ព្រៃវែងៈ សកម្មជនគណបក្សសង្គ្រោះជាតិម្នាក់នៅក្នុងស្រុក កញ្ចៀច ត្រូវបាននគរបាលនាំខ្លួនទៅសាកសួរពាក់ព័ន្ធនឹងការចែកចាយឯកសារស្ទង់មតិក្លែងក្លាយ ប្រើឈ្មោះវិទ្យាស្ថាន IRI របស់អាមេរិកដែលបានព្យាករថា ការបោះឆ្នោតនៅថ្ងៃទី ២៨ ខែកក្កដា គណបក្សសង្គ្រោះជាតិ នឹងទទួលបានអាសនៈក្នុងរដ្ឋសភាចំនួន ៦៤ ហើយគណបក្សប្រជាជនកម្ពុជានឹងទទួលបានអាសនៈចំនួន ៥៩។
ការនាំខ្លួនទៅសាកសួរនេះ បានកើតឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ នៅក្នុងខេត្តកណ្តាល ត្រូវបានតុលាការចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ពាក់ព័ន្ធទៅនឹងការប្រើអំពើហិង្សាទៅលើសកម្មជនគណបក្សប្រជាជន នៅពេលមានការប៉ះទង្គិចគ្នាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។
លោក ឈាន បូ អាយុ ៥៨ឆ្នាំ ជំទប់ទី ២ ឃុំត្នោត មកពីគណបក្សសម រង្ស៊ី និងជាសកម្មជនគណបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅវេលា ម៉ោង ៨ និង ៤០ នាទីព្រឹក ម្សិលមិញ ខណៈកំពុងចែកចាយឯកសារថតចម្លង ស្ទង់មតិក្លែងក្លាយ។
លោក លាង ស្រ៊ន នាយប៉ុស្តិ៍នគរបាល ឃុំ ត្នោតបានឲ្យដឹងថា ក្រោយពីមានបញ្ជាពីរាជរដ្ឋាភិបាល បង្គាប់ឲ្យធ្វើការ ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យ ដែលផលិត ចែកចាយ និងប្រើប្រាស់ឯកសារស្ទង់មតិក្លែងក្លាយ ដោយប្រើឈ្មោះ IRI ក្នុងការបោកប្រាស់សាធារណជននៅមុនដំណើរការបោះឆ្នោត កងកម្លាំងរបស់លោកក៏បានចុះអង្កេតតាមមូលដ្ឋាន ហើយបានឃើញលោក ឈាន បូ កំពុងចែកចាយឯកសារនោះ។ លោកថ្លែងថា ៖«យើងក៏បានធ្វើការឃាត់ខ្លួនគាត់ ដើម្បីសាកសួរ។ គាត់ប្រាប់ថា គាត់បានទទួលវា ពីសកម្មជនម្នាក់ ឈ្មោះជីវ អ៊ីម ជំទប់ទី២ ឃុំគោកគង់លិច ហើយគាត់បានយកវាទៅថតចម្លង ១០ សន្លឹកបន្ថែមទៀត ចែកជូនដល់សកម្មជន ដែលមកចូលរួមការឃោសនាគណបក្សសង្គ្រោះជាតិ»។
លោកឲ្យដឹងទៀតថា លិខិតនោះ មានស្លាកសញ្ញាគណបក្ស ចំនួនពីរប៉ុណ្ណោះ គឺគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ ដោយបានគណនានូវចំនួនអាសនៈ ដែលគណបក្សទាំងពីរទទួលបានដែលថា«គណបក្សប្រជាជនទទួលបាន ៥៩ អាសនៈ ហើយគណបក្សសង្គ្រោះជាតិ ទទួលបាន ៦៤ អាសនៈ»។ លោកបញ្ជាក់ថា៖«នេះជាល្បិចកលរបស់អ្នកនយោបាយនៃក្រុមណាមួយដែលធ្វើឡើងដើម្បីទាក់ទាញការគាំទ្រពីមហាជន ប៉ុន្តែអី្វដែលពួកគេបានធ្វើគឺប្រើឈ្មោះ IRI មកក្លែងបន្លំ ដែលធ្វើដូច្នេះ គឺជាអំពើល្មើសច្បាប់»។ ទោះបែបណា លោកបញ្ជាក់ថា សមត្ថកិច្ច បានដោះលែងលោក ឈាន បូ ឲ្យត្រឡប់ទៅវិញហើយ បន្ទាប់ពីបានសាកសួរ និងធ្វើកំណត់ហេតុរួចកាលពីព្រឹកថ្ងៃព្រហស្បតិ៍។
លោក ឈាន បូ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ក្រោយពីសមត្ថកិច្ចបានសាកសួររួចថា លោកទទួលឯកសារនោះពីលោក ជីវ អ៊ីម ជំទប់ទី ២ ឃុំគោកគង់លិច កាលពីថ្ងៃទី ១៣ កក្កដា។ លោកបន្តថា នៅពេលនោះលោកបានយកវាទៅថតចម្លងចំនួន ១០ ច្បាប់ ហើយចែកជូនដល់សកម្មជន ដែលចូលរួមក្នុងការឃោសនា។
លោកបាននិយាយថា៖ «សមត្ថកិច្ចនគរបាលឃុំ ត្នោត បាននាំខ្លួនខ្ញុំ ទៅសាកសួរ អំពីលិខិតនោះ ថាតើខ្ញុំបានវាមកពីអ្នកណា? ហើយខ្ញុំបានប្រាប់សមត្ថកិច្ចតាមត្រង់»។
លោក ជីវ អ៊ីម បាននិយាយថា លោកបានទទួលឯកសារនោះ ពីក្រុមយុវជនមួយក្រុម មកពីខេត្តកំពង់ចាម បានចែកវាមកលោក និងអ្នកភូមិមួយចំនួន។ លោកបានបន្តថា៖«ខ្ញុំមិនដឹងថា វាពិតជាឯកសារស្ទង់មតិរបស់ IRI ឬ អត់នោះទេ ហើយខ្ញុំក៏មិនស្គាល់អត្តសញ្ញាណរបស់ក្រុមយុវជននោះដែរ»។
រដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ដោយហៅការផ្សព្វផ្សាយឯកសារស្ទង់មតិក្លែងក្លាយនេះ ថាជាទង្វើ«ថោកទាប» របស់ក្រុមជនទុច្ចរិត ដែលបាននិងកំពុងបំផ្លាញនូវដំណើរការបោះឆ្នោតដែលកំពុងតែមានភាពល្អប្រសើរ។ សេចក្តីថ្លែងការណ៍បន្តថា ឯកសារស្ទង់មតិក្លែងក្លាយនោះគឺជាទង្វើបោកបញ្ឆោតមតិសាធារណៈ ដែលអាចធ្វើឲ្យមានភាពចលាចលក្នុងសង្គម។
ប្រធានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI ប្រចាំកម្ពុជា លោកស្រី Jessica Keegan បានថ្លែងថា ឯកសារដែលត្រូវបានគេផ្សព្វផ្សាយនោះគឺក្លែងក្លាយ។
លោក គង់ បូរ៉ា បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្រចាំមណ្ឌលព្រៃវែង បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា គណបក្សសង្គ្រោះជាតិកំពុងធ្វើការស្រាវជ្រាវឯកសារស្ទង់មតិ ក្លែងក្លាយនោះ។ «ខ្ញុំយល់ថា ករណីនេះវាអាចជាការបង្កើតឡើងដោយក្រុមជនដែលមានទំនោរទៅរកគណបក្សកាន់អំណាច ដើម្បីចោទប្រកាន់ និងបំភិតបំភ័យ គណបក្សយើងខ្ញុំដែលជាគូប្រជែងដ៏ធំរបស់ពួកគេ»៕