ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) កាលពីម្សិលមិញបានស្នើ ឲ្យរដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួង អប់រំ ដាក់ពិន័យរដ្ឋបាលតាមកម្រិតបទល្មើសដល់អាជ្ញាធរមូលដ្ឋានពីររូបនិងថ្នាក់គ្រប់គ្រងសាលាពីររូបដែលល្មើសនឹងបទបញ្ជានីតិវិធីបោះឆ្នោត។
សេចក្តីជូនដំណឹង គ.ជ.ប ពីម្សិលមិញថា គណបក្សសង្គ្រោះជាតិបានប្តឹងអនុប្រធានភូមិ គហ៊េ ឃុំ ព្រែកកុយ ខេត្ត កំពង់ចាម ថា ធ្វើសកម្មភាពចែកអំណោយដល់អ្នកបោះឆ្នោត ក្នុងពេលបោះឆ្នោតនិងរាប់សន្លឹកឆ្នោត ហើយចៅសង្កាត់ ស្វាយដង្គុំ ក្រុង សៀមរាប ខេត្ត សៀមរាប បានរំលោភសេចក្តីណែនាំរួមរបស់ក្រសួង មហាផ្ទៃ និង គ.ជ.ប ដែលថ្នាក់ខេត្តរកឃើញថា អនុប្រធាននិងចៅសង្កាត់ «បានរំលោភច្បាប់បោះឆ្នោត បទបញ្ជា និងនីតិវិធីប្រាកដមែន»។
រីឯមន្ត្រីក្រសួង អប់រំ មាននាយករងសាលាបឋមសិក្សា ក្តុលតាហែន ស្រុក បវេល ខេត្ត បាត់ដំបង និងនាយកសាលាបឋមសិក្សា ឃុំគោក ស្រុក សូទ្រនិគម ខេត្ត សៀមរាប។ គ.ជ.ប សរសេរថា ពួកគេទាំងពីរ «អនុញ្ញាតឲ្យគណបក្សនយោបាយធ្វើសកម្មភាពឃោសនាបោះឆ្នោតក្នុងបរិវេណសាលារៀនរដ្ឋ»។ គ.ជ.ប ស្នើថា៖ «សុំរដ្ឋមន្ត្រីដាក់ពិន័យរដ្ឋបាលទៅលើអ្នកប្រព្រឹត្តល្មើសតាមកម្រិតនៃបទល្មើស»។
លិខិតពីរដាច់ដោយឡែកពីគ្នានេះ គ ជ ប ផ្ញើទៅក្រសួង មហាផ្ទៃ និងក្រសួង អប់រំ រួចអស់ហើយ កាលពីថ្ងៃទី១៦ ខែ កញ្ញា។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួង មហាផ្ទៃបញ្ជាក់ថា លោក មិនទាន់បានទទួលលិខិតរបស់ គ ជ ប នៅឡើយតែថាក្រសួងនឹងពិនិត្យករណីនេះ។ លោកបន្តថា៖ «ពិន័យ រដ្ឋបាល រួមមាន ការស្តីបន្ទោស ការពន្យារការឡើងស័ក្តិ ប្រាក់ខែ ឬមានប្រវត្តិរូបក្រហម និងឈានទៅដល់ការដកហូតតំណែង»។ តែថាលោកមិនដឹងពីទំហំបទល្មើសពួកគេទេ។
លោក សុខ គឹមសេង អនុប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្ត សៀមរាប ជាដើម បណ្តឹងថ្លែងថា ត្រឹមពិន័យរដ្ឋបាលមិនអាចសមស្របនឹងទង្វើនៃការក្លែងឯកសារបានឡើយ។លោកមិនយល់ថា ពិន័យរដ្ឋបាលមានន័យបែបម៉េចទេ មានករណីខ្លះឃើញដាក់ពិន័យរដ្ឋបាល តែមន្ត្រីរូបនោះធ្វើការធម្មតារហូតចប់អាណត្តិនិងមានឡើងបុណ្យស័ក្តិទៀត។
លោកថា៖ «ករណីចៅសង្កាត់រូបនេះ គាត់មានទោសរដ្ឋបាល និងទោសព្រហ្មទណ្ឌទៀត និងសូមឲ្យក្រសួងអនុវត្តឲ្យហ្មត់ចត់»។
លោក ខៀវ សុភ័គ បញ្ជាក់ថា ចំពោះច្បាប់ ក្នុងករណីមានការក្លែងឯកសារមែន ជារឿងទោសព្រហ្មទណ្ឌ ហើយអាចជាប់ពន្ធនាគារពី ៦ខែ ដល់ ៥ ឆ្នាំ។
លោក ទេព នីថា អគ្គលេខាធិការ គ ជ ប ឲ្យដឹងថា ការចេញលិខិតនេះ គឺជាការជម្រាបដល់សាមីក្រសួងឲ្យអនុវត្តពិន័យការងារលើមន្ត្រី ខ្លួនព្រោះស្ថាប័នបោះឆ្នោតថ្នាក់ខេត្តសម្រេចឲ្យដាក់ពិន័យមន្ត្រីទាំងបួន ឯ គ.ជ.ប ក៏តម្កល់សេចក្តីសម្រេចនេះដែរ៕