The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ដោះលែង​អ្នក​វាយ​ស្លាក CPP នៅ អូររាំងឪ ជា​បណ្តោះ​អាសន្ន




ដោះលែង​អ្នក​វាយ​ស្លាក CPP នៅ អូររាំងឪ ជា​បណ្តោះ​អាសន្ន

ដោះលែង​អ្នក​វាយ​ស្លាក CPP នៅ អូររាំងឪ ជា​បណ្តោះ​អាសន្ន

កំពង់ចាមៈ ជន​ជាប់​ចោទ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់ ដែល​មាន​សតិ​មិន​ល្អ ដែល​បាន​វាយ​ស្លាក​សញ្ញា​គណបក្ស​ប្រជាជន នៅ​ស្រុក អូររាំងឪ ត្រូវ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​តែ​បាន​តម្កល់​បទ​ចោទ។

លោក មាស ឌឿន អាយុ ៦០ ឆ្នាំ​ត្រូវ​ជា​បង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៧ កញ្ញា ថា ប្អូន​គាត់ មាស សំអាត ត្រូវ​ឃុំ​ខ្លួន​តាំង​ពី​ចុង​ខែ សីហា មក​ពាក់​ព័ន្ធ​នឹង​ការ​បំផ្លាញ​ស្លាក​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ថ្ងៃ​ទី១០ កញ្ញា ម៉្លេះ តែ​ប្អូន​គាត់​មិន​បាន​ដឹង​និង​និយាយ​អ្វី​ទេ ពី​ព្រឹត្តិការណ៍​មុន​ពេល​ចាប់​ខ្លួន។

លោក​ថា ៖ «ចៅក្រម​សម្រេច​ចិត្ត​ដោះលែង​ប្អូន​ខ្ញុំ ព្រោះ​គាត់​មើល​ឃើញ​ថា ប្អូន​ខ្ញុំ​ហ្នឹង​មាន​ជំងឺ​សរសៃ​ប្រសាទ វា​មិន​ដឹង​ខុស​ត្រូវ​ទេ។ ខ្ញុំ​និង​គ្រួសារ​សប្បាយ​ចិត្ត តែ​វា​នៅ​ជាប់​ចោទ​នៅ​ឡើយ»។

លោក មាស សំអាត ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន កាល​ពី​ថ្ងៃ ទី២៥ សីហា បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត ដោយ​ចោទ​ប្រកាន់​ថា​គាត់​បាន​វាយ​បំផ្លាញ​សា្លក​គណបក្ស​ប្រជាជន កម្ពុជា​ចំនួន​ពីរ​នៅ​ក្នុង​ភូមិ ថ្មក្រជុំ និង​ភូមិ សូយ ស្ថិត​ក្នុង​ឃុំ មៀន ស្រុក អូររាំងឪ។

លោក មាស ឌឿន បន្ត​ថា ប្អូន​ប្រុស​ជា​មនុស្ស​និយាយ​មិន​ដឹង​ខុស​ត្រូវ និង​ត្រូវ​អ្នក​ភូមិ​ដឹង​ឮ​គ្រប់​គ្នា​អំពី​អាការ​នេះ។ នៅ​ថ្ងៃ​វាយ​ស្លាក​គណបក្ស​ប្រជាជន ក្នុង​ខែ សីហា នោះ ជន​សង្ស័យ​បាន​យក​ដៃ​ទៅ​គោះ​ស្លាក​នោះ រួច​វា​ក៏​ទ្រេត​ហើយ​រលំ​និង​បាន​ដក​ហូត​យក​ទង់​ជាតិ​ដែល​ចង​ភ្ជាប់​នឹង​ស្លាក​នោះ​ផង​ដែរ ប៉ុន្តែ​ការ​ប្រព្រឹត្ត​ដ៏​តូច​តាច​នេះ មិន​គួរ​សមត្ថកិច្ច​នគរបាល​ឃាត់​ខ្លួន​ឡើយ។

ចៅក្រម​លោក​ស្រី ទិត សុធីបូរ៉ាលក្ខណ៍ ដែល​បាន​សម្រេច​ដោះលែង​ជន​ជាប់​ចោទ ឲ្យ​នៅ​ក្រៅ​ឃុំ​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ កាល​ពី​ម្សិលមិញ។

លោក អាន ភិន អ្នក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត កំពង់ចាម បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា លោក​ត្រៀម​ផ្តល់​មេធាវី​សម្រាប់​រឿង​ក្តី​នេះ ហើយ​ថា លោក​ស្វាគមន៍​ការ​ដោះលែង​ជន​ជាប់​ចោទ​ឲ្យ​នៅ​ក្រៅ​ឃុំ​នេះ ប៉ុន្តែ សូម​អំពាវនាវ​ឲ្យ​តុលាការ​គួរ​ពិចារណា​ទម្លាក់​បទ​ចោទ​ចំពោះ​បុរស​រូប​នេះ​ទាំង​ស្រុង។

លោក​និយាយ​ថា៖ «ករណី​ដែល​មាន​ជន​ជាប់​ចោទ​ជា​មនុស្ស​មាន​សតិ​វិបល្លាស​បែប​នេះ គួរ​តែ​តុលាការ​លើក​លែង​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​វិញ​ទើប​ល្អ​ជាង​និង​ត្រូវ​តាម​ច្បាប់​»៕

អត្ថបទគួរចាប់អារម្មណ៍