The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បក្ស​ជាប់​ឆ្នោត​នៅ​តែ​ដើរ​បញ្ច្រាស​ទិស​គ្នា​រឿង​ប្រជុំ​សភា

បក្ស​ជាប់​ឆ្នោត​នៅ​តែ​ដើរ​បញ្ច្រាស​ទិស​គ្នា​រឿង​ប្រជុំ​សភា

បក្ស​ជាប់​ឆ្នោត​នៅ​តែ​ដើរ​បញ្ច្រាស​ទិស​គ្នា​រឿង​ប្រជុំ​សភា

130920_03
មេដឹកនាំគណបក្សជាប់ឆ្នោត ក្នុងជំនួបកាលពីថ្ងៃអង្គារ ហេង ជីវ័ន

ភ្នំពេញៈ បើ​ទោះ​បី​ជា​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រកាស​ចំហ​ថា បេក្ខជន​តំណាង​រាស្ត្រ​របស់​ខ្លួន​នឹង​ចូល​រួម​ប្រជុំ​សភា​លើក​ដំបូង​នៅ​ថ្ងៃ ទី២៣ ខែ កញ្ញា ក្រោម​ព្រះ​រាជាធិបតី​ព្រះ​មហាក្សត្រ​ក៏​ដោយ​ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​ថា ខ្លួន​នឹង​មិន​ចូល​រួម​ប្រជុំ​រដ្ឋសភា​ឡើយ ដរាប​ណា​ការ​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​មិន​ត្រូវ​បាន​ដោះស្រាយ​ទេ​នោះ។

កាល​ពី​ម្សិលមិញ គណបក្ស​ប្រជាជន បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា នៅ​ថ្ងៃ ទី១៤ ខែ កញ្ញា ឆ្នាំ ២០១៣ ព្រះ​ករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ប្រទាន​ព្រះ​រាជសារ ត្រាស់​បង្គាប់​បេក្ខជន​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​នីតិកាល ទី៥ ទាំង ១២៣ រូប ឲ្យ​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​សភា​លើក​ដំបូង​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ ទី២៣ ខែ កញ្ញា ឆ្នាំ ២០១៣ វេលា​ម៉ោង ៨:៣០ នាទី​ព្រឹក នៅ​វិមាន​រដ្ឋសភា។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​បាន​លើក​ឡើង​ថា៖ «គណបក្ស​ប្រជាជន​សូម ប្រកាស​ជា​ឧឡារិក​ថា បេក្ខជន​ជាប់​ឆ្នោត​តំណាង​រាស្ត្រ​នីតិកាល​ទី ៥ នៃ​គណបក្ស ប្រជាជន​ទាំង ៦៨ រូប សូម​គោរព​ដង្ហែ​តាម​ព្រះ​រាជ​តម្រិះ​ដ៏​ភ្លឺ​ស្វាង របស់​ព្រះ​ករុណា​ជា​ម្ចាស់ និង​បាន​តៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ដើម្បី​ចូល​រួម​ក្នុង​សម័យ​ប្រជុំ​ដំបូង​នីតិកាល ទី៥​នៃ​រដ្ឋសភា»។

ព្រះ​មហាក្សត្រ កាល​ពី​ថ្ងៃ​ពុធ បាន​ចេញ​ព្រះ​រាជសារ​ជា​ថ្មី​ទៀត ដោយ​សូម​ឲ្យ​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥៥ រូប​ចូល​រួម​ប្រជុំ​សភា​លើក​ដំបូង​នៅ​ថ្ងៃ ទី២៣ ខែ កញ្ញា។ ប៉ុន្តែ​កាល​ពី​ម្សិលមិញ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​គូស​បញ្ជាក់​ពី​ជំហរ​ជា​ថ្មី​ទៀត​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ប្រកាន់​ជំហរ​ដដែល នឹង​មិន​ចូល​រួម​ប្រជុំ​សភា​លើក​ដំបូង​ឡើយ​។ លោក​បាន​ថ្លែង​នៅ​ក្នុង ហ្វេសប៊ុក របស់​លោក​ទៀត​ថា៖ «សូម​បង​ប្អូន​ជន​រួម​ជាតិ​កុំ​បារម្ភ​ពី​គោល​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ។ គណបក្ស​សង្គ្រោះ​ជាតិ​ប្រកាន់ គោល​ជំហរ​ដ៏​រឹង​មាំ​ដដែល។ សង្គ្រោះ​ជាតិ​ដាច់​ខាត​មិន​ព្រម​ចូល​រួម​ជាមួយ​ភាគី​មួយ​ទៀត ក្នុង​រដ្ឋាភិបាល​បំផ្លិច​បំផ្លាញ​ជាតិ​បច្ចុប្បន្ន ហើយ​មិន​ចូល​នៅ​ក្នុង​សភា​ទីងមោង​ណា​មួយ​ឡើយ»។ លោក សម រង្ស៊ី បាន​គូស​បញ្ជាក់​ថា៖ «ជួប​មិន​មាន​ន័យ​ថា​ចូល​ទេ ជួប​គ្រាន់​តែ​ជា​ការ​បង្ហាញ​ពី​សុជីវធម៌ និង​ពី​ជំហរ​អហិង្សា​របស់​យើង​ដែល​តម្រូវ​ឲ្យ​រក​ដំណោះស្រាយ​ចំពោះ​រាល់​បញ្ហា​ដោយ​សន្តិវិធី»។

ចំណែក លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ថា ក្នុង​នាម​ជា​តំណាង​រាស្ត្រ​បើ​ជាប់​ឆ្នោត​ដោយ​ប្រជា​ពលរដ្ឋ​ត្រូវ​ស្តាប់ ប្រជា​ពលរដ្ឋ និង​គោរព​ឆន្ទៈ​របស់​ប្រជា​ពលរដ្ឋ ហើយ​ប្រសិន​បើ​គណបក្ស​ប្រជាជន គេ​ចូល​ប្រជុំ​គេ​ចូល​តែ​គេ​ទៅ​។ លោក​បញ្ជាក់​ថា៖ «គណកប្ស​សង្គ្រោះ​ជាតិ មិន​ចូល​ប្រជុំ​សភា គឺ​ពុំ​មាន​អ្វី​ប៉ះពាល់​គណបក្ស​យើង​ទេ។ លទ្ធផល​នៃ​ការ​បោះឆ្នោត រហូត​មក​ទល់​ពេល​នេះ​អត់​មាន​អន្តរជាតិ​ណា​ទទួល​ស្គាល់ ក្រៅ​តែ​ពី​ប្រទេស​កុម្មុយនីស្ត​ពីរ​បី​ប៉ុណ្ណោះ​នោះ​ទេ»។

ប៉ុន្តែ​លោក ជាម យៀប តំណាង​រាស្ត្រ​របស់​គណបក្ស​ប្រជាជន បាន​ថ្លែង​ថា ការ​លើក​ឡើង​របស់​លោក សម រង្ស៊ី ដែល​ជា​ប្រធាន​បក្ស​ប្រឆាំង​គឺ​គ្រាន់​តែ​ជា​ការ​តថ្លៃ​ប៉ុណ្ណោះ ពីព្រោះ​ការ​រក​យុត្តិធម៌ ទាក់​ទង​ទៅ​នឹង​អ្វី​ដែល​គណបក្ស​ប្រឆាំង​ចោទ​ថា មាន​ភាព​មិន​ប្រក្រតី​វា​អស់​ពី​យុត្តិធម៌​ហើយ ពីព្រោះ គ.ជ.ប គេ​បាន​ដោះស្រាយ តាំង​ពី​ថ្នាក់​ឃុំ ស្រុក រហូត​ដល់​គណៈកម្មាធិការ​ជាតិ ហើយ​ចុង​ក្រោយ​បំផុត ដល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ថែម​ទៀត​។ លោក​បាន​ថ្លែង​បញ្ជាក់​ថា៖ «រក​យុត្តិធម៌​ស្អី​ទៀត គាត់​ដែល​ឈ្នះ​ពី​អង្កាល់ ទើប​តែ​បាន ៥៥ កៅអី។ វា​គ្មាន​ស្អី​យុត្តិធម៌​ជាង គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ដែល​ធ្វើ​កន្លង​មក​នោះ​ទេ ពីព្រោះ​គេ​យក​ច្បាប់ ១០០ ភាគរយ​ជា​មូលដ្ឋាន​នៃ​ការ​អនុវត្ត»។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ បាន​ថ្លែង​ថា ក្នុង​ពេល​នេះ បញ្ហា​ប្រទេស​ជាតិ ពុំ​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ដូច្នេះ បក្ស​សង្គ្រោះ​ជាតិ​អាច​យក​លេស​នេះ​ថា ដោះស្រាយ​បញ្ហា​ជាតិ​មិន​ទាន់​បាន ដូច្នេះ​សង្គ្រោះ​ជាតិ​ពិបាក​នឹង​ចូល​រួម​ប្រជុំ​សភា។ លោក ម៉ុងហៃ បាន​ថ្លែង​ទៀត​ថា៖ «តាម​រដ្ឋធម្មនុញ្ញ​ប្រជុំ សភា​ដំបូង តាម​ការ​កោះ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ។ ប៉ុន្តែ​ឥឡូវ ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​មិន​ទាន់​បាន​ផង តើ​បង្ខំ​គេ​ឲ្យ​ចូល​យ៉ាង​ម៉េច?»៕

អត្ថបទគួរចាប់អារម្មណ៍

  • អាមេរិក​ផ្តល់​ជំនួយ ​៤២ ​ម៉ឺន​ដុល្លារ​ទៀត ​ដើម្បី​ស្រាវជ្រាវ​សំណល់​គ្រាប់​បែក​ចង្កោម

    ភ្នំពេញៈ រដ្ឋាភិបាល​អាមេរិក​បាន​សម្រេច​ផ្ដល់​ជំនួយ​ជាង​ ៤២​ ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដល់​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា ហៅ​កាត់​ថា CMAC ដើម្បី​ស្រាវជ្រាវ​​សំណល់​គ្រាប់​បែក​ចង្កោម​ដែល​

  • ប្រាក់ចំណេញ​សុទ្ធ Qantas ធ្លាក់ ៦,៥ ​ភាគរយ

    ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airways កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ចេញ​ផ្សាយ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​សុទ្ធ​ប្រចាំ​ឆ្នាំ ៦,៥ ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់​ចំណេញ​ក្នុង​គ្រា​ដែល​ប្រេង​ឆៅ​មាន​តម្លៃ​កាន់តែ​ខ្ពស់ និង​ការធ្លាក់​ថ្លៃ​ប្រាក់​ដុល្លារ​អូស្ត្រាលី​កាន់តែ​ខ្លាំង​។

  • តោខៀវ​ឲ្យ Roma ខ្ចី​ជើង​ខ្សែការពារ Zappacosta

    ក្រុងមីឡានៈ ក្លិប Roma បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្សែការពារ Davide Zappacosta នៅ​ក្លិប Chelsea បាន​ចូលរួម​ក្លិប Roma ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ៦ ​ខែ ប៉ុន្តែ​អាច​បន្ត​រហូតដល់​ចុងរដូវកាល​នេះ​ក៏បាន​ដែរ​។ ​

  • កូរ៉េ​ខាងជើង​មិន​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ទេ បើសិន​ US ​នៅតែ​បន្ត​វិធានការ​យោធា​បង្ក​អារិភាព​នោះ

    ក្រុងសេអ៊ូលៈ កូរ៉េ​ខាងជើង​បាន​ថ្លែង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ខ្លួន​ «​មិន​ចាប់អារម្មណ៍​» ​នៅក្នុង​ការចរចា​នោះទេ លុះណា​តែ​ក្រុង​វ៉ាស៊ីនតោន​ឈប់​ «​វិធានការ​យោធា​បង្ក​អរិភាព​កាន់តែ​ខ្លាំង​ឡើង​ជាមួយ​ខ្លួន​នោះ​» ខណៈ​ប្រេសិត​ពិសេស​ជាន់ខ្ពស់​អាមេរិក​ម្នាក់​បាន​ទស្សនកិច្ច​ទៅកាន់​ក្រុង​សេអ៊ូល​ដោយ​ផ្តោត​ទៅ​លើ​ការធ្វើឲ្យ​កិច្ចចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​ក្រុង​ព្យុងយ៉ាង ដំណើរការ​ឡើងវិញ​។