ភ្នំពេញៈ និស្សិត សំ អាត (ឈ្មោះដាក់ជំនួសឈ្មោះពិត) អះអាងថា គេបានចូលរួមនៅក្នុងការប្រមូលផ្តុំការឃោសនាការបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាចំនួនពីរលើក នៅក្នុងយុទ្ធនាការឃោសនាកន្លងមកនេះ។
សំអាតថាទាំងពីរលើកនេះខាងសាកលវិទ្យាល័យបានផ្តល់ប្រាក់កម្រៃសម្រាប់ការចូលរួម។
និស្សិតវ័យ២៣ឆ្នាំរូបនេះថ្លែងបន្តថា អ្នកគ្រប់គ្រងរដ្ឋបាលនៅវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជាដែលជាសាលាឯកជនគាត់រៀននៅរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសម្រាប់ដឹកក្រុមនិស្សិតទៅឃោសនា។
សំ អាត ថ្លែងនៅសប្តាហ៍នេះថា៖«ខាងរដ្ឋបាលវិទ្យាស្ថានបានប្រាប់និស្សិត[តាមថ្នាក់]ឲ្យមកចុះឈ្មោះស្ម័គ្រចិត្តទៅឃោសនាឲ្យគណបក្សប្រជាជន។ ពួកយើងត្រូវគេសន្យាថា នឹងទទួលបានប្រាក់៤ដុល្លារសម្រាប់ការចូលរួមមួយលើកៗហើយបើការទៅហែប៉ះត្រូវម៉ោងរៀន គេសន្យាថា នឹងមិនគូសអវត្តមានក្នុងបញ្ជីទេ»។
និស្សិត សំ អាត បន្តថា បន្ទាប់ពីការហែមួយលើកៗបុគ្គលិករដ្ឋបាលបានផ្តល់ប្រាក់ឲ្យគាត់ផ្ទាល់ដៃប៉ុន្តែមិនច្រើនដូចពីដំបូងទេ។
លោកបន្តថា ៖ «ខ្ញុំបានចូលរួមការហែបាន២ដង។ ប៉ុន្តែខ្ញុំទទួលបានប្រាក់តែ២,៥ដុល្លារប៉ុណ្ណោះសម្រាប់លើកទី១ និងប្រហែល២ដុល្លារសម្រាប់លើកទី២»។
និស្សិតម្នាក់ទៀត ឈ្មោះ សៀង (ឈ្មោះជំនួសឈ្មោះពិត)ដូច សំអាត ដែរគឺភ័យខ្លាចមានបញ្ហា ប្រសិនបើគេដឹងអំពីអត្តសញ្ញាណពិត។ គាត់និយាយថា៖«ខ្ញុំមិនដឹងថាហេតុអ្វីបានជារដ្ឋបាលសាលាជំរុញយើងឲ្យពាក់ព័ន្ធនៅក្នុងការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា»។
ទោះយ៉ាងណាមិនដូច សំអាត ទេ និស្សិត សៀង បានបដិសេធមិនចូលរួមនៅក្នុងការឃោសនាការបោះឆ្នោតឡើយ។ គាត់ឲ្យដឹងបន្តថា៖ «សម្រាប់ខ្ញុំ ខ្ញុំមិនគិតថា នេះជាគំនិតល្អទេ»។ និស្សិតខ្លះបានស្ម័គ្រទៅពាក់ព័ន្ធព្រោះពួកគេត្រូវការលុយ។ សូម្បីតែមិត្តខ្ញុំ ក៏ស្ម័គ្រចិត្តចូលរួមដែរ»។
ក្នុងបទសម្ភាសផ្ទាល់កាលពីថ្ងៃអង្គារបុគ្គលិកម្នាក់នៅវិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលសុំមិនបញ្ចេញឈ្មោះ បានបដិសេធមិនឆ្លើយតបនឹងការលើកឡើងរបស់និស្សិតនេះទេ។
គាត់បានបង្វែរឲ្យសាកសួរទៅនាយកវិទ្យាស្ថានដែលលោកបដិសេធមិនអត្ថាធិប្បាយដូចគ្នា។
ចាប់តាំងពីយុទ្ធនាការឃោសនាបោះឆ្នោតចាប់ផ្តើមនាចុងខែមិថុនា និស្សិតរាប់ពាន់នាក់បានទៅចូលរួមហែក្បួនតាមផ្លូវនិងមានកាន់ទង់ជ័យបក្សហែផង។
ច្រើនលើកហើយយុវវ័យមួយចំនួនដែលចូលរួមការឃោសនាបោះឆ្នោតបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ថា ពួកគេទទួលបានប្រាក់កម្រៃ សម្រាប់ការចូលរួមឃោសនា។
សម្រាប់អ្នកគាំទ្រចៀសមិនផុតទេ ត្រូវពាក់មួកគណបក្សប្រជាជននិងបានប្រាក់៥ដុល្លារសម្រាប់ការចូលរួមមួយលើកៗ។
និស្សិតស្រីម្នាក់នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងក្នុងការហែក្បួនឃោសនាកាលពីសប្តាហ៍មុនថា៖«យើងមកនេះជាមួយមេក្រុមតាមថ្នាក់រៀនយើង។ គ្រូចាត់ពួកគេមក ដើម្បីឲ្យប្រាកដថា យើងពិតជាបានមកចូលរួមការឃោសនាពិតមែន»។
ប៉ុន្តែនិស្សិតស្រីរូបនេះនិងមិត្តភក្តិនាងថា ពួកគេមិនបានរងការគំរាមកំហែងឬការបង្ខំឲ្យមកទេ។ តាមពិត ពួកគេជាអ្នកគាំទ្រលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប៉ុន្តែក៏បានសារភាពថា គេមិនដឹងច្រើនទេ អំពីបញ្ហានយោបាយ។
នៅពេលដែលមានការប្រមូលផ្តុំរបស់គណបក្សប្រជាជនកម្ពុជានៅសួនច្បារវត្តបទុមនិស្សិតម្នាក់នៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជានិយាយថា គាត់ចូលរួមហែក្បួន គឺព្រោះតែប្រាក់កម្រៃ។ គាត់ថា៖ «សាលាខ្ញុំឲ្យប្រាក់ខ្ញុំ៥ដុល្លារពេលត្រឡប់មកវិញ»។
នៅពេលទាក់ទងកាលពីម្សិលមិញបុគ្គលិកនៅសាកលវិទ្យាល័យទាំងពីរនេះថ្លែងថា ពួកគេពុំមានតួនាទីត្រូវធ្វើអត្ថាធិប្បាយទេ ខណៈក្រសួងអប់រំមិនអាចទាក់ទងសុំអត្ថាធិប្បាយបាន។
ប៉ុន្តែសមាជិកម្នាក់ក្នុងចំណោមនិស្សិតដែលភ្នំពេញ ប៉ុស្តិ៍ បានសម្ភាសក្រៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃអង្គារថ្លែងថា ពួកគេមិនបានឮថា បុគ្គលិកឬថ្នាក់ដឹកនាំណាបញ្ជាឲ្យនិស្សិតទៅឃោសនាបោះឆ្នោតទេ។
និស្សិត សុភ័ក្រ្ត រៀនផ្នែកទេសចរនៅសាកលវិទ្យាល័យជាតិគ្រប់គ្រង នៅជិតវត្តភ្នំ បានប្រាប់ថា នៅសាកលវិទ្យាល័យនេះក៏មានការបង្ខិតបង្ខំដែរ។
គាត់ប្រាប់ថា៖ «មិត្តភក្តិខ្ញុំមួយចំនួនដែលរៀននៅពេលព្រឹកនិយាយថា គ្រូៗបានជំរុញឲ្យពួកគេទៅឃោសនាឲ្យគណបក្សប្រជាជន។ ប៉ុន្តែគ្រូរបស់ខ្ញុំ គាត់មិនបានធ្វើអ៊ីចឹងទេ»។
ប៉ុន្តែ កញ្ញា ចាន់ បុត ជានិស្សិតផ្នែកធនាគារនិងហិរញ្ញវត្ថុ ឲ្យដឹងថា ថ្នាក់រៀននាងត្រូវគ្រូដាក់មេរៀនឲ្យរបៀបឃោសនាសម្រាប់គណបក្សកាន់អំណាច។ នាងបន្តថា៖«គ្រូខ្ញុំបានជំរុញយើងឲ្យចូលរួមការហែក្បួនគណបក្សប្រជាជននៅពេលយើងទំនេរ។ មិត្តរួមថ្នាក់របស់ខ្ញុំខ្លះបានស្ម័គ្រចិត្តចូលរួម ប៉ុន្តែ ខ្ញុំមិនស្ម័គ្រចិត្តទៅទេ»។

អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា ថ្លែងកាលពីម្សិលមិញថា វាជាការខុសច្បាប់សម្រាប់គ្រូនៅសាលារដ្ឋ និងសាកលវិទ្យាល័យរដ្ឋ ដែលប្រើម៉ោងសិក្សាជំរុញឲ្យសិស្សនិស្សិតចូលរួមការហែក្បួនឃោសានាឲ្យគណបក្សនយោបាយ។ លោកបន្តថា៖ «នៅក្រៅម៉ោងសិក្សា ពួកគេអាចធ្វើបាន»។
លោកបន្តថា ប៉ុន្តែសាកលវិទ្យាល័យឯកជន ដូចជា វិទ្យាស្ថានសហប្រតិបត្តិការអន្តរជាតិកម្ពុជាគឺមិនត្រូវបានហាមឃាត់ដោយច្បាប់បោះឆ្នោតទេ។«ដូច្នេះ ម្ចាស់សាកលវិទ្យាល័យ អាចលើកទឹកចិត្តនិស្សិតខ្លួនឲ្យចូលរួមជាមួយគណបក្សគាត់បាន។ តែទោះជាយ៉ាងណា ប្រការនេះមិនមានន័យថា ពួកគេអាចផ្តល់ប្រាក់ឲ្យនិស្សិតធ្វើដូច្នេះទេ ហើយយើងមិនឃើញករណីសំណូកដែរ ក្នុងអំឡុងការបោះឆ្នោតនេះ»។
លោក ទេព នីថា បន្ថែមថា វាលំបាកប្រាប់ថា តើគ្រូឬថ្នាក់ដឹកនាំរបស់ក្រុមនិស្សិតដែលកំពុងផ្តល់សាំងឬអាហារដល់ពួកគេថា«មិនមែនជាសំណូក» ឬគ្រាន់តែជាការផ្តល់ប្រាក់ចាយវាយ។
តាមទ្រឹស្តី សាកលវិទ្យាល័យត្រូវបង្រៀននិស្សិតអំពីរបៀបគិតដោយឯករាជ្យ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាថ្លែងថា ការបញ្ចុះបញ្ចូលនិស្សិតទៅចូលរួមការប្រមូលផ្តុំអ្វីមួយគឺជារឿងធម្មតានៅកម្ពុជា។ លើសពីនេះវាកំពុងដាក់កំហិតទៅលើសេរីភាពការសិក្សា។
លោកបន្តថា ៖ «[ហេតុដូច្នេះ] វាក៏កំពុងដាក់កំហិតទៅលើការគិតបែបលក្ខណៈរិះគន់ទៅលើក្រុម និសិ្សតផងដែរ ហើយជាទូទៅកំពុងដាក់កំហិតទៅលើចំណេះដឹង និងការអប់រំ»។
លោក អ៊ូ វីរៈ បន្ថែមថា វាមិនមែនតែសិស្សទេ ដែលកំពុងរងសម្ពាធពីព្រោះថាគណបក្សប្រជាជនកម្ពុជាចង់ឲ្យគេឃើញថា ជា«គណបក្សសាធារណៈ» សូម្បីតែសាស្រ្តចារ្យក៏អ៊ីចឹងដែរត្រូវគេរំពឹងថា បង្ហាញការគាំទ្រចំពោះគណបក្សកាន់អំណាច។
នៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប រូបថតចំនួនបួនរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានតាំងនៅលើជញ្ជាំងការិយាល័យរបស់ លោក ស៊ាង សុវណ្ណ ទីប្រឹក្សាផ្ទាល់របស់សាកលវិទ្យាធិការសាកលវិទ្យាល័យនេះនិងនៅកន្លែងផ្សេងទៀតក្នុងនោះរូបថតមួយ បានបិទក្នុងនាឡិកា។ សាកលវិទ្យាធិការសាកលវិទ្យាល័យអាស៊ីអឺរ៉ុប លោក ឌួង លាង អនុប្រធានសមាគមឧត្តមសិក្សាកម្ពុជាជាក្រុមគាំទ្រចំហទៅលើគោលនយោបាយអប់រំរបស់រដ្ឋាភិបាល។ ប៉ុន្តែ លោក សុវណ្ណ ថ្លែងថា បុគ្គលិកផ្នែកបង្រៀនក្នុងសាលាមិនបង្រៀនពីនយោបាយទេហើយសាកលវិទ្យាល័យជំរុញនិស្សិតឲ្យធ្វើសេចក្តីសម្រេចចិត្តខ្លួនឯង អំពីនយោបាយ។
លោកថា និស្សិតគួរតែផ្តោតទៅលើគណបក្សណាដែលនឹងនាំនូវ«សន្តិភាព និងការអភិវឌ្ឍ»សម្រាប់អនាគតពួកគេ។ លោកបន្តថា៖«ពួកគេជាទំពាំងស្នងឫស្សីរបស់ប្រទេសប្រសិនបើពួកគេមិនដឹងអំពីអនាគតនិងពីតួនាទីខ្លួន តើពួកគេអាចអភិវឌ្ឍប្រទេសយ៉ាងម៉េច?»។ស្រដៀងគ្នាដែរតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បានបដិសេធថា គណបក្សលោកពុំមាននយោបាយផ្តល់ប្រាក់ដល់និស្សិតដែលមកចូលរួមការឃោសនាបោះឆ្នោតទេ។
លោកបានថ្លែងថា៖ «គណបក្សប្រជាជនកម្ពុជាបានពន្យល់ប្រជាជនអំពីគោលនយោបាយ ខ្លួនហើយប្រាប់យុវជនអំពីសិទ្ធិរបស់ពួកគេ...ដើម្បីជំរុញឲ្យពួកគេយល់ពីរបៀបធ្វើការអភិវឌ្ឍប្រទេសជាតិ»។
លោក ជាម យៀប បន្តថា លោកនាយករដ្ឋមន្រ្តី នៅគ្រប់ពិធីចែកសញ្ញាបត្រដល់និស្សិតតាមមហាវិទ្យាល័យ លោកតែងតែលើកអំពីតួនាទីយុវជន និងអំពីគោលនយោបាយដែលផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍប្រទេស ដើម្បីឲ្យយុវជនស្វែងយល់កាន់តែច្បាស់អំពីមាគ៌ាដឹកនាំនិងការអភិវឌ្ឍប្រទេសឆ្ពោះទៅកាន់នីតិរដ្ឋ និងការអភិវឌ្ឍ។
លោកអះអាងថា ៖«គណបក្សប្រជាជនកម្ពុជាពុំមានគោលនយោបាយផ្តល់ប្រាក់ដល់អ្នកស្ម័គ្រចិត្តចូលគាំទ្រក្នុងយុទ្ធនាការឃោសនារបស់គណបក្សខ្លួននោះទេ។ ប៉ុន្តែបញ្ហាខ្លះ ដែលចៀសពុំរួចដូចជាករណីអ្នកគាំទ្របានធ្វើដំណើរតាមម៉ូតូហើយ អស់សាំងដូច្នេះ ពួកគេត្រូវទទួលបានការផ្តល់ការឧបត្ថម្ភជាសាំង។ អ្នកគាំទ្រមួយចំនួនគឺក្រីក្រដូច្នេះក្រុមអ្នកដឹកនាំក្រុមអាចទិញអាហារ ដូចជា នំប៉័ង ទឹកសុទ្ធ ចែកដល់ពួកគេ។ នេះមិនមែនជាការទិញពួកគេឲ្យគាំទ្រទេ តែវាគឺជាសន្តានចិត្តរបស់ប្រជាពលរដ្ឋខ្មែរ»។
ទោះយ៉ាងណាក្តី លោកថ្លែងថា លោកមិនអាចធានាថា អ្នកចូលរួមគ្រប់ៗគ្នាជាមួយនឹងការឃោសនារបស់គណបក្សប្រជាជនកម្ពុជាមកចូលរួមដោយសុទ្ធចិត្តទេ។ លោកថា៖ «ប៉ុន្តែខ្ញុំអាចនិយាយថា ៩៨ ភាគរយ គឺមកដោយស្ម័គ្រចិត្ត»៕ PS