
តារាស្រីមេម៉ាយកូន ១ សុខ សោម៉ាវត្តី ជាតួឯកស្រីក្នុងរឿង «ប្រពន្ធខ្ញុំស្រឡាញ់ស្រី»។ រូបថត សហការី
ភ្នំពេញ៖ «ប្រពន្ធខ្ញុំស្រឡាញ់ស្រី» ជាវណ្ណកម្មថ្មីមួយទៀតបន្ទាប់ពីការចាក់បញ្ចាំងខ្សែភាពយន្តខ្នាតធំ ចំណាយខ្ទង់លានដុល្លារនៃរឿង «នាឡិកា ដាស់វិញ្ញាណ» របស់ផលិតកម្ម អិលឌី Picture បានធ្វើឲ្យតួឯកស្រីឆ្អិនខាងភាពក្រមិចក្រមើមប្រែជាពិបាកដាក់មនោសញ្ចេតនាស្នេហាច្របូលច្របល់ ខណៈតួឯកប្រុសរអាក្នុងការថើបតួស្រីក្នុងនាមជាបុរសភេទដូចគ្នា។
ដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី ១៧ ខែធ្នូកន្លងទៅ ត្រៀមចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅថ្ងៃទី ១៩ ខែធ្នូនេះ ភាពយន្តថ្មីបែបកំប្លែងលាយឡំនឹងមនោសញ្ចេតនា «ប្រពន្ធខ្ញុំស្រឡាញ់ស្រី» ដែលស្តែងចេញពីមនុស្សស្រីស្រឡាញ់ភេទដូចគ្នា និងត្រឡប់ទៅស្រឡាញ់ភេទផ្ទុយគ្នា (ប្រុស) ដែលសម្តែងដោយតារាសម្តែងស្រីក្រមិចក្រមើមអ្នកមេម៉ាយកូន ១ សុខ សោម៉ាវត្តី និងតារាសម្តែងប្រុសមាឌមាំលោក ជា សុវណ្ណនរាហ៍ គ្រងតំណែងជាតួឯក ព្រមជាដៃគូសម្តែងក្នុងភាពយន្តជាច្រើនមកហើយ។
អ្នកមេម៉ាយកូន ១ សុខ សោម៉ាវត្តី ដែលបានស្រឡាញ់ស្រីក្នុងសាច់រឿង និងបានប្តូរទៅជាស្រឡាញ់មនុស្សប្រុសវិញ បានថ្លែងក្នុងថ្ងៃសម្ពោធជាផ្លូវការថា៖ «ការសម្តែងចរិតរឡិករឡក់ ច្រងេងច្រងាងមិនប្លែកទេ សម្រាប់ខ្ញុំ។ ប៉ុន្តែរឿងនេះប្លែកត្រង់ថា រឿងមុនៗច្រងេងច្រងាងបែបមនុស្សស្រី តែរឿងនេះបែបមនុស្សប្រុសហើយស្រឡាញ់ស្រីទៀត។ វាពិបាកដាក់មនោសញ្ចេតនាដែរ ដោយសារធាតុពិតខ្ញុំស្រឡាញ់មនុស្សប្រុសទេ»។

ពិធីសម្ពោធកុនដុំបែបកំប្លែងរឿង «ប្រពន្ធខ្ញុំស្រឡាញ់ស្រិី» កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៩។ រូប សហការី
តារាប្រុសទឹកមុខស្រគត់ស្រគំរាងខ្ពស់ស្រឡះ មិនសូវពូកែសម្តីលោក ជា សុវណ្ណនរាហ៍ ដែលសម្តែងជាតួឯកប្រុសក៏បានប្រាប់ថា៖ «ដូចបានដឹងហើយថា ខ្ញុំ និងគាត់ (សុខ សោម៉ាវត្តី) ធ្លាប់សម្តែងរួមគ្នាជាច្រើនរឿង ឡើងលែងមានអារម្មណ៍ប្លែក ឬអៀនគ្នាទៀតហើយ។ ប៉ុន្តែរឿងនេះខ្ញុំពិបាកទទួលយកដោយសារតែមានឈុតថើប ហើយមិនមែនថើបធម្មតាទេ ដូចជា ការថើបប្រុសគ្នាឯងអ៊ីចឹង ព្រោះគាត់ដើរតួជាមិត្តភក្តិនឹងខ្ញុំ ហើយថែមទាំងស្រឡាញ់ស្រីដូចគ្នាទៀត»។
លោក លៀក លីដា ម្ចាស់ផលិតកម្ម អិលឌី Picture បានប្រាប់ពីគោលបំណងក្នុងការផលិតកុនថា៖ «រឿងនេះ ខ្ញុំសង្ឃឹមថា បងប្អូនមានអារម្មណ៍ប្លែក ដោយសារសាច់រឿងយើងចង់និយាយពីការមិនប្រកាន់ការស្រឡាញ់មិនថា ភេទដូចគ្នា ឬខុសគ្នា តែងតែមានភាពរីករាយ និងកើតទុក្ខដូចគ្នា»។
លោកអះអាងថា៖ «យើងក៏បែរមកផលិតកុន និងព្យាយាមផលិតកុនដែលមានគុណភាពសម្រាប់ឲ្យបងប្អូនកាន់តែចូលចិត្ត និងកាន់តែគាំទ្រ»៕