
កណ្តាលៈ យុវជនម្នាក់ ដែលកាត់សក់ លេងស្ទីលដាក់សញ្ញាលេខ ៧ ហើយតែងតែចូលរួមយ៉ាងសកម្ម នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ហើយបានចេញពីផ្ទះ មកចូលរួមបាតុកម្មនៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃអាទិត្យនោះ ត្រូវបានគេប្រទះឃើញសាកសព ក្នុងទឹកទន្លេសាបកាលពីថ្ងៃអង្គារ ដោយសាកសពមានសភាពហើមជាប់ចំណង និងមានស្នាមវាយ។
លោក ញ៉ែម សារឿន ឪពុកសពយុវជន ញ៉ែម បញ្ញា អាយុ ១៩ ឆ្នាំ បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា សពកូនប្រុសរបស់លោកត្រូវបានគេប្រទះឃើញ ក្នុងទឹកទន្លេសាប ក្បែរភូមិ ព្រែកតាព្រុំ ឃុំ កំពង់អុស ស្រុក ពញាឮ កាលពីថ្ងៃទី ១៧ កញ្ញា ក្នុងសភាពហើមមុខមើលសឹងលែងស្គាល់ដោយដៃទាំងពីរជាប់ចំណងចងទៅមុខ ឯជើងម្ខាង ក៏មានចងខ្សែផងដែរ។ ចំណែកក្បាលមានស្នាមវាយឡើងហើម។
បើតាមលោក សារឿន បញ្ញា បានសុំលោក និងម្តាយរបស់គេ មកចូលរួមមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យ ពីព្រោះក្រុមគ្រួសារលោក គឺជាអ្នកគាំទ្រគណបក្សប្រឆាំងមួយនេះ។ លោកឲ្យដឹងថា បញ្ញា គឺជាសកម្មជនគណបក្សសង្គ្រោះជាតិ ក្នុងភូមិ ព្រែកតាព្រុំ ដែលតែងតែលេចធ្លោក្នុងភូមិក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត និងចូលរួមបាតុកម្ម។
លោក សារឿន បានថ្លែងទៀតថា៖ «កូន របស់ខ្ញុំ វាចេញបាត់ពីផ្ទះទៅតាំងពីថ្ងៃ ១៥ ហើយឃើញសពថ្ងៃ ១៧។ កូនខ្ញុំ ជាសកម្មជនបក្សសង្ក្រោះជាតិ សូម្បីតែក្បាលក៏កាត់សក់ដាក់លេខ ៧ ដែរ។ ឯរឿងស្លាប់នេះ មិនដឹងជារឿងអ្វីទេ យើងមិនអាចទាន់វាយតម្លៃបានថា យ៉ាងម៉េចបានឡើយ»។
សពយុវជន បញ្ញា ត្រូវបាននគរបាលនិងគ្រួសារ បូជា កាលពីយប់ថ្ងៃ ទី១៧ កញ្ញា ហើយឪពុកសព បានឲ្យដឹងថា សមត្ថកិច្ចមិនបានអើពើអ្វីឡើយគ្រាន់តែមកធ្វើកំណត់ហេតុយ៉ាងលឿន រួចក៏ត្រឡប់ទៅវិញ។
បើតាមប្រភពជាច្រើន ស្រុក ពញាឮ គឺជាសមរភូមិក្តៅមួយ ដែលតែងតែកើតមានរឿងប្រទូស្តរ៉ាយគ្នា រវាងគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែ កក្កដា។
សកម្មជនគណបក្សសង្គ្រោះជាតិ ភូមិ ព្រែកតាព្រុំ លោក ឡាច នាង អាយុ ៥៣ ឆ្នាំ បញ្ជាក់ថា យុវជន បញ្ញា បានចូលរួមធ្វើការជាច្រើន បម្រើឲ្យបក្សក្នុងភូមិ ដោយតែងនាំមុខគេ ចេញមុខធ្វើបាតុកម្ម និងហែក្បួនឃោសនាជាដើម។ ប៉ុន្តែលោកក៏មិនដែលចាប់អារម្មណ៍ថា មានអ្នកមានគំនុំជាមួយយុវជនរូបនេះទេ។
លោកបានថ្លែងបន្តថា៖ «ខ្ញុំគិតថា អាជ្ញាធរ គេមិនសូវអើពើទេ ដោយសារបញ្ញា ជាសកម្មជនបក្សសង្ក្រោះជាតិ។ នគរបាលប៉ុស្តិ៍ មកមួយភ្លែត ក៏ទៅវិញបាត់ ខ្ញុំយល់ថា ប៉ូលិសមិនចង់ធ្វើការតែម្តង»។
ទោះយ៉ាងណា ក្រុមគ្រួសារ កំពុងស្វែងរកព័ត៌មានដើម្បីដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចជួយស៊ើបអង្កេតវែកមុខឃាតក។
មន្ត្រី នគរបាលប៉ុស្តិ៍ឃុំ កំពង់អុស ម្នាក់ សុំមិនបញ្ចេញឈ្មោះ ដែលបានចុះទៅសួរនាំនៅផ្ទះសព បានអះអាងថា យុវជន បញ្ញា គឺជាយុវជនធម្មតា ជាអ្នកដើរលេងច្រើន មិនសូវចូលផ្ទះ មិនមែនជាសកម្មជនបក្សនយោបាយអ្វីឡើយ។
លោកថ្លែងថា៖ «គាត់មិនមែនសកម្មជនសង្គ្រោះជាតិអីទេក្មេងហ្នឹងដើរលេងច្រើន អត់សូវនៅផ្ទះ អ៊ីចឹងអាចមានគំនុំជាមួយអ្នកដទៃ។ តែយើងមិនដឹងថា គាត់ស្លាប់ដោយរឿងអីឡើយតែសពហើមមុខអណ្តែតទឹក»។
លោក អ៊ាវ ចំរើន ស្នងការនគរបាលខេត្ត កណ្តាល បានថ្លែងថា លោកមិនមានព័ត៌មានបន្ថែមឡើយ លើករណីសាកសពនេះ ប៉ុន្តែថា សពនេះបានស្លាប់មកពីកន្លែងផ្សេង និងត្រូវអណ្តែតតាមទឹកមកក្នុងទឹកដីខេត្ត កណ្តាល។ លោកមិនបានបញ្ជាក់ពីមូលហេតុ នៃការស្លាប់ឡើយដោយជំរុញឲ្យសាកសួរស្នងការរង ដែលមិនអាចទាក់ទងបាន។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិខេត្ត កណ្តាល លោក អ៊ូ ចន្ទរិទ្ធ បានឲ្យដឹងថា លោកទើបទទួលព័ត៌មាននេះ ហើយទុកឲ្យអាជ្ញាធរជំនាញស៊ើបអង្កេត ថាតើការសម្លាប់នេះ ទាក់ទងរឿងនយោបាយឬរឿងគំនុំផ្ទាល់ខ្លួន។
លោក អំ សំអាត ទីប្រឹក្សាបច្ចេកទេស អង្គការសិទ្ធិមនុស្ស លីកាដូ បានឲ្យដឹងថា អង្គការរបស់លោកនឹងចុះទៅធ្វើការស៊ើបអង្កេតលើករណីការសម្លាប់ខាងលើ នៅថ្ងៃនេះ៕