
ប៉ោយប៉ែតៈ ពលករចំណាកស្រុកមួយក្រុម ដែលមានទឹកមុខភ័យអរ បានអង្គុយនៅសួនខាងក្រៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត កាលពីសប្តាហ៍មុន ដោយរង់ចាំបំពេញសំណុំបែបបទឆ្លងកាត់ច្រកត្រួតពិនិត្យព្រំដែនចូលទៅក្នុងប្រទេសថៃ ដើម្បីការងារល្អប្រសើរ។
ការចាកចេញរបស់ពលករចំណាកស្រុកដើម្បីការងារនៅរោងចក្រ នៅការដ្ឋានសំណង់ និងនៅផ្ទះបាយក្នុងប្រទេសថៃនេះ គឺមានន័យថា ពួកគេនឹងខកខានតាមដានយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ១ខែ ដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ហើយរឹតតែសំខាន់ជាងនេះទៀត វាក៏មានន័យថា ពួកគេនឹងបាត់បង់ឱកាសបោះឆ្នោតផងដែរ។
លោក លឹម អានគីវុធ អាយុ៣៨ឆ្នាំ បានថ្លែងថា៖«ខ្ញុំចង់វិលមកវិញដើម្បីបោះឆ្នោត»។ លោកបន្ថែមថា លោកនឹង«បោះឆ្នោតឲ្យរដ្ឋាភិបាលថ្មី»ប្រសិនបើលោកមានឱកាស។ «ប៉ុន្តែតើខ្ញុំអាចវិលត្រឡប់មកវិញដោយរបៀបណា ? ខ្ញុំមានកិច្ចសន្យាដែលអនុញ្ញាតឲ្យខ្ញុំវិលត្រឡប់មកវិញបន្ទាប់ ពី ១០ ខែប៉ុណ្ណោះ»។
លោក មឿន តុលា ប្រធានកម្មវិធីការងារនៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានថ្លែងថា ប្រជាជនកម្ពុជា ប្រហែល ៥ សែននាក់គឺជាពលករចំណាកស្រុក ទៅធ្វើការនៅថៃគឺស្មើនឹង៥ ភាគរយនៃអ្នកបោះឆ្នោតសរុបនៅកម្ពុជានឹងមិនបានបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ទេ ពីព្រោះពួកគេមិនងាយនឹងអាចវិលត្រឡប់មកវិញបាន។
លោកបានបន្ថែមថា៖ «ដោយសារតែលិខិតឆ្លងដែន និងឯកសារធ្វើដំណើររបស់ពលករចំណាកស្រុកជាច្រើននាក់ ត្រូវបានដកហូតទុកដោយនិយោជក វាពិបាកសម្រាប់ពួកគេវិលត្រឡប់មកវិញដើម្បីបោះឆ្នោត។ យើងគ្មានមណ្ឌលបោះឆ្នោតនៅស្ថានទូត និងកុងស៊ុលក្នុងប្រទេសដទៃទៀតឡើយ»។
លោក អានគី វុធ ដែលជាកម្មករសំណង់មកពីខេត្តបាត់ដំបង បានប្រាប់ ភ្នំពេញ ប៉ុស្ថិ៍ថា លោកបានបង់ប្រាក់២៨០ ដុល្លារឲ្យក្រុមហ៊ុនជ្រើសរើសពលករសម្រាប់ការធ្វើដំណើរទៅកន្លែងការងារ និងលិខិតឆ្លងដែនថ្មី ដែលលោកត្រូវប្រគល់ទៅឲ្យនិយោជកនៅពេលទៅដល់ថៃ។ លោកបន្ថែមថា៖ «ខ្ញុំឆ្ងល់ថាតើមូលហេតុអ្វីក្រុមហ៊ុនចាំបាច់ត្រូវដកហូតលិខិតឆ្លងដែនរបស់ខ្ញុំ»។
រឿងរ៉ាវរបស់លោក អានគី វុធ មិនមែនជារឿងដោយឡែកឡើយ។ នៅជិតនោះ លោក សាឡៃ ម៉ែន ជានិយោជិតនៃក្រុមហ៊ុន Human Resource Development បានថ្លែងថា ប្រជាជនកម្ពុជា២៥នាក់ ដែលលោកបញ្ជូនទៅធ្វើការនៅរោងចក្រអេឡិចត្រូនិក និងគ្រឿងបន្លាស់នៅថៃ ក៏នឹងមិនវិលត្រឡប់មកវិញដែរ។ លោកបានបន្តថា៖ «យោងតាមកិច្ចសន្យា ដែលកម្មករទាំងនេះបានចុះ ពួកគេមិនត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់មកផ្ទះវិញទេ រហូតទាល់តែពួកគេបានធ្វើការ១០ខែសិន»។
លោក ម៉ែន បានបន្ថែមថា ក្រុមហ៊ុនជ្រើសរើសពលករនឹងអនុញ្ញាតពួកគេឲ្យវិលមកផ្ទះវិញ មុនពេលតែក្នុងករណីរដ្ឋាភិបាលកម្ពុជា និងថៃ បញ្ជានិយោជក ឲ្យផ្តល់ពេលឈប់សម្រាកដល់កម្មករ ដើម្បីមកបោះឆ្នោតប៉ុណ្ណោះ។ លោកបានបន្តថា៖ «ពេលនោះ ក្រុមហ៊ុនខ្ញុំនឹងធ្វើតាមបញ្ជារបស់រដ្ឋាភិបាល»។
ការចិញ្ចឹមជីវិតជារឿងចម្បង
ស្រ្តីវ័យក្មេងម្នាក់ ដែលប្រាប់ឈ្មោះថា ធឿន មកពីខេត្តស្វាយរៀង បានថ្លែងថា បំណុល បានជំរុញនាងឲ្យធ្វើចំណាកស្រុក ទៅរកការងារប្រាក់ខែច្រើននៅថៃហើយឱកាសនៃការបោះឆ្នោត គឺជាអ្វីដែលនាងនឹងលះបង់ជាការដោះដូរ។ នាងបានបន្តថា៖ «ខ្ញុំចង់បោះឆ្នោត ប៉ុន្តែគ្មានផ្លូវខ្ញុំអាចវិលមកវិញបានទេ ព្រោះខ្ញុំត្រូវធ្វើការដើម្បីរកប្រាក់»។ នាងបានបន្តថា នាងនឹងដេរបាវអង្ករនៅរោងចក្រក្នុងទីក្រុងបាងកក។
នាងបានឲ្យដឹងថា៖ «ខ្ញុំមានបំណុលផ្ទាល់ខ្លួនដែលត្រូវបង់ការប្រាក់ខ្ពស់។ ខ្ញុំត្រូវការប្រាក់ ដើម្បីបង់សងបំណុល បើមិនអ៊ីចឹងទេ ខ្ញុំនឹងត្រូវខ្ចីប្រាក់គេថែមទៀត។ ចំពោះខ្ញុំពេលនេះ ការរកប្រាក់ដើម្បីជីវភាព វាគឺជាអាទិភាពរបស់ខ្ញុំមិនមែនការបោះឆ្នោតទេ»។ ប៉ុន្តែ លោក មឿន តុលា បានបញ្ជាក់ថា ការរកប្រាក់ និងការមានឱកាសបោះឆ្នោតមិនគួរមានមួយគ្មានមួយឡើយ។ លោកបានបន្ថែមទៀតថា ទោះជាយ៉ាងណា រដ្ឋាភិបាលពុំបានបង្ហាញពីឆន្ទៈពិភាក្សាការទូតជាមួយនឹងប្រទេសគោលដៅ អំពីការបង្កើតមណ្ឌលបោះឆ្នោតសម្រាប់ពលករចំណាកស្រុក ដូចជាអ្នកនាងធឿន នេះឡើយ។
លោក តុលា បានបញ្ជាក់ទៀតថា៖«[ពលករចំណាកស្រុក] មានសិទិ្ធបោះឆ្នោតឲ្យមេដឹកនាំរបស់ខ្លួន។ ហិបបោះឆ្នោត គួរបង្កើតឡើងនៅក្បែរកន្លែងដែលពួកគេធ្វើការ»។
លោកហង្ស ពុទ្ធានាយកប្រតិបតិ្តនៃគណៈកម្មាធិការអព្យាក្រឹត និងយុតិ្តធម៌ ដើម្បីការបោះឆ្នោតដោយសេរី នៅកម្ពុជា (NIFEC) យល់ស្របដូចលោក មឿង តុលា ដែរ។ លោកបានបញ្ជាក់ថា៖«គ.ជ.ប ក្រសួងមហាផ្ទៃ ក្រសួងការបរទេស គួររៀបចំប្រអប់បោះឆ្នោត នៅស្ថានទូត និងស្ថានកុងស៊ុល ក្នុងបណ្តាប្រទេសដែលប្រជាជនកម្ពុជាធ្វើការ ដើម្បីផ្តល់ឱកាសបោះឆ្នោត ដល់ពួកគេ ប្រសិនបើពួកគេចង់បោះឆ្នោត»។
លោក ហង្ស ពុទ្ធា បានបន្តថា តាមពិត ពលករចំណាកស្រុក គ្មានឱកាសវិលមកបោះឆ្នោតទេ ព្រោះនិយោជករបស់ពួកគេមិនឲ្យពួកគេសុំច្បាប់ឈប់សម្រាកឡើយ ហើយបើទោះបីជាពួកគេអាចសុំច្បាប់បានក៏ពួកគេមិនអាចមានលទ្ធភាព បង់ថ្លៃធ្វើដំណើរទៅមកបានដែរ»។
លោក តុលា បានបន្តថា ពលករចំណាកស្រុក ដែលវិលត្រឡប់មកផ្ទះវិញក៏បានលើកឡើងអំពីបញ្ហាទូលំទូលាយ ដូចជា ភាពស្របច្បាប់ និងលទ្ធភាពនៃការបោះឆ្នោតផងដែរ។ លោកបានបន្ថែមថា៖ «នេះជាប្រទេសក្រីក្រ ប៉ុន្តែ តាមច្បាប់ យើងនៅតែតម្រូវឲ្យប្រជាជនដែលធ្វើចំណាកស្រុកទៅធ្វើការឆ្ងាយៗ ត្រូវវិលមកភូមិកំណើតវិញដើម្បីបោះឆ្នោត។ វាចំណាយប្រាក់ច្រើន។ រដ្ឋសភា ចាំបាច់ត្រូវពិចារណាចំណុចនេះ ហើយធ្វើវិសោធនកម្មច្បាប់»។
បើយោងតាមរបាយការណ៍ Sending Money Home to Asia របស់អង្គការមូលនិធិអន្តរជាតិដើម្បីការអភិវឌ្ឍកសិកម្ម (IFAD) បានឲ្យដឹងថា ពលករចំណាកស្រុកកម្ពុជា បានផ្ញើប្រាក់មកផ្ទះវិញចំនួន២៥៦ លានដុល្លារក្នុងឆ្នាំ២០១២ ជាតួលេខ ដែលបញ្ជាក់អំពីសារៈសំខាន់ របស់ពលករចំណាកស្រុកចំពោះសេដ្ឋកិច្ចកម្ពុជា។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុតិ្តធម៌នៅកម្ពុជា បានថ្លែងថា៖ «ការចូលរួមចំណែករបស់ពួកគេ មិនត្រឹមតែប្រាក់ទេ»។ លោកបន្តថា ការផ្តល់ឱកាសដល់ពួកគេដើម្បីបោះឆ្នោតនឹងជាការល្អប្រសើរចំពោះលទ្ធិប្រជាធិបតេយ្យដែលរួមបញ្ចូលប្រជាពលរដ្ឋទាំងអស់។ លោកបន្តថា៖«ខ្ញុំមិនអាចផ្តល់អនុសាសន៍ជាក់លាក់ទេ ប៉ុន្តែប្រទេសជាច្រើនប្រើស្ថានទូតធ្វើជាកន្លែងបោះឆ្នោត»។
លោកបញ្ញាបានបន្តថា ក្រុមពលករចំណាកស្រុកទាំងឡាយ ដែលរស់នៅក្នុងបណ្តាខេត្តផ្សេងៗ ប៉ុន្តែធ្វើការនៅថៃគួរត្រូវបានអនុញ្ញាតឲ្យចូលមកបោះឆ្នោតក្នុង ខេត្តបន្ទាយមានជ័យ មិនគួរឲ្យពួកគេធ្វើដំណើទៅបោះឆ្នោតនៅស្រុកកំណើតដែលនៅឆ្ងាយនោះទេ។ លោកបញ្ជាក់ថា៖«ពីមុនខេត្តនេះជាបន្ទាយរបស់បក្សប្រឆាំង និងហ៊្វុនស៊ិនប៉ិចឥឡូវនេះ ដោយមានការកំហិតចាប់តាំងពីឆ្នាំ២០០៣ វាបានក្លាយជាបន្ទាយរបស់គណបក្សប្រជាជនកម្ពុជាវិញ»។
លោក អ៊ុំ មាន រដ្ឋលេខាធិការនៅក្រសួងការងារ បានថ្លែងថា សេចក្តីសម្រេចអំពីថា តើកម្មករ ត្រូវវិលត្រឡប់មកវិញឬយ៉ាងណា? ចាំបាច់ត្រូវសម្រេច ក្នុងលក្ខខណ្ឌនៃកិច្ចសន្យារវាងកម្មករ និងនិយោជក មិនមែនដោយរដ្ឋាភិបាលទេ។ លោកបានបន្ថែមថា៖ «ប៉ុន្តែយើងជឿជាក់យ៉ាងមុតមាំថា ក្រុមហ៊ុនជ្រើសរើសពលករនៅកម្ពុជានឹងយល់ និងពន្យារកម្មវិធីរបស់ពួកគេ ទៅដល់ក្រោយការបោះឆ្នោត»។
សមាជិកតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា ពុំអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
មានសិទិ្ធ តែគ្មានឱកាស
លោក យឹម សុវណ្ណ អ្នកនាំពាក្យនៃគណបក្សសង្គ្រោះជាតិបានថ្លែងថា រដ្ឋាភិបាលមានការទទួលខុសត្រូវផ្តល់ឱកាសដល់ពលករចំណាកស្រុក ដើម្បីបោះឆ្នោត ទោះពួកគេនៅទីណាក៏ដោយ។
លោកបានបន្ថែមថា៖ «រដ្ឋាភិបាល ត្រូវបង្កើតមណ្ឌលបោះឆ្នោតនៅតាមប្រទេសដែលមានស្ថានទូត ឬកុងស៊ុលកម្ពុជាដើម្បីអនុញ្ញាតឲ្យពលករទាំងនោះចូលរួមបោះឆ្នោត។ ប៉ុន្តែឥឡូវនេះ រដ្ឋាភិបាលនេះសង្ស័យថា ពលករចំណាកស្រុកទាំងនោះអាចមិនគាំទ្រគណបក្សកាន់អំណាច»។
លោក តុលា ពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានជឿជាក់ថា ប្រជាជនកម្ពុជាភាគច្រើនដែលធ្វើការនិងរស់នៅក្រៅ ប្រទេស រាប់ទាំងនៅកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិកអាចនឹងបោះឆ្នោតឲ្យគណបក្សប្រឆាំង។ លោកបានបន្តថា នេះគឺដោយសារកត្តាជំរុញទៅថៃ ដែលរាប់បញ្ចូលទាំងការចាប់យកដីធ្លី និងហិរញ្ញវត្ថុមិនល្អ ខណៈដែលបទពិសោធនៅប្រទេសដទៃទៀតផ្តល់ទស្សនវិស័យទូលំទូលាយអំពីរបៀបដែលកម្ពុជាត្រូវបានគ្រប់គ្រង។
លោកបានឲ្យដឹងទៀតថា៖ «ពួកគេមើលឃើញការអភិវឌ្ឍក្នុងប្រទេសដទៃទៀត និងសក្តានុពល ដែលប្រទេសកម្ពុជា អាចនឹងអភិវឌ្ឍលឿនជាងមុន។ ប្រសិនបើពួកគេអនុញ្ញាតឲ្យប្រជាជនកម្ពុជាបោះឆ្នោតនៅស្ថានកុង ស៊ុល ឬស្ថានទូតខ្ញុំជឿជាក់ថា ពួកគេនឹងមិនបោះឆ្នោតឲ្យគណបក្សប្រជាជនទេ»។
ប៉ុន្តែបើគិតអំពីឱកាស ពលករចំណាកស្រុកខ្លះមិនបានបោះឆ្នោតទាល់តែសោះ។
រង់ចាំនៅច្រកព្រំដែន លោក ងឹម ឆេង អាយុ ៣៣ ឆ្នាំ មកពីខេត្តតាកែវ បានថ្លែងថា លោកមានបញ្ហាជីវភាពបន្ទាន់ត្រូវដោះស្រាយ និងព្រួយបារម្ភជាងការជ្រើសរើសមេដឹកនាំប្រទេសទៅទៀត។ លោកបានបន្តថា៖ «ខ្ញុំមិនខ្វល់អំពីការបោះឆ្នោតទៀតទេ។ បើទោះបី ជាខ្ញុំបោះឆ្នោត ក៏គ្មានអ្វីផ្លាស់ប្តូរទេ នៅកម្ពុជាគ្រួសារ និងសហគមន៍ខ្ញុំនៅតែក្រ»។ «នេះជាឱកាសលើកទី ១ របស់ខ្ញុំទៅធ្វើការនៅថៃ។ គ្រួសារខ្ញុំក្រ ហើយខ្ញុំត្រូវរកប្រាក់ចំណូលដើម្បីចិញ្ចឹមពួកគេ»៕ TK