កណ្តាលៈ ខណៈរថយន្តដង្ហែក្បួនឃោសនារបស់សកម្មជនគាំទ្រគណបក្សប្រជាជន កម្ពុជាមួយបានផុងកង់រកក្រឡាប់ បណ្ដាលឲ្យរងរបួសជាច្រើននាក់ក្នុងចំណោមអ្នកជិះ៥០នាក់ កាលពីម្សិលមិញ។
លោក អ៊ុក ប៊ុនថុន អាយុ៣២ឆ្នាំ រស់នៅឃុំរកាកោង១ ស្រុកមុខកំពូល បានប្រាប់ថា នៅព្រឹកថ្ងៃទី២១ កក្កដាម្សិលមិញនេះ សកម្មជនទៅហែក្បួនឃោសនាដ៏ធំរបស់គណបក្សប្រជាជនកម្ពុជា ប្រមាណ៥០នាក់ បានរបូតដៃធ្លាក់និងការព្យាយាមលោតចុះពីរថយន្តកូរ៉េអត់ដំបូលមួយ ខណៈកំពុងតែជិះស្រែកហោកញ្ជ្រៀវហើយរថយន្តផុងកង់ផ្អៀងរកកលក្រឡាប់ នៅម្ដុំភូមិគូហ៊ី ឃុំរកាកោង១ ស្រុកមុខកំពូល។
លោក បន្តថា មិនមានអ្នកបាត់បង់ជីវិតទេ។ តែក្នុងនោះ៥នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនយកទៅមន្ទីរពេទ្យ កាល់ម៉ែត នៅភ្នំពេញ។
សមត្ថកិច្ច នគរបាលនិងអាជ្ញាធរដែនដី ថ្នាក់ឃុំដល់ស្រុក កាលពីម្សិលមិញ មិនអាចទាក់ទងសុំការបញ្ជាក់បានទេ។
ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តកណ្ដាល លោក គឹម ហុង ឲ្យដឹងថា មានករណីនេះកើតឡើងពិតមែន ប៉ុន្តែ ជនរងគ្រោះមិនច្រើនដូចគេអះអាងទេ គឺមានតែបួនប្រាំនាក់តែប៉ុណ្ណោះ៕