
ភ្នំពេញៈ ក្នុងរយៈពេលជិត៣សប្តាហ៍មុនពេលបោះឆ្នោតមកដល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញ បានចេញមុខជាសាធារណៈជាលើកទី១ ក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំនេះ។ បន្ទាប់ពីដាក់កំហិតលើការងារនៅភ្នំពេញ ជាង១សប្តាហ៍មកនោះ លោកនាយករដ្ឋមន្រ្តីបានអញ្ជើញទៅខេត្តព្រះសីហនុ ហើយឈប់សំចតតាមផ្លូវ ដើម្បីជួបកម្មករនិងអ្នកភូមិ។
ក្នុងព្រះរាជដំណើរដែលនឹងបញ្ចប់នៅថ្ងៃនេះ ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី និងព្រះមហាក្សត្រិយ៍នរោត្តម មុនីនាថ សីហនុ បានយាងជាមួយនឹងលោកនាយករដ្ឋមន្រ្តីផងដែរ។
លោក កឹម គុណវឌ្ឍន៍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ដែលបានការអនុញ្ញាតឲ្យចុះយកព័ត៌មានអំពីព្រះរាជដំណើរទស្សនកិច្ច នេះឲ្យដឹងថា៖ «សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ៍បានយាងទៅរោងម៉ាស៊ីនកិនស្រូវ នៅក្នុងខេត្តកណ្តាល បន្ទាប់មកយាងទៅកាន់កសិដ្ឋានដូងប្រេង របស់ឧកញ៉ា ម៉ុង ឫទ្ធី និងពិនិត្យផលិតផលមួយចំនួនរបស់ក្រុមហ៊ុន និងជួបជាមួយនឹងកម្មករនៅទីនោះ»។
លោកបន្តថា៖«នៅរសៀលថ្ងៃដដែល សម្តេចនាយករដ្ឋមន្រ្តីព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ៍បានយាងទៅជួបកម្មករកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រហែល ១២០០ នាក់»។
ថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី រួមជាមួយព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ៍នឹងចូលរួមពិធីដាំកូនឈើដើម្បីប្រារព្ធទិវាដាំកូនឈើប្រចាំឆ្នាំ ក្រោមព្រះរាជាធិបតីភាពរបស់ព្រះមហាក្សត្រ ដែលពិធីនេះលោក ហ៊ុន សែន កម្រឃើញចូលរួមណាស់។
លោក កឹម គុណវឌ្ឍន៍ បន្តថា ៖«ទិវាដាំដើមឈើត្រូវរៀបចំឡើងនៅខេត្តព្រះសីហនុដែលនៅឆ្ងាយ ដូច្នេះ ព្រះមហាក្សត្រត្រូវគង់មួយយប់ ហើយសម្តេចនាយករដ្ឋមន្រ្តី ត្រូវនៅអមព្រះមហាក្សត្រជាស្វ័យប្រវត្តិ។ វាមិនមានអ្វីចម្លែកទេ»។
អ្នកវិភាគជាច្រើនដែលសម្ភាសដោយភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញ មានការខ្វែងគំនិតគ្នា។
ក្នុងនោះ អ្នកវិភាគម្នាក់គិតថា ព្រះរាជដំណើររួមគ្នារវាងនាយករដ្ឋមន្ត្រីនិងព្រះមហាក្សត្របែបនេះ គឺពុំធ្លាប់មានពីមុនមកទេ។ ក្នុងខែមករា ឆ្នាំមុនលោកនាយករដ្ឋមន្រ្តីនិងព្រះមហាក្សត្របានយាងក្នុងដំណើររួមគ្នាតាមរថយន្តក្រុង២ថ្ងៃជុំវិញខេត្តមណ្ឌលគិរី ដើម្បីជួបប្រជាជន និងពិនិត្យការអភិវឌ្ឍជនបទ។ ព្រះមហាក្សត្រិយនិងលោក ហ៊ុន សែន មិនដែលធ្វើដំណើររួមគ្នានោះទេ។
លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយម្នាក់ថ្លែងថា បើទោះជាពុំមានការឃោសនាច្បាស់ក្នុងថ្ងៃម្សិលមិញក៏ដោយ ក៏ប៉ុន្តែ វាមានការសង្ស័យតិចតួច ដែលការបង្ហាញខ្លួនរបស់លោក ហ៊ុន សែន គឺមានអត្ថន័យច្រើន។
លោកស្រីយល់ថា៖ «ការនេះកើតឡើងក្នុងអំឡុងពេលឃោសនាបោះឆ្នោត ដូច្នេះអាចឲ្យគេសង្ស័យថា អ្នកនយោបាយ ឬគណបក្សនយោបាយ... នឹងព្យាយាមបង្កើតព្រឹតិ្តការណ៍សំខាន់និងបានការចាប់អារម្មណ៍»។
បន្ទាប់ពីទំនាក់ទំនងរកាំរកូស ជិត ២ទសវត្សរ៍រវាងសម្តេចឪ នរោត្តម សីហនុ ដែលទ្រង់សោយទិវង្គតនិងលោក ហ៊ុន សែន នោះ លោកនាយករដ្ឋមន្រ្តីបានចំណាយពេលច្រើនក្នុងរយៈពេល ១៥ ឆ្នាំនេះ ដើម្បីបង្កើនទំនាក់ទំនងរបស់លោកជាមួយនឹងរាជានិយម។
ការខិតខំនោះបង្ហាញកាន់តែច្បាស់នៅពេលសម្តេចឪសោយទិវង្គតបន្ទាប់មកលោកហ៊ុន សែន បានអមដំណើរគ្រួសាររាជវង្សទៅទទួលព្រះសពពីទីក្រុងប៉េកាំង បានប្រែក្លាយពិធីបុណ្យសពជាកិច្ចការរដ្ឋហើយថែមទាំងអះអាងថា រូបលោកមានតួនាទីសំខាន់ក្នុងការបូជាព្រះបរមសព ដោយសារថា មានតែលោកទេដែលអាចថ្វាយព្រះភ្លើងព្រះបរមសព។
លោក កែម ឡី អ្នកវិភាគនយោបាយមួយរូបទៀតពន្យល់ថា៖ «នេះជាយុទ្ធសាស្រ្តថ្មី ដើម្បីបង្កើនប្រជាប្រិយភាព។ [លោក ហ៊ុន សែន] គាំទ្ររាជានិយមដោយសារថា ប្រជាជនកម្ពុជាគាំទ្រព្រះមហាក្សត្រយ៉ាងជាក់ច្បាស់។ តែ តើយុទ្ធសាស្រ្តនេះមានជោគជ័យឬយ៉ាងណា? នោះពុំមានលក្ខណៈច្បាស់លាស់នោះទេ។
លោកស្រី ជា វណ្ណាត បានព្យាករថា អ្នកបោះឆ្នោតកាន់តែឆ្លាត ហើយអាចគិតថា គណបក្សកាន់អំណាចកំពុងព្យាយាមទាញប្រយោជន៍ពីទំនាក់ទំនងជាមួយព្រះមហាក្សត្រ ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាល្អបំផុតដែលគេអាចធ្វើបាន។
លោកស្រីបន្តថា៖ «[ការគាំទ្រ] ជាវិធីដែលគណបក្សកាន់អំណាចចង់ឲ្យមើលឃើញបែបនេះ។ ប៉ុន្តែ ខ្ញុំមិនគិតថា សាធារណជនគិតបែបនោះទេ»។
លោក កែម ឡី បានបង្ហាញថា យុទ្ធសាស្រ្តយករាជានិយមមកប្រើនេះ អាចប៉ះពាល់ខ្លួនឯងវិញចំពោះគណបក្សហ៊្វុនស៊ិនប៉ិច ដែលបរាជ័យមិនទទួលបានប្រជាប្រិយភាពច្រើនថែមទៀត។
លោក ស៊ឺន ស៊ូប៊ែរ្តិ៍ត ប្រធានគណបក្សសិទិ្ធមនុស្សនិងជាទីប្រឹក្សាផ្ទាល់របស់ ព្រះមហាក្សត្រ យល់ស្របថា អ្នកបោះឆ្នោតមិនពិចារណាលើចំណុចនេះឡើយ។ លោកបន្តថា ៖ «ខ្ញុំសោកស្តាយចំពោះព្រះមហាក្សត្រនិងព្រះមហាក្សត្រិយ៍ដែលត្រូវគណបក្សនយោបាយប្រើប្រាស់ព្រះអង្គ»៕ TK