The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បក្ស​នយោបាយ​ឃោសនា​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​កម្មករ

បក្ស​នយោបាយ​ឃោសនា​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​កម្មករ

បក្ស​នយោបាយ​ឃោសនា​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​កម្មករ

130711_07
កម្មករហែក្បួននៅក្នុងទិវាពលកម្មអន្តរជាតិ១ឧសភា ២០១៣

កាល​ពី​ខែ​មីនា​គ្រាន់​តែ​ប៉ុន្មាន​ខែ​មុន​ការ​បោះឆ្នោត​ជាតិ លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន បាន​បញ្ចប់​ការ​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​រវាង​សហជីព និង​រោងចក្រ ដោយ​អន្តរាគមន៍​ផ្តល់​ឲ្យ​កម្មករ នូវ​ប្រាក់​១៤​ដុល្លារ​បន្ថែម​ក្នុង​មួយ​ខែ​ដែល​ក្នុង​នោះ​លោក ហ៊ុន សែន ផ្តល់​ឲ្យ​២​ដុល្លារ។

ការ​ចរចា​លើ​ការ​ដំឡើង​ប្រាក់​ឈ្នួល នេះ មិន​បាន​ធ្វើ​ឡើង​តាម​កាល​កំណត់​នៅ​ឆ្នាំ​២០១៤ ដែល​គ្រោង​ទុក​នោះ​ទេ ដោយ​សារ​ការ​បោះឆ្នោត​មក​ដល់​មុន​។ គណបក្ស​សង្គ្រោះ​ជាតិ បាន​លើក​ឡើង​អំពី​គោល​នយោបាយ​របស់​ខ្លួន​ដោយ​ស៊ី​ចង្វាក់​ទៅ​នឹង​សហជីព​ឯករាជ្យ ឬ​មាន​ជំហរ​ប្រឆាំង​ដូច​ជា​លោក រ៉ុង ឈុន ដោយ​សន្យា​ថា​នឹង​ផ្តល់​ឲ្យ​នូវ​ប្រាក់​ខែ​ចំនួន ១៥០ ដុល្លារ ក្នុង​មួយ​ខែ​ប្រសិន​បើ​គណបក្ស​ខ្លួន​ទទួល​បាន​ជ័យជម្នះ នៅ​ថ្ងៃ​ទី២៨ កក្កដា។

ក្រុម​អ្នក​វិភាគ​ក្រុម​សិទ្ធិ​ការងារ​និង​សហជីព​និយាយ​ថា កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​ដែល​ភាគ​ច្រើន​ជា​ស្រ្តី​វ័យ​ក្មេង​កំពុង​តែ​មាន​ការ​យល់​ដឹង​ច្រើន​ជាង​មុន អំពី​បញ្ហា​នយោបាយ។ ការ​ដែល​និយាយ​ថា កម្មករ​មិន​ចាប់​អារម្មណ៍​ចំពោះ​ការ​បោះឆ្នោត​ឆ្នាំ​នេះ​គឺ​ទំនង​ជា​ការ​មិន​ត្រឹម​ត្រូវ​ឡើយ។

លោក​ស្រី រស់ សុភាព នាយក​ប្រតិបត្តិ​នៃ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា បាន​ថ្លែង​ថា​៖​«ការ​ស្រាវជ្រាវ​របស់​យើង​បង្ហាញ​ថា ស្រ្តី​នៅ​តាម​រោងចក្រ​កាត់​ដេរ​មាន​ការ​ចាប់​អារម្មណ៍​ជាង​មុន​និង​មាន​ចំណេះ​ដឹង​ច្រើន​ជាង​មុន​នៅ​ពេល​និយាយ​អំពី​បញ្ហា​នយោបាយ ...ជាង​នារី​វ័យ​ក្មេង​នៅ​សាកល​វិទ្យាល័យ»។ នេះ​គឺជា​អ្វី​ដែល​បង្ហាញ​ឲ្យ​ឃើញ ជា​ពិសេស​ដូច​ជា​នៅ​ក្នុង​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​មុន​។ លោក​ស្រី សុភាព បន្ត​ថា​៖ «ខ្ញុំ​ជឿ​ថា កម្មករ​រោងចក្រ​ចាប់​អារម្មណ៍​ជាង​មុន​ចំពោះ​ការ​បោះឆ្នោត​ជាតិ​»។ លោក​ស្រី​បន្ត​ថា ហេតុផល​គឺ​ទំនង​ថា កម្មករ​កាត់​ដេរ​មាន​ការ​ទទួល​បទ​ពិសោធ​ដោយ​ផ្ទាល់​ចំពោះ​ភាព​លំបាក​ដែល​កើត​ចេញ​ពី​បញ្ហា​សង្គម​និង​សេដ្ឋកិច្ច ហើយ​ហេតុ​ដូច្នេះ ពួក​គេ​មាន​ចិត្ត​ចង់​ឲ្យ​មាន​ភាព​ផ្លាស់​ប្តូរ។

លោក​ស្រី​បន្ត​ទៀត​ថា​៖ «ពួក​គេ​ឆ្អែត​ចិត្ត ចំពោះ​ការ​មិន​គោរព​តាម​សន្យា​។ ពួក​គេ​កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ជា​ច្រើន​ពួក​គេ​យល់​អំពី​តម្រូវ​ការ​របស់​ខ្លួន​»។ «​ពួក​គេ​មក​ទីក្រុង​បាន​ដឹង​ពី​អ្វីៗ​ជា​ច្រើន​ពួក​គេ​ទទួល​បាន​បទ​ពិសោធ​ផ្សេងៗ​។ ពួក​គេ​អាច​ចេះ​វិភាគ​លើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ហើយ​...»។

លោក Dave Welsh អ្នក​គ្រប់​គ្រង​ប្រចាំ​ប្រទេស​របស់​មជ្ឈមណ្ឌល​អាមេរិក ដើម្បី​សាមគ្គីភាព​ការងារ (ACILS)បាន​ថ្លែង​ថា កម្មករ​កាត់​ដេរ​កម្ពុជា ភាគ​ច្រើន​បំផុត​ជា​ស្រ្តី ហើយ​ស្ទើរ​តែ​ទាំង​អស់​ក្នុង​ចំណោម​ពួក​គេ មាន​អាយុ​ក្រោម​៣០​ឆ្នាំ។

លោក​ថ្លែង​ថា កម្មករ​ទាំង​នេះ​មាន​លក្ខណៈ​សកម្ម​ចំពោះ​បញ្ហា​នយោបាយ​និង​កំពុង​មាន​ការ​យល់​ដឹង​ជាង​មុន​អំពី​សារៈ​សំខាន់​ចំពោះ​សេដ្ឋកិច្ច​។ លោក​បន្ត​ថា​៖ «ពួកគេ​មាន​ការ​យល់​ដឹង​អំពី​ប្រាក់​ចំណេញ​ដែល​ពួក​គេ​កំពុង​បង្កើត​សម្រាប់​អ្នក​បញ្ជា​ទិញ​ម៉ាក​ធំៗ។ រោងចក្រ​ជា​ច្រើន​បិទ​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ហើយ​ការ​បោះឆ្នោត បាន​ក្លាយ​ជា​ភាព​សំខាន់ និង​ជា​ផ្នែក​មួយ​នៃ​ការ​វិល​ត្រឡប់​ទៅ​លេង​ផ្ទះ​របស់​ពួក​គេ។

ភ្នំពេញ ប៉ុស្តិ៍ បាន​សរសេរ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ១៩៩៧ ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​ជាតិ​ខ្មែរ ដែល​បច្ចុប្បន្ន ជា​ប្រធាន​គណបក្ស សង្គ្រោះ​ជាតិ គឺ​ជា​អ្នក​នាំ​មុខ​គេ​ក្នុង​ការ​គាំទ្រ​នូវ​តម្រូវ​ការ​របស់​កម្មករ​រោងចក្រ ឲ្យ​មាន​ប្រាក់​ខែ​ខ្ពស់​ជាង​មុន និង​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន​។ លោក សម រង្ស៊ី គឺជា​អ្នក​នាំ​មុខ​ក្នុង​ការ​បង្កើត​សហជីព​ការពារ​ផល​ប្រយោជន៍​កម្មករ​នៅ​កម្ពុជា។

លោក សុន ឆ័យ តំណាង​រាស្រ្ត គណបក្ស សម រង្ស៊ី បច្ចុប្បន្ន ជា​បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​សប្តាហ៍​នេះ​ថា​៖ «មុន​ការ​វាយ​ប្រហារ​គ្រាប់​បែក​ដៃ [ក្នុង​ខែ​មីនា ឆ្នាំ ១៩៩៧​] លោក សម រង្ស៊ី គឺជា​មេ​ដឹក​នាំ​ក្នុង​ការ​នាំ​ឲ្យ​កម្មករ​ធ្វើ​ការ​បង្កើត​សហជីព និង​ប្រយុទ្ធ​ប្រឆាំង​សម្រាប់​សិទ្ធិ​របស់​ពួក​គេ​»។

ចំណែក​លោក ហ៊ុន សែន វិញ បន្ទាប់​ពី​ផ្តល់​ការ​ដំឡើង​ប្រាក់​ឈ្នួល ១៤ដុល្លារ កាល​ពី​ខែ​មីនា​ជា​ញឹក​ញាប់​លោក​បាន​ថ្លែង​រំឭក​អំពី​ប្រាក់​ឈ្នួល​អប្បបរមា ដែល​បាន​ដំឡើង​ក្រោម​ការ​ដឹក​នាំ​របស់​គណបក្ស​ប្រជាជន​ក្នុង​រយៈ​កាល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ​និង​បាន​ធ្វើ​ការ​អំពាវនាវ​ទៅ​ដល់​កម្មករ​កាត់ដេរ​សម្រាប់​ទាក់​ទាញ​សំឡេង​ឆ្នោត។

ទោះ​យ៉ាង​ណា​ក្តី លោក សុន ឆ័យ ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ដំឡើង​១៥០ ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​កម្មករ​។ លោក​បន្ថែម​ថា ការ​បង្ហាញ​ការ​គាំទ្រ​កាល​ពី​ពេល​ថ្មីៗ​នេះ ពី​សហភាព​សហជីព​កម្ពុជា គឺ​ការ​គាំទ្រ​ចំពោះ​ប្រាក់​ខែ​នោះ​ហើយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ដាក់​នៅ​ក្នុង​គោល​នយោបាយ​របស់​បក្ស។

លោក ឆ័យ បន្ត​ថា​៖ «​យើង​សូម​ឲ្យ​មាន​ប្រាក់​ឈ្នួល​ចំនួន​១៥០ ដុល្លារ សម្រាប់​កម្មករ​ទាំង​អស់​។ វា​សម​ហេតុ​ផល បើ​ទោះ​បី​នៅ​មិន​ទាន់​ល្អ​គ្រប់​គ្រាន់​ក៏​ដោយ​។ ការ​ប្រកាស​ជា​សាធារណៈ​នៃ​ការ​គាំទ្រ​ពី​[ប្រធាន សហភាព​សហជីព​កម្ពុជា] លោក រ៉ុង ឈុន គឺ​ជា​ការ​ជំរុញ​មួយ»។

លោក អ៊ុក គឹមហាន មន្រ្តី​គណបក្ស​កាន់​អំណាច​បាន​ថ្លែង​កាល​ពីថ្ងៃ​អង្គារ​ថា រដ្ឋាភិបាល​នៅ​តែ​គិត​ថា​សំឡេង​ឆ្នោត​ពី​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ នៅ​តែ​សំខាន់​ចំពោះ​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​នេះ។ លោក​បន្ថែម​ថា គណបក្ស​ប្រជាជន មាន​យុទ្ធសាស្រ្ត​ផ្តោត​ទៅ​លើ​តំបន់​មួយ​ចំនួន​ដែល​មាន​រោងចក្រ​កាត់ដេរ​ច្រើន​ជា​ពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​និង​ខេត្ត​កណ្តាល និង​កំពង់ស្ពឺ។

នៅ​ថ្ងៃ​អាទិត្យ​នេះ​កម្មករ​កាត់​ដេរ​រាប់​ពាន់​នាក់​ដែល​រហូត​មក​ដល់​ពេល​នេះ មាន​លក្ខណៈ​ស្ងប់​ស្ងាត់​ក្នុង​អំឡុង​យុទ្ធនាការ​បោះឆ្នោត​នឹង​នាំ​គ្នា​ចូល​មក​រាជធានី​ភ្នំពេញ សម្រាប់​ការ​ប្រមូល​ផ្តុំ​លើក​ទី​មួយ​ក្នុង​ចំណោម​ការ​ប្រមូល​ផ្តុំ​ចំនួន​ពីរ​ដែល​នឹង​រៀប​ចំ​ឡើង​ដោយ​សភា សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​(NACC)​ដែល​គាំទ្រ​រដ្ឋាភិបាល។

លោក សោម អូន ប្រធាន NACC បាន​ថ្លែង​ថា លោក​គាំទ្រ​រដ្ឋាភិបាល​ជា​ចំហ​ដោយ​សារ​លោក​មាន​ភាព​ជឿ​ជាក់​ថា រដ្ឋាភិបាល​នឹង​នាំ​មក​នូវ​ការ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ទៀត​និង​អត្ថ​ប្រយោជន៍​ដទៃៗ​ទៀត​មក​ដល់​សមាជិក​របស់​លោក។ លោក​បន្ត​ថា​៖ «ខ្ញុំ​បាន​ជំរុញ​ឲ្យ​កម្មករ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ហើយ​ខ្ញុំ​ជឿ​ថា កម្មករ​ភាគ​ច្រើន​បំផុត នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន។​យើង​នឹង​មាន​យុទ្ធនាការ​ជាមួយ​កម្មករ​ជាង​១០០០០ នាក់​នៅ​ថ្ងៃ​ទី​១៤ និង ២១ កក្កដា​»។

លោក Dave Welsh បាន​ថ្លែង​ថា សហជីព​ដែល​មាន​សម្ព័ន្ធភាព​ជាមួយ​រដ្ឋាភិបាល​គឺ​មាន​ចំនួន​ច្រើន​នៅ​តាម​រោងចក្រ​កាត់​ដេរ​។ ប៉ុន្តែ​លោក​ជឿ​ថា វា​នឹង​ជា​ការ​ខុស​សម្រាប់​រដ្ឋាភិបាល​ដែល​គិត​ថា សហជីព​បែប​នេះ​នឹង​តំណាង​អត្ថ​ប្រយោជន៍​កម្មករ​មាន​ប្រសិទ្ធភាព និង​ជួយ​ផ្តល់​សំឡេង​ឆ្នោត​ដល់​រដ្ឋាភិបាល​បាន​ច្រើន​នោះ។ លោក​បន្ត​ថា​៖ «យើង​កំពុង​ឃើញ​ថា កម្មករ​ជា​ច្រើន​បាន​ចូល​រួម​ពិភាក្សា​តុ​មូល​ជាមួយ​គណបក្ស​ប្រឆាំង»។

លោក សុន ឆ័យ ពី​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ថា លោក​មិន​បារម្ភ​អំពី​រដ្ឋាភិបាល​ដែល​បង្កើត​សហជីព​ផ្ទាល់​ខ្លួន​នោះ​ទេ។ លោក​បន្ថែម​ថា វា​ទំនង​ជា​មាន​សហជីព​ច្រើន​ដែល​មាន​សម្ព័ន្ធ​ភាព​ជាមួយ​រដ្ឋាភិបាល​នៅ​តាម​រោងចក្រ ប៉ុន្តែ​កម្មករ​ប្រហែល​ជា​មិន​បោះឆ្នោត​តាម​ពួក​គេ​ទេ។

លោក​បន្ត​ថា​៖ «​កម្មករ​ជឿ​ថា ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​ខែ​ប្រហែល​១៥០​ដុល្លារ ក្នុង​មួយ​ខែ​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត»។ «យុវជន​កាន់​តែ​ច្រើន​ឡើងៗ​[នៅ​តាម​រោងចក្រ​]​យល់​ដឹង​អំពី​បញ្ហា​នយោបាយ​ហើយ​ពួក​គេ​ភាគ​ច្រើន​បំផុត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​»។

ខណៈ លោក រ៉ុង ឈុន កំពុង​ដឹក​នាំ​យុទ្ធនាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រធាន​សហជីព​សេរី​កម្មករ លោក ជា មុនី បាន​ថ្លែង​ថា គណបក្ស​នយោបាយ​ខ្លួន​ឯង​មិន​ទាន់​បង្ហាញ​វត្តមាន​យុទ្ធនាការ​នៅ​ក្រៅ​រោងចក្រ​នៅ​ឡើយ​ទេ​។ លោក​បន្ត​ថា​៖ «​ខ្ញុំ​ឃើញ​ថា គណបក្ស​នយោបាយ​បាន​ធ្វើ​យុទ្ធនាការ​នៅ​តាម​ផ្លូវ​នានា​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ក្នុង​ខេត្ត​មួយ​ចំនួន ប៉ុន្តែ​ពួក​គេ​មិន​ទាន់​បាន​ផ្តោត​ពិត​ប្រាកដ​មក​លើ​កម្មករ​កាត់​ដេរ​នៅ​ឡើយ​ទេ»។ សូម្បី​តែ​រោងចក្រ Wing Star Shoes នៅ​ខេត្ត​កំពង់ស្ពឺ​ដែល​មាន​ការ​បាក់​ពិតាន​អគារ និង​បាន​សម្លាប់​កម្មករ​ពីរ​នាក់ កាល​ពី​ខែ​ឧសភា​មិន​ទាន់​ឃើញ​មាន​អ្នក​យុទ្ធនាការ​នយោបាយ​ណា​មក​សន្យា​ជាមួយ​កម្មករ​ថា​នឹង​ផ្តល់​លក្ខខណ្ឌ​ការងារ​ប្រសើរ​ជាង​មុន​ឡើយ។

លោក ម៉ៅ ស៊ីសុង​ប្រធាន​រដ្ឋបាល​របស់​រោងចក្រ​នេះ​បាន​ថ្លែង​ថា វា​មិន​ទាន់​មាន​យុទ្ធនាការ​នៅ​ផ្លូវ​មុខ​រោងចក្រ​នៅ​ឡើយ​ទេ។ លោក​បន្ត​ថា​៖ «វា​ជា​ការ​ល្អ​»។ លោក​បន្ត​ថា​៖ «​យើង​មិន​ហាម​ឃាត់​ពួក​គេ​មិន​ឲ្យ​ធ្វើ​យុទ្ធនាការ​ជាមួយ​គណបក្ស​ណា​មួយ​ដែល​ពួក​គេ​ជ្រើស​រើស​ទេ ប៉ុន្តែ​ពួក​គេ​ត្រូវ​ធ្វើ​នៅ​ក្រៅ​ម៉ោង​ការងារ។

លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា និង​ជា​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​ស៊ី​ខៅ​ឌូ បាន​ថ្លែង​ថា លោក​មិន​ប្រាកដ​ទេ​ថា តើ​វា​មាន​វិសាលភាព​ប៉ុន​ណា​ដែល​កម្មករ​កំពុង​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ជាមួយ​យុទ្ធនាការ​នយោបាយ។ លោក​បន្ត​ថា​៖ «ខ្ញុំ​បាន​ប្រាប់​សមាជិក​របស់​ខ្ញុំ​មិន​ឲ្យ​ធ្វើ​យុទ្ធនាការ ក្នុង​អំឡុង​ម៉ោង​ការងារ​ទេ​»។ «​ហើយ​ប្រសិន​បើ​ពួក​គេ​ចូល​រួម​នៅ​ក្រៅ​ម៉ោង​ការងារ​ពួក​គេ​មិន​ត្រូវ​ប្រើ​ឈ្មោះ​របស់​សហជីព​ទេ យើង​ឯករាជ្យ»។

ទោះ​យ៉ាង​ណា​ក្តី លោក ជា មុនី បាន​ថ្លែង​ថា កម្មករ​កាន់​តែ​ច្រើន​ឡើង មាន​លក្ខណៈ​សកម្ម​ក្នុង​បញ្ហា​នយោបាយ​ខ្លាំង​ជាង​មុន​ហើយ​បាន​ចាប់​ផ្តើម​ធ្វើ​យុទ្ធនាការ​សម្រាប់​គណបក្ស​ដែល​ពួក​គេ​ជ្រើស​រើស​នៅ​ក្នុង​អំឡុង​ពេល​ទំនេរ​របស់​ពួក​គេ​»។ លោក​បន្ត​ថា​៖ «ពួក​គេ​បាន​និង​កំពុង​ចូល​រួម​យុទ្ធនាការ​...​ហើយ​នៅ​ពេល​ខ្ញុំ​ស្តាប់​វិទ្យុ ខ្ញុំ​តែង​តែ​ឮ​កម្មករ​ទូរស័ព្ទ​ចូល​ដើម្បី​អំពាវនាវ​ឲ្យ​មិត្ត​ភក្តិ ឬ​កម្មករ​ដទៃៗ​ទៀត​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​មុន»។

បើ​ទោះ​បី​កម្មករ​កាត់​ដេរ​ប្រហែល​ជា​មិន​កំពុង​ពាក់​មួក​និង​អាវ​គណបក្ស​ទាំង​អស់​ក៏​ដោយ ក៏​លោក សុន ឆ័យ ជឿ​ថា «ចលនា​ដើម្បី​ការ​ផ្លាស់​ប្តូរ​មួយ​»កំពុង​កើត​មាន។ «តាម​រយៈ​ការ​ចូល​រួម​ពី​សហជីព​ពួក​គេ​បាន​រៀន​សូត្រ​ច្រើន​ជាង​មុន​អំពី​សិទ្ធិ​របស់​ពួក​គេ និង​របៀប​តវ៉ា។ «​យើង​តែង​តែ​គាំទ្រ​កម្មករ​»។ «ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត គឺ​ថា អនាគត​របស់​កម្មករ​គឺ​ពឹង​ផ្អែក​លើ​គណបក្ស​ប្រឆាំង»។

ទោះ​យ៉ាង​ណា​ក្តី លោក គឹម​ហាន មក​ពី​គណបក្ស​ប្រជាជន​ជឿ​ថា កម្មករ​តិច​តួច​ប៉ុណ្ណោះ​ដែល​ចង់​ងាក​ចេញ​ពី​គណបក្ស​មួយ​ដែល​ផ្តល់​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​ពួក​គេ ហើយ​នឹង​បន្ត​ការ​ដំឡើង​ទៀត​។ «គណបក្ស​ប្រជាជន​មាន​គោល​នយោបាយ​ច្បាស់​លាស់​សម្រាប់​កម្មករ​ដូច​ជា​ការ​ដំឡើង​ប្រាក់​ឈ្នួល និង​អត្ថ​ប្រយោជន៍​និង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចំពោះ​ស្តង់ដារ​រស់​នៅ។ អ្វី​ទាំង​នេះ​គឺ​យើង​បាន​ធ្វើ​មុន»។

យ៉ាង​ណា​ក្តី លោក ឫទ្ធី កម្មករ​កាត់​ដេរ​ម្នាក់​នៅ​រោងចក្រ​មួយ​ក្នុង​ក្រុង​ភ្នំពេញ បាន​ថ្លែង​ថា​៖ «ខ្ញុំ​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ពីព្រោះ​ពួក​គេ​នឹង​ផ្តល់​ឲ្យ​យើង​នូវ​ប្រាក់​ឈ្នួល​ខ្ពស់​ជាង​មុន​។ ខ្ញុំ​គិត​ថា ក្តី​បារម្ភ​របស់​កម្មករ​នឹង​បញ្ចប់​ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត»៕ PS

អត្ថបទគួរចាប់អារម្មណ៍