The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​សម្លាប់

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​សម្លាប់

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​រត់​គេច​ខ្លួន​ពី​ការ​តាម​សម្លាប់

130802_04
យុវជនគាំទ្របក្ស សង្គ្រោះជាតិចាំទប់ វៀតណាម មិនឲ្យបោះឆ្នោតនៅវត្ត ចម្ប៉ា វិសាល

កណ្តាលៈ យុវជន​ពីរ​នាក់ នៅ​ក្នុង​ស្រុក កៀនស្វាយ ដែល​ចេញ​មុខ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​ធ្វើ​ការ​រារាំង​មន្ត្រី​គណបក្ស​ប្រជាជន​ដែល​ទៅ​ពី​តំបន់​ផ្សេង មិន​ឲ្យ​ចូល​បោះឆ្នោត​ក្នុង​ឃុំ​របស់​ខ្លួន បាន​រត់​គេច​ចេញ​ពី​ផ្ទះ បន្ទាប់​ពី​ក្រុម​យុវជន គណបក្ស​កាន់​អំណាច​មួយ​ក្រុម​បាន​ទៅ​គំរាម​សម្លាប់​ពួក​គេ​ដល់​ផ្ទះ កាល​ពី​ថ្ងៃ​ចន្ទ។ នេះ​បើ​តាម​ការ​អះអាង​របស់​យុវជន​ដែល​កំពុង​រត់​គេច​ខ្លួន និង​ក្រុម​គ្រួសារ​របស់​ពួក​គេ។

លោក អុល សុខឡេង អាយុ ២៧ ឆ្នាំ ដែល​កំពុង​លាក់​ខ្លួន ពី​ការ​តាម​សម្លាប់​នោះ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា លោក​និង​បង​ប្រុស កំពុង​លាក់​ខ្លួន​ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន និង​សម្លាប់​របស់​ក្រុម​យុវជន​ដែល​ជា​មនុស្ស​មក​ពី​គណបក្ស​ប្រជាជន។

លោក​បាន​និយាយ​ថា៖ «បង​ប្រុស​ខ្ញុំ បាន​គេច​ខ្លួន តាំង​ពី​ថ្ងៃ​ចន្ទ ហើយ​ខ្ញុំ បាន​គេច​ពី​ផ្ទះ​កាល​ពី​ថ្ងៃ​អង្គារ បន្ទាប់​ពី​មនុស្ស​របស់​គណបក្ស​ប្រជាជន មាន​គ្នា​ប្រហែល ១០ នាក់​បាន​មក​គំរាម​សម្លាប់​ពួក​យើង បន្ទាប់​ពី​បង​ប្រុស​ខ្ញុំ បាន​រារាំង​ប្រធាន​គណៈ​ពង្រឹង​គណបក្ស​ប្រជាជន ប្រចាំ​ឃុំ គគីរធំ ខេត្ត កណ្ដាល គឺ​លោក ង៉ោ សុវណ្ណ មិន​ឲ្យ​បោះឆ្នោត​ជា​ច្រើន​ដង នៅ​ក្នុង​ឃុំ គគីរធំ កាល​ពី​ថ្ងៃ​អាទិត្យ»។

លោក អុល សុខឡេង បាន​អះអាង​ទៀត​ថា ក្រុម​មនុស្ស​គាំទ្រ​គណបក្ស​ប្រជាជន បាន​ទៅ​ផ្ទះ​របស់​លោក មួយ​ថ្ងៃ​ក្រោយ​ពី​ការ​បោះឆ្នោត​រួច ដើម្បី​រក​បង​ប្រុស​លោក។ លោក​បាន​ឲ្យ​ដឹង​ថា៖ «ពួកគេ​បាន​សួរ​ឪពុក​ម្ដាយ​ខ្ញុំ​រក​បង​ប្រុស​ខ្ញុំ ហើយ​ពួក​គេ​បាន​គំរាម​សម្លាប់​ក្រុម​គ្រួសារ​ខ្ញុំ នៅ​ពេល​ឪពុក​ម្ដាយ​ខ្ញុំ មិន​ប្រាប់​ពួកគេ​ថា បង​ប្រុស​ខ្ញុំ​នៅ​ទី​ណា​នោះ»។

លោក​សុខ ឡេង បាន​ពួន​នៅ​ក្បែរ​ផ្ទះ នៅ​ពេល​ក្រុម​មនុស្ស​ទាំង​នោះ​ស្រែក និង​គំរាម​ឪពុក​ម្ដាយ​របស់​លោក​ហើយ​លោក​បាន​ប្រើ​ទូរស័ព្ទ​ដៃ​ថត វីដេអូ​ពី​សកម្មភាព​របស់​ពួក​គេ។ «ពួកគេ​បាន​ដើរ​មក​រក​ខ្ញុំ ក្នុង​បំណង​ដណ្តើម​យក​ទូរស័ព្ទ​ដៃ​ខ្ញុំ​ដើម្បី​បោក​ចោល តែ​ខ្ញុំ​មិន​ឲ្យ​ពួក​គេ​ទេ។

បន្ទាប់​ពី​នោះ​មក ពួកគេ​ចង់​ចាប់​ខ្លួន​ខ្ញុំ តែ​ខ្ញុំ​បាន​រត់​ទៅ​រក​គេ​ជួយ ហើយ​ពួក​គេ​បាន​ដេញ​តាម​ខ្ញុំ»។ លោក​បន្ត​ថា៖ «បុរស​ម្នាក់​បាន​ដក​កាំភ្លើង​ដើម្បី​បម្រុង​បាញ់​ខ្ញុំ នៅ​ពេល​ខ្ញុំ​រត់​បាន​ប្រហែល ២០ ម៉ែត្រ​ពី​ផ្ទះ តែ​ជា​សំណាង​ល្អ ក្រុម​អ្នក​ភូមិ បាន​ស្រែក​ឲ្យ​បុរស​នោះ​បញ្ឈប់​សកម្មភាព។ ពួក​គេ​បាន​ចាក​ចេញ​ដោយ​និយាយ​ថា ពួក​គេ​នឹង​សម្លាប់​ខ្ញុំ និង​ក្រុម​គ្រួសារ​ខ្ញុំ»។

លោក សុខ ឡេង បាន​និយាយ​ទៀត​ថា៖ «ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ ពី​ឪពុក ម្ដាយ​ខ្ញុំ និង​ប្អូន​ស្រី​នៅ​ផ្ទះ ហើយ​ខ្ញុំ​នៅ​តែ​មាន​ការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ ខ្ញុំ​និង​បង​ប្រុស​ខ្ញុំ មិន​ហ៊ាន​ស្នាក់នៅ​ផ្ទះ​ទៀត​ទេ ព្រោះ​មនុស្ស​ទាំង​នោះ នឹង​ចាប់​ខ្លួន ឬ​ក៏​សម្លាប់​យើង​នៅ​ថ្ងៃ​ណា​មួយ»។

ម្ដាយ​របស់​លោក សុខ ឡេង អ្នក​ស្រី កុល រ៉ាន អាយុ ៥១ ឆ្នាំ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា អ្នក​ស្រី​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ពី​កូន​ប្រុស​ទាំង​ពីរ​របស់​អ្នក​ស្រី។ អ្នក​ស្រី​និយាយ​ថា៖​«ខ្ញុំ​មិន​ដឹង​ថា តើ​ពួកគេ​នៅ​ទី​ណា​ទេ តែ​ពួក​គេ​តែង​តែ​ទូរស័ព្ទ​មក​លេង​ខ្ញុំ»។

អ្នក​ស្រី បាន​លើក​ឡើង​ថា ក្រុម​លោក ង៉ោ សុវណ្ណ ខឹង​នឹង​គ្រួសារ​អ្នក​ស្រី ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ទើប​បាន​ជា​ពួកគេ ចង់​សម្លាប់​កូន​ប្រុស​អ្នក​ស្រី​យ៉ាង​ដូច្នេះ​។ អ្នក​ស្រី​បន្ថែម​ថា៖​«ខ្ញុំ​បាន​ដាក់​ពាក្យ​បណ្ដឹង ទៅ​នគរបាល​ប៉ុស្តិ៍ និង​ក្រុម​សិទ្ធិ​មនុស្ស អាដហុក ដើម្បី​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍ និង​ការពារ​សន្តិសុខ​គ្រួសារ​ខ្ញុំ»។

លោក នូ ពីប៉ូ នាយ​ប៉ុស្តិ៍​នគរបាល ឃុំ គគីរធំ ស្រុក កៀនស្វាយ បាន​មាន​ប្រសាសន៍ ពី​ថ្ងៃ​ម្សិលមិញ​ថា លោក​បាន​ទទួល​ពាក្យ​បណ្ដឹង​របស់​អ្នក​ស្រី កុល រ៉ាន រួច​ហើយ ហើយ​លោក កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​ករណី​នេះ​។

លោក​ថ្លែង​ថា​៖ «ខ្ញុំ​នឹង​ហៅ​អ្នក​ពាក់​ព័ន្ធ​ទាំង​អស់​ទៅ​សាក​សួរ​។ នៅ​ពេល​ការ​ស៊ើប​អង្កេត​ចប់ ខ្ញុំ​នឹង​បញ្ជូន​ករណី​នេះ ទៅ​កាន់​តុលាការ​»។ លោក នូ ពីប៉ូ បាន​បន្ត​ថា លោក​មិន​ទាន់​ដឹង​ថា តើ​ក្រុម​មនុស្ស​ដែល​អ្នក​ស្រី កុល រ៉ាន ចោទ​ប្រកាន់​នោះ ជា​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ ពី​ព្រោះ​លោក​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។

លោក ង៉ោ សុវណ្ណ អតីត​តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី ដែល​បាន​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កាល​ពី​មុន​ការ​បោះឆ្នោត ឆ្នាំ ២០០៨ ដែល​បច្ចុប្បន្ន ជា​ប្រធាន​គណៈ ពង្រឹង​គណបក្ស​ប្រជាជន ប្រចាំ​ឃុំ គគីរ​ធំ មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ ប៉ុន្តែ​លោក​បាន​និយាយ​តាម​វិទ្យុ​សំឡេង​សហរដ្ឋ​អាមេរិក (VOA) ដោយ​បដិសេធ នឹង​ការ​ចោទ​ប្រកាន់​របស់​លោក អុល សុខឡេង។

លោក​បាន​អះអាង​ថា៖ «ការ​គំរាម​សម្លាប់​អ្នក​ណា​ម្នាក់ គឺ​មិន​មែន​ជា​វប្បធម៌​របស់​យើង​ទេ​។ ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ថា ពួកគេ​បាន​ចោទ​ប្រកាន់​ខ្ញុំ​ថា ខ្ញុំ​បាន​ប៉ុនប៉ង​បាញ់​សម្លាប់​ពួកគេ នៅ​ក្នុង​ភូមិ​នេះ តើ​ខ្ញុំ​អាច​បាញ់​ពួកគេ​យ៉ាង​ដូច​ម្ដេច​កើត? យើង​មិន​មាន​កាំភ្លើង​ទេ»។

ជាមួយ​គ្នា​នេះ​ដែរ​យុវជន​គាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៥ នាក់​នៅ​ក្នុង​ស្រុក មេមត់ ខេត្ត កំពង់ចាម ក៏​ត្រូវ​បាន​គេ​រាយការណ៍​ផង​ដែរ​ថា ត្រូវ​បាន​នាយ​ប៉ុស្តិ៍​ឃុំ ចាន់មូល គំរាម​សម្លាប់​ផង​ដែរ។

លោក គុយ ប៊ុនរឿន បេក្ខជន​តំណាង​រាស្ត្រ​ខេត្ត កំពង់ចាម របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា កាល​ពី​ថ្ងៃ​អង្គារ​នាយ​ប៉ុស្តិ៍​និង​មន្ត្រី​របស់​គាត់ បាន​គំរាម​យុវជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៥ នាក់​នៅ​ពេល​ពួកគេ​កំពុង​តែ​និយាយ​ជាមួយ​គ្នា​នៅ​តាម​ផ្លូវ​នៅ​ក្នុង​ភូមិ។

លោក​បន្ត​ថា៖ «ក្រុម​មន្ត្រី​នគរបាល​បាន​យក​ទូរស័ព្ទ​របស់​ពួក​គេ និង​គំរាម​បោក​គ្រាប់​បែក​សម្លាប់​ពួក​គេ ព្រោះ​ពួកគេ​ដឹង​ថា យុវជន​ទាំង ៥ នាក់​នោះ​ជា​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​»។ លោក​បាន​បន្ត​ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក មេមត់ និង​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត ហើយ​លោក​បាន​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ​ផ្ដន្ទាទោស​នគរបាល​ប៉ុស្តិ៍​ទាំង​នោះ​តាម​ផ្លូវ​ច្បាប់​។

លោក ប៊ុនរឿន បន្ត​ឲ្យ​ដឹង​ថា៖«តាម​ច្បាប់ ពួកគេ​មាន​តួនាទី​ការពារ​សន្តិសុខ​អ្នក​ភូមិ មិន​មែន​ទៅ​គំរាម ឬ​ក៏​សម្លាប់​អ្នក​ភូមិ​នោះ​ឡើយ»។

នាយ​ប៉ុស្តិ៍​ឃុំ ចាន់មូល លោក ណោ ចាន់មុនីរ័ត្ន មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ៕ PN

អត្ថបទគួរចាប់អារម្មណ៍