The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មេ​ដឹក​នាំ​គណបក្ស​ធំ​ពីរ​ពុំ​បាន​ជួប​គ្នា​បង្ហាញ​សញ្ញា​អវិជ្ជមាន​ក្នុង​ការ​ទម្លុះ​ភាព​ជាប់​គាំង




មេ​ដឹក​នាំ​គណបក្ស​ធំ​ពីរ​ពុំ​បាន​ជួប​គ្នា​បង្ហាញ​សញ្ញា​អវិជ្ជមាន​ក្នុង​ការ​ទម្លុះ​ភាព​ជាប់​គាំង

មេ​ដឹក​នាំ​គណបក្ស​ធំ​ពីរ​ពុំ​បាន​ជួប​គ្នា​បង្ហាញ​សញ្ញា​អវិជ្ជមាន​ក្នុង​ការ​ទម្លុះ​ភាព​ជាប់​គាំង

130912_01
ព្រះករុណា ព្រះបាទនរោត្តម សីហមុនី បានសម្តែងការស្វាគមន៍ចំពោះមន្ត្រីដែលបានទៅទទួលអមដំណើរយាងវិលត្រឡប់ពីពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គ ហេង ជីវ័ន

ភ្នំពេញៈ ក្តី​សង្ឃឹម​របស់​អ្នក​វិភាគ និង​បណ្ឌិត​នយោបាយ​ថា ការ​យាង​ត្រឡប់​របស់​ព្រះ​មហាក្សត្រ​នឹង​នាំ​ទៅ​រក​កិច្ច​ប្រជុំ​រវាង​មេ​ដឹក​នាំ​នៃ​គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​នោះ បាន​លិច​បាត់​កាល​ពី​ម្សិលមិញ នៅ​ពេល​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​បាន​ព្រងើយ​កន្តើយ​ដាក់​គ្នា នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

មន្រ្តី​រដ្ឋាភិបាល​ជាន់​ខ្ពស់ គណបក្ស​ប្រឆាំង និង​ព្រះ​បរម​រាជវាំង​ប្រហែល ៥០ រូប​បាន​ប្រមូល​ផ្តុំ​គ្នា​ក្រោម​តំណក់​ទឹក​ភ្លៀង​ដើម្បី​មក​ទទួល​ការ​យាង​មក​ដល់​របស់​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ពី​ទីក្រុង ប៉េកាំង កាល​ពី​ម្សិលមិញ។

យោង​តាម​ប្រភព​ពី​គណបក្ស​ប្រឆាំង​បាន​ឲ្យ​ដឹង​ថា សូម្បី​តែ​ងក់​ក្បាល​ក៏​គ្មាន​ដែរ រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ដោយ​សារ​តែ​មនុស្ស​ច្រើន​ពេក​បាន​រារាំង​អ្នក​ទាំង​ពីរ​មិន​ឲ្យ​ជួប​គ្នា​ត​ទល់។

លោក​ស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង បាន​ថ្លែង​បន្ទាប់​ពី​ព្រឹត្តិការណ៍​នោះ​ថា៖ «ពុំ​មាន​ការ​ទំនាក់​ទំនង​អ្វី​ទេ»។

លោក ជាម យៀប តំណាង​រាស្រ្ត​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត ថា លោក សម រង្ស៊ី ស្ថិត​ក្នុង​ឋានៈ​ទាប​ជាង​លោក​នាយក​រដ្ឋ​មន្រ្តី គួរ​តែ​លោក សម រង្ស៊ី ដែល​ជា​អ្នក​ចាប់ផ្តើម​ការ​ស្វាគមន៍​រវាង​អ្នក​ទាំង​ពីរ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «វា​មិន​ស័ក្តិសម​ទេ សម្រាប់​សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​គណបក្ស​ឈ្នះ​ឆ្នោត​ស្វាគមន៍​លោក សម រង្ស៊ី នោះ»។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទិ្ធ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា ការ​ខក​ខាន​មិន​ជួប​គ្នា​រវាង​មេ​ដឹក​នាំ​គឺ​ជា​រឿង​មិន​ល្អ​ទេ។ លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​គិត​ថា​មនុស្ស​អាច​មាន​ចំណុច​ខុស​គ្នា ប៉ុន្តែ​ចុង​បញ្ចប់​គេ​គួរ​ស្វាគមន៍​គ្នា។ វា​នឹង​ជា​សញ្ញា​ល្អ​ផ្ញើ​ជូន​សាធារណជន​កម្ពុជា​ដែល​គ្មាន​អ្នក​ណា​ចាត់​ទុក​គ្នា​ជា​សត្រូវ​ឡើយ»។

មេឃ​ពោរ​ពេញ​ទៅ​ដោយ​ពពក​ខ្មៅ​ខណៈ​ដែល​មេ​ដឹក​នាំ និង​អ្នក​ហែ​ហម​រង់​ចាំ ក្នុង​បន្ទប់ វីអាយភី ដាច់​ដោយ​ឡែក​ពី​គ្នា ទទួល​យន្តហោះ​ដែល​ដឹក​ព្រះ​មហាក្សត្រ និង​ព្រះ​មហាក្សត្រិយ៍ នរោត្តម មុនិនាថ មក​ដល់​កាល​ពី​រសៀល​ថ្ងៃ​ពុធ​ម្សិលមិញ។

ព្រះ​មហាក្សត្រ​បាន​គង់​នៅ​ទីក្រុង ប៉េកាំង ជិត ១ ខែ ដើម្បី​ធ្វើ​ការ​ពិនិត្យ​ព្រះ​រាជ​សុខភាព​ជា​ប្រចាំ រយៈ​ពេល​យូរ។

ខណៈ​ការ​ជាប់​គាំង​នយោបាយ​បាន​បន្ត​នា​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ មនុស្ស​ជាច្រើន​នាក់​បាន​សម្លឹង​ទៅ​ស្ថាប័ន​ព្រះ​មហាក្សត្រ ជា​ស្ថាប័ន​ចុង​ក្រោយ​ដែល​អាច​រក​ដំណោះស្រាយ​សន្តិភាព​ចំពោះ​ភាព​ជាប់​គាំង​នយោបាយ​នេះ ដោយ​ក្តី​សង្ឃឹម​ថា ការ​យាង​មក​ដល់​កាល​ពី​ម្សិលមិញ​នឹង​បំបែក​ភាព​ជាប់​គាំង​នោះ។

លោក សម រង្ស៊ី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​អាកាសយានដ្ឋាន​កាល​ពី​ម្សិលមិញ​ថា៖ «ការ​យាង​មក​ដល់​របស់​ព្រះ​មហាក្សត្រ​មាន​ន័យ​ថា យើង​សង្ឃឹម​មាន​ដំណោះស្រាយ​នយោបាយ ប៉ុន្តែ ក្នុង​គោលការណ៍​យុតិ្តធម៌ និង​តម្លាភាព​ជូន​ប្រជាជន​កម្ពុជា»។ ទោះ​ជា​យ៉ាង​ណា លោក​បាន​បន្ត​ថា ព្រះ​មហាក្សត្រ និង​ព្រះមាតា​ពុំ​បាន​សម្តែង​អ្វី​ចំពោះ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​មក​ទទួល​ស្វាគមន៍​ទេ ហើយ​ថា លោក​នៅ​ទី​នោះ​មិន​បាន​ធ្វើ​អ្វី​ទេ​ក្រៅ​ពី​សំពះ និង​ស្វាគមន៍​ព្រះ​ប្រមុខ​រដ្ឋ។

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​និង​កំពុង​ទទូច​នៅ​សប្តាហ៍​នេះ​ថា ពួក​គេ​ចង់​ឲ្យ​មាន​អន្តរាគមន៍​ពី​ព្រះ​មហាក្សត្រ​ដើម្បី​ជួយ​ដោះស្រាយ បញ្ហា​ជាប់​គាំង​នយោបាយ​បើ​ទោះ​បី​ជា​ភាព​ជាក់​លាក់​អំពី​អ្វី​ដែល​ពួក​គេ​អាច​នឹង​យល់​ព្រម​នៅ​មិន​ទាន់​បង្ហាញ​ឲ្យ​ដឹង​ច្បាស់​ក៏​ដោយ។

ពេល​សួរ​ថា​តើ​កិច្ច​ប្រជុំ​មួយ​រវាង​ភាគី​ទាំង​ពីរ​ក្រោម​អធិបតី​ព្រះ​មហាក្សត្រ​នឹង​កើត​មាន​នា​ពេល​ខាង​មុខ​ឆាប់ៗ​ឬ​អត់​នោះ លោក សម រង្ស៊ី បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា លទ្ធភាព​នៃ​កិច្ច​ប្រជុំ​បែប​នេះ​នឹង​កើត​មាន​ខណៈ​ដែល​ស្ថានការណ៍ វិវឌ្ឍ​ទៅ​មុខ។ លោក​ថា៖ «យើង​ទាំង​អស់​គ្នា​គោរព​ព្រះ​មហាក្សត្រ ហើយ​យើង​កំពុង​រង់​ចាំ​ស្តាប់​ដំបូន្មាន​ពី​ព្រះ​មហាក្សត្រ យើង​នឹង​ពិចារណា»។

តំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ក៏​បាន​ថ្លែង​ផង​ដែរ​ថា កិច្ច​ប្រជុំ​មួយ​មិន​ទាន់​ត្រូវ​បាន​កំណត់​គ្រោង​នៅ​ឡើយ​ទេ។ លោក​ថ្លែង​ថា៖ «តាម​ដែល​ខ្ញុំ​ដឹង​មិន​មាន​ភ្លើង [ខៀវ] សម្រាប់​កិច្ច​ប្រជុំ​លំដាប់​កម្រិត​កំពូល​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​ទេ។ [ប៉ុន្តែ] គណបក្ស​ប្រជាជន​កម្ពុជា ដូច​តែង​តែ​ធ្វើ​បើក​ចំហ [សម្រាប់​ការ​ចរចា]»។

បើ​ទោះ​បី​ជា​ព្រះ​មហាក្សត្រ​បាន​សន្យា​ថា​នឹង​ធ្វើ​ជា​អធិបតី​លើ​សម័យ​ប្រជុំ​ដំបូង​នៃ​សភា​នៅ​ថ្ងៃ​ទី២៣ កញ្ញា ក៏​ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​ថា ខ្លួន​នឹង​ធ្វើ​ពហិការ​ចំពោះ​សម័យ​ប្រជុំ​នេះ ប្រសិន​បើ​មិន​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​ទៅ​លើ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះឆ្នោត និង​អំពាវនាវ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ចូល​រួម​ធ្វើ​បាតុកម្ម​បន្ត នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​រាជធានី​ភ្នំពេញ​ពី​ថ្ងៃ​ទី១៥‑១៧ កញ្ញា។

ទោះ​យ៉ាង​ណា​ក្តី​ក៏​ដោយ លោក ឡុង ឌីម៉ង់ មន្ត្រី​អ្នក​នាំ​ពាក្យ​សាលា​រាជធានី បាន​ថ្លែង​ថា គណបក្ស​បាន​យល់​ព្រម​ថា ការ​តវ៉ា​នឹង​មិន​ប្រមូល​ផ្តុំ​ទូទាំង​ផ្លូវ​នានា​នោះ​ទេ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «ចំណុច​ពីរ​ដែល​យើង​នឹង​មិន​ទាន់​ឈាន​ដល់​ការ​ឯកភាព​គ្នា​គឺ​អំពី​ការ​ស្នាក់នៅ​ពេល​យប់​នៅ​ទី​នោះ​និង​ចំនួន​ប្រជាជន​ដែល​អាច​ចូល​រួម​បាតុកម្ម​នេះ»។

លោក​បន្ត​ទៀត​ថា៖ «បើ​តាម​ទំហំ​កន្លែង​នៅ​ទីលាន​ប្រជាធិបតេយ្យ​គឺ​នឹង​គ្រប់​គ្រាន់ សម្រាប់​មនុស្ស​ពី ៨០០០ ទៅ ១០០០០ នាក់។ បើ​តាម​ច្បាប់​ស្តីពី​ការ​តវ៉ា​អហិង្សា​ពួក​គេ​អាច​ធ្វើ​បាតុកម្ម​តែ​ពី​ម៉ោង ៦ ព្រឹក​ទៅ ៦ ល្ងាច​ប៉ុណ្ណោះ។ ដូច្នេះ [យើង] មិន​អាច​អនុម័ត​តាម​សំណើ​របស់​ពួក​គេ​បាន​ទេ»។

លោក ឡុង ឌីម៉ង់ បាន​ថ្លែង​បន្ត​ថា គណបក្ស​នឹង​ត្រូវ​តែ​ដាក់​សំណើ​នៅ​សល់​ទាំង​នេះ​ទៅ​ក្រសួង​មហាផ្ទៃ ដើម្បី​សុំ​ការ​អនុញ្ញាត។

លោក​ស្រី មូរ សុខហួរ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ម្សិលមិញ​ថា គណបក្ស​របស់​លោក​ស្រី​នឹង​មិន​គោរព​តាម​បញ្ជា​របស់​សាលា​រាជធានី​ដែល ហាម​មិន​ឲ្យ​ក្រុម​អ្នក​តវ៉ា​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើការ​ស្នាក់នៅ​ពេល​យប់​ក្នុង​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​នោះ​ទេ។

លោក​ស្រី មូរ សុខហួរ បាន​មាន​ប្រសាសន៍​ថា៖ «បើ​ទោះ​បី​ជា​យើង​មិន​ទទួល​បាន​ភ្លើង​ខៀវ ហើយ​យើង​មិន​បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​ជាមួយ​រដ្ឋាភិបាល​អំពី​ការ​ស្នាក់នៅ​ពេល​យប់​នោះ​នឹង​មិន​ផ្លាស់​ប្តូរ​ទេ»៕ PS/TK

អត្ថបទគួរចាប់អារម្មណ៍