The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផ្លូវ​ជា​ច្រើន​ត្រូវ​បាន​បិទ​នៅ​ពេល​បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម




ផ្លូវ​ជា​ច្រើន​ត្រូវ​បាន​បិទ​នៅ​ពេល​បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម

ផ្លូវ​ជា​ច្រើន​ត្រូវ​បាន​បិទ​នៅ​ពេល​បក្ស​ប្រឆាំង​ធ្វើ​បាតុកម្ម

130916_01b
កងកម្លាំងរាយបន្លាលួសបិទផ្លូវនរោត្តម

Content image - Phnom Penh Post

ភ្នំពេញៈ ផ្លូវ​ជាច្រើន នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​បិទ​ទាំង​ស្រុង​ដោយ​ដាក់​របង​លួស​បន្លា​ឃាំង​ផ្លូវ ហើយ​កង​កម្លាំង​ចម្រុះ​ជាច្រើន ប្រដាប់​ដោយ​ខែល ដំបង​ឆក់ គ្រាប់​បែក​ផ្សែង ត្រូវ​បាន​ដាក់​ពង្រាយ ចាប់​តាំង​ពី​ព្រឹក​ព្រលឹម​ម្សិលមិញ នៅ​ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចាប់​ផ្តើម​ធ្វើ​មហា​បាតុកម្ម​អហិង្សា​ជា​លើក​ទីពីរ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចាំ​ផ្ទះ​បង្កើត​គណៈកម្មាធិការ ឯករាជ្យ​ដើម្បី​ស៊ើប​អង្កេត​ពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត។

ចាប់​តាំង​ពី​ព្រឹក​ព្រលឹម ផ្លូវ​ជាច្រើន ត្រូវ​បាន​បិទ​ទាំង​ស្រុង ដោយ​ដាក់​ឃាំង​បន្លា​លួស និង​បារាស​ជាច្រើន​ជាន់ ដូចជា​ស្ពាន​អាកាស​ក្បាល​ថ្នល់ កំណាត់​ផ្លូវ​នរោត្តម ពី​គល់​ស្ពាន​អាកាស​មក​ដល់​ស្តុប ចំការមន ផ្លូវ​នានា នៅ​ក្បែរ​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជិត​វិមាន​ឯករាជ្យ ផ្លូវ​នរោត្តម ពី​ស្តុប​រោង​កុន លុច្ស មក​ដល់​វិមាន​ឯករាជ និង​ផ្លូវ​នានា​ពី​រោង​កុន លុច្ស ទៅ​ដល់​មុខ​វត្ត ឧណ្ណាលោម មាត់​ទន្លេ និង​ផ្លូវ​មួយ​ចំនួន​ទៀត ជាមួយ​នឹង​កង​កម្លាំង​ចម្រុះ និង​ឡាន​ទឹក​ជាច្រើន​គ្រឿង ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ដើម្បី​ត្រៀម​ទប់​ស្កាត់​ក្រុម​បាតុករ គណបក្ស​សង្គ្រោះ​ជាតិ មិន​ឲ្យ​ដង្ហែ​ក្បួន​ឆ្លង​កាត់​ផ្លូវ​ទាំង​នេះ។

ទោះ​ជា​យ៉ាង​ណា នៅ​ម៉ោង​ប្រមាណ​ជា​ជាង ៧ ព្រឹក លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ពី​លំនៅឋាន​របស់​លោក​នៅ ចាក់អង្រែ តាម​ផ្លូវ​ជាតិ​លេខ​ពីរ ឡើង​មក​ផ្លូវ ព្រះមុនីវង្ស ឆ្ពោះ​ទៅ​ទីលាន​ប្រជាធិបតេយ្យ ជាមួយ​នឹង​អ្នក​គាំទ្រ​រាប់​ពាន់​នាក់ ហើយ​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស ក៏​បាន​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង​ពី​ទីស្នាក់ការ​គណបក្ស នៅ​ក្បែរ​ផ្សារ​មាន់​អាំង តាម​ផ្លូវ កម្ពុជា​ក្រោម មក​ទីលាន​ប្រជាធិបតេយ្យ​ផង​ដែរ ដោយ​មាន​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ដូច​គ្នា។

ប្រជា​ពលរដ្ឋ​ជាច្រើន ដែល​មាន​លំនៅឋាន និង​កន្លែង​ធ្វើការ​នៅ​តាម​តំបន់​ផ្លូវ ដែល​ត្រូវ​បាន​គេ​បិទ​ស្ទើរ​តែ​ទាំង​ស្រុង​នោះ មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​កង​កម្លាំង​ទាំង​នោះ បាន​ហាម​ឃាត់​ពួក​គេ មិន​ឲ្យ​ឆ្លង​កាត់​បារាស ទៅ​ផ្ទះ​ឬ​ទៅ​កន្លែង​ធ្វើ​ការ​របស់​ពួក​គេ។ អ្នក​កាសែត ភ្នំពេញ ប៉ុស្តិ៍ ជា​ច្រើន​នាក់​ក៏​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​ផង​ដែរ ក្នុង​ការ​ចូល​ទៅ​កាន់​កន្លែង​ធ្វើ​ការ​នៅ​អគារ ភ្នំពេញ សិនធើរ ក្បែរ​នាគ​បាញ់​ទឹក។

ប៉ុន្តែ​នៅ​ពេល​បន្ទាប់​មក ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ឆ្លង​បារាស ទៅ​ផ្ទះ ឬ​ទៅ​កន្លែង​ធ្វើការ​ដោយ​ត្រូវ​បង្ហាញ​ប័ណ្ណ​ការងារ​របស់​ខ្លួន​ឬ​បង្ហាញ​អត្ត​សញ្ញាណប័ណ្ណ​ពី​ទីតាំង​ផ្ទះ​ដែល​ខ្លួន​កំពុង​រស់​នៅ។

កញ្ញា នី ស្រីពៅ ដែល​បម្រើ​ការងារ​នៅ​ក្នុង​ហាង Lucky Seven ដែល​នៅ​តាម​បណ្តោយ​ផ្លូវ សុធារស ក្នុង​បរិវេណ​អគារ ភ្នំពេញ សិនធើរ បាន​ឲ្យ​ដឹង​ថា នាង​ត្រូវ​ចូល​ធ្វើ​ការ​នៅ​ម៉ោង ១២ ថ្ងៃ​ត្រង់ តែ​នាង​បាន​មក​តាំង​ពី​ម៉ោង ១០ ព្រឹក ពីព្រោះ​ខ្លាច​ថា ពិបាក​ចូល​ទៅ​កន្លែង​ធ្វើ​ការ ប៉ុន្តែ​នាង នៅ​តែ​ពុំ​អាច​ចូល​ទៅ​កន្លែង​ធ្វើ​ការ​បាន​ឡើយ ដោយ​សារ​សមត្ថកិច្ច​ពុំ​អនុញ្ញាត។ ស្រីពៅ បាន​និយាយ​ថា៖ «ខ្ញុំ​មិន​ដឹង​ពី​រឿង​នយោបាយ​អី​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​សុំ​ចូល​ទៅ​កន្លែង​ធ្វើការ​ប៉ុណ្ណោះ ពីព្រោះ​កន្លែង​ពុំ​អនុញ្ញាត​ឲ្យ​ឈប់​ទេ តែ​ត្រូវ​គេ​ហាម​ឃាត់​មិន​ឲ្យ​ចូល»។

Content image - Phnom Penh Post
130916_04a
របងបន្លាលួស ដែលត្រូវបានគេដាក់ឃាំង លើស្ពានអាកាសក្បាលថ្នល់ ជាមួយនឹងកងកម្លាំងយ៉ាងច្រើន កាលពីព្រឹកម្សិលមិញ ស្រេង ម៉េងស្រ៊ុន

លោក សុខ ភក្តី ជា​អ្នក​ម៉ៅ​ការ​សំណង់​បាន​ឲ្យ​ដឹង នៅ​ខណៈ​ដែល​អាជ្ញាធរ​បាន​បិទ​ផ្លូវ​មិន​ឲ្យ​ចូល​ផ្សារ​កាប់​គោ​ថា ការ​បិទ​ផ្លូវ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រក​ស៊ី​របស់​លោក និង​អាជីវករ​មួយ​ចំនួន។ លោក​បាន​និយាយ​ថា៖ «អ្នក​នយោបាយ​គួរ​តែ​ស្វែង​រក​ដំណោះស្រាយ ពីព្រោះ​ពលរដ្ឋ​គ្រប់​គ្នា ចង់​បាន​ក្តី​សុខ មិន​ចង់​ឃើញ​បែប​នេះ​ទេ ហើយ​ខ្ញុំ​សង្ឃឹម​ថា បើ​អ្នក​ទាំង​អស់​គ្នា ស្រឡាញ់​ជាតិ គួរ​តែ​រក​ដំណោះស្រាយ​ផ្សេង មិន​គួរ​យក​អាយុ​ជីវិត​ពលរដ្ឋ​មក​លេង​សើច​នោះ​ទេ»។

លោក ពេជ្រ វឌ្ឍនា ម្ចាស់​ភោជនីយដ្ឋាន ម្លប់មៀន នៅ​ក្បែរ​ផ្សារ​កាប់​គោ​ដែល​តែង​តែ​មាន​ភ្ញៀវ​ចូល​ពេញៗ​ហាង​ជា​ប្រចាំ នោះ បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ នៅ​ក្នុង​ហាង​របស់​លោក​គឺ​លក់​ដាច់ ប៉ុន្តែ​នៅ​ថ្ងៃ​ម្សិលមិញ គឺ​លក់​មិន​ដាច់​សោះ ដោយ​សារ​តែ​អាជ្ញាធរ​គេ​បិទ​ផ្លូវ​គ្រប់​ច្រក​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​ជំនួញ​របស់​លោក​។ លោក​ឲ្យ​ដឹង​ថា បើ​បិទ​ផ្លូវ​បែប​នេះ លោក​នឹង​ខាត​បង់​ប្រាក់​ប្រហែល ៥០០ ដុល្លារ ក្នុង​មួយ​ថ្ងៃ​នេះ ដោយសារ​តែ​លោក​បាន​ចម្អិន​អាហារ​គ្រប់​មុខ​រួច​អស់​ទៅ​ហើយ​។ លោក​បាន​និយាយ​ថា៖ «មូលហេតុ​ដែល​ខ្ញុំ​ខាត ដោយ​សារ​តែ​ខ្ញុំ​ចម្អិន​អស់​ហើយ ពីព្រោះ​អាជ្ញាធរ​ពុំ​បាន​ជូន​ដំណឹង​ពី​ការ​បិទ​ផ្លូវ​នេះ​ឲ្យ​បាន​ដឹង​ជា​មុន​ទេ។ ប្រសិន​បើ​គេ​ជូន​ដំណឹង​ជា​មុន ខ្ញុំ​អាច​ឈប់​លក់​នៅ​ថ្ងៃ​នេះ​ឬ​ក៏​លក់​ដែរ​ប៉ុន្តែ​តិចតួច​ប៉ុណ្ណោះ​»។ លោក វឌ្ឍនា បាន​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​មិន​គិត​ថា បាតុករ​នឹង​មិន​បង្ក​អំពើ​ហិង្សា​នោះ​ទេ ពីព្រោះ​ពួក​គេ​មាន​ឆន្ទៈ​ច្បាស់​លាស់ ហើយ​អត់​មាន​កាំភ្លើង​ទេ ដូច្នេះ​វា​ពុំ​អាច​វិវត្ត​ទៅ​ជា​កុបកម្ម​នោះ​ឡើយ»។

នៅ​ម៉ោង​ប្រមាណ ជិត ១២ ថ្ងៃ​ត្រង់ កង​កម្លាំង​ជាច្រើន ត្រូវ​បាន​គេ​ដឹក​ចល័ត​តាម​រថយន្ត ហើយ​នៅ​ក្បែរ​នាគ​បាញ់​ទឹក កង​កម្លាំង​បាន​រត់​ប្រសាច ខ្លះ​ឡើង​រថយន្ត និង​ខ្លះ​ទៀត អូស​រាយ​លួស​បន្លា កាត់​សួនច្បារ​នាគ​បាញ់​ទឹក នៅ​ពេល​ដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ឆ្លង​កាត់​បារាស​ទៅ​បួងសួង​នៅ​ព្រះអង្គ ដងកើ ហើយ​កម្លាំង​សមត្ថកិច្ច បាន​ទប់​ស្កាត់ ក្រុម​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​មិន​ឲ្យ​ឆ្លង​បារាស។ លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ទៅ​បន់​ស្រន់ នៅ​ព្រះអង្គ ដងកើ មួយ​សន្ទុះ ហើយ​ក៏​បាន​វិល​ត្រឡប់​ទៅ​ទីលាន​ប្រជាធិបតេយ្យ​វិញ។

លោក ថាច់ ស៊ឺនណារ៉េត អាយុ ៧៣ ឆ្នាំ មាន​ដើម​កំណើត​នៅ​កម្ពុជា​ក្រោម ដែល​បាន​មក​រស់​នៅ​ក្នុង​ស្រុក ស្អាង ខេត្ត កណ្តាល តាំង​ពី​ឆ្នាំ ១៩៨៦ បាន​ថ្លែង​នៅ​ចំពោះ​មុខ​កង​កម្លាំង នៅ​តាម​បណ្តោយ​ផ្លូវ សុធារស​ខាង​មុខ​សាល​សន្និសីទ​ចតុមុខ​ថា៖ «អ្វី​ដែល​ពួក​ខ្ញុំ​តវ៉ា ក៏​ដើម្បី​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បាន​សមរម្យ​ដល់​ប៉ូលិស ទាហាន ទាំង​អស់​ផង​ដែរ​»។

ចំណែក លោក ស ប៉ែត អាយុ ៦៦ ឆ្នាំ ពលរដ្ឋ​មក​ពី​ស្រុក ព្រះស្តេច ខេត្ត ព្រៃវែង បាន​ឲ្យ​ដឹង​ថា លោក​ត្រូវ​បាន​អាជ្ញាធរ​បិទ​ផ្លូវ​ចំនួន ៣ កន្លែង គឺ​នៅ​ខេត្ត ព្រៃវែង ១ កន្លែង និង​មក​ដល់​ជិត​ភ្នំពេញ ២ កន្លែង ហើយ​លោក​បាន​ដើរ​ពី​ស្ពាន ព្រះមុនីវង្ស ទៅ​ទីលាន​ប្រជាធិបតេយ្យ។ លោក​បាន​ថ្លែង​ថា៖ «វា​យ៉ាប់​ណាស់ ខ្មែរ​គ្នា​ឯង​ឃាត់​ខ្មែរ​គ្នា​ឯង​ចុះ​វា​ខ្លាច​អី​ក៏​ខ្លាច​ម្លឹងៗ ចាំ​បាច់​បិទ​ផ្លូវ​ធ្វើ​អី បើ​មក​សុទ្ធ​តែ​ដៃ​ទទេ​ហ្នឹង​។ ខ្ញុំ​ឡើង​មក​នេះ​ដើម្បី​មក​រក​សន្លឹក​ឆ្នោត​ខ្ញុំ​វិញ បោះ​ឲ្យ​សង្គ្រោះ​ជាតិ​ឈ្នះ ហេតុ​អី​បាន​ជា​ចាញ់​ទៅ​វិញ​ខ្ញុំ​ឆ្ងល់​ណាស់​អា​កន្លែង​ហ្នឹង»។

លោក ខេង ទីតូ អ្នក​នាំពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​ត្រូវ​បាន​ពង្រាយ​បិទ​ផ្លូវ​មួយ​ចំនួន​ដើម្បី​ការពារ​សុវត្ថិភាព។ លោក​បាន​ថ្លែង​ថា៖ «យើង​ធ្វើ​តាម​ភាព​ជាក់ស្តែង និង​ទៅ​តាម​បាតុករ​គឺ​យើង​រក្សា​ការពារ​សណ្តាប់ធ្នាប់ និង​សន្តិសុខ ដោយ​យើង​ដាក់​ពង្រាយ​កម្លាំង​ជាច្រើន»។

លោក ចាន់ សុវេត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ដែល​តាម​ដាន​ស្ថានការណ៍​នេះ​បាន​ថ្លែង​ថា៖ «ការ​បិទ​ផ្លូវ​គឺជា​ការ​គ្រប់​គ្រង​ស្ថានការណ៍ បើ​មិន​បិទ​វា​អាច​គ្រប់​គ្រង​ស្ថានការណ៍​មិន​បាន ប៉ុន្តែ​វា​ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​អារម្មណ៍​ពលរដ្ឋ​ផង​ដែរ​ធ្វើ​ឲ្យ​គេ​មាន​ការ​ភ័យ​ខ្លាច​»៕

រាយការណ៍​បន្ថែម សូ វិសាល

អត្ថបទគួរចាប់អារម្មណ៍