
ភ្នំពេញៈ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំចំនួនពីរឲ្យមន្ត្រីរឹតបន្តឹងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់បន្ថែម តាមមណ្ឌលអប់រំកែប្រែនៅទូទាំងប្រទេស ក្នុងពេលបើកយុទ្ធនាការឃោសនាបោះឆ្នោត និងនៅថ្ងៃបោះឆ្នោតទី២៨ ខែកក្កដា ដោយហាមមិនឲ្យយករថយន្តឬមធ្យោបាយដឹកជញ្ជូនជាកម្មសិទិ្ធរបស់រដ្ឋទៅធ្វើសកម្មភាពបម្រើ ឲ្យគណបក្សនយោបាយទេ។
លោក គុយ ប៊ុនសន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃពុំអាចទាក់ទងសុំការអត្ថាធិប្បាយបានទេកាលពីថ្ងៃម្សិលមិញ។ ប៉ុន្តែ សេចក្តីណែនាំ របស់អគ្គនាយកដ្ឋានចុះថ្ងៃទី២០ ខែមិថុនាកន្លងទៅ ចុះហត្ថលេខាដោយលោក គុយ ប៊ុនសន បានហាមមន្ត្រីពន្ធនាគារយករថយន្ត ឬមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋទៅធ្វើសកម្មភាពបម្រើគណបក្ស ហាមយករថយន្តដែលមានស្លាកសញ្ញាគណបក្សចូលក្នុងអង្គភាព ហាមបិទស្លាកសញ្ញាគណបក្សលើអគារ ខ្លោងទ្វារ លើរបង និងហាមមន្ត្រីពន្ធនាគារមិនឲ្យពាក់មួក ឬអាវ ដែលមានរូបសញ្ញាគណបក្ស ពេលចូលក្នុងបរិវេណអង្គភាពជាដាច់ខាត។ នៅក្នុងលិខិតនោះបញ្ជាក់ទៀតថា៖ «គ្រប់ប្រធានអង្គភាពចំណុះអគ្គនាយកពន្ធនាគារប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្តត្រូវចាត់តាំងណែនាំដល់មន្ត្រីក្រោមឱវាទ ដើម្បីអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់»។
ក្នុងលិខិតដោយឡែកមួយទៀតចេញផ្សាយពីថ្ងៃទី១៩ ខែមិថុនា អគ្គនាយកដ្ឋានពន្ធនាគារ បានណែនាំដែរថា ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគារត្រូវរៀបចំផែនការ ការពារសន្តិសុខ សុវត្ថិភាពពន្ធនាគារ ឲ្យបានសមស្របទៅតាមនីតិវិធី និងតាមច្បាប់ស្តីពីពន្ធនាគារ។
សេចក្តីណែនាំនោះបន្តថា៖ «ត្រូវប្រមូលកម្លាំងនៅថ្ងៃទី២៨ ខែកក្កដា ដើម្បីការពារឲ្យមានសុវត្ថិភាព ត្រូវបែងចែកជាក្រុម (ក្រុមទី១ ទៅបោះឆ្នោតពីម៉ោង៧ដល់ម៉ោង៩ និងក្រុមទី២ ទៅបោះឆ្នោតពីម៉ោង៩ដល់ម៉ោង១១ និងក្រុមទី៣ ពីម៉ោង១២ដល់ម៉ោង ២រសៀល) និងត្រូវមានកម្លាំង២ភាគ៣ នៅប្រចាំការ»។
យោងតាមកិច្ចប្រជុំផ្សព្វផ្សាយនីតិវិធីនៃការឃោសនាបោះឆ្នោត លោក សោម ច័ន្ទឌីណាសមាជិក គ.ជ.ប បានឲ្យដឹងថា ការឃោសនាបោះឆ្នោតមាន៣០ថ្ងៃគិតចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ ចាប់ផ្តើមពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់។ ដោយហាមប្រើប្រាស់មធ្យោបាយដឹកជញ្ជូនជាសម្បត្តិរដ្ឋ ធ្វើសកម្មភាពឃោសនាឲ្យគណបក្សនយោបាយណាមួយ។ រីឯមន្ត្រីរាជការស៊ីវិលអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិនិងមន្ត្រីតុលាការមិនអនុញ្ញាតចូលរួមសកម្មភាពក្នុងការឃោសនាបោះឆ្នោតសម្រាប់គណបក្សនយោបាយណាឡើយប៉ុន្តែអាចចូលរួមសកម្មភាពឃោសនាបានបន្ទាប់ពីបញ្ចប់ម៉ោងធ្វើការ ឬស្ថិតនៅក្រៅម៉ោងធ្វើការ។
លោក ហង្ស ពុទ្ធា នាយកអង្គការឃ្លាំមើលការបោះឆ្នោត ហៅកាត់ និចហ្វិក បានឲ្យដឹងថា ការណែនាំដល់មន្ត្រីពន្ធនាគារនេះ ដោយសារតែឥឡូវនេះគឺជារដូវកាលឃោសនាបោះឆ្នោត និងមិនចង់ឲ្យពន្ធនាគារទៅពាក់ព័ន្ធនឹងគណបក្សនយោបាយទេ។ លោកបន្តថា៖«អ្វីដែលយើងបារម្ភនោះបើទោះជាទណ្ឌិតបានបាត់បង់សិទ្ធិបោះឆ្នោត តែក្រសួងត្រូវធានាថា ពួកគាត់អាចទទួលបានព័ត៌មានដែលទាក់ទងទៅនឹងបញ្ហាសង្គម»៕