The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តំណាង​សង្គ្រោះ​ជាតិ​ស្វែង​រក​ការ​អន្តរាគមន៍




តំណាង​សង្គ្រោះ​ជាតិ​ស្វែង​រក​ការ​អន្តរាគមន៍

តំណាង​សង្គ្រោះ​ជាតិ​ស្វែង​រក​ការ​អន្តរាគមន៍

រតនគិរីៈ ប្រធាន​ប្រតិបត្តិ​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ក្នុង​ស្រុក តាវែង ម្នាក់ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត រតនគីរី កាល​ពី​ម្សិលមិញ ដើម្បី​សុំ​អន្តរាគមន៍​បន្ទាប់​ពី​សមាជិក​ភូមិ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​បាន​ប្រើ​ហិង្សា​និង​ប៉ុន​ប៉ង​បំផ្លាញ​ឯកសារ​របស់​គណបក្ស​សង្រ្គោះ​ជាតិ។

លោក តាន សឺន អាយុ ៣០ ឆ្នាំ​ដែល​ជា​ប្រធាន​ប្រតិបត្តិ​ស្រុក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង ថា បន្ទាប់​ពី​គាត់​បាន​ទទួល ឌីស វីស៊ីឌី ចំនួន​បី​បន្ទះ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​រួច​មក​គាត់​បាន​យក​ទៅ​ឲ្យ​សមាជិក​បក្ស​ម្នាក់​ឈ្មោះ តើយ សឿន រស់នៅ​ក្នុង​ភូមិ ទុន ឃុំ តាវែងក្រោម ដើម្បី​ចាក់​មើល ព្រោះ​គាត់​ចង់​មើល​ពី​គោល​នយោបាយ​បក្ស និង​ខ្លឹមសារ​នៅ​ក្នុង ឌីស និង វីស៊ីឌី នោះ។ ពេល​នោះ សាច់​ញាតិ​របស់​គាត់​ម្នាក់​ឈ្មោះ យ៉ាម បាន អាយុ​ជាង ៥០ ឆ្នាំ ដែល​ជា បណ្តាញ​ស៊ើប​ការណ៍​សម្ងាត់​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​បាន ព្យាយាម​ដណ្តើម ឌីស វីស៊ីឌី ទាំង​នោះ​និង​ឯកសារ​រចនា​សម្ព័ន្ធ របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពី​គាត់ កាល​ពី​រសៀល​ថ្ងៃ​ពុធ​ទី១១ ខែ កញ្ញា នេះ។

លោក​បាន​បញ្ជាក់​ថា៖ «គាត់​មក​ទាំង​កម្រោល​ឆក់​ឌីស​ពី​ខ្ញុំ។ ខ្ញុំ​មិន​ឲ្យ ហើយ​គាត់​ទាត់​ឌីស​និង​វីស៊ីឌី​នោះ និង​ចង់​យក​បញ្ជី​ឯកសារ​បក្ស​ទៅ​មើល​ទៀត»។

លោក​បាន​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា លោក​ចង់​ឲ្យ​អង្គការ​សិទ្ធិ​មនុស្ស​ដឹង​ឮ​ពី​រឿង​នេះ ហើយ​ជួយ​អន្តរាគមន៍​កុំ​ឲ្យ​មាន​បញ្ហា​បែប​នេះ​កើត​ឡើង​ទៀត និង​ចង់​ឲ្យ​អាជ្ញាធរ​ហៅ​ឈ្មោះ យ៉ាម បាន​ទៅ​ធ្វើ​ការ​អប់រំ។ លោក​បាន​បន្ថែម​ទៀត​ថា៖ «ទង្វើ​នោះ​ជា​សកម្មភាព​ហិង្សា​ប្រព្រឹត្ត​មក​លើ​រូប​ខ្ញុំ និង​ប៉ុន​ប៉ង​បំផ្លាញ​ឯកសារ​បក្ស​ទៀត​ផង»។

លោក តាន សឺន បាន​បន្ថែម​ថា ឈ្មោះ យ៉ាម បាន​គឺជា​បណ្តាញ​ភូមិ​ម្នាក់​ក្នុង​ចំណោម​ពីរ​នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តាម​ដាន​ពី​សកម្មភាព​ផ្សេងៗ​របស់​ប្រជា​ពលរដ្ឋ ក៏​ដូចជា​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​បាន​ថ្លែង​ថា៖ «តំបន់​នោះ​វា​ដូច​ជា​របស់​គណបក្ស​ប្រជាជន​អ៊ីចឹង ព្រោះ​គេ​មិន​ឲ្យ​ពលរដ្ឋ​និយាយ​ពី​បក្ស​ផ្សេងៗ​ទេ។ គេ​ដាក់​បណ្តាញ​តាម​ដាន​ដូច​ជំនាន់ ប៉ុលពត ពិសេស​គឺ​មេឃុំ​ដែល​ប្រកាស​មិន​ឲ្យ​ពលរដ្ឋ​ដូរ​បក្ស​នោះ​ទេ»។

ភ្នំពេញ ប៉ុស្តិ៍ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី លោក យ៉ាម បាន​ដែល​រង​ការ​ចោទ​ប្រកាន់​បាន​ទេ ដោយ​អ្នក​លើក​ទូរស័ព្ទ​របស់​គាត់​ជា​ជនជាតិ​ដើម​ភាគ​តិច​គ្រឹង​មិន​ចេះ​ស្តាប់​ភាសា​ខ្មែរ។

លោក បាត់ ច្រាំង ប្រធាន​ភូមិ ទុន បាន​អះអាង​ថា លោក​មិន​បាន​ដឹង​ពី​បញ្ហា​នោះ​ទេ ហើយ​លោក​ក៏​បាន​បដិសេធ​ផង​ដែរ​ថា មិន​មាន​ការ​រើស​អើង​នយោបាយ​នោះ​ទេ​នៅ​ក្នុង​មូលដ្ឋាន​របស់​គាត់ ហើយ​ប្រជា​ពលរដ្ឋ​ភាគ​ច្រើន​នៅ​ក្នុង​ភូមិ​របស់​គាត់​ជា​សមាជិក​របស់​គណបក្ស ប្រជាជន​កម្ពុជា។ លោក បាន​លើក​ឡើង​ថា៖ «ពលរដ្ឋ​អត់​ចង់​បាន​អី​ទៀត​ទេ ព្រោះ​សព្វ​ថ្ងៃ​នេះ​មាន​បាយ​ហូប និង​សប្បាយ​ហើយ​ចង់​ហូប​ពេល​ណា​ក៏​បាន​ដែរ»។

លោក ឆាយ ធី មន្រ្តី​ស៊ើប​អង្កេត​សិទ្ធិ​មនុស្ស​របស់​អង្គការ អាដហុក ខេត្ត រតនគិរី បាន​ឲ្យ​ដឹង​ថា រួម​ទាំង​បណ្តឹង​ចុង​ក្រោយ​នេះ​ផង អាដហុក បាន​ទទួល​បណ្តឹង​ចំនួន​បួន​ហើយ​ទាក់​ទង​ទៅ​នឹង​ការ​ធ្វើ​ទុក​បុកម្នេញ​ទៅ​លើ​សកម្មជន ក៏​ដូចជា​សមាជិក​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចាប់​តាំង​ពី​បោះឆ្នោត​រួច​មក។ លោក​បាន​គូស​បញ្ជាក់​ថា៖ «អាដហុក នឹង​ដាក់​បណ្តឹង​ទាំង​នោះ​ទៅ​អាជ្ញាធរ​និង​ស្នងការ​ខេត្ត​ដើម្បី ឲ្យ​មាន​វិធានការ​ដល់​អាជ្ញាធរ​មូលដ្ឋាន​កុំ​ឲ្យ​មាន​ការ​ប្រកាន់​បក្ស​ដែល​អាច​នាំ​ឲ្យ​សង្គម​ប្រេះឆា»៕

អត្ថបទគួរចាប់អារម្មណ៍