The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បក្ស​ប្រឆាំង​បន្ថយ​កម្តៅ​ដែល​ថា ញុះញង់​កងទ័ព




បក្ស​ប្រឆាំង​បន្ថយ​កម្តៅ​ដែល​ថា ញុះញង់​កងទ័ព

បក្ស​ប្រឆាំង​បន្ថយ​កម្តៅ​ដែល​ថា ញុះញង់​កងទ័ព

4_story_1
ការចល័តកងទ័ពនៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ម៉ៃ វីរៈ

ភ្នំពេញៈ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​សម្រាល​អំពី​ការ​បកស្រាយ​ថា មេ​ដឹក​នាំ​បក្ស​លោក សម រង្ស៊ី កំពុង​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​ក្នុង​ជួរ​កងទ័ព​ដែល​កំពុង​ដាក់​ពង្រាយ តាម​រយៈ​សារ​របស់​លោក​លើ​ទំព័រ ហ្វេសប៊ុក ដែល​ជំរុញ​ឲ្យ​ពួក​គេ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​គ្រាន់​តែ​ក្នុង​បំណង​បន្ថយ​ភាព​តាន​តឹង​រួច​ងាក​មក​រក្សា​ភាព​ស្ងប់​ស្ងៀម​ជា​ជាង​បញ្ឆេះ​កំហឹង។

នៅ​ក្នុង​ទំព័រ ហ្វេសប៊ុក របស់ លោក សម រង្ស៊ី ខណៈ​លោក​ស្ថិត​នៅ​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​សុក្រ លោក​បាន​ជំរុញ​ឲ្យ​កងទ័ព​ដែល​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​តាំង​ពី​ថ្ងៃ ព្រហស្បតិ៍ ដើម្បី​ការពារ​មិន​ឲ្យ​មាន​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ​ដឹក​នាំ​ដោយ គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ផ្លាស់​ប្តូរ​ភាព​ស្មោះ​ស្ម័គ្រ​មក​គាំទ្រ​គណបក្ស​លោក​វិញ។

លោក សម រង្ស៊ី ថ្លែង​ក្នុង​សារ​ថា៖ «ខ្ញុំ​សូម​អំពាវនាវ​យ៉ាង​ទទូច​ដល់​បង​ប្អូន​កង​កម្លាំង​ប្រដាប់​អាវុធ ទាំង​អស់ មេត្តា​រួម​គ្នា​ក្រោក​ឡើង​ជាមួយ​កម្លាំង​ប្រជា​ពលរដ្ឋ​និង​កម្លាំង​យុវជន​ស្នេហា​ជាតិ​របស់​យើង​ដើម្បី​ប្តូរ​មេ​ដឹក​នាំ​ម្នាក់​នេះ​ចេញ»។

ការ​អត្ថាធិប្បាយ​របស់​លោក សម រង្ស៊ី នៅ​លើ ហ្វេសប៊ុក គាត់​បាន​ធ្វើ​ឲ្យ​មាន​ការ​ឆ្លើយ​តប​ពី​រដ្ឋ​មន្រ្តី​ក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ តាម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​សៅរ៍​ថា ការ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ​នៅ​ក្នុង​ជួរ​កង​កម្លាំង​ប្រដាប់​អាវុធ​នឹង​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ទៅ​លើ​អ្នក​ដែល​ត្រូវ​ទទួល​ខុស​ត្រូវ។

លោក​ថ្លែង​ហាក់​សំដៅ​ទៅ​លើ​សារ​របស់​លោក សម រង្ស៊ី​នោះ​ថា៖ «ការ​ជំរុញ​ឲ្យ​កម្លាំង​ប្រដាប់​អាវុធ​ធ្វើ​ការ​បះបោរ គឺជា​ការ​រំលោភ​បំពាន​ទៅ​លើ​ក្រម​ព្រហ្មទណ្ឌ។ បាតុកម្ម​ណា​មួយ​បង្ក​ចលាចល​បែប​នេះ​អាច​នឹង​មាន​លក្ខណៈ​គ្រោះថ្នាក់​បំផុត​។ នោះ​ហើយ​ជា​មូលហេតុ​ដែល [រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ] លោក ស ខេង បាន​ចេញ​លិខិត​ព្រមាន​មួយ ទៅ​អ្នក​ដែល​ទទួល​ខុស​ត្រូវ [ចំពោះ​បាតុកម្ម​មាន​ទ្រង់​ទ្រាយ​ធំ]»។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រឆាំង លោក យឹម សុវណ្ណ កាល​ពី​ម្សិលមិញ​បាន​ថ្លែង​ការពារ​សេចក្តី​អត្ថាធិប្បាយ​របស់​លោក សម រង្ស៊ី ថា អត្ថាធិប្បាយ​ទាំង​នោះ គឺជា​កិច្ច​ប្រឹង​ប្រែង​ដើម្បី​រក្សា​សន្តិភាព​ជា​ជាង​ញុះញង់​កងទ័ព​ដែល ល្បាត​តាម​ផ្លូវ​នៅ​ភ្នំពេញ និង​ខេត្ត​មួយ​ចំនួន​តាំង​ពី​ថ្ងៃ​ព្រហស្បតិ៍។

លោក​បន្ត​ថា៖ «អ្នក​បាន​ឃើញ​ហើយ​ថា ប្រជាជន​មាន​ការ​ភិតភ័យ។ ដូច្នេះ​យើង​ចង់​ជូន​សារ​នេះ​ទៅ​កងទ័ព​សុំ​ឲ្យ​ពួក​គេ​កុំ​ធ្វើ​អ្វី​ខុស និង​ត្រូវ​ពិចារណា​ទ្វេ​ដង»។

នៅ​ពេល​សួរ​ថា​តើ​វា​មាន​ន័យ ថា​ពួក​គេ​ត្រូវ​បែរ​ប្រឆាំង​នឹង​មេ​បញ្ជាការ​ខ្លួន​ឬ? លោក សុវណ្ណ ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ​គ្រាន់​តែ​ចង់​ជំរុញ​ឲ្យ​ពួក​គេ​កុំ​ប្រើ​ហិង្សា​ណា​មួយ​តែ​ប៉ុណ្ណោះ។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ជំទាស់​នឹង​ការ​អះអាង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ថា ខ្លួន​បាន​ឈ្នះ​អាសនៈ ៦៨ ទល់​នឹង ៥៥ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី២៨ ខែ កក្កដា ហើយ​ជឿ​ថា គណៈកម្មការ​ស៊ើប​អង្កេត​ចម្រុះ ដែល​បង្កើត​ឡើង​ដើម្បី​ពិនិត្យ​លទ្ធផល​នឹង​បង្ហាញ​ពី​ការ​ឈ្នះ​ឆ្នោត​របស់​គណបក្ស​ប្រឆាំង។

គ.ជ.ប ប្រកាស​ថា លទ្ធផល​បឋម​ចុងក្រោយ​នៃ​ការ​បោះឆ្នោត​ប្រកាស​នៅ​ថ្ងៃ​នេះ​បើ​ទោះ​ជា​ត្រូវ​បន្ត​រង់ចាំ​ការ​ស៊ើប​អង្កេត​ថែម​ទៀត​ក្តី។​ខណៈ ការ​ព្រមាន​នោះ​ទំនង​មាន​ឥទ្ធិពល​តិច​តួច ទៅ​លើ​ពាក្យ​សម្តី​លោក សម រង្ស៊ី។

កាល​ពី​ម្សិលមិញ លោក​បន្ត​សរសេរ​នៅ​លើ ហ្វេសប៊ុក អំពី​កងទ័ព​និង​ការ​គំរាម​បាតុកម្ម​ធំ​មួយ​ថា៖ «ថ្ងៃ​នេះ​យើង​បាន​ឃើញ ច្បាស់​នឹង​ភ្នែក​ហើយ គឺ​បង​ប្អូន ដែល​ជា​ប៉ូលិស ប៉េអឹម កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ជា​ពិសេស​ពល​ទាហាន បាន​ចេញ​មុខ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​យើង​យ៉ាង​ពេញ​ទំហឹង ដូច្នេះ​នៅ​ពេល​ដែល​ឃើញ​ពួកគាត់​ត្រូវ​គេ​ដាក់​ពង្រាយ​តាម​ចិញ្ចើម​ផ្លូវ សូម​ក្មួយៗ​កុំ​មាន​ការ​ព្រួយ​បារម្ភ​ឲ្យ​សោះ»។

លោក​បន្ត​ថា៖ «ផ្ទុយ​មក​វិញ​ក្មួយៗត្រូវ ញញឹម​ដាក់​គាត់​ហើយ​បើ​ក្នុង​ដៃ​ក្មួយ​មាន​ទឹក​សុទ្ធ​ឬ​ភេសជ្ជៈ​ត្រូវ​ជូន​ពួកគាត់​រួច​និយាយ​ថា យើង​ត្រូវ​តែ​រួម​គ្នា​ក្រោក​ឡើង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ឲ្យ​ទាល់​តែ​បាន​ដើម្បី​សង្គ្រោះ​ជីវភាព​និង​សង្គ្រោះ​ជាតិ​យើង»។

ប្រសិន​ក្រុម​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៅ​តែ​ស្ថិត​ក្នុង​ភាព​ចម្រូង​ចម្រាស​នៅ​ពេល​ការ​វិល​ត្រឡប់​របស់​លោក​នា​រយៈ​ពេល​បួន​ប្រាំ ថ្ងៃ​ទៀត លោក សម រង្ស៊ី បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត «ធ្វើ​មហា​បាតុកម្ម​មួយ​ដើម្បី​ផ្លាស់​ប្តូរ​មេ​ដឹក​នាំ​បច្ចុប្បន្ន»។

ជា​ថ្មី​ទៀត លោក យឹម សុវណ្ណ បាន​ថ្លែង​សម្រាល​សម្តី​ប្រធាន​របស់​លោក​ថា ការ​ធ្វើ​បាតុកម្ម​បែប​នេះ​ណា​មួយ គឺ​នៅ​តែ​ជា «ជម្រើស​ចុង​ក្រោយ» ហើយ​បញ្ហា​ចន្លោះ​ប្រហោង​ជាច្រើន​នៅ​តែ​មាន​សម្រាប់​ធ្វើ​ការ​ដោះស្រាយ​ដោយ​សន្តិវិធី។ «ដូច្នេះ​យើង​អំពាវនាវ​ទៅ​ប្រជាជន​សូម​មេត្តា​រក្សា​ភាព​ស្ងប់​ស្ងៀម»។

អត្ថាធិប្បាយ​របស់​លោក សម រង្ស៊ី ធ្វើ​ឡើង​ក្នុង​ពេល​មិន​ច្បាស់​លាស់​អំពី​ការ​ល្បាត​ក្នុង​រាជធានី កង​ប្រដាប់​អាវុធ​និង​នគរបាល​រាប់​រយ​នាក់។

ក្រសួង​មហាផ្ទៃ​បាន​ចេញ​បញ្ជា​ទៅ​មន្រ្តី​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​សៅរ៍​ឲ្យ​បន្ត​បំពេញ​ការងារ​ខ្លួន «ដើម្បី​ប្រជាជន​កម្ពុជា​ទាំង​អស់» ហើយ​ធ្វើ​ការ​ល្បាត​ក្នុង​លក្ខណៈ​ដែល​មិន​បញ្ឆេះ​ភាព​តាន​តឹង។

រដ្ឋ​មន្រ្តី​ក្រសួង​មហា​ផ្ទៃ លោក ស ខេង ថ្លែង​ក្នុង​សារាចរ​ណែនាំ​នោះ​ថា ការ​ឆ្លើយ​តប​ខាង​យោធា​បណ្តាល​ពី​ការ​អំពាវនាវ​ដដែលៗ​របស់​លោក សម រង្ស៊ី ឲ្យ​មាន​បាតុកម្ម​ទ្រង់​ទ្រាយ​ធំ ហើយ​ក្រសួង​មហា​ផ្ទៃ​ត្រៀម​ខ្លួន​ប្រើ​កម្លាំង​ដើម្បី​ត្រៀម​ទប់​ទល់​ស្ថានភាព។

លោក​បន្ត​ថា៖ «យើង​មិន​មាន​បំណង​គំរាម​កំហែង​ប្រជាជន​ទេ ប៉ុន្តែ​រដ្ឋាភិបាល​មាន​កាតព្វកិច្ច​ការពារ​សន្តិសុខ​និង​សន្តិភាព។

បើ​បាតុកម្ម​មាន​លក្ខណៈ​សន្តិវិធី ខ្ញុំ​ធានា​ថា​នឹង​គ្មាន​បញ្ហា​អ្វី​ទេ»។

សង្គម ស៊ីវិល​បាន​សម្តែង​ក្តី​បារម្ភ​ពាក់​ព័ន្ធ​នឹង​ការ​ដាក់​ពង្រាយ​កងទ័ព និង​ផល​ប៉ះពាល់​ដែល​វា​អាច​មាន​ចំពោះ​ការ​ឈាន​ទៅ​រក​ដំណោះស្រាយ​សន្តិវិធី។

លោក ធន់ សារាយ នាយក​នៃ​គណៈកម្មាធិការ​សម្រាប់​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ជា​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត បាន​ថ្លែង​ថា៖ «យើង​ជំរុញ​ឲ្យ​គ្រប់​ភាគី​ព្យាយាម​ឲ្យ​អស់​លទ្ធភាព​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី។ យើង​មាន​ក្តី​បារម្ភ​អំពី​ស្ថានភាព​តានតឹង ពី​ព្រោះ​វា​នៅ​មាន​ភាព​ផ្ទុយ​គ្នា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ»។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​អំពី​ករណី​ញុះ​ញង់​របស់​លោក សម រង្ស៊ី លោក សុក សំអឿន នាយក​ប្រតិបត្តិ​នៃ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ថ្លែង​ថា៖ «ការ​ញុះញង់​មាន​ន័យ​ថា ការ​និយាយ​អ្វី​មួយ​បញ្ចុះ​បញ្ចូល​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស។ ប្រសិន​លោក សម រង្ស៊ី កំពុង​បញ្ចុះ​បញ្ចូល​ទាហាន​ឲ្យ​ប្រើ​អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នោះ​អាច​នឹង​មាន​បញ្ហា ប៉ុន្តែ​បើ​គ្រាន់​តែ​ថា «សូម​ចូល​រួម​បាតុកម្ម​សន្តិវិធី» នោះ​គ្មាន​បញ្ហា​ទេ»៕ PS

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញៈ ប្រទេស​ កាតា បាន​ចុះ​អនុស្សរណៈ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​គម្រោង​អភិវឌ្ឍន៍​ដើម្បី​កុមារ​ដំណាក់កាល​ទី​២ ដោយ​ផ្ដល់​មូលនិធិ​ជា​ថវិកា​ជាង​ ១៣ ​លាន​ដុល្លារ​អាមេរិក ដើម្បី​រួមចំណែក​ពង្រឹង​វិស័យ​អប់រំ​កម្ពុជា​ដោយ​ផ្ដោតលើ​កុមារ​ងាយ​រងគ្រោះ​ក្នុង​ការសិក្សា​នៅ​កម្រិត​បឋមសិក្សា ស្របតាម​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០​។

  • ភ្នំពេញៈ ក្រុមហ៊ុន Asiatic Group (Holdings) Ltd ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​កំពុង​ស្វែងរក​ការទាមទារ​ទឹកប្រាក់​ចំនួន​ ១៤,៤ ​លាន​ដុល្លារ​ ពី​ក្រុមហ៊ុនតំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ (PPSP) ​ដែល​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ចំពោះ​ការចោទប្រកាន់​ដែល​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​វិនិយោគ​រួម (JV) នៃ​រោងចក្រ​ថាមពល​មួយ​។

  • ភ្នំពេញៈ មន្ត្រី​នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​អះអាង​ថា កម្ពុជា និង​សិង្ហបុរី​បាន​ប្តេជ្ញា​បន្ត​កិច្ចសហការ​គ្នា​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត ក្នុង​ការពង្រីក​លើ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​ធនធាន​មនុស្ស​របស់​កម្ពុជា​ជាពិសេស​នៅក្នុង​បរិបទ​នៃ​ជំងឺ​​កូវីដ ​១៩​។

  • ភ្នំពេញ៖ ត្រឹមតែ​រយៈពេល ​១០ ​ខែ​ ភោជនីយដ្ឋាន ​Uncle Fu បាន​ធ្វើ​ឱ្យ​ភ្ញៀវ​​ចម្រុះ​ជាតិ​សាសន៍​ជាប់​ចិត្ត​នឹង​រសជាតិ​​ម្ហូប​ម៉ាឡេស៊ី​ និង​សិង្ហបុរី​។

  • កំពតៈ រោងចក្រ​ផលិត​ឥដ្ឋ​ដ៏ធំ​មួយ​ក្នុង​ខេត្តកំពត ដែល​មាន​ទុនវិនិយោគ ៩ ​លាន​ដុល្លារ​ជា​ការវិនិយោគ​រួមគ្នា​រវាង​វិនិយោគិន​ក្នុងស្រុក និង​វិនិយោគិន​មកពី​ប្រទេស​ចិន​បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ​ហើយ​កាលពី​ថ្ងៃអាទិត្យ ដោយ​អាចមាន​សមត្ថភាព​ផលិត​ឥដ្ឋ​បាន​ប្រមាណ ៨០ ​ម៉ឺន​ដុំ​ក្នុង​ ១ ​ថ្ងៃ​។

  • ភ្នំពេញៈ អគ្គស្នងការរង​នគរបាល​ជាតិ លោក ស ថេត ជំរុញ​ឱ្យ កងកម្លាំង​ប្រដាប់អាវុធ និង​មន្ត្រីរាជការ​ត្រូវ​ធ្វើជា​គំរូ​ដ៏ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​នៅលើ​ដងផ្លូវ ដោយ​លោក​ប្រាប់​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​កុំ​ភ័យខ្លាច​ក្នុង​ការអនុវត្ត​ច្បាប់​លើ​មន្ត្រី​ជាន់ខ្ពស់​ណា​ដែល​ប្រព្រឹត្ត​ខុស ខណៈ​ការបើកបរ​ល្មើសច្បាប់​នៅតែ​ជា​បញ្ហា​សម្រាប់​កម្ពុជា​។