The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គ.ជ.ប បំភ្លឺ​រឿង​ហាម​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស

គ.ជ.ប បំភ្លឺ​រឿង​ហាម​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស

គ.ជ.ប បំភ្លឺ​រឿង​ហាម​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស

130719_06a
លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហេង ជីវ័ន

ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​(គ.ជ.ប) បាន​ចេញ​សេច​ក្ដី​បំភ្លឺ​មួយ​កាល​ពី​ម្សិលមិញ ស្តី​ពី​ការ​ផ្អាក​វិទ្យុ​មិន​ឲ្យ​ផ្សាយ​បន្ត​ពី​វិទ្យុ​បរទេស​និង​ការ​ហាម​ផ្សព្វ​ផ្សាយ​ការងារ​និង​លទ្ធផល​នៃ​ការ​បោះឆ្នាត​នៅ​ក្នុង​ពេល​បោះឆ្នោត នៅ​ថ្ងៃ​អាទិត្យ​សប្ដាហ៍​ក្រោយ បន្ទាប់​ពី​ក្រសួង​ព័ត៌មាន​បាន​ចេញ​បញ្ជា​ហាម​គ្រប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ កុំ​ឲ្យ​ចាក់​ផ្សាយ​ព័ត៌មាន​របស់​បរទេស ពាក់​ព័ន្ធ​ទៅ​នឹង​ការ​បោះឆ្នោត ក្នុង​រយៈ​ពេល ៥ ថ្ងៃ​មុន និង​នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត។

យោង តាម​សេចក្ដី​បំភ្លឺ​របស់ គ.ជ.ប ដែល​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​កាល​ពី​ម្សិលមិញ​ឲ្យ​ដឹង​ថា សាធារណជន​មួយ​ចំនួន​បាន​យល់​ច្រឡំ​ថា ការ​ផ្អាក​វិទ្យុ​មិន​ឲ្យ​ផ្សាយ​បន្ត​នៅ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​នោះ គឺ​បាន​ធ្វើ​ឡើង​ដោយ គ.ជ.ប។ សេចក្តី​បំភ្លឺ​នេះ​បាន​បញ្ជាក់​ថា៖ «​ពាក់​ព័ន្ធ​នឹង​ការ​យល់​ច្រឡំ​នេះ គ.ជ.ប សូម​បញ្ជាក់​ថា គ.ជ.ប មិន​បាន​ធ្វើ​ការ​ផ្អាក​វិទ្យុ​មិន​ឲ្យ​ធ្វើ​ការ​ផ្សាយ​បន្ត​នោះ​ទេ​។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ គ.ជ.ប បាន​ចេញ​គោល​ការណ៍​សម្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក្នុង​គោល​បំណង​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្រ្ត​ខាង​មុខ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិធម៌។

លិខិត​នោះ​បន្ត​ថា គ.ជ.ប បាន​ជំរុញ​ឲ្យ​គ្រប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់​ត្រូវ​ផ្តល់​ព័ត៌មាន​និង​ការ​អប់រំ​ពី​ការ​បោះឆ្នោត​ដែល​ងាយ​ស្រួល​និង​មិន​លម្អៀង​ក្នុង​ការ​ផ្សាយ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ការ​បោះឆ្នោត»។

សេចក្ដី​ថ្លែង​ការណ៍​នេះ​លើក​ឡើង​ថា ម្ចាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​និង​អ្នក​គ្រប់​គ្រង​ត្រូវ​ខិតខំ​ចូល រួម ដើម្បី​ធ្វើ​ឲ្យ​ការ​បោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ តាម​រយៈ​ការ​ផ្ដល់​ព័ត៌មាន​ពី​ការ​បោះឆ្នោត។

អគ្គ​លេខាធិការ គ.ជ.ប លោក ទេព នីថា បាន​ថ្លែង​ពី​ថ្ងៃ​ម្សិលមិញ​ថា គ.ជ.ប មិន​ដែល​បាន​ហាម​ឃាត់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មិន​ឲ្យ​ចាក់​ផ្សាយ​ព័ត៌មាន ពីការ​បោះឆ្នោត​នេះ​ទេ។ លោក​ថ្លែង​ថា៖ «យើង​ចង់​បញ្ជាក់​កុំ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ពី​បញ្ហា​នេះ​បន្ត​ទៀត​។ គ.ជ.ប មិន​ដែល​ហាម​ឃាត់​ពី​បញ្ហា​នេះ​ទេ»។

លោក ទេព នីថា បាន​បញ្ជាក់​ថា ការ​ចាក់​ផ្សាយ ឬ​ក៏​មិន​ចាក់​ផ្សាយ​ពី​ការ​បោះឆ្នោត គឺ​ជា​សិទ្ធិ​ពួកគេ​។ ប៉ុន្តែ​យើង​បាន​ហាម​ឃាត់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​កុំ​ឲ្យ​ចាក់​ផ្សាយ​ពី​ការ​ស្ទង់​មតិ​និង​លទ្ធផល​ដែល​បាន​ពី​ការ​ស្ទង់​មតិ​ពី​ការ​បោះឆ្នោត​រយៈ​ពេល​៥​ថ្ងៃ​មុន​ការ​បោះឆ្នោត​និង​នៅ​ថ្ងៃ​បោះឆ្នោត​។ គណបក្ស​ទាំង​អស់​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​ឃោសនា​មួយ​ថ្ងៃ​មុន ថ្ងៃ​បោះឆ្នោត​និង​នៅ​ថ្ងៃ​បោះឆ្នោត​ឡើយ។ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទាំង​អស់​ក៏​មិន​ត្រូវ​ផ្សព្វ​ផ្សាយ​តែ​ភាគី​តែ​ម្ខាងៗ​ដែរ​គឺ​ត្រូវ​ផ្សាយ​ឲ្យ​អព្យាក្រឹត​ព្រោះ​យើង​ចង់​ឲ្យ​អ្នក​បោះឆ្នោត​ធ្វើ​ការ​សម្រេច​ចិត្ត​បាន​ត្រឹម​ត្រូវ»៕ PN

អត្ថបទគួរចាប់អារម្មណ៍