The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មេ​ដឹក​នាំ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ប្តេជ្ញា​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី




មេ​ដឹក​នាំ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ប្តេជ្ញា​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី

មេ​ដឹក​នាំ​បក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ប្តេជ្ញា​ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី

130917_06e
លោកសុន ឆ័យ (ឆ្វេង) ចាប់ដៃលោកហ៊ុន សែន នៅមុនកិច្ចពិភាក្សានៅរដ្ឋសភា កាលពីថ្ងៃម្សិលមិញ ហេង ជីវ័ន

Content image - Phnom Penh Post

130917_01
លោក ហ៊ុន សែន និងលោក សម រង្ស៊ី ចាប់ដៃគ្នានៅក្នុងជំនួបចរចានៅឯអគាររដ្ឋសភាកាលពីថ្ងៃចន្ទម្សិលមិញ ហេង ជីវ័ន

ភ្នំពេញៈ មេ​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​ប្តេជ្ញា ស្វែង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី នៅ​មុន​សម័យ​ប្រជុំ​សភា​លើក​ដំបូង​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២៣ កញ្ញា​ខាង​មុខ​នេះ។

ការ​បេ្ដជ្ញា​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​កិច្ច​ប្រជុំ​បិទ​ទ្វារ​ប្រហែល ៥ ម៉ោង​នៅ​រដ្ឋសភា​កាល​ពី​ថ្ងៃ ចន្ទ​ម្សិលមិញ រវាង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន និង​មន្រ្តី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ព្រម​ព្រៀង​គ្នា​លើ​បញ្ហា​តូចៗ​ចំនួន​បី ដូចជា បញ្ឈប់​អំពើ​ហិង្សា និង​បង្កើត​យន្តការ​កែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ និង​បន្ត​កិច្ច​ប្រជុំ​គ្រប់​កម្រិត​ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ។

លោក ប្រាក់ សុខុន ទីប្រឹក្សា​ផ្ទាល់​របស់​លោក​នាយក​រដ្ឋ​មន្រ្តី បាន​ថ្លែង​ថា៖ «កិច្ច​ប្រជុំ​យ៉ាង​យូរ​នេះ មាន​ន័យ​ថា យើង​រីករាយ​ផ្លាស់​ប្តូរ​មតិ​យោបល់​គ្នា សម្រាប់​ការ​ពិភាក្សា ហើយ​វា​ជា​ស្មារតី​ថ្មី​មួយ [នៃ​កិច្ច​សហការ] ឆ្ពោះ​ទៅ​រក​ដំណើរការ​ដោះស្រាយ​បញ្ហា​ទាំង​អស់ របស់​ប្រទេស​យើង​»។ លោក​បន្ត​ថា៖ «ភាគី​ទាំង​ពីរ​ព្រម​ព្រៀង​គោរព​តាម​ព្រះ​រាជសារ​របស់​ព្រះ​មហាក្សត្រ ចុះ​ថ្ងៃ​ទី​១៦ កញ្ញា»។​ព្រះ​មហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី កាល​ពី​ថ្ងៃ​ចន្ទ បាន​អំពាវនាវ ដល់​បាតុករ គណបក្ស​ប្រឆាំង និង​នគរបាល​ឲ្យ​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ដាក់​គ្នា បន្ទាប់​ពី​មាន​ការ​ប៉ះ​ទង្គិច​ស្លាប់​មនុស្ស​ម្នាក់​កាល​ពី​យប់​ថ្ងៃ អាទិត្យ និង​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ទាំង​អស់ ត្រឡប់​ទៅ​រក​ប្រពៃណី​នៃ​ការ​មិន​ប្រើ​ហិង្សា និង​អត់ធ្មត់​ដើម្បី​បញ្ចៀស​អស្ថិរភាព​ជាតិ។

Content image - Phnom Penh Post
Content image - Phnom Penh Post
130917_06c
លោកហ៊ុន សែន(ឆ្វេង) ចាប់ដៃលោកកឹម សុខាបន្ទាប់ពីកិច្ចពិភាក្សាជាង ៤ ម៉ោងនៅរដ្ឋសភា កាលពីម្សិលមិញ ស្រេង ម៉េងស្រ៊ុន

លោក ប្រាក់ សុខុន បាន​ថ្លែង​ថា គណបក្ស​ទាំង​ពីរ​នឹង​បន្ត​ពិភាក្សា​នៅ​គ្រប់​កម្រិត ដូចជា កម្រិត​កំពូល​និង​កម្រិត​ជំនាញ ប៉ុន្តែ​ពេល​វេលា​ជាក់​លាក់​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ។ លោក សុខុន បាន​ថ្លែង​ជា​ដដែល​ថា គណបក្ស​ប្រជាជន​នឹង​ចូល​រួម​សម័យ​ប្រជុំ​លើក​ដំបូង បើ​ទោះ​បី​ជា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ធ្វើ​ពហិការ​ក៏​ដោយ​។ លោក​ថ្លែង​ទៀត​ថា៖ «មិន​មាន​ការ​ពន្យារ​ពេល [សម័យ​ប្រជុំ​សភា​លើក​ទីមួយ​ទេ] មិន​ថា​តើ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​រួម​ឬ​អត់​នោះ​ទេ ប៉ុន្តែ​ជំហរ​របស់​គណបក្ស​ប្រជាជន [នឹង​បន្ត​ទៅ​មុខ]»។ លោក​ក៏​បាន​ថ្លែង​ផង​ដែរ​ថា គណបក្ស​ប្រជាជន នឹង​មិន​ឯកភាព ចំពោះ​គំនិត​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​នោះ​ទេ»។

ទន្ទឹម​នេះ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​អ្នក​កាសែត​ថា គណបក្ស​នៅ​តែ​បន្ត​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី១៧ កញ្ញា និង​ទទូច​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​ទៅ​លើ ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​។ លោក សុវណ្ណ បាន​ថ្លែង​បន្ត​ថា៖ «គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​ស្នើ​សុំ​ឲ្យ​មាន​ការ​បង្កើត​គណៈកម្មការ ឯករាជ្យ ប៉ុន្តែ​គណបក្ស​ប្រជាជន បាន​និយាយ​ថា​ទេ ហេតុ​ដូច្នេះ​យើង​នឹង​នៅ​តែ​មិន​ឯកភាព លើ​ចំណុច​នេះ​»។ «ពី​ឥឡូវ​ទៅ យើង​នៅ​មាន​រយៈ​ពេល​មួយ​សប្តាហ៍​ទៀត យើង​នឹង​ខិតខំ​ស្វែង​រក​វិធី​ដោះស្រាយ​បញ្ហា​នេះ»។

លទ្ធផល​បោះឆ្នោត កាល​ពី​ថ្ងៃ​ទី២៨ ខែ កក្កដា ត្រូវ​បាន គ.ជ.ប ប្រកាស​ថា​គណបក្ស​ប្រជាជន​បាន​ឈ្នះ ៦៨ អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប ១២៣ ក្នុង​សភា ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈ្នះ​អាសនៈ ៥៥។

បើ​ទោះ​បី​ជា​មាន​សំណួរ​ចោទ​សួរ អំពី​ភាព​ស្រប​ច្បាប់ គណបក្ស​ប្រជាជន ជា​ញឹកញាប់​បាន​អះអាង​ថា ខ្លួន​នឹង​អាច​យក​អាសនៈ​ទាំង​អស់​ចំនួន ១២៣ ទាំង​អស់ ដោយ​ស្រប​ច្បាប់ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ខក​ខាន​ចូល​រួម​នៅ​ក្នុង​សម័យ​ប្រជុំ សភា​លើក​ដំបូង។

កាល​ពី​រសៀល​ថ្ងៃ​ម្សិលមិញ នៅ​ទីលាន​ប្រជាធិបតេយ្យ លោក យឹម សុវណ្ណ និង​បន្ទាប់​មក​លោក សម រង្ស៊ី បាន​ថ្លែង​ទៅ​កាន់​ហ្វូង​អ្នក​គាំទ្រ​របស់​លោក​អំពី​កិច្ច​ជំនួប​ជាមួយ មេ​ដឹក​នាំ​គណបក្ស​ប្រជាជន។

លោក​ស្រី ជា វណ្ណាត អ្នក​វិភាគ​នយោបាយ​បាន​ថ្លែង​ថា៖ «វា​ជា​អ្វី​ដែល​ប្រជាជន​ចង់​ឃើញ ពួក​គេ​មក​ជួប​គ្នា និង​ធ្វើ​ការ​ដើម្បី​ប្រជាជន»។ «ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា វា​នឹង​មាន​ដំណោះស្រាយ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​និង​គណបក្ស ប្រជាជន»។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ចេញ​ដោយ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ផ្តោត​លើ​បញ្ហា​បោះឆ្នោត បាន​ឲ្យ​ដឹង​ថា ក្រុម​អង្គការ «អបអរសាទរ» ចំពោះ​កិច្ច​ប្រជុំ​នេះ ហើយ​ជំរុញ​ឲ្យ​គណបក្ស​ទាំង​ពីរ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​កំណែ​ទម្រង់​រឹងមាំ ទៅ​លើ​ស្ថាប័ន​រដ្ឋាភិបាល។ ប៉ុន្តែ​អ្នក​ដទៃ​ទៀត បាន​រិះគន់​ចំពោះ​ការ​ឆាប់​បិទ​នៃ​កិច្ច​ប្រជុំ​កាល​ពី​ម្សិលមិញ។

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា បាន​ថ្លែង​ថា៖ «ប្រសិន​បើ​អ្នក​មើល​ទៅ​លើ​រយៈ​ពេល​និង​លទ្ធផល ខ្ញុំ​គិត​ថា វា​ជា​សញ្ញា​វិជ្ជមាន​ណាស់ ... [ប៉ុន្តែ] រហូត​មក​ដល់​ពេល​នេះ អ្វី​តែ​មួយ​ក្នុង​ចំណោម​ធាតុ​ដទៃៗ​ដែល​ព្រម​ព្រៀង​គ្នា គឺ​ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត»។ លោក​បាន​រិះគន់​ទៅ​លើ​សេចក្តី​សម្រេច​របស់​គណបក្ស​ទាំង​ពីរ ដែល​ចាក​ចេញ​ពី​បន្ទប់​ប្រជុំ​នៅ​ខណៈ​ដែល​ការ​ចរចា​នៅ​បន្ត​មាន​នៅ​ឡើយ។ លោក​ថ្លែង​ថា៖ «ពួក​គេ​គួរ​តែ​ជួប​ប្រជុំ​គ្នា​រហូត​ដល់​ពាក់​កណ្តាល​យប់​។ ប៉ុន្តែ​នេះ​គឺ​កម្ពុជា អ្នក​នយោបាយ​មិន​បូជា​ខ្លាំង​ទេ ហើយ​ប្រជាជន​ជា​អ្នក​បូជា​អ្វីៗ​ទាំង​អស់»៕ PS

រាយការណ៍​បន្ថែម ជាង សុខា

អត្ថបទគួរចាប់អារម្មណ៍