The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ព្រះ​មហាក្សត្រ​អញ្ជើញ​មេ​គណបក្ស​ធំ​ពីរ​ឲ្យ​ចូល​ប្រជុំ​ក្នុង​ព្រះ​បរម​រាជវាំង​នៅ​ថ្ងៃ​ស្អែក​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ




ព្រះ​មហាក្សត្រ​អញ្ជើញ​មេ​គណបក្ស​ធំ​ពីរ​ឲ្យ​ចូល​ប្រជុំ​ក្នុង​ព្រះ​បរម​រាជវាំង​នៅ​ថ្ងៃ​ស្អែក​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ

ព្រះ​មហាក្សត្រ​អញ្ជើញ​មេ​គណបក្ស​ធំ​ពីរ​ឲ្យ​ចូល​ប្រជុំ​ក្នុង​ព្រះ​បរម​រាជវាំង​នៅ​ថ្ងៃ​ស្អែក​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ

Content image - Phnom Penh Post

ភ្នំពេញៈ ព្រះ​មហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី បាន​ចេញ​ព្រះ​រាជសារ​អញ្ជើញ​មេ​ដឹក​នាំ​គណបក្ស​ធំៗ​ឈ្នះ​ឆ្នោត ចូល​រួម​ប្រជុំ​នៅ​ថ្ងៃ​ទី១៤ ខែ កញ្ញា នៅ​ក្នុង​ព្រះ​បរម​រាជវាំង​ក្រោម​ព្រះ​រាជាធិបតី​របស់​ព្រះអង្គ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ នៅ​ខណៈ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ព្រមាន​ថា ជន​ណា​ក៏​ដោយ​ដែល​មិន​គោរព​តាម​សេចក្តី​សម្រេច​របស់​ខ្លួន អាច​ប្រឈម​នឹង​ទោស​ជាប់​ពន្ធនាគារ បន្ទាប់​ពី​គណបក្ស​ប្រឆាំង បាន​ប្រកាស​ថា ខ្លួន​បាន​ប្តឹង​មន្រ្តី​ជាន់​ខ្ពស់​បី​នាក់​នៃ​គណៈកម្មាធិការ​ជាតិ រៀបចំ​ការ​បោះឆ្នោត។

នៅ​ក្នុង​ព្រះ​រាជសារ​របស់​ព្រះ​មហាក្សត្រ​ព្រះបាទ នរោត្តម សីហមុនី ដែល​បាន​ចេញ​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ទ្រង់​បាន​ត្រាស់​បង្គាប់​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន រួម​នឹង​សហការី​ចំនួន ២រូប និង​លោក សម រង្ស៊ី និង​សហការី ២ រូប អញ្ជើញ​ចូល​រួម​ប្រជុំ​ក្រោម​ព្រះ​រាជា​ធិបតី​នៃ​ព្រះអង្គ​ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ជាតិ​ដែល​កំពុង​កើត​មាន។​ជំនួប​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​សៅរ៍​ម៉ោង ៩ ព្រឹក​នៅ​មហា​ប្រាសាទ ខេមរិន្ទ ក្នុង​ព្រះ​បរម រាជវាំង។

ជា​ការ​ឆ្លើយ​តប​ភ្លាមៗ​នោះ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​តប​ថា​នឹង​ចូល​រួម​ប្រជុំ​តាម​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ។

ក្នុង​លិខិត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​បន្ត​ថា៖ «ទូល​ព្រះបង្គំ​ជា​ខ្ញុំ​នឹង​ដឹកនាំ​សហការី​ចំនួន ២ រូប គឺ ឯកឧត្តម សាយ ឈុំ និង ឯកឧត្តម ស ខេង»។

ទាក់ទិន​ទៅ​នឹង​ព្រះ​រាជសារ​របស់​ព្រះអង្គ លោក សុខ ទូច​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​បាន​ថ្លែង​ឲ្យ​ដឹង​ថា វា​គឺជា​ការ​ពិត​ណាស់​ក្នុង​ករណី​បើ​ព្រះ​មហាក្សត្រ​មិន​កោះ​អញ្ជើញ​អ្នក នយោបាយ​ទាំង​ពីរ ហើយ​បើ​មាន​បញ្ហា​ទៅ​ថ្ងៃ​ក្រោយ​នោះ​គឺ​សោកនាដកម្ម​របស់​ប្រជាជន​ខ្មែរ ហើយ​ក៏​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​ព្រះ​មហាក្សត្រ​មាន​ចែង​ក្នុង​មាត្រា​ទី៨ និង​មាត្រា​ទី៩ ផង​ដែរ។

លោក​បាន​ថ្លែង​ថា៖ «ប្រសិន​បើ​អ្នក​នយោបាយ​ទាំង​ពីរ​មិន​ចូល​គឺ​ព្រះអង្គ​មិន​ខុស​ទេ ហើយ​អ្នក​នយោបាយ​ក៏​មិន​ហ៊ាន​បដិសេធ​ដែរ ប្រសិន​បើ​ហ៊ាន​បដិសេធ​ប្រជាជន​នឹង​សម្លឹង​មើល​អ្នក​នយោបាយ​ដែល​មិន គោរព​រដ្ឋ​ធម្មនុញ្ញ»។

កាល​ពី​ថ្ងៃ​ម្សិលមិញ គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​ពាក្យ​ប្តឹង​ចោទ​ប្រកាន់​លោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប លោក ទេព នីថា អគ្គ​លេខាធិការ គ.ជ.ប និង​លោក ហឿ រ៉ុង ប្រធាន​ប្រតិបតិ្តការ​ពី​បទ​ក្លែង​លិខិត​សាធារណៈ។

លោក កើត ឃី មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា គណបក្ស​មាន​ភ័ស្តុតាង​ជាច្រើន​ដើម្បី​គាំទ្រ​ការ​ចោទ​ប្រកាន់។

លោក កើត ឃី បាន​បញ្ជាក់​ថា៖ «យើង​មាន​ឯកសារ​ដាក់​បន្ទុក។ យើង​នឹង​ដាក់​ជូន​ព្រះ​រាជអាជ្ញា​នៅ​ពេល​តុលាការ​កោះ​ដើម​បណ្តឹង​ឲ្យ​ចូល​ខ្លួន។ យើង​ប្តឹង​ដើម្បី​រក​យុតិ្តធម៌​ដែល​យើង​ចង់​បាន»។ លោក​បាន​បន្ថែម​ថា ប្រសិន​បើ​សាលា​ដំបូង​ច្រាន​ចោល​ពាក្យ​បណ្តឹង​គណបក្ស​សង្គ្រោះ​ជាតិ​នឹង ប្តឹង​ទៅ​សាលា​ឧទ្ធរណ៍។

ក្នុង​សេចក្តី​ថ្លែង​ការណ៍​ដែល​ចេញ​ផ្សាយ​ដោយ​គណបក្ស កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​ភ័ស្តុតាង​ដែល​ថា ក្រុម​នេះ​បាន​ក្លែង​ឈ្មោះ បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត ក្លែង​ឯកសារ​អត្តសញ្ញាណ ក្លែង​លទ្ធផល​បោះឆ្នោត និង «រំលោភ​ច្បាប់ បទ​ប្បញ្ញតិ្ត និង​នីតិវិធី​នៃ​ការ​បោះឆ្នោត»។

130913_01
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុប្រធានគណបក្សប្រជាជនកម្ពុជា (ឆ្វេង)និង លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ហេង ជីវ័ន

លោក សួស្តី បាន​ថ្លែង​ថា លោក​មិន​បារម្ភ​ចំពោះ​ពាក្យ​បណ្តឹង​នេះ​ទេ ហើយ​លោក​នឹង​រីក​រាយ​ក្នុង​ការ​បំភ្លឺ​ពី​ជំហរ​របស់​លោក​នៅ​ចំពោះ​មុខ​តុលាការ ប្រសិន​បើ​លោក​ត្រូវ​បាន​កោះ​ឲ្យ​ឆ្លើយ​បំភ្លឺ។

លោក អ៊ឹម សួស្តី បាន​បញ្ជាក់​ថា៖ «អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​កន្លង​មក គឺ​អនុលោម​តាម​ច្បាប់ តាម​នីតិវិធី​របស់​ខ្ញុំ»។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ជា​យូរ​មក​ហើយ​ថា ភាព​មិន​ប្រក្រតី​ជាច្រើន​ដែល​ចង្អុល​បង្ហាញ​ដោយ​សង្គម​ស៊ីវិល ប៉ះពាល់​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោត។ ពាក្យ​បណ្តឹង​របស់​ខ្លួន​ស្តីពី​បញ្ហា​នៅ​តាម​មណ្ឌល​បោះឆ្នោត​ត្រូវ​បាន​ច្រាន​ចោល​ដោយ គ.ជ.ប។ នៅ​ពេល​គណបក្ស​នេះ​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ស្ថាប័ន​មួយ​នេះ​ក៏​បាន​សម្រេច​ថា ភាព​មិន​ប្រក្រតី​ពុំ​ធ្ងន់​ធ្ងរ​ជា​ហេតុ​ធ្វើ​ឲ្យ​មិន​មាន​ការ​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ ឬ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ឡើយ។

កាល​ពី​សប្តាហ៍​មុន រយៈ​ពេល​តែ ២ ថ្ងៃ​មុន​ពេល គ.ជ.ប ចេញ​ផ្សាយ​លទ្ធផល​បោះឆ្នោត​ចុង​ក្រោយ​ដែល​បញ្ជាក់​ថា គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ច្រាន​ចោល​បណ្តឹង​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​រិះគន់​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដោយ​លើក​ឡើង​អំពី​ក្តី​បារម្ភ​ចំពោះ​របៀប​ផ្ទៀង​ផ្ទាត់​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​ក្នុង​អំឡុង​សវនាការ​ជាច្រើន។

ប៉ុន្តែ​កាល​ពី​ម្សិលមិញ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ព្យាយាម​ធ្វើ​ការ​ព្រមាន​ជា​សាធារណៈ​ថា សេចក្តី​សម្រេច​របស់​ខ្លួន​ជា​សេចក្តី​សម្រេច​ចុង​ក្រោយ។ សេចក្តី​ថ្លែង​ការណ៍​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​លើក​ឡើង​ថា៖ «[ទាំង​នេះ] គឺជា​សេចក្តី​សម្រេច​ចុង​ក្រោយ បិទ​ផ្លូវ​តវ៉ា ដោយ​មាន​អំណាច​អនុវត្ត​ចំពោះ​អំណាច​ទាំង​អស់ ដូច​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ»។

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ព្រមាន​ថា បុគ្គល​ណា ដែល​មិន​គោរព «សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ឬ​រាំង​ស្ទះ​ដំណើរការ» អាច​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​រហូត ១ ឆ្នាំ ផ្អែក​លើ​មាត្រា ៣៦ នៃ​ច្បាប់​ស្តីពី​ការ​រៀបចំ​និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ»។

អ្នក​ជំនាញ និង​អ្នក​វិភាគ​ច្បាប់ បាន​ថ្លែង​ថា ការ​ព្រមាន​នេះ​មិន​ពាក់​ព័ន្ធ​នឹង​បណ្តឹង​ទេ ប៉ុន្តែ​អាច​មាន​គោល​បំណង​ជា​ការ​ព្រមាន​ដល់​ប្រជាជន​ទូទៅ។

លោក គល់ បញ្ញា នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត​ខុមហ្វ្រែល បាន​ថ្លែង​ថា៖ «គេ​គ្រាន់​តែ​ចង់​ធ្វើ​ឲ្យ​ប្រជាជន​ខ្លាច​អំណាច​ពួក​គេ។ មនុស្ស​ជាច្រើន​បាន​រិះគន់​សេចក្តី​សម្រេច​របស់​ពួក​គេ»។

លោក កែម ឡី អ្នក​វិភាគ​ម្នាក់​ទៀត​បាន​ថ្លែង​ថា លោក​ងឿង​ឆ្ងល់​ផង​ដែរ​ដែល​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ព្យាយាម​ដាក់​ទោស​លើ​គណបក្ស​សង្គ្រោះ​ជាតិ លើ​បណ្តឹង​ដែល​ហាក់​ដូច​ជា មិន​គោរព​តាម​សេចក្តី​សម្រេច​មុន​របស់​ខ្លួន។

លោក​បាន​បន្ត​ថា៖ «សូម្បី​តែ​គណបក្ស​ប្រជាជន​ត្រូវ​ការ​ការ​សម្រប​សម្រួល​ខាង​នយោបាយ។ គេ​នឹង​មិន​ពិចារណា​រឿង​ក្តី​នេះ​ទេ ហើយ​នឹង​ស្វែង​រក​ការ​សម្រុះ​សម្រួល​ខាង​នយោបាយ»។

លោក អ៊ុត ឈន អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បាន​បដិសេធ​មិន​ពន្យល់​ថា តើ​ការ​ព្រមាន​នេះ​តម្រង់​រក​អ្នក​ណា​ឡើយ។

លោក អ៊ុត ឈន បាន​លើក​ឡើង​ថា៖ «ខ្ញុំ​មិន​ចង់​និយាយ​ទេ។ យើង​បាន​ធ្វើ​ច្បាប់​។ យើង​គួរ​គោរព​ច្បាប់ ហើយ​ពេល​ខ្លះ ពេល​គេ​ប្រើ​ច្បាប់​មក​ដោះស្រាយ​បញ្ហា អ្នក​ផ្សេង​ចោទ​ថា គេ​ប្រើ​តុលាការ​មក​ដាក់​សម្ពាធ»។

ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ហាក់​ដូចជា​មិន​ព្រួយ​បារម្ភ​អំពី​សេចក្តី​ប្រកាស​នេះ​ទេ។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​បក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​ថា៖ «យើង​មិន​បារម្ភ​ទាល់​តែ​សោះ​យើង​មាន​សិទិ្ធ​បញ្ចេញ​មតិ​ប្រសិន​យើង​គិត​ថា សេចក្តី​សម្រេច​មិន​យុតិ្តធម៌​ចំពោះ​យើង។ យើង​មិន​យក​ចិត្ត​ទុក​ដាក់​លើ​សេចក្តី​សម្រេច​ធ្វើ​ឡើង​ដោយ គ.ជ.ប និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទេ»៕ TK

អត្ថបទគួរចាប់អារម្មណ៍