
ភ្នំពេញៈ ខណៈដែលព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី កាលពីថ្ងៃពុធ បានជំរុញតំណាងរាស្រ្តជាប់ឆ្នោតនៃគណបក្សប្រឆាំងឲ្យចូលរួមក្នុងអង្គប្រជុំបើករដ្ឋសភាថ្មីដែលគ្រោងធ្វើឡើងនៅថ្ងៃ ទី២៣ ខែ កញ្ញា ក្រុមសង្គមស៊ីវិលបានប្រកាសជាសាធារណៈថា ខ្លួននឹងអំពាវនាវដល់ព្រះបរមរាជវាំងទុកពេលបន្ថែមសម្រាប់គណបក្សនយោបាយចរចាគ្នា។
គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ បានជួបប្រជុំតទល់គ្នាចំនួនពីរលើកក្នុងសប្តាហ៍នេះដើម្បីស្វែងរកចំណុចរួម ខណៈដែលថ្ងៃកំណត់បង្កើតរដ្ឋាភិបាលកំពុងតែខិតជិតមកដល់។
កិច្ចប្រជុំលើក ទី១ បានចេញសេចក្តីប្រកាសរួមដែលបានសន្យាថានឹងធ្វើកំណែទម្រង់ដល់ ដំណើរការបោះឆ្នោត ចំណែកឯកិច្ចប្រជុំលើក ទី២ ពុំបានចេញសេចក្តីថ្លែងការណ៍ទេ ដោយគណបក្សបានព្រមព្រៀងគ្នាធ្វើកិច្ចពិភាក្សាផ្ទៃក្នុងមុនពេលរៀបចំកិច្ចប្រជុំថ្មីទៀត។
រហូតមកដល់ពេលនេះ គណបក្សប្រឆាំងបានអះអាងថា ការធ្វើពហិការប្រជុំសភានៅថ្ងៃចន្ទនោះ នៅតែអាចកើតឡើង។
ព្រះមហាក្សត្រ បានឡាយក្នុងរាជសារថា ៖ «យោងតាមមាត្រា ៨២ នៃរដ្ឋធម្មនុញ្ញ ខ្ញុំសូមជម្រាបជូនឯកឧត្តម និងលោកជំទាវទាំងអស់មេត្តាជ្រាបថា ខ្ញុំនឹងយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាល ទី៥ ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃ ទី២៣ ខែ កញ្ញា ឆ្នាំ ២០១៣។ ខ្ញុំសូមឯកឧត្តម និងលោកជំទាវមេត្តាអញ្ជើញចូលរួមក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភា ដើម្បីបង្ហាញនូវការរួបរួមនិងឯកភាពជាតិ»។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់កាលពីថ្ងៃពុធថា គណបក្សបានទទួលព្រះរាជសារអញ្ជើញដោយព្រះមហាក្សត្ររួចហើយ ប៉ុន្តែ នៅមិនទាន់ច្បាស់ទេ ហើយវាអាស្រ័យលើអ្នកគាំទ្រជាអ្នកសម្រេច។
លោក យឹម សុវណ្ណ បានថ្លែងថា ៖ «ថាតើចូលរួមក្នុងសម័យប្រជុំដំបូងរដ្ឋសភា ឬអត់ អាស្រ័យលើឆន្ទៈរបស់ប្រជាជន [អ្នកគាំទ្រយើង] ហើយរហូតមកដល់ពេលនេះ ប្រជាជន [បាតុករ] បានប្រាប់យើងកុំឲ្យចូលរួមកិច្ចប្រជុំ ប្រសិនបើគ្មានយុតិ្តធម៌ជូនពួកគេទេនោះ។ យើងកំពុងរង់ចាំមើលប៉ុន្មានថ្ងៃទៀត»។
លោក ជាម យៀប តំណាងរាស្រ្តជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សកាន់អំណាចបន្តអនុវត្តតាមព្រះរាជណែនាំរបស់ព្រះមហាក្សត្រ ហើយនឹងគ្មានឧបសគ្គទេ បើទោះបីជាគណបក្សសង្គ្រោះជាតិធ្វើពហិការក៏ដោយ។
លោកបាន បន្ថែមថា គណបក្សអាចយកអាសនៈរបស់គណបក្សប្រឆាំងដោយស្របច្បាប់ ប្រសិនបើគណបក្សប្រឆាំងបដិសេធមិនចូលរួមក្នុងសម័យប្រជុំដំបូងរបស់រដ្ឋសភា នៅថ្ងៃចន្ទនោះ ដែលការយកអាសនៈនេះត្រូវបានអ្នកវិភាគ និងមេដឹកនាំគណបក្សប្រឆាំងយល់ថា មិនអាចធ្វើដោយស្របច្បាប់ឡើយ។
ទោះជាយ៉ាងណា ក្នុងកិច្ចប្រជុំរយៈពេល ២ ថ្ងៃរវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ បានសន្យាថា នឹងជួបប្រជុំម្តងទៀត នៅមុនថ្ងៃកំណត់ប្រជុំសភាដំបូងថ្ងៃទី ២៣ ខែ កញ្ញា។
លោកស្រី ជា វណ្ណាត អ្នកវិភាគនយោបាយ បានព្យាករ នៅថ្ងៃពុធថា គណបក្សសង្គ្រោះជាតិនឹងមិនអាចធ្វើពហិការសម័យប្រជុំដំបូងទេ ព្រោះគណបក្សនៅមានពេលវេលាច្រើនទៀត ដើម្បីធ្វើសេចក្តីសម្រេចចុងក្រោយ។
លោកស្រី ជា វណ្ណាត បានបន្ថែមថា ៖ «បើទោះបីជាជំហររបស់គណបក្សសង្គ្រោះជាតិទោរទន់ទៅតាមអ្នកគាំទ្រគណបក្ស ប៉ុន្តែ ខ្ញុំសង្ឃឹមថា គណបក្សនេះនឹងមិនធ្វើពហិការក្នុងសម័យប្រជុំដំបូងបើករដ្ឋសភាឡើយ បើមិនដូច្នោះទេ គណបក្សនឹងត្រូវបានចោទថា មិនគោរពព្រះមហាក្សត្រដែលជាស្ថាប័នកំពូល»។
លោក យឹម សុវណ្ណ និងអ្នកតំណាងអង្គការក្រៅរដ្ឋាភិបាលបានបញ្ជាក់ថា កិច្ចប្រជុំបិទទ្វាររវាងមេដឹកនាំគណបក្សប្រឆាំង និងតំណាងមកពីអង្គការសង្គមស៊ីវិលជាង ២០ បានរៀបចំពីម្សិលមិញ ដើម្បីពិភាក្សាអំពីដំណោះស្រាយចំពោះភាពជាប់គាំងក្រោយការបោះឆ្នោត។
លោក គល់ បញ្ញា នាយកអង្គការ ខុម ហ្វ្រែល បានថ្លែងថា៖ «វាជាកិច្ចប្រជុំក្រៅផ្លូវការ។ គេស្នើឲ្យយើងផ្តល់ជាអនុសាសន៍»។
លោក ហង្ស ពុទ្ធា នាយកប្រតិបតិ្តនៃអង្គការ និចហ្វិក និងលោក យេង វីរៈ នាយកប្រតិបតិ្តនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បាន ថ្លែងថា ក្រុមសង្គមស៊ីវិលជាង ៤០ នឹងស្នើសុំព្រះមហាក្សត្រឲ្យពន្យារការប្រជុំរដ្ឋសភាដើម្បីអនុញ្ញាតឲ្យមានការចរចាបន្ថែមទៀត។
លោក ហង្ស ពុទ្ធា បានថ្លែងថា៖ «យើងអំពាវនាវដល់ស្ថាប័នដទៃទៀត ដែលមានគោលគំនិតដូចគ្នានឹងអង្គការមិនមែនរដ្ឋាភិបាលរបស់យើង រួមគ្នាសរសេរលិខិតថ្វាយព្រះមហាក្សត្រ ដើម្បីស្នើសុំការពន្យារពេល ... [ដើម្បីយើងអាចមាន] ឯកភាពជាតិជាមុនសិន»។
យោងតាមលោក យ៉េង វីរៈ បានឲ្យដឹងថា ថ្ងៃកំណត់កោះប្រជុំរដ្ឋសភា ត្រូវបានបកស្រាយដោយខុសឆ្គង។
លោកបានបញ្ជាក់ថា៖ «យើងគិតថា នៅមានពេល ... មិនចាំបាច់ប្រញាប់ទេ...៦០ ថ្ងៃ [ដើម្បីបង្កើតរដ្ឋសភា] គឺសំដៅលើ ៦០ថ្ងៃ បន្ទាប់ពីប្រកាសលទ្ធផលផ្លូវការ មិនមែន ៦០ ថ្ងៃក្រោយការបោះឆ្នោតនោះទេ»។
អង្គការសង្គម ស៊ីវិលក៏បានស្នើបង្កើតគណៈកម្មការផ្ទាល់ខ្លួន ដើម្បីស៊ើបអង្កេតការបោះឆ្នោត ជំនួសគណៈកម្មការចម្រុះឯករាជ្យ ដែលបានស្នើបង្កើតជាយូរមកហើយដោយគណបក្សសង្គ្រោះជាតិ ហើយដែលអ្នកវិភាគនិយាយថា ឥឡូវនេះ មិនអាចធ្វើទៅបាននោះ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា សម្ព័ន្ធអង្គការឃ្លាំមើលការបោះឆ្នោត ដែលបានជួបជាមួយនឹងគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ ដែលហៅថា បន្ទប់ស្ថានការណ៍ នឹងស្នើសុំគណបក្សទាំងពីរគាំទ្រគណៈកម្មការរបស់ខ្លួន។
លោកបន្តថា ៖ «ប្រសិនបើគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ មិនអាចបង្កើតគណៈកម្មការចម្រុះឯករាជ្យទេនោះ សង្គមស៊ីវិលអាចបង្កើតគណៈកម្មការផ្ទាល់ខ្លួននឹងស្នើ គ.ជ.ប បើកកញ្ចប់សុវត្ថិភាព ហើយយើងនឹងធ្វើការដោយតម្លាភាព»។
ក្នុងការឆ្លើយតបដែលមិនច្បាស់មួយ កាលពីម្សិលមិញថា ទាក់ទងនឹងសំណួរថា តើគណបក្សសង្គ្រោះជាតិនឹងឆ្លើយតបជាវិជ្ជមានចំពោះសំណើនោះឬ យ៉ាងណា? លោក យឹម សុវណ្ណ ថ្លែងថា អង្គការសង្គមស៊ីវិលបានផ្តល់អនុសាសន៍ជាច្រើនដើម្បីរកដំណោះស្រាយ ចំពោះភាពជាប់គាំង។
លោកបន្តថា ៖ «សង្គមស៊ីវិល គេមានគំនិតគេ និងអ្វីដែលគេចង់ធ្វើ។ គណបក្សសង្គ្រោះជាតិនឹងធ្វើអ្វីដែលល្អសម្រាប់ជាតិ អ្វីដែលជាផលប្រយោជន៍ប្រជាជន និងអ្វីដែលផ្តល់យុតិ្តធម៌ដល់អ្នកបោះឆ្នោត»។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា ដែលបានចូលរួមក្នុងកិច្ចប្រជុំកាលពីម្សិលមិញដែរនោះ បដិសេធមិនផ្តល់សេចក្តីលម្អិតអំពីអ្វីដែលបានពិភាក្សាទេ ប៉ុន្តែ លោកបានលើកឡើងថា បន្ទប់ស្ថានការណ៍មានផែនការរៀបចំកិច្ចប្រជុំដូចគ្នា ជាមួយនឹងគណបក្សប្រជាជនកម្ពុជា៕ TK
រាយការណ៍បន្ថែមៈ Kevin Ponniah និង Shane Worrell