The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បាតុកម្ម​បក្ស​ប្រឆាំង​ប្រែ​ក្លាយ​មក​ជា​ពិធី​ជួបជុំ​រីករាយ




បាតុកម្ម​បក្ស​ប្រឆាំង​ប្រែ​ក្លាយ​មក​ជា​ពិធី​ជួបជុំ​រីករាយ

បាតុកម្ម​បក្ស​ប្រឆាំង​ប្រែ​ក្លាយ​មក​ជា​ពិធី​ជួបជុំ​រីករាយ

Content image - Phnom Penh Post

ភ្នំពេញៈ ការ​ប្រមូល​ផ្តុំ​ដែល​ហាក់​បី​ដូច​ជា​លែង​ប្រើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ម្សិលមិញ​បាន​ក្លាយ​ជា​ការ​ប្រារព្ធ​ពិធី​រីករាយ មួយ​នៅ​ពេល​ដែល​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ថ្លែង​ទៅ​ក្រុម​អ្នក​គាំទ្រ​ពី​លទ្ធផល​កិច្ច​ប្រជុំ​ជាមួយ​មេ​ដឹក​នាំ​គណបក្ស​ប្រជាជន ដែល​ទទួល​បាន​ផ្លែ​ផ្កា។

បើ​ទោះ​ជា​ចំនួន អ្នក​តវ៉ា​មាន​ការ​ធ្លាក់​ចុះ​ខ្លាំង ហើយ​ព្រឹត្តិការណ៍​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​នៅ​ដិត​ជាប់​ក្នុង​អារម្មណ៍ របស់​បាតុករ ក្រុម​អ្នក​តវ៉ា​រាប់​ពាន់​នាក់​បាន​នាំ​គ្នា​ច្រៀង​ដើម្បី​អបអរ សាទរ ខណៈ​លោក កឹម សុខា បាន​ប្រាប់​ទៅ​ក្រុម​អ្នក​គាំទ្រ​ថា គណបក្ស​ប្រជាជន​កម្ពុជា​បាន​យល់​ព្រម យ៉ាង​ហោច​ណាស់ ជា​គោល​ការណ៍​ចំពោះ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ ការ​បោះឆ្នោត។

លោក​ថ្លែង​បន្ត​ថា៖ «យើង​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ជា​វិជ្ជមាន និង​ជា​បំណង​ប្រាថ្នា​របស់​ប្រជាជន​ខ្មែរ។ ប្រសិន​បើ​គណបក្ស​ប្រជាជន​យល់​ព្រម​ធ្វើ​កំណែ​ទម្រង់ ផ្លាស់​ប្តូរ​យន្តការ​នេះ​មាន​ន័យ​ថា​យន្តការ​នៃ​ការ​បោះឆ្នោត​បច្ចុប្បន្ន​គឺ​មិន​ត្រឹម​ត្រូវ»។

ទោះ​យ៉ាង​ណា​ក្តី អ្នក​វិភាគ​នយោបាយ លោក កែម ឡី បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា ដោយ​សារ​តែ​ខ្វះ​ខាត​ភាព​ជាក់​លាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម គ្នា​របស់​ក្រុម​ប្រតិភូ​ទាំង​នោះ លោក​មិន​ប្រាកដ​ទេ​ថា តើ​កិច្ច​ព្រមព្រៀង​នេះ​នឹង​មាន​លក្ខណៈ​ជា​ដុំ​កំភួន​ឬ​អត់? «លុះត្រា​តែ​គណបក្ស​ប្រឆាំង​រៀបចំ​សេចក្តី​លម្អិត​សម្រាប់​កំណែ​ទម្រង់ គ.ជ.ប និង​រៀបចំ​បទ​បញ្ជា​សម្រាប់​ការ​ស៊ើប​អង្កេត​នៃ​ភាព​មិន​ប្រក្រតី»។

បើ​ទោះ​ជា​ផ្លូវ​នៅ​ជុំវិញ​ទីលាន​ប្រជាធិបតេយ្យ​នៅ​មាន​មនុស្ស​ច្រើន កក​កុញ​កាល​ពី​ម្សិលមិញ ផ្សារ សំខាន់ៗ បើក​ដំណើរការ​ប្រហែល​ពាក់​កណ្តាល ដែល​ការ​ធ្លាក់​ចុះ​នេះ​ត្រូវ​បាន​លោក កែម ឡី ចាត់​ទុក​ថា បណ្តាល​មក​ពី​ការ​ភ័យ​ខ្លាច​ចំពោះ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​អាទិត្យ និង​ការ​បិទ​ផ្លូវ​ដែល​នៅ​បន្ត។

ប៉ុន្តែ​ទាំង​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​បន្ត​ប្តេជ្ញា​ថា​មិន​ចូល​រួម​នៅ​ក្នុង​ការ​ប្រជុំ​បង្កើត​សភា រហូត​ទាល់​តែ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត​ត្រូវ​បាន​ដោះស្រាយ។

ទោះ​យ៉ាង​ណា​ក្តី លោក ប៉ែន ចាន់ ដែល​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​នៅ​ទីលាន​ប្រជាធិបតេយ្យ​បាន​និយាយ​ថា៖ «យើង​មាន​អ្វី​ជាច្រើន​ទៀត​ដែល​ត្រូវ​ផ្លាស់​ប្តូរ ប៉ុន្តែ អ្វី​ដែល​សំខាន់​បំផុត​គឺ​ការ​ស្វែង​រក​យុត្តិធម៌​សម្រាប់​អ្នក​បោះឆ្នោត​។ ការ​សម្រុះ​សម្រួល​មិន​មែន​ជា​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ទេ»។

130917_05a
សកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ សម្តែងឆន្ទៈលើវេទិកានៅទីលានប្រជាធិបតេយ្យថ្ងៃទី២ ហុង មិនា

លោក បិន យាន និស្សិត​ផ្នែក​វិទ្យាសាស្រ្ត នយោបាយ​នៅ​សាកល​វិទ្យាល័យ បញ្ញាសាស្រ្ត បាន​ថ្លែង​ថា ការ​តវ៉ា​មិន​សូវ​ផ្តោត​លើ​ការ​ចែក​អំណាច​ទេ ដូច​ការ​ផ្តោត​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​នយោបាយ​របស់​កម្ពុជា ដែល​គាត់​ហៅ​ថា ជា​ប្រជាធិបតេយ្យ​មាន​តែ​ឈ្មោះ​ប៉ុណ្ណោះ។

គាត់​បាន​ថ្លែង​បន្ត​ថា៖ «ការ​តវ៉ា​គឺ​មិន​ត្រឹម​តែ​សម្រាប់​អាសនៈ​សភា​ទេ ប៉ុន្តែ​ដើម្បី​បាន​អំណាច​ច្រើន​ជាង​មុន​នៅ​ក្នុង​រដ្ឋាភិបាល។ វា​គឺ​ដើម្បី​យុត្តិធម៌​សម្រាប់​ប្រជាជន ខ្ញុំ​ដឹង​ថា ពួក​គេ​និយាយ​ថា យើង​មាន​សេរីភាព​នៃ​ការ​និយាយ​ស្តី ប៉ុន្តែ​នៅ​ពេល​និយាយ​អំពី​នយោបាយ យើង​មាន​បញ្ហា។ យើង​ចង់​មាន​សេរីភាព​ទាំង​អស់»។

បើ​ទោះ​ជា​មាន​ពិធី​អបអរ​ចំពោះ​ដំណើរ​វិវឌ្ឍន៍​ក្នុង​ការ​ចរចា លោក សម រង្ស៊ី ក្នុង​ការ​ថ្លែង​របស់​លោក​ទៅ​កាន់​ក្រុម​អ្នក​តវ៉ា​នៅ​បាន​ឆ្លៀត​ឱកាស សម្តែង​ទុក្ខ​ក្រៀមក្រំ​ចំពោះ​ការ​បាញ់​ត្រូវ​លោក ម៉ៅ សុខចាន់ អាយុ ២៩ ឆ្នាំ​បណ្តាល​ឲ្យ​ស្លាប់។

លោក​បាន​ថ្លែង​បន្ត​ថា៖ «យើង​ទាំង​អស់​គ្នា​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ណាស់ យើង​មាន​ការ​សោក​ស្តាយ​ខ្លាំង​ណាស់ យើង​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ណាស់​ដែល​ឃើញ​នគរបាល កម្លាំង​ប្រដាប់​អាវុធ ប្រើ​ហិង្សា​ទៅ​លើ​ប្រជា​ពលរដ្ឋ និង​បង្ហូរ​ឈាម​ទៅ​លើ​ប្រជាជន​ខ្មែរ​ដូច​គ្នា»។ លោក​បាន​សុំ​ឲ្យ​ក្រុម​អ្នក​តវ៉ា​របស់​លោក​នៅ​ស្ងៀម​មួយ​ភ្លែត​ដើម្បី​ជា ការ​កាន់​ទុក្ខ​ទៅ​ដល់​លោក សុខចាន់។

លោក ឡុង ហាន់ ដែល​ជា​អ្នក​តវ៉ា​ម្នាក់ ក៏​បាន​សម្តែង​ភាព​ក្រៀម​ក្រំ​និង​ក្តី​បារម្ភ​ចំពោះ​ការ​ស្លាប់​លោក សុខចាន់ ដែរ ប៉ុន្តែ​បាតុករ​នៅ​តែ​មិន​ភ័យ​ខ្លាច​ទេ។

លោក​បាន​បន្ត​ថា ៖ «នៅ​ក្នុង​ប្រទេស​កម្ពុជា គ្មាន​នរណា​ម្នាក់​រីក​រាយ​អំពី​រឿង​នេះ​ទេ។ វា​ជា​ការ​គ្រោះថ្នាក់​ណាស់​សម្រាប់​ខ្ញុំ និង​អ្នក​រាល់​គ្នា​ដែល​កំពុង​នៅ​ទីនេះ​ប៉ុន្តែ​ប្រជាជន​មិន​ភ័យ​ខ្លាច​ទេ»។

លោក ប៊ុន ឡេង អាយុ ៦១ ឆ្នាំ ដែល​ជា​អ្នក​តវ៉ា​ម្នាក់​ទៀត បាន​ព្រមាន​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ត្រូវ​សម្រប​សម្រួល​លឿន​ពេក​នោះ​ទេ។

លោក​ថ្លែង​បន្ត​ថា ៖ «ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ស្វែង​រក​យុត្តិធម៌​ឲ្យ​បាន​រួច​ជា​ស្រេច​ទេ ហើយ​ចូល​រួម​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា យើង​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង»៕ PS

អត្ថបទគួរចាប់អារម្មណ៍