The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សហជីព​ចង់​ឲ្យ​បើក​ប្រាក់​ខែ​កម្មករ​មុន​ថ្ងៃ​បោះឆ្នោត

សហជីព​ចង់​ឲ្យ​បើក​ប្រាក់​ខែ​កម្មករ​មុន​ថ្ងៃ​បោះឆ្នោត

សហជីព​ចង់​ឲ្យ​បើក​ប្រាក់​ខែ​កម្មករ​មុន​ថ្ងៃ​បោះឆ្នោត

130718_03
កម្មករនៅភ្នំពេញ ចូលរួមឃោសនាបោះឆ្នោតឲ្យគណបក្សប្រជាជនកាលពីថ្ងៃអាទិត្យ

ភ្នំពេញៈ សហភាព​សហជីព​កម្ពុជា បាន​ដាក់​លិខិត​មួយ​ច្បាប់​ជូន​រដ្ឋ​មន្រ្តី​ក្រសួង​ការងារ កាល​ពី​ថ្ងៃ​ម្សិលមិញ​ស្នើ​សុំ​ឲ្យ​ក្រសួង​នេះ​ជួយ​អន្តរាគមន៍​ទៅ​និយោជក​រោងចក្រ​កាត់​ដេរ​ឲ្យ​បើក​ប្រាក់​ខែ​មួយ​ចំនួន​ជូន​កម្មករ នៅ​មុន​ពេល​ថ្ងៃ​បោះឆ្នោត។

លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា​ថ្លែង​ថា ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​កម្មករ​ទៅ​ចូល​រួម​បោះឆ្នោត នៅ​ស្រុក​កំណើត​របស់​ខ្លួន ក្រសួង​ការងារ​គួរ​តែ​ធ្វើ​អន្តរាគមន៍​ឲ្យ​គ្រប់​ថៅកែ​រោងចក្រ​កាត់​ដេរ​ទាំង​អស់​បើក​ប្រាក់​ខែ​ដល់​កម្មករ​មុន​ពេល​កំណត់​។ លោក រ៉ុង ឈុន បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ចង់​ឲ្យ​រដ្ឋ​មន្ត្រី​ក្រសួង​នេះ​(លោក វង សូត) ធ្វើ​អន្តរាគមន៍​ឲ្យ​ថៅកែ​រោងចក្រ បើក​ប្រាក់​ខែ​ចំនួន​៧០​ភាគរយ​ជា​មុន​ដល់​កម្មករ​ដើម្បី​ឲ្យ​ពួកគេ​មាន​ប្រាក់​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​បោះឆ្នោត​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​នៅ​តាម​ខេត្ត​ក្រុង​នានា​ដែល​ពួកគេ​បាន​ចុះ​ឈ្មោះ​»។ លោក​បាន​បញ្ជាក់​ថា កម្មករ​នឹង​បាត់បង់​ឱកាស​ទៅ​បោះឆ្នោត​បើ​សិន​ពួក​គេ​មិន​មាន​ប្រាក់​ដើម្បី​ធ្វើ​ដំណើរ។

លោក​បាន​បន្ថែម​ថា៖«យើង​មាន​ការ​ព្រួយបារម្ភ​ពី កម្មករ ដែល​មិន​មាន​លទ្ធភាព​ចំណាយ​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​បោះឆ្នោត នៅ​តាម​ខេត្ត​របស់​ពួក​គេ​ព្រោះ​ថ្ងៃ​បោះឆ្នោត គឺ​នៅ​មុន​ពេល​ថ្ងៃ​កំណត់​បើក​ប្រាក់​ខែ​»។ លោក រ៉ុង ឈុន បាន​អះអាង​ថា តាម​ធម្មតា​កម្មករ​កាត់​ដេរ បាន​ទទួល​ប្រាក់​ខែ នៅ​ថ្ងៃ​ទី៥ ឬ​ក៏​ទី ១០ នៃ​ខែ​បន្ទាប់។

កម្មករ​នៅ​រោងចក្រ​កាត់ដេរ ផាញ ហ្គ្រេត ក្នុង​ខណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំពេញ​ដែល​ថៅកែ​បាន​រត់​គេច​ខ្លួន​បី​ខែ កន្លង​ទៅ​ហើយ ហើយ​ពួកគេ​កំពុង​ទាមទារ​ប្រាក់​ខែ​ពី​ក្រសួង​សង្គមកិច្ច​នោះ​បាន​ថ្លែង​ថា ពួកគេ​នឹង​មិន​ទៅ​ចូល​រួម​បោះឆ្នោត​ទេ បើ​សិន​ពួក​គេ​មិន​ទទួល​បាន​ប្រាក់​ខែ​។

លោក សាត សាមុត និង លោក អ៊ុំ មាន រដ្ឋ​លេខាធិការ​ក្រសួង​ការងារ មិន​អាច​ទាក់ទង​សុំ​ការ​អធិប្បាយ​ពី​បញ្ហា​នេះ​បាន​ទេ​ពី​ថ្ងៃ​ពុធ​ម្សិលមិញ៕ PN

អត្ថបទគួរចាប់អារម្មណ៍