The Phnom Penh Post Search

Search form

CNRP ស្នើ​ដោះលែង​អ្នក​ជាប់​ឃុំ​ក្រោម​ហេតុផល​នយោបាយ

CNRP ស្នើ​ដោះលែង​អ្នក​ជាប់​ឃុំ​ក្រោម​ហេតុផល​នយោបាយ

130918_03
យុវជនដែលត្រូវបានចាប់ឃុំក្នុងព្រឹត្តិការណ៍នៅក្បាលថ្នល់

ភ្នំពេញៈ គណបក្ស​សង្គ្រោះ​ជាតិ CNRP បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល ដោះលែង​សកម្មជន​គណបក្ស​របស់​ខ្លួន​ទាំង​អស់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន ក្រោម​ហេតុផល​នយោបាយ នៅ​មុន​និង​ក្រោយ​បោះឆ្នោត និង​អំពាវនាវ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល ធ្វើ​ការ​ស្រាវជ្រាវ​អត្ត​សញ្ញាណ​យុវជន ៦ នាក់ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ ពាក់​ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​គ្នា​ដោយ​ហិង្សា រវាង​សមត្ថកិច្ច និង​ក្រុម​អ្នក​តវ៉ា​នៅ​ម្តុំ​ស្ពាន​អាកាស ក្បាលថ្នល់ កាល​ពី​យប់​ថ្ងៃ​អាទិត្យ។

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​នៅ​ក្នុង​វេទិកា របស់​វិទ្យុ អាស៊ី សេរី កាល​ពី​យប់​ម្សិលមិញ​ថា លោក​បាន​សុំ​ឲ្យ​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង មហាផ្ទៃ និង​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ពិចារណា​ដើម្បី​ជួយ​អន្តរាគមន៍ ដោះលែង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​គេ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់ ដោយ​ហេតុផល​នយោបាយ នៅ​មុន​និង​ក្រោយ​ពេល​បោះឆ្នោត។

លោក កឹម សុខា ថ្លែង​ថា៖ «ខ្ញុំ​ស្នើ​ចំៗ​ឲ្យ​គាត់​អន្តរាគមន៍​ដើម្បី​ដោះលែង​សកម្មជន​សង្គ្រោះ​ជាតិ​ទាំង​អស់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ ហើយ​ខ្ញុំ​នឹង​ធ្វើ​បញ្ជី​ជូន​គាត់ ពីព្រោះ​គាត់​ក៏​បាន​យល់​ស្រប​ជាមួយ​ខ្ញុំ ឲ្យ​ខ្ញុំ​ដាក់​បញ្ជី​នោះ​ទៅ​ដើម្បី​ឲ្យ​គាត់​ពិនិត្យ ដើម្បី​ដោះស្រាយ»។ លោក​ឲ្យ​ដឹង​ទៀត​ថា ឧទាហរណ៍​ករណី​មួយ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត កំពត ដែល​គាត់​គ្រាន់​តែ​ធ្វើ​គ្រែ​រនាប​តូចៗ នៅ​ផ្ទះ​របស់​គាត់ ដើម្បី​លក់​ចិញ្ចឹម​ជីវិត បែរ​ជា​ត្រូវ​បាន​គេ​ចោទ​គាត់ ពី​បទ​ល្មើស​ព្រៃឈើ​។ តើ​គាត់​មាន​ទៅ​កាប់​ព្រៃ​ឈើ​ឯណា បើ​គាត់​ធ្វើ​គ្រែ​តូចៗ លក់​ចេក​ចៀន។ លោក​បញ្ជាក់​ថា៖ «ខ្ញុំ​សូម​ឲ្យ​សង្គម​ស៊ីវិល ស្រាវជ្រាវ អំពី​អត្តសញ្ញាណ​និង​ពី​ហេតុការណ៍​របស់​ជន​ទាំង ៦ នាក់​នោះ បើ​សិន​ជា​គាត់​មិន​មែន​ជា​ជន​ខិល​ខូច ឬ​ក៏​ជា​អ្នក​រំលោភ​ច្បាប់​អី​នោះ​ទេ ខ្ញុំ​នឹង​យក​ឈ្មោះ​ទាំង​អស់​នេះ​ដាក់​ស្នើ​ទៅ​ភាគី​ខាង​រដ្ឋាភិបាល»។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​កាល​ពី​ម្សិលមិញ​ថា រហូត​មក​ដល់​ពេល​នេះ លោក​ពុំ​ទាន់​បាន​បូក​សរុប​ថា មាន​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន​ប៉ុន្មាន​នាក់ ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់ ឬ​ចាប់​ខ្លួន​នោះ​ទេ ដោយ​សារ​តែ​លោក​កំពុង​តែ​ប្រមូល​ព័ត៌មាន។

លោក ខៀវ សុភ័គ អ្នក​នាំពាក្យ​ក្រសួង មហាផ្ទៃ និង លោក គៀត ច័ន្ទថារិទ្ធ​អ្នក​នាំពាក្យ​ប៉ូលិស​ជាតិ ពុំ​អាច​ទាក់​ទង​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ។

លោក សួស សំអាត អនុ​ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​ពុំ​អាច​ទាក់​ទង ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ដែរ ប៉ុន្តែ កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ លោក​បាន​ថ្លែង​ថា មនុស្ស ៦ នាក់ ត្រូវ​បាន​ឃុំ​ខ្លួន នៅ​ពន្ធនាគារ ក្រោម​បទ​ប្រើ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស និង​បទ​ធ្វើ​ឲ្យ​ខូច​ខាត​សម្បត្តិ​សាធារណៈ​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ក្នុង​ព្រឹត្តិការណ៍​ប៉ះ​ទង្គិច​ហិង្សា​រវាង​បាតុករ និង​កង​រាជ​អាវុធហត្ថ​នៅ​ស្ពាន​អាកាស ក្បាល​ថ្នល់។

លោក អំ សំអាត មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់ អង្គការ​ការពារ​សិទ្ធិមនុស្ស លីកាដូ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​នេះ មេ​ធា​វី​ដែល​ការពារ​ជន​រងគ្រោះ​កំពុង​រៀប​ឯកសារ ដាក់​ទៅ​តុលាការ​ធានា​ឲ្យ​ពួក​គេ​នៅ​ក្រៅ​ឃុំ។ លោក​បាន​ថ្លែង​ថា៖ «ព្រឹត្តិការណ៍​នេះ​កើត​ឡើង​ពី​សំណាក់​អាជ្ញាធរ ដោយសារ​តែ​ការ​ដាក់​របាំង​បិទ​ផ្លូវ ដូច្នេះ​អង្គការ​សង្គម​ស៊ីវិល ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះលែង​ជន​ទាំង ៦ នាក់ ដែល​ត្រូវ​បាន​ចាប់​ដាក់​គុក និង​ទទូច​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ ដើម្បី​ស៊ើប​អង្កេត រក​ជន​ល្មើស​ដែល​ប្រើ​អាវុធ​បាញ់​ពលរដ្ឋ​បណ្តាល​ឲ្យ​ស្លាប់ និង​រង​របួស មក​ផ្តន្ទាទោស ទៅ​តាម​ច្បាប់»។ លោក អំ សំអាត បាន​ឲ្យ​ដឹង​ទៀត​ថា លោក​បាន​រៀបចំ​បញ្ជី​ឈ្មោះ និង​ព័ត៌មាន​មួយ​ចំនួន​ដើម្បី​ផ្ញើ​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ដាក់​ទៅ​រដ្ឋាភិបាល ធ្វើ​ការ​ពិចារណា ក្នុង​ការ​ដោះលែង​ពួក​គេ ឲ្យ​មាន​សេរីភាព វិញ ពីព្រោះ​ពួក​គេ​ទាំង​នោះ​គឺជា​ជន​រងគ្រោះ​ខ្លះ​ជា សិស្ស និស្សិត និង​មួយ​ចំនួន​ទៀត​ជា​កម្មករ​សំណង់។ ពួក​គេ​បាន​ឆ្លើយ​ថា ពួក​គេ​គឺ​សុទ្ធ​តែ​ជា​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក៏​ជួប​នូវ​ហេតុការណ៍​នោះ។

លោក​ថ្លែង​ឲ្យ​ដឹង​ទៀត​ថា ជន​ជាប់​ចោទ​ទាំង ៦ នាក់​នោះ​រួម​មាន​ឈ្មោះ ង្វៀន ធីដុក ជនជាតិ វៀតណាម ឯក ចាន់នឿន តាំង ជុងសែ សុង និស្ស័យ ឡុង សាមឿន និង វ៉ាន់ និន។

ទោះ​យ៉ាង​ណា​ប្រសិន​បើ​តុលាការ រក​ឃើញ​មាន​ពិរុទ្ធ នោះ​ពួក​គេ​អាច​ជាប់​ពន្ធនាគារ​ចន្លោះ​ពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និង​ពិន័យ​ប្រាក់​ពី ៤ ទៅ ១០ លាន​រៀល៕

អត្ថបទគួរចាប់អារម្មណ៍