The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វីដេអូ​យុទ្ធនាការ​រួម​គ្នា​បញ្ឈប់​អំពើ​ហិង្សា​របស់​អង្គការ​ជីវិត​នៅ​កម្ពុជា​ ឈ្នះ​ពានរង្វាន់​អន្ដរជាតិ​នៅ​អូស្ដ្រាលី

វីដេអូ​យុទ្ធនាការ​រួម​គ្នា​បញ្ឈប់​អំពើ​ហិង្សា​របស់​អង្គការ​ជីវិត​នៅ​កម្ពុជា​ ឈ្នះ​ពានរង្វាន់​អន្ដរជាតិ​នៅ​អូស្ដ្រាលី

Content image - Phnom Penh Post
យុទ្ធនាការ​ផ្សព្វផ្សាយ​រួម​គ្នា​បញ្ឈប់​អំពើ​ហិង្សា ដោយ​ប្រើ​មួក​សុវត្ថិភាព​ពណ៌​ទឹកក្រូច របស់​អង្គការ​ជីវិត​នៅ​កម្ពុជា​បាន​ឈ្នះ​ពាន​ប្រចាំ​ឆ្នាំ​នៅ​អូស្ដ្រាលី​។ រូបថត សហការី

វីដេអូ​យុទ្ធនាការ​រួម​គ្នា​បញ្ឈប់​អំពើ​ហិង្សា​របស់​អង្គការ​ជីវិត​នៅ​កម្ពុជា​ ឈ្នះ​ពានរង្វាន់​អន្ដរជាតិ​នៅ​អូស្ដ្រាលី

ភ្នំពេញ: យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​មួយ​ស្ដីពី​ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ​របស់​អង្គការ​ជីវិត​នៅ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ដ​សៀមរាប ត្រូវ​បាន​ទទួលស្គាល់​ជា​អន្ដរជាតិ​ដោយ​បាន​ឈ្នះ​ពាន​យុទ្ធនាការ​បណ្ដាញ​សង្គម​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​ក្នុង​ពាន Not For Profit Technology នៅ​ប្រទេស​អូស្ដ្រាលី និង​បាន​ជាប់​ក្នុង​បញ្ជី​សម្រាំង​ចុងក្រោយ​ក្នុង​ការដណ្ដើមពាន Grassroots Justice Prize សកលលោក​។

ភាពយន្ដ​យុទ្ធនាការ​រយៈពេល ២ នាទី​ដែល​បង្ហាញ​ពី​នារី​បុគ្គលិក​ការិយាល័យ ស្ដ្រី​កសិករ ស្ដ្រី​រោងចក្រ​កាត់ដេរ និង​សិស្សស្រី​សុទ្ធ​តែ​ត្រូវ​ពាក់មួក​សុវត្ថិភាព​មុនពេល​ត្រឡប់​ចូល​ផ្ទះ​បាន​ឈ្នះ​លើ​វីដេអូ​យុទ្ធនាការ Fansdonate x Bush Heritage Australia ដែល​បាន​ប្រកាស​ជយលាភី​កាលពី​ថ្ងៃទី​ ១២ ខែ​ឧសភា ឆ្នាំ ២០១៩ កន្លង​ទៅ​នេះ​។

យោង​តាម​អ្នករៀបចំ​ព្រឹត្ដិការណ៍​មកពី Not For Profit Technology ដែល​បាន​ហៅ​យុទ្ធនាការ​នេះ​ជា «​កិច្ចការ​ដ៏អស្ចារ្យ​» បាន​ឲ្យ​ដឹងថា​៖ «​អរគុណ​ចំពោះ​អ្នក​រាល់គ្នា​ចំពោះ​ការផលិត​ខ្សែ​វីដេអូ​ជួយ​កែប្រែ​ជីវិត​»​។

វីដេអូ​អប់រំ​ដែល​បាន​ទាក់ទាញ​មហាជន និង​បាន​ក្លាយ​ជា​វេទិកា​ជជែក​វែកញែក​ពី​ស្ថានភាព​ដែល​ស្ដ្រី និង​កុមារ​អត់​ធ្លាប់​ពាក់មួក​សុវត្ថិភាព​ដើម្បី​ការពារ​ខ្លួន​ពី​ឧប្បត្ដិហេតុ​ចរាចរណ៍ តែ​បែរ​ជា​ពាក់​មុន​ពេល​ចូល​ផ្ទះ​ដើម្បី​ការពារ​អំពើ​ហិង្សា​ទៅ​វិញ​។

Content image - Phnom Penh Post
ទិដ្ឋភាព​វីដេអូ​អប់រំ​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​របស់​អង្គការ​ជីវិត​នៅ​កម្ពុជា​។ រូបថត សហការី

លោក Billy Gorter ជា​ស្ថាបនិក និង​នាយក​អង្គការ​ជីវិត​កម្ពុជា​បាន​ថ្លែងថា​៖ «​វា​ជា​មហាកិត្ដិយស​ដែល​បាន​ឈ្នះ​ពាន​អន្ដរជាតិ​នេះ​។ យើង​ជឿ​ថា​យុទ្ធនាការ​បែប​ច្នៃប្រឌិត​នេះ​គឺជា​មធ្យោបាយ​ដ៏មាន​ប្រសិទ្ធភាព​បំផុត​មួយ​ក្នុង​ការបង្កើត​ភាព​ផ្លាស់ប្ដូរ​ប្រកប​ដោយ​វិជ្ជមាន​។ រយៈពេល​ជិត​ ១ ​ទសវត្សរ៍​នេះ​ពលរដ្ឋ​សហគមន៍​កម្ពុជា​បាន​ប្រាប់​យើង​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​គឺជា​បញ្ហា​ធំ​បំផុត​មួយ​ដែល​ពួកគេ​ប្រឈម ហើយ​ភាព​ស្ងប់ស្ងាត់​នេះ​គួរតែ​ត្រូវ​បំបែក​»​។

លើស​ពី​វីដេអូ​យុទ្ធនាការ ជន​ល្បីៗ​មួយ​ចំនួន​បាន​ស្ម័គ្រចិត្ដ​ថត​វីដេអូ និង​ផ្ញើ​សារ​គាំទ្រ​ដើម្បី​ផ្សព្វផ្សាយ​យុទ្ធនាការ​រួមមាន តារាចម្រៀង យ៉ាន លីនដា ផងដែរ​។

ស្ថាបនិក​អង្គការ​លោក Billy Gorter បាន​បន្ដ​ថា​៖ «​យើង​មាន​មោទនភាព​ណាស់​ដែល​បាន​ដើរ​លើ​ផ្លូវ​ដ៏ត្រឹមត្រូវ​។ យើង​ចង់​អរគុណ​ជាពិសេស​ដល់​ជន​ល្បីៗ​កម្ពុជា​ដែល​បាន​ថ្លែង​គាំទ្រ​ដល់​យុទ្ធនាការ​នេះ និង​មនុស្សម្នា ៩ ពាន់​នាក់​ទៀត​ដែល​បាន​ចែករំលែក​វីដេអូ​បន្ដ​»​។

យុទ្ធនាការ​រួម​គ្នា​បញ្ឈប់​អំពើ​ហិង្សា​បាន​ដំណើរការ​រយៈពេល ១៦ ​ថ្ងៃ​ចាប់ពី​ខែ​វិច្ឆិកា​ដល់​ខែ ​ធ្នូ ឆ្នាំ​ ២០១៨ និង​បាន​បង្ក​ការភ្ញាក់ផ្អើល​ដោយ​មាន​អ្នក​ចូល​ទស្សនា​ជាង ១ លាន​ដង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​។

Content image - Phnom Penh Post
កុមារ​នៅ​តាម​សហគមន៍​ក៏​ទទួល​បាន​ការអប់រំ​ពី​អង្គការ​ផង​ដែរ​។ រូបថត សហការី

លោក Jaime Gill នាយក​ទំនាក់ទំនង​ប្រចាំ​អង្គការ​ជីវិត​កម្ពុជា (TLC) បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ថា​៖ «​គណៈវិនិច្ឆ័យ​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់​លើ​គោលគំនិត​ចម្បង និង​ផែនការ​ដ៏ត្រឹមត្រូវ ភាព​ច្នៃប្រឌិត​ក្នុង​ការប្រើប្រាស់​បណ្ដាញ​សង្គម និង​ទាក់ទាញ​មហាជន​ជាច្រើន​ឲ្យ​ចាប់​អារម្មណ៍​ចំពោះ​យុទ្ធនាការ​នេះ​»​។

លោក​បាន​បន្ដ​ថា​៖ «​នេះ​បាន​សបញ្ជាក់​ថា កម្ពុជា និង​អង្គការ​នៅ​កម្ពុជា​បង្ហាញ​ពី​ភាព​លេចធ្លោ​របស់​ខ្លួន​ក្នុង​ព្រឹត្ដិការណ៍​សំខាន់ៗ​។ លើស​ពី​នេះ​ពាន​រង្វាន់​នេះ​បាន​លើក​ទឹកចិត្ដ​អង្គការ​ជីវិត​កម្ពុជា​ឲ្យ​បន្ដ​ខិតខំ​រិះរក​វិធី​ច្នៃប្រឌិត​ក្នុង​ការជួយ​សហគមន៍ ខណៈ​ពួកគេ​ប្រឹងប្រែង​ស្វែងរក​អនាគត​ដ៏ភ្លឺស្វាង​»​។

ដោយសារ​ស្ដ្រី​ខ្មែរ​ជាង ២០ ​ភាគរយ​រង​នូវ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​មាន​តែ ២៤ ​ភាគរយ​ក្នុង​ចំណោម​ពួកគេ​ហ៊ាន​ស្វែងរក​ជំនួយ និង ៤០ ភាគរយ​ទៀត​ចាត់ទុក​ការវាយដំ​ជា​ទង្វើ​ធម្មតា យុទ្ធនាការ​របស់​អង្គការ​ជីវិត​កម្ពុជា ត្រូវ​តែ​មាន​ភាពច្នៃប្រឌិត​ខ្ពស់​ដើម្បី​ទាក់ទាញ​ចិត្ដ​មហាជន​ឲ្យ​សម្ដែង​មតិ និង​ហ៊ាន​ក្រោកឈរ​ទប់ស្កាត់​អំពើ​ហិង្សា​នេះ​។

របាយការណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា​៖ «​យុទ្ធនាការ​ត្រូវ​តែ​ជ្រួតជ្រាប​ដល់​មនុស្ស​ជាច្រើន ដើម្បី​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​អត្ដចរិត​បុគ្គល​ដែល​តែងតែ​បំពាន​លើ​រាងកាយ ដោយសារ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​កម្ពុជា​មាន​រហូត​ដល់ ៧ ​លាន​នាក់​»​។

Content image - Phnom Penh Post

បើក​ដំណើរការ​ឆ្នាំ​ ២០០៧ អង្គការ​ជីវិត​កម្ពុជា​បាន​ធ្វើការ​ជាមួយ​សហគមន៍ ដើម្បី​ជួយ​ពួកគេ​ទទួល​បាន​នូវ​បំណិន​ជីវិត និង​ធនធាន​ចាំបាច់​សម្រាប់​កែប្រែ​ជោគវាសនា​អនាគត​ខ្លួន​។

លោក Billy Gorter បាន​ឲ្យ​ដឹងថា​៖ «​ជាមួយ​នឹង​ការទទួល​ពាន​មួយ​នេះ វា​បាន​រំឭក​ខ្ញុំ​ថា ឆ្នាំ​ ២០១៨ មាន​ការរីកចម្រើន​យ៉ាង​ខ្លាំង​ពី​អ្វី​ដែល​ខ្ញុំ​ធ្លាប់​គិត​ក្នុង​អំឡុង​ឆ្នាំ​ ២០០៧ អំពី​ផល​លំបាក​នានា ដែល​ពួកគេ​ត្រូវ​ប្រឈម​។ ខ្ញុំ​សង្ឃឹម​ថា យើង​បាន​ចូលរួម​ចំណែក​ជួយ​សង្គម​ខ្មែរ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​»​។

TLC ក៏​ផ្ដោត​លើ​ការពង្រឹង​សមត្ថភាព​អប់រំ​ដល់​មូលដ្ឋាន ជាពិសេស​ការជួយ​ឲ្យ​កុមារ​បន្ដ​ការសិក្សា​យ៉ាងតិច​ដល់​ថ្នាក់​វិទ្យាល័យ និង​កាត់បន្ថយ​អត្រា​បោះបង់​ការសិក្សា ធ្វើការ​ជាមួយ​យុវជន​ជាប់​ពន្ធនាគារ​ដោយ​ជួយ​ពួកគេ​បន្ដ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​គ្រួសារ និង​មាន​ឱកាស​វិល​ចូល​សហគមន៍​វិញ​។

អង្គការ​ជីវិត​កម្ពុជា​មាន​អាសយដ្ឋាន​ផ្ទះ ៥៦ ក្រុមទី១០ ភូមិ​វត្ដបូ ឃុំ​សាលា​កំរើក ក្រុង​សៀមរាប ហើយ​ចំពោះ​ព័ត៌មាន​លម្អិត​សុំ​ចូល​ទៅ​កាន់​គេហទំព័រ www.thislifecambodia.org និង​facebook@thislifecambodia

អត្ថបទគួរចាប់អារម្មណ៍