The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តើ​ការ​ជាប់​គាំង​នយោបាយ​អាច​អូស​បន្លាយ​យូរ​ប៉ុនណា?




តើ​ការ​ជាប់​គាំង​នយោបាយ​អាច​អូស​បន្លាយ​យូរ​ប៉ុនណា?

តើ​ការ​ជាប់​គាំង​នយោបាយ​អាច​អូស​បន្លាយ​យូរ​ប៉ុនណា?

130801_07
កងកម្លាំងត្រូវបានដាក់ពង្រាយ ផ្លូវត្រូវបានបិទនៅជុំវិញភូមិគ្រឹះលោក ហ៊ុន សែន កាលពីថ្ងៃអង្គារ ផា លីណា

ភ្នំពេញៈ ដោយ​គណបក្ស​ប្រឆាំង បន្ត​ជំទាស់​លទ្ធផល​នៃ​ការ​បោះឆ្នោត កាល​ពី​ថ្ងៃ​អាទិត្យ ហើយ​រដ្ឋាភិបាល​មាន​ជំហរ​រឹងមាំ ដែល​ការ​ស៊ើប​អង្កេត​ជា​លក្ខណៈ​អន្តរជាតិ នឹង​មិន​កើត​ឡើង​នោះ​ធ្វើ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​បញ្ហា​ជាប់​គាំង​នេះ អាច​អូស​បន្លាយ​រយៈ​ពេល​យូរ​ប៉ុនណា?

នៅ​ក្នុង​ឆ្នាំ ២០០៨ ការ​គំរាម​ធ្វើ​ពហិការ ប្រហាក់​ប្រហែល​គ្នា​នេះ​ត្រូវ​បាន​បញ្ចប់ បន្ទាប់​ពី​គណបក្ស សម រង្ស៊ី បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​រយៈ​ពេល ១១ ម៉ោង ជាមួយ​នឹង​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា។ នៅ​ពេល​នោះ មន្រ្តី​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា ពួកគេ​បាន​ដក​ថយ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ។

លោក​ស្រី Laura Thornton នាយក​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បាន​ថ្លែង​ថា ប៉ុន្តែ ពេល​ដែល​ការ​ប្រកួត​ប្រជែង​មាន​កម្រិត​កៀក​គ្នា​ខ្លាំង ហើយ​ភាព​មិន​ប្រក្រតី​មាន​ច្រើន ការ​ឆ្លើយ​តប​បែប​នេះ គឺ​មិន​មាន​ន័យ។

លោក​ស្រី​បន្ត​ថា៖​«ក្នុង​សវនកម្ម​របស់​យើង យើង​មាន​លទ្ធផល​ដែល​ខុស​គ្នា​តិច​បំផុត​គឺ ៤៦,៨ ទល់​នឹង ៤៦,២ ភាគរយ [នៃ​សំឡេង​ប្រជាជន]។ ជាមួយ​នឹង​តួលេខ​ខុស​គ្នា​តិច​បែប​នោះ ការ​ឈ្នះ​តិច​បែប​នោះ អ្នក​ត្រូវ​គិត​អំពី​ភាព​មិន​ប្រក្រតី​ឲ្យ​ខ្លាំង»។

លោក​ស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា គណបក្ស​នឹង​បន្ត​ធ្វើ​បែប​នោះ​។ លោក​ស្រី​ថ្លែង​ថា៖ «យើង​មិន​អាច​ដើរ​ទៅ​មុខ​ដោយ​គ្មាន​ការ​ដោះស្រាយ​បញ្ហា​មិន​ប្រក្រតី ទាំង​នេះ​ឡើយ​»។

លោក ស្រី សុខហួរ បាន​បន្ត​ថា បើ​ទោះ​បី​ជា​រដ្ឋាភិបាល​បាន​ចាត់​ទុក​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ដែល​ស្នើ​ឡើង​គឺ​ខុស​ច្បាប់​ក្តី ប៉ុន្តែ​លោក​ស្រី​ច្បាស់​ថា៖ «គណៈកម្មការ ដែល​យើង​បាន​ស្នើ​សុំ​នឹង​កើត​ឡើង»។

លោក​ស្រី​បាន​បន្ថែម​ថា៖ «២ ខែ​ក្រោយ​ការ​បោះឆ្នោត រដ្ឋសភា​ថ្មី​នឹង​ត្រូវ​បើក​អង្គ​ប្រជុំ​លើក​ទី១។ វា​នឹង​ត្រូវ​ដោះស្រាយ​មុន​ពេល​នោះ»។ ប៉ុន្តែ​ថា តើ​ទម្រង់​នៃ​ដំណោះស្រាយ​នោះ​អាច​ជា​អ្វី គឺជា​ការ​ប៉ាន់​ស្មាន មិន​ច្បាស់​ទេ។

លោក កែម ឡី អ្នក​វិភាគ​បាន​កត់​សម្គាល់​ថា រដ្ឋាភិបាល​អាច​បែង​ចែក​អាសនៈ​ទៅ​គណបក្ស​តូចៗ ប្រសិន​បើ​គណបក្ស​ប្រឆាំង​បន្ត​បដិសេធ​លទ្ធផល​នៃ​ការ​បោះឆ្នោត ប៉ុន្តែ​ថា ច្បាប់​នោះ​ហាក់​ដូច​ជា​អនុញ្ញាត​តែ​ក្នុង​ករណី​គណបក្ស ទី៣​កាន់​អាសនៈ នៅ​ក្នុង​រដ្ឋសភា​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​ណា លោក​ថា វា​មិន​អាច​ឈាន​ដល់​ចំណុច​នោះ​ទេ។ លោក​បន្ថែម​ថា​៖​«គណបក្ស​ប្រឆាំង​តែង​តែ​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះឆ្នោត។ ខ្ញុំ​បាន​រៀនសូត្រ​ពី​អតីតកាល។ គេ​ច្រាន​ចោល​លទ្ធផល បន្ទាប់​មក គេ​ទទួល​យក ហើយ​ចូល​រួម​ក្នុង​រដ្ឋសភា»។

បើ​ទោះ​បី​ជា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បន្ត​នៅ​ស្ងប់​ស្ងៀម មន្រ្តី​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ឲ្យ​ជា​សញ្ញា​ថា ប្រសិន​បើ​គណបក្ស​ប្រឆាំង​បន្ត​ច្រាន​ចោល​លទ្ធផល​នៃ​ការ​បោះឆ្នោត នៅ​ពេល​បណ្តឹង​ទាំង​អស់​បាន​ដោះស្រាយ​រួច ពួក​គេ​អាច​ប៉ះពាល់​ដល់​តំណែង​របស់​ខ្លួន​ទាំង​អស់​គ្នា។

លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា៖​«ខ្ញុំ​គិត​ថា​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ បន្ត​បដិសេធ​លទ្ធផល​នៃ​ការ​បោះឆ្នោត ពួកគេ​នឹង​ជា​អ្នក​ចាញ់ ព្រោះ​មាន​ច្បាប់​សម្រេច​បញ្ហា​នេះ។ សំណួរ​ពេល​នេះ​គឺ​ថា តើ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ទទួល​យក​លទ្ធផល​ឬ​អត់ យើង​រង់​ចាំ​សេចក្តី​សម្រេច​របស់​ពួក​គេ»។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​បាន​ថ្លែង​ថា ការ​បន្ត​មិន​ទទួល​យក​លទ្ធផល​ដោយ​លោក សម រង្ស៊ី ពុំ​មែនជា​រឿង​ថ្មី​ទេ។ លោក​បញ្ជាក់​ថា​៖«គណបក្ស​ប្រឆាំង មិន​ដែល​គោរព​លទ្ធផល​នៃ​ការ​បោះឆ្នោត​ទេ។ ពួកគេ​តែង​តែ​ព្យាយាម​ប្លន់​ឆន្ទៈ​របស់​ប្រជាជន...ពួកគេ​ព្យាយាម​រៀបចំ​បាតុកម្ម​ធំ ពួកគេ​តែង​តែ​ធ្លាប់​ធ្វើ​បែប​នោះ»។

លោក ផៃ ស៊ីផាន​បាន​ថ្លែង​ទៀត​ថា​៖«ល្បែង​ដែល​ពួកគេ​ចង់​លេង​គឺ រដ្ឋសភា មិន​អាច​បើក​អាណតិ្ត​របស់​ខ្លួន ដោយ​សារ​ចំនួន​កូរ៉ុម ពួកគេ​ព្យាយាម និង​ប្រើ​វិធី​នោះ​ដើម្បី​គាប​សង្កត់​គណបក្ស​ប្រជាជន និង​រដ្ឋាភិបាល ប៉ុន្តែ ដូច​យើង​ធ្លាប់​ដឹង​ពី​ឆ្នាំ ១៩៩៨ និង ២០០៣ គឺ​ថា រដ្ឋាភិបាល​នៅ​តែ​បន្ត»។

ទន្ទឹម​នឹង​នេះ​ដោយ​បដិសេធ​មិន​ចូល​អង្គុយ​អាសនៈ គណបក្ស​ប្រឆាំង​អាច​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ខក​ចិត្ត ដែល​បាន​បោះឆ្នោត​ឲ្យ​ខ្លួន​ដើម្បី​បម្រើ​ពួកគេ និង​ជា​តំណាង​រាស្រ្ត​ជាប់​ឆ្នោត ដែល​ចង់​ប្រើ​ប្រាស់​អំណាច​របស់​ខ្លួន។​លោក ស៊ីផាន ព្រមាន​ថា៖ «វា​នឹង​ធ្វើ​ឲ្យ​មាន​ការ​ខក​ចិត្ត ហើយ​ការ​ខក​ចិត្ត​មិន​មែន​ជា​រឿង​ល្អ​ទេ»។

អ្នក​វិភាគ​មួយ​ចំនួន​តូច បាន​បន្ទរ​អារម្មណ៍​បែប​នោះ​ផង​ដែរ។

លោក David Chandler សាស្រ្តាចារ្យ​ប្រវត្តិសាស្រ្ត​កម្ពុជា បាន​ថ្លែង​ថា៖ «វា​នឹង​មាន​សារៈ​សំខាន់​ចំពោះ​លោក សម រង្ស៊ី និង​លោក កឹម សុខា ដែល​ត្រូវ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ពេល​នេះ ហើយ​អ្នក​គាំទ្រ​ពួកគេ​នៅ​សហរដ្ឋ​អាមេរិក​ក៏​អ៊ីចឹង​ដែរ»។

ខណៈ​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​បាន​ចង្អុល​មាត្រា ៨៨ នៃ​រដ្ឋ​ធម្មនុញ្ញ ដែល​តម្រូវ​ឲ្យ​មាន​វត្តមាន ៧/១០ កូរ៉ុម ដើម្បី​ធ្វើ​ឲ្យ​អង្គ​ប្រជុំ​រដ្ឋសភា​មាន​សុពលភាព ចំនួន​កំណត់​នេះ​ពុំ​បាន​បញ្ចប់​រដ្ឋសភា​មិន​ឲ្យ​បើក​អង្គ​ប្រជុំ​កាល​ពី​មុន​ទេ។ ក្នុង​ឆ្នាំ ២០១១ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង បាន​លាលែង ដោយ​ព្យាយាម​ធ្វើ​ឲ្យ​មាន​វិបតិ្ត​រដ្ឋ​ធម្មនុញ្ញ ជា​ការ​តវ៉ា​នឹង​សេចក្តី​ព្រាង​ច្បាប់​ថវិកា​។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​មាន​វត្តមាន​តំណាង​រាស្រ្ត​តែ ៨៦ នាក់ ប៉ុន្តែ​គឺ​តិច​ជាង​តួលេខ កូរ៉ុម ដែល​តម្រូវ ហើយ​ជា​ការ​រំលោភ​យ៉ាង​ច្បាស់​លើ​មាត្រា ៧៦ (ដែល​ចែង​ថា រដ្ឋសភា​ត្រូវ​មាន​សមាជិក​តំណាង​រាស្រ្ត​យ៉ាង​តិច ១២០ រូប)»។

ដូច​គ្នា​នេះ​ដែរ ទើប​តែ ២ ខែ​មុន រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ធ្វើ​ការ​ផ្តន្ទាទោស ចំពោះ​អ្នក​ដែល​មិន​ទទួល​ស្គាល់​របប​ខ្មែរ​ក្រហម បន្ទាប់​ពី​បាន​បណ្តេញ​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង ២៩ រូប​ដែល​ហាក់​ដូច​ជា​រំលោភ​មាត្រា ៧៦ ជា​ថ្មី​ម្តង​ទៀត​។

លោក​ស្រី Thornton បាន​ចង្អុល​បង្ហាញ​ថា៖ «ច្បាប់​ត្រូវ​បាន​បកស្រាយ​តាម​វិធី​ជា​ច្រើន។ តាម​ពិត ខ្ញុំ​មិន​ច្បាស់​ថា តើ​វា​នឹង​ទៅ​ជា​យ៉ាង​ម៉េច​នោះ​ទេ»។

ប្រសិន​បើ​គ្មាន​ដំណោះស្រាយ ហើយ​រដ្ឋាភិបាល​ជ្រើស​រើស​ការ​អនុវត្ត​តាម​អត្ថបទ​ច្បាប់ ពួកគេ​អាច​ព្យាយាម​បំបែក​គណបក្ស​ប្រឆាំង ដោយ​ជ្រើស​រើស​យក​តំណាង​រាស្រ្ត​ឲ្យ​បាន​ច្រើន​ដែល​ចាំ​បាច់​ដើម្បី​ចំនួន កូរ៉ុម។

លោក កែម ឡី បាន​បញ្ជាក់​ថា៖ «គណបក្ស​ប្រជាជន នឹង​ព្យាយាម​បញ្ចុះ​បញ្ចូល​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចូល​រួម​រដ្ឋាភិបាល ចម្រុះ ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ទន់​ខ្សោយ ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ»។

បើ​ទោះ​បី​ជា លោក​ស្រី សុខហួរ ទទូច​ថា គណបក្ស​របស់​ខ្លួន នៅ​តែ​រួប​រួម​គ្នា​ក៏​ដោយ​ក៏​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី បាន​ចង្អុល​បង្ហាញ​ថា មាន​តំណាង​រាស្រ្ត​ជាប់​ឆ្នោត​ជា​ច្រើន ដែល​ចង់​ទទួល​តំណែង​របស់​ខ្លួន។

លោក​បាន​គូស​បញ្ជាក់​ថា​៖«​មាន​ផល​ប៉ះពាល់ គេ​មិន​ទទួល​បាន​ប្រាក់​ខែ ហើយ​គេ​វិនិយោគ​ពេល​វេលា និង​ប្រាក់​ជា​ច្រើន​ក្នុង​យុទ្ធនាការ​ឃោសនា​តើ​អ្នក​ណា​ចង់ សម្រុះ​សម្រួល? តើ​អ្នក​ណា​ចង់​មក​ទាក់​ទង​គណបក្ស​ប្រជាជន?»។

ទន្ទឹម​នឹង​នេះ ដោយ​មួយ​ថ្ងៃៗ​កន្លង​ផុត​ទៅ កំហឹង​ដំបូង​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ហាក់​ដូច​ជា​ថយ​ចុះ​។ ក្នុង​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃ​អង្គារ​ដែល​ដំបូង​ឡើយ​ហៅ​ថា ការ​ប្រមូល​ផ្តុំ​របស់​យុវជន​ហើយ​ក្រោយ​មក​បាន​ផ្លាស់​ប្តូរ​ទៅ​ជា​ការ​គោរព​វិញ្ញាណក្ខន្ធ​ជន​រងគ្រោះ​នៃ​ការ​វាយ​ប្រហារ​ដោយ​ការ​គប់​គ្រាប់​បែក​នៅ​ខាង​មុខ​អតីត​អគារ​រដ្ឋសភា អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ស្មោះ​ស្ម័គ្រ​ហាក់​ដូច​ជា​ស្ទាក់​ស្ទើរ ក្នុង​ការ​និយាយ​អំពី​ការ​បះបោរ។

ប្រជា​ពលរដ្ឋ​ជា​ច្រើន នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​នៅ​ឡើយ ចំពោះ​ភាព​ចលាចល​ណា​មួយ​ដែល​អាច​កើត​ឡើង​ប្រសិន​បើ​គណបក្ស​ប្រជាជន​និង បក្ស​សង្គ្រោះ​ជាតិ មិន​ព្រម​អង្គុយ​ទល់​មុខ​គ្នា​រក​វិធី​ដោះស្រាយ៕ TK

រាយការណ៍​បន្ថែម​ដោយ វង្ស សុខេង KEVIN PONNIAH និង ម៉ៃ ទិត្យថារ៉ា

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ប្រទេស​ កាតា បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​គម្រោង​អភិវឌ្ឍន៍​ដើម្បី​កុមារ​ដំណាក់កាល​ទី​២ ដោយ​ផ្ដល់​មូលនិធិ​ជា​ថវិកា​ជាង​ ១៣ ​លាន​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​ពង្រឹង​វិស័យ​អប់រំ​កម្ពុជា​ដោយ​ផ្ដោតលើ​កុមារ​ងាយ​រងគ្រោះ​ក្នុង​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០​។

  • ភ្នំពេញៈ ក្រុមហ៊ុន Asiatic Group (Holdings) Ltd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​កំពុង​ស្វែងរក​ការទាមទារ​ទឹកប្រាក់​ចំនួន​ ១៤,៤ ​លាន​ដុល្លារ​ ពី​ក្រុមហ៊ុនតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ​ដែល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ចំពោះ​ការចោទប្រកាន់​ដែល​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​វិនិយោគ​រួម (JV) នៃ​រោងចក្រ​ថាមពល​មួយ​។

  • ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា កម្ពុជា និង​សិង្ហបុរី​បាន​ប្តេជ្ញា​បន្ត​កិច្ចសហការ​គ្នា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ក្នុង​ការពង្រីក​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​​កូវីដ ​១៩​។

  • ភ្នំពេញ៖ ត្រឹមតែ​រយៈពេល ​១០ ​ខែ​ ភោជនីយដ្ឋាន ​Uncle Fu បាន​ធ្វើ​ឱ្យ​ភ្ញៀវ​​ចម្រុះ​ជាតិ​សាសន៍​ជាប់​ចិត្ត​នឹង​រសជាតិ​​ម្ហូប​ម៉ាឡេស៊ី​ និង​សិង្ហបុរី​។

  • កំពតៈ រោងចក្រ​ផលិត​ឥដ្ឋ​ដ៏ធំ​មួយ​ក្នុង​ខេត្តកំពត ដែល​មាន​ទុនវិនិយោគ ៩ ​លាន​ដុល្លារ​ជា​ការវិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​មកពី​ប្រទេស​ចិន​បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃអាទិត្យ ដោយ​អាចមាន​សមត្ថភាព​ផលិត​ឥដ្ឋ​បាន​ប្រមាណ ៨០ ​ម៉ឺន​ដុំ​ក្នុង​ ១ ​ថ្ងៃ​។

  • ភ្នំពេញៈ អគ្គស្នងការរង​នគរបាល​ជាតិ លោក ស ថេត ជំរុញ​ឱ្យ កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រីរាជការ​ត្រូវ​ធ្វើជា​គំរូ​ដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​នៅលើ​ដងផ្លូវ ដោយ​លោក​ប្រាប់​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​កុំ​ភ័យខ្លាច​ក្នុង​ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​ជាន់ខ្ពស់​ណា​ដែល​ប្រព្រឹត្ត​ខុស ខណៈ​ការបើកបរ​ល្មើសច្បាប់​នៅតែ​ជា​បញ្ហា​សម្រាប់​កម្ពុជា​។