
ភ្នំពេញៈ គណបក្សប្រជាជនកម្ពុជា បានធ្វើការផ្លាស់ប្តូររដ្ឋមន្រ្តី ១០ រូបក្នុងចំណោមរដ្ឋមន្រ្តីសរុប ២៤ រូបសម្រាប់រដ្ឋាភិបាលអាណត្តិទី៥ បន្ទាប់ពីគណបក្សនេះធ្លាក់ចុះប្រជាប្រិយភាពក្នុងអំឡុងការបោះឆ្នោតជាតិ កាលពីថ្ងៃ ទី២៨ កក្កដា។ នេះបើតាមសេចក្តីព្រាងមួយដែលមិនបង្ហាញប្រភព។
សេចក្តីព្រាងនេះដែលត្រូវបានឃើញរយៈពេលមួយសប្តាហ៍មកហើយ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ដែលបានរាយនាមឈ្មោះរដ្ឋមន្រ្តី ដែលត្រូវតែងតាំងថ្មីដូចជា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ លោកស្រី ភឿង លក្ខិណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ លោក ហង់ ជួនណារ៉ុង រដ្ឋមន្រ្តីក្រសួង អប់រំ យុវជននិងកីឡា លោក វង សូត រដ្ឋមន្រ្តីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួង ពាណិជ្ជកម្ម និងលោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួង ឧស្សាហកម្ម រ៉ែ និងថាមពល។
លោក ប្រាក់ សុខុន ទីប្រឹក្សាផ្ទាល់ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា លោកមិនបានដឹងអំពីសេចក្តីព្រាងនេះ និងការតែងតាំងលោកជារដ្ឋមន្រ្តីថ្មីនោះទេ។ លោក ស៊ុន ចាន់ថុល និង លោក វង សូត មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានថ្លែងថា ឯកសារណាក៏ដោយដែលមិនមានហត្ថលេខាគឺមិនផ្លូវការទេ។ លោកបានថ្លែងបន្តថា៖ ខ្ញុំជឿថា នឹងមានកំណែទម្រង់មួយនៅក្នុងរដ្ឋាភិបាលអាណត្តិ ទី៥ ហើយនឹងមានការផ្លាស់ប្តូរមួយចំនួន ប៉ុន្តែខ្ញុំមិនជឿចំពោះឯកសារណាមួយដែលមិនមានហត្ថលេខានោះទេ»។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន និងជាអ្នកនាំពាក្យរបស់រដ្ឋាភិបាល បានថ្លែងថា លោកមិនអាចបញ្ជាក់ថា សេចក្តីព្រាងនោះពិតជាលេចធ្លាយចេញពីគណបក្សប្រជាជននោះទេ។ លោកបានថ្លែងបន្តថា៖ «ខ្ញុំមិនអាចបញ្ជាក់អំពីសេចក្តីព្រាងដែលលេចធ្លាយទៅប្រព័ន្ធផ្សព្វផ្សាយ និង ហ្វេសប៊ុក នោះទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជាខ្លួនឯង បានធ្វើសេចក្តីព្រាងថ្នាក់ដឹកនាំគណៈរដ្ឋមន្ត្រីរដ្ឋាភិបាល អាណត្តិ ទី៥រួចហើយ ហើយនៅក្នុងសេចក្តីព្រាងនោះរដ្ឋមន្រ្តីភាគច្រើនគឺនៅដដែល[ដូចក្នុងអាណត្តិ ទីបួន] ប៉ុន្តែមានការផ្លាស់ប្តូរច្រើននៅក្នុងចំណោមមន្រ្តីថ្នាក់ទាបជាងនេះ»។ លោកបានអះអាងថា៖ «ការផ្លាស់ប្តូរ គឺរលូន និងកំណែទម្រង់ស៊ីជម្រៅទៅតាមសាររបស់ប្រជាជន[ដែលបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា]»។ ប៉ុន្តែលោកបានបដិសេធ មិនបញ្ចេញឈ្មោះ រដ្ឋមន្រ្តីដែលមាននៅក្នុងបញ្ជីត្រូវធ្វើការផ្លាស់ប្តូរនោះទេ។
នៅក្នុងការបោះឆ្នោតជាតិថ្ងៃទី២៨ កក្កដា គណបក្សប្រជាជនកម្ពុជាបានឈ្នះតែ ៦៨ អាសនៈ ប៉ុណ្ណោះក្នុងចំណោមអាសនៈ ១២៣ នៅក្នុងសភា ដែលគណបក្សនេះបានធ្លាក់ចុះអាសនៈចំនួន ២២ បើប្រៀបធៀបនឹងអាសនៈ ៩០ ដែលខ្លួនបានឈ្នះ កាលពីការបោះឆ្នោតឆ្នាំ ២០០៨។
ជំហររបស់គណបក្សសង្គ្រោះជាតិដែលឈ្នះបាន ៥៥ អាសនៈ បានធ្វើការបញ្ជាក់ជាថ្មីទៀតកាលពីម្សិលមិញថា ខ្លួននឹងមិនចូលរួមប្រជុំសភាលើកដំបូងនៅថ្ងៃ ទី២៣ ខែ កញ្ញា ខាងមុខនេះទេ លុះត្រាណាតែគណៈកម្មការឯករាជ្យមួយត្រូវបានបង្កើតឡើង ដើម្បីស៊ើបអង្កេតរកភាពមិនប្រក្រតីនៃការបោះឆ្នោតកាលពីខែ កក្កដា។
អ្នកវិភាគនយោបាយលោកស្រី ជា វណ្ណាត បានថ្លែងថា ការផ្លាស់ប្តូររដ្ឋមន្រ្តីនៅតាមក្រសួង គឺគ្មានអ្វីថ្មីទេ ដោយសារកំណែទម្រង់នោះ បានចាប់ផ្តើមតាំងពីការបោះឆ្នោតឆ្នាំ ១៩៩៣។
លោកស្រីថ្លែងបន្តថា៖ «ខ្ញុំគិតថា អ្វីសំខាន់បំផុត គឺកំណែទម្រង់នៅក្នុងរដ្ឋាភិបាល ដែលតម្រូវឲ្យមានតម្លាភាព គណនេយ្យភាព និងការចូលរួមទូលំទូលាយជាងមុនពីប្រជាជន ដូចជា អាណត្តិមុនវាមិនមានគណនេយ្យភាពជាក់លាក់នៅក្នុងរដ្ឋាភិបាលទេ នៅពេលមានបញ្ហាជម្លោះដីធ្លី ពួកគេបានរុញការទទួលខុសត្រូវពីម្នាក់ទៅម្នាក់»៕ PS