The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ហ្វូង​អ្នក​គាំទ្រ​សាទរ​លោក សម រង្ស៊ី

ហ្វូង​អ្នក​គាំទ្រ​សាទរ​លោក សម រង្ស៊ី

ហ្វូង​អ្នក​គាំទ្រ​សាទរ​លោក សម រង្ស៊ី

130716_08
លោកម៉ម សូណង់ដូ នៅលើវេទិកាគណបក្សសង្គ្រោះជាតិក្នុងក្រុងតាខ្មៅកាលពីល្ងាចថ្ងៃសុក្រ ហេង ជីវ័ន

កណ្តាលៈ វា​ហាក់​ចំ​ពេល​ដែល​ជា​បរិយាកាស​ក្លៀវ​ក្លា​បំផុត នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជាតិ​ឆ្នាំ ២០១៣ រហូត​មក​ដល់​ពេល​នេះ​ប្រជាជន​រាប់​ពាន់​នាក់​បាន​ជិះ​ម៉ូតូ​មក​ជួប​ជុំ​គ្នា នៅ​ក្រុង​តាខ្មៅ​កាល​ពី​យប់​ថ្ងៃ​សុក្រ ដើម្បី​ស្តាប់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​លោក សម រង្ស៊ី ធ្វើ​សុន្ទរកថា​ជា​សាធារណៈ ជា​លើក​ដំបូង​បន្ទាប់​ពី​លោក​បាន​ទទួល​ការ​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នោះ។

នៅ​ក្នុង​ការ​ជួប​ជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ មាន​ការ​ប្រគំ​តន្រ្តី​រ៉ុក ចង្វាក់​ឌីស្តូ ការ​រាំ​តាម​លំនាំ​បទ Gangnam Style ដ៏​ពេញ​និយម និង​ថែម​ទាំង​មាន​ឆាក​កំប្លែង​ទៀត​ផង។

លោក សម រង្ស៊ី បាន​ជំរុញ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ជាមួយ​នឹង​វោហាស័ព្ទ នៃ​ការ​ឃោសនា​ការ​បោះឆ្នោត​ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ជាច្រើន​ខក​ចិត្ត ដោយ​សារ​ការ​មិន​បង្ហាញ​គម្រោង​ត្រឡប់​មក​ប្រទេស​វិញ​ភ្លាមៗ​របស់​លោក។

លោក​សម រង្ស៊ី បាន​ថ្លែង​ថា​៖ «កុំ​បារម្ភ ខ្ញុំ​នឹង​ជួប​អ្នក​ទាំង​អស់​គ្នា​នា​ពេល​ខាង​មុខ​ឆាប់ៗ នៅ​រាជធានី​ភ្នំពេញ»។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់​មក​ថា លោក សម រង្ស៊ី ដែល​នៅ​ប្រទេស​បារាំង​នឹង​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ខាង​មុខ​នេះ។

ប៉ុន្តែ​អ្នក​គាំទ្រ​នៅ​ពិធី​ជួប​ជុំ​គ្នា កាល​យប់​ថ្ងៃ​សុក្រ​នា​សប្តាហ៍​មុន​នោះ បាន​រំពឹង​ថា លោក សម រង្ស៊ី នឹង​ប្រកាស​យ៉ាង​មោទនភាព អំពី​ថ្ងៃ​និង​ម៉ោង​ជាក់​លាក់​នៃ​ការ​មក​ដល់​របស់​លោក​ប៉ុន្តែ​ភាព​មិន​ច្បាស់​លាស់​នៅ​តែ​កើត​មាន​នៅ​ក្នុង​សុន្ទរកថា របស់​លោក​កាល​ពី​យប់​ថ្ងៃ​សុក្រ​នោះ​ដដែល។

ព្រះសង្ឃ​មួយ​អង្គ​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ការ​ជួប​ជុំ​នោះ​បាន​សួរ​ថា​៖ «ហេតុ​អ្វី​បាន​ជា​គាត់​មិន​ផ្តោត​អំពី​ពេល​វេលា​ដែល​គាត់​នឹង​ត្រឡប់​មក​ប្រទេស​វិញ?»។

នៅ​ក្នុង​អ៊ីមែល​មួយ​កាល​ពី​ថ្ងៃ​សុក្រ លោក សម រង្ស៊ី បាន​ថ្លែង​ថា​លោក​មាន​«ការ​ដឹង​គុណ​បំផុត​ចំពោះ​ព្រះ​មហាក្សត្រ​នរោត្តម សីហមុនី»​ដែល​បាន​លើក​លែង​ទោស​ដល់​រូប​លោក​ដែល​មាន​ន័យ​ថា លោក​នឹង​មិន​ត្រូវ​ចាប់​ខ្លួន​ទេ​នៅ​ពេល​លោក​ត្រឡប់​មក​កម្ពុជា​វិញ​សម្រាប់​ចូល​រួម​ការ​បោះឆ្នោត​ជាតិ​ថ្ងៃ​ទី២៨ កក្កដា។ កាល​ពី​ពេល​មុន លោក​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ប្រសិន​បើ​លោក​ត្រឡប់​មក​កម្ពុជា​វិញ។

ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ លោក ម៉ម សូណង់ដូ បាន​ថ្លែង​នៅ​លើ​ឆាក​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រុង​តាខ្មៅ​កាល​ពី​យប់​ថ្ងៃ​សុក្រ​ដោយ​និយាយ​នូវ​ពាក្យ​ដដែលៗ​ថា «ដូរ ឬ​មិន​ដូរ​?» ទៅ​កាន់​ក្រុម​អ្នក​គាំទ្រ​ដែល​ជួប​ជុំ​គ្នា​នោះ។

លោក​សូណង់ដូ បាន​បន្ត​ថា​៖ «ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការ​បោះឆ្នោត​នេះ​អ្វីៗ​នឹង​ផ្លាស់​ប្តូរ​។ កុំ​ភ័យ​ខ្លាច​សង្គ្រាម​ពី​ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​ស្រឡាញ់​សន្តិភាព​»។ «​យើង​នឹង​ផ្លាស់​ប្តូរ​ពី​អាក្រក់​ទៅ​ល្អ​ពី​លំបាក​ទៅ​សុខ​ស្រួល​និង​ជោគជ័យ»។

ប្រជាជន​រាប់​ពាន់​នាក់​នៅ​លើ​ម៉ូតូ ដែល​ភាគ​ច្រើន​ជា​យុវវ័យ​បាន​មក​ជួប​ជុំ​គ្នា​នៅ​ក្រុង​តាខ្មៅ​នៅ​ល្ងាច​និង​យប់​ថ្ងៃ​នោះ។

លោក គង់ ប៊ុណ្ណា អាយុ​២៥​ឆ្នាំ និសិត្ស​បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់​គ្រង​សេដ្ឋកិច្ច​ពី​សាកល​វិទ្យាល័យ​បៀលប្រាយ​ក្នុង​ក្រុង​ភ្នំពេញ​មាន​អារម្មណ៍​រីករាយ​ជាមួយ​នឹង​ដំណឹង​ដែល​ថា លោក សម រង្ស៊ី នឹង​ត្រឡប់​មក​កម្ពុជា​វិញ។ លោក​បន្ត​ថា​៖ «ខ្ញុំ​មាន​ការ​រីក​រាយ​ខ្លាំង​ណាស់​នៅ​ពេល​ខ្ញុំ​ឮ​ថា ព្រះ​មហាក្សត្រ​បាន​លើក​លែង​ទោស​ដល់​លោក សម រង្ស៊ី និង​នៅ​ពេល​លោក​បាន​អះអាង​ថា លោក​នឹង​ត្រឡប់​មក​រាជធានី​ភ្នំពេញ​វិញ​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ»។ «ខ្ញុំ​សង្ឃឹម​ថា គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​ការ​បោះឆ្នោត​នេះ ប្រសិន​បើ​គ.ជ.ប អាច​ទុក​ចិត្ត​បាន​ហើយ​រដ្ឋាភិបាល​ថ្មី​អាច​ដោះស្រាយ​បញ្ហា​ទាំង​អស់​របស់​យុវជន និង​សហគមន៍​ក្រីក្រ»។

លោក ប៊ុណ្ណា ដែល​ឥឡូវ​នេះ​មិនមាន​ការងារ​ធ្វើ​បាន​ថ្លែង​បន្ត​ថា លោក​សង្ឃឹម​ថា រដ្ឋាភិបាល​ថ្មី​អាច​បង្កើត​ការងារ​សម្រាប់​ប្រជាជន​ដូច​ជា​រូប​លោក។

ក្នុង​អំឡុង​ការ​និយាយ​តាម Skype លោក សម រង្ស៊ី បាន​សូម​ឲ្យ​ប្រជាជន​ទាំង​អស់​ដូចជា លោក ប៊ុណ្ណា ធ្វើ​ការ​ជំរុញ​ឲ្យ​យុវជន​នានា​និង​ប្រជាជន​ដទៃៗ​ទៀត​ឲ្យ​បោះឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី២៨ កក្កដា។ លោក​សម រង្ស៊ី និយាយ​ថា​៖ «​ខ្ញុំ​ឮ​ថា យុវវ័យ​ប្រហែល​១​ម៉ឺន​នាក់​កំពុង​ជួប​ជុំ​គ្នា​នៅ​ក្រុង​តាខ្មៅ​ហើយ​អាជ្ញាធរ​មួយ​ចំនួន​បាន​រារាំង​ពួក​គេ​មិន​ឲ្យ​ចូល​រួម​ការ​ជួប​ជុំ​គ្នា​នេះ។ ប៉ុន្តែ​កុំ​បារម្ភ ខ្ញុំ​នឹង​ជួប​អ្នក​ទាំង​អស់​គ្នា​នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ»៕ PS

អត្ថបទគួរចាប់អារម្មណ៍