណបក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​រយៈ​ពេល​យូរ​ថ្ងៃ ហើយ​ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​អាទិត្យ​ទៅ។

លោក​ថ្លែង​បន្ត​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ​និង​សាលា​រាជធានី​ភ្នំពេញ​បាន​ឯកភាព​គ្នា លើ​ចំណុច​មួយ​ចំនួន​រួច​ហើយ។ នៅ​ចំណុច​ដទៃ​ទៀត​ត្រូវ​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ​។ ប៉ុន្តែ បើ​តាម​ច្បាប់ យើង​មិន​ចាំ​បាច់​ត្រូវ​ការ ការ​អនុញ្ញាត​អី​ទេ»។

លោក សម រង្ស៊ី និង លោក កឹម សុខា កាល​ពី​ម្សិលមិញ បាន​ជំរុញ​ឲ្យ​ប្រជាជន​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ​ដើម្បី​ចូល​រួម​មហា​បាតុកម្ម​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​ចាប់​ផ្តើម​នៅ​វេលា​ម៉ោង ៧ ព្រឹក ថ្ងៃ អាទិត្យ។

លោក កឹម សុខា ថ្លែង​ក្នុង​ឱកាស​ជួប​ជុំ​នោះ​ដែរ​ថា៖ «បង​ប្អូន​ទាំង​អស់​គ្នា នឹង​ត្រូវ​អញ្ជើញ​ឲ្យ​ធ្វើ​ការ​សម្តែង​មតិ​យោបល់​នៅ​ថ្ងៃ​នោះ»។

លោក សម រង្ស៊ី បាន​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​គេ​លួច​សន្លឹក​ឆ្នោត​ចំនួន ១ លាន សន្លឹក នៅ​ក្នុង​ការ​បោះឆ្នោត​ថ្ងៃ​ទី២៨ ខែ កក្កដា ហើយ​បាន​ជំរុញ​ក្រុម​អ្នក​តវ៉ា​បន្ត​ទាមទារ​យក​សន្លឹក​ឆ្នោត​នោះ​មក​វិញ។

លោក ជាម យៀប តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​គ្រាប់​បែក​ដៃ​នេះ​ទេ ដោយ​ចាត់​ទុក​វា​ថា​ជា​បញ្ហា​របស់​នគរបាល ប៉ុន្តែ​លោក​ថ្លែង​ថា គណបក្ស​ប្រជាជន មាន​ក្តី​បារម្ភ​អំពី​ហិង្សា​នៅ​កន្លែង​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​ថ្លែង​បន្ត​ថា៖ «នោះ​ហើយ​ជា​មូលហេតុ​ដែល​យើង​មិន​ជំរុញ​ឲ្យ​មាន​បាតុកម្ម​កើត​ឡើង»។

ទោះ​យ៉ាង​ណា​ក្តី លោក​ថា រដ្ឋាភិបាល​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធានា​សុវត្ថិភាព​សាធារណៈ ប៉ុន្តែ ក្នុង​អំឡុង​ពេល​ដែល​ត្រូវ​បាន​អនុញ្ញាត ចាប់​ពី​ម៉ោង ៦ ព្រឹក ដល់ ៦ ល្ងាច។

នៅ​ក្នុង​ប្លុក​របស់​ផ្ទាល់​ខ្លួន កាល​ពី​ម្សិលមិញ លោក​ស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា បរិយាកាស​នៅ​ទីលាន​ប្រជាធិបតេយ្យ​នឹង​មាន​ការ​ចាក់​តន្រ្តី​និង​ភាពយន្ត Gandhi នៅ​ពេល​ល្ងាច។

លោក​ស្រី​ថ្លែង​បន្ត​ថា លោក​ស្រី​ប្រាកដ​ដែរ​ថា ព្រះ​មហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី នឹង​កោះ​ហៅ​ឲ្យ​មាន​កិច្ច​ប្រជុំ​មួយ​រវាង​គណបក្ស​ទាំង​ពីរ មុន​ពេល​សភា​បើក​សម័យ​ប្រជុំ​នៅ​ថ្ងៃ​ទី២៣ ខែ កញ្ញា ខាង​មុខ​នេះ។

លោក​ស្រី មូរ សុខហួរ បាន​កត់​សម្គាល់​ក្នុង​សំណេរ​របស់​លោក​ស្រី​ថា៖ «យើង​នឹង​ត្រូវ​ត្រឡប់​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ​វិញ ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ​ចំពោះ​ភាព​ជាប់​គាំង​នៅ​ពេល​នោះ​ទេ»៕ PS

អត្ថបទគួរចាប់អារម្មណ៍