
ភ្នំពេញៈ នៅក្នុងសប្តាហ៍នៅមុនពេលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ត្រូវបានបង្កើតឡើងក្នុងខែ ធ្នូ ឆ្នាំ ១៩៩៧ លោក ឆេង ផុន បានទស្សន៍ទាយថា លោកនឹងមានតួនាទីស្វិតស្វាញមួយ នាពេលខាងមុខ។
លោកបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីមាត់ប្រឡាយស្ងប់ស្ងាត់មួយ ក្នុងខេត្ត កំពត ថា៖ «ប្រសិនបើអ្នកសួរខ្ញុំជាលក្ខណៈបុគ្គល ខ្ញុំត្រូវតែនិយាយថា ខ្ញុំមិនចង់បានការងារនេះទេ»។ «ខ្ញុំរីករាយនៅទីនេះ ដែលជាកន្លែងស្ងប់ស្ងាត់ហើយខ្ញុំអាចធ្វើសមាធិបាន។ ភាពជាប្រធាន នឹងមិនមែនជាការងាររីករាយមួយទេ»។
លោក ឆេង ផុន ដែលជារដ្ឋមន្រ្តីវប្បធម៌ និងព័ត៌មាន ក្នុងទសវត្សរ៍ ៨០ ត្រូវបានជ្រើសរើសដោយរដ្ឋមន្រ្តីក្រសួង មហាផ្ទៃ លោក ស ខេង ដើម្បីឲ្យមើលការខុសត្រូវ លើការបោះឆ្នោតរបស់កម្ពុជា។ លោក ផុន បានចាកចេញពីតំណែងនេះជាយូរមកហើយ ប៉ុន្តែការទទួលខុសត្រូវនៃការជ្រើសរើសអ្នកដែលអង្គុយកៅអីនៅ គ.ជ.ប គឺនៅតែជាក្រសួង មហាផ្ទៃ។ រឿងមួយ ក្នុងចំណោមរឿងជាច្រើន ដែលក្រុមតាមដានការបោះឆ្នោតឯករាជ្យ និងគណបក្សប្រឆាំងនិយាយថា ត្រូវផ្លាស់ប្តូរ គ.ជ.ប ដោយសារថា ស្ថាប័ននេះ តំណាងអត្ថប្រយោជន៍ឲ្យគណបក្សប្រជាជន។
លោក គល់ បញ្ញា នាយកប្រតិបត្តិ នៃគណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ ខុម ហ្វ្រែល បានថ្លែងថា៖ «សមាសភាពរបស់ គ.ជ.ប គួរត្រូវកែប្រែ។ ការតែងតាំងមិនគួរធ្វើឡើងតាមរយៈក្រសួង មហាផ្ទៃ ឬទីស្តីការគណៈរដ្ឋមន្ត្រីទេ។ ស្ថាប័នទាំងនេះ ត្រូវបានគ្រប់គ្រង ដោយគណបក្សកាន់អំណាច»។
នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ លោក ហ៊ុន សែន អនុប្រធានគណបក្សប្រជាជន និងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានឯកភាពគ្នាធ្វើកំណែទម្រង់ គ.ជ.ប។
រដ្ឋមន្រ្តីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា កំណែទម្រង់គឺត្រូវតែធ្វើឡើងទៅតាម «នីតិវិធីច្បាប់» ប៉ុន្តែលោកបានថ្លែងថា គ.ជ.ប នឹងមិនត្រូវរំលាយទាំងអស់គ្នានោះទេ។ លោកបន្តថា៖ «គណបក្សប្រជាជនមិនដែលនិយាយថា កំណែទម្រង់ គ.ជ.ប មិនអាចធ្វើទៅរួចនោះទេ»។
នៅក្នុងក្របខ័ណ្ឌនេះ លោក គល់ បញ្ញា បានថ្លែងថា បញ្ហាប្រឈមជាច្រើនអាចមាន ហើយត្រូវតែកើតមាន។ «ការពិនិត្យនិងការធ្វើឲ្យមានតុល្យភាព» រវាងរដ្ឋាភិបាល និងគណបក្សប្រឆាំង ត្រូវបានបង្កើតឲ្យមាន ហើយគណៈកម្មាធិការទ្វេភាគីត្រូវតែមាន ដែលមានសមាសភាពតំណាងរាស្រ្ត ត្រូវតែតែងតាំងដើម្បីសម្រេចថាតើនរណាគួរត្រូវតែងតាំង សម្រាប់ស្ថាប័ននេះ។
ជាងនេះទៀត គណៈកម្មាធិការមួយ ស្តីពីការដោះស្រាយវិវាទ និងរកយុត្តិធម៌ចំពោះបញ្ហាបោះឆ្នោត គួរត្រូវបង្កើតឡើងដើម្បីធានាដោះស្រាយបណ្តឹងអំពីភាពមិនប្រក្រតី ដែលភាពមិនប្រក្រតីនេះ ធ្វើឲ្យគណបក្សសង្គ្រោះជាតិបន្តអះអាងថា បានធ្វើឲ្យខ្លួនបាត់បង់អាសនៈនៅក្នុងការបោះឆ្នោតថ្ងៃ ទី២៨ កក្កដា។
មិនដល់មួយឆ្នាំកន្លងទៅតំណាងរាស្រ្តគណបក្សប្រឆាំងបានធ្វើពហិការ ចំពោះការបោះឆ្នោតជ្រើសរើសសមាជិកថ្មី ៩ នាក់របស់ គ.ជ.ប ហើយដែលអ្នកទាំងអស់នោះធ្លាប់ជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។ អ្នកដែលត្រូវតែងតាំងត្រូវតែដកសមាជិកភាពចេញពីគណបក្សនយោបាយ ពីមុនពេលទទួលយកតំណែងនេះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងកាលពីថ្ងៃពុធថា គណបក្សរបស់លោក កំពុងជំរុញឲ្យមានស្ថាប័នអចិន្រៃ្តយ៍មួយផងដែរ ដើម្បីដោះស្រាយបណ្តឹងពាក់ព័ន្ធនឹងការបោះឆ្នោត ពីព្រោះវាមិនអាចទៅរួចទេក្នុងការឲ្យ គ.ជ.ប ធ្វើជា « អាជ្ញាកណ្តាល» នៃការបោះឆ្នោតនិងដោះស្រាយបណ្តឹង។ លោក យឹម សុវណ្ណ បានថ្លែងបន្តថា៖ «កំណែទម្រង់ គ.ជ.ប គឺសំខាន់ណាស់ចំពោះការអំពាវនាវរបស់គណបក្សសង្គ្រោះជាតិ ឲ្យមានកំណែទម្រង់ការបោះឆ្នោតទូលំទូលាយជាងមុន។ ការទាមទារដទៃៗទៀត រួមមានការកែប្រែច្បាប់ប្រព័ន្ធផ្សព្វផ្សាយ និងការធ្វើសេចក្តីព្រាងច្បាប់ នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី។ លោកបន្តថា៖ «ប៉ុន្តែដំបូង ការផ្លាស់ប្តូរសមាសភាពនៃថ្នាក់ដឹកនាំរបស់ គ.ជ.ប ចាំបាច់ត្រូវតែកើតមាន»។
ទោះយ៉ាងណាក្តី ភាពលម្អិតជាងនេះ ស្តីពីកំណែទម្រង់គឺគណបក្សសង្គ្រោះជាតិត្រូវការពេលវេលាច្រើនជាងនេះដើម្បីពិភាក្សា។ លោក យឹម សុវណ្ណ បានថ្លែងទៀតថា៖ «យើងមិនទាន់បានគិតអំពីដំណើរការជាក់លាក់នៅឡើយទេ»។ «យើងចាំបាច់ត្រូវបង្កើតគណៈកម្មាធិការដើម្បីធ្វើកំណែទម្រង់។ វាតែងតែមានបញ្ហា នៅរាល់ការបោះឆ្នោតម្តងៗ ហើយយើងត្រូវតែមើលទៅប្រទេសជិតខាងដូចជា ហ្វីលីពីន និង ថៃ»។
ប្រសិនបើគណបក្សសង្គ្រោះជាតិមើលឆ្ងាយជាងនេះទៅដល់ប្រទេស អូស្រ្តាលី វានឹងត្រូវមានគណៈកម្មការបោះឆ្នោតមួយដែលត្រូវឆ្លើយទៅគណៈកម្មាធិការនៅក្នុងសភា ដែលរួមមានទាំងភាគីនយោបាយទាំងពីរ។ នេះបើតាមលោក Greg Doolan អ្នកនាំពាក្យគណៈកម្មាធិការបោះឆ្នោត អូស្រ្តាលី។ លោកបន្តថា៖ «បន្ទាប់ពីការបោះឆ្នោតសហព័ន្ធម្តងៗ គណៈកម្មាធិការបោះឆ្នោត អូស្រ្តាលី ត្រូវតែដាក់ជូន និងចូលរួមសវនាការ របស់គណៈកម្មាធិការរួមមួយស្តីពីបញ្ហាបោះឆ្នោតរបស់សភាដែល នឹងធ្វើការសួរនាំចំពោះការអនុវត្តការបោះឆ្នោត»។
អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី លោក ផៃ ស៊ីផាន បានថ្លែងកាលពីថ្ងៃពុធថា គណបក្សប្រជាជនមិនមានតំណែងផ្លូវការអំពីធាតុអ្វីរបស់ គ.ជ.ប ដែលគួរត្រូវធ្វើកំណែទម្រង់នោះទេ។ លោកបន្តថា រដ្ឋាភិបាល មិនមានការងារដោះស្រាយបញ្ហាជាក់លាក់នោះទេ។ «គ.ជ.ប ត្រូវបានផ្តល់ឲ្យនូវយុត្តាធិការដោយសភា ដូច្នេះក្រុមតំណាងរាស្រ្ត ត្រូវតែអង្គុយជាមួយគ្នា ហើយជជែកអំពីបញ្ហានេះ។ ប៉ុន្តែ គ.ជ.ប ត្រូវបានធ្វើកំណែទម្រង់ពីរបីដងរួចហើយ។ នេះជារឿងធម្មតា»។
ទោះយ៉ាងណាក្តីបើតាម លោក យឹម សុវណ្ណ បានឲ្យដឹងថា ការធ្វើកំណែទម្រង់ទាំងនោះ មិនមានប្រសិទ្ធភាពទេ។ លោកបន្តថា៖ «នោះមិនមែនជាកំណែទម្រង់ពិតនោះទេ។ គ.ជ.ប នៅតែត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាជន»។
លោក គល់ បញ្ញា បានថ្លែងថា ក្រុមសង្គមស៊ីវិល និងក្រុមសង្កេតការអន្តរជាតិ បានផ្តល់ឲ្យនូវអនុសាសន៍មួយចំនួន សម្រាប់កំណែទម្រង់ ក្នុងរយៈកាលមួយទសវត្សរ៍កន្លងមក ប៉ុន្តែពួកគេធ្វើជាមិនឮ។ «នៅពេលពួកយើងនិយាយអំពីកំណែទម្រង់ពួកគេមិនអើពើទេ»។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីថា តើការផ្លាស់ប្តូរអ្វី ដែលលោកជឿថា នឹងធ្វើឲ្យប្រសើរឡើងចំពោះគណៈកម្មាធិការនេះនោះទេ ហើយលោកបដិសេធមិនថ្លែងអំពីថា តើអ្វីជាភាពខ្លាំងនិងភាពខ្សោយរបស់ គ.ជ.ប ឡើយ។
លោកបន្តថា៖ «ប៉ុន្តែកំណែទម្រង់ត្រូវតែផ្អែកទៅលើច្បាប់បោះឆ្នោត»។ ប៉ុន្តែ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានទទួលស្គាល់ថា គ.ជ.ប មានបញ្ហាមួយចំនួនជាមួយនឹងបញ្ជីឈ្មោះបោះឆ្នោតប៉ុន្តែគណៈកម្មាធិការនេះ នៅតែឯករាជ្យនិងមានតម្លាភាព។ លោកបន្តថា៖ «ជាលទ្ធផល យើងបានទទួលការគាំទ្រ និងការលើកទឹកចិត្ត ពីបណ្តាលប្រទេសម្ចាស់ជំនួយរួមទាំងអ្នកសង្កេតការណ៍អន្តរជាតិ ដែលធ្វើជាសាក្សីចំពោះការបោះឆ្នោត»៕ PS
រាយការណ៍បន្ថែមៈ Abby Seiff