ភ្នំពេញ៖ ដោយមានគោលដៅចង់ចូលរួមអភិរក្ស និងរក្សាកេរដំណែលទម្រង់សិល្បៈតន្រ្តីបុរាណខ្មែរ ឲ្យនៅគង់វង្សបន្តនោះ មិត្តតន្រ្តី គឺជាសាលាភ្លេងដំបូងគេ ក្នុងវិស័យឯកជនបានបើកទ្វារទទួលសិស្សចូលរៀនគ្រប់វ័យ ជាមួយឧបករណ៍តន្រ្តីបុរាណខ្មែរមានចំនួន ១០ ប្រភេទ និងឧបករណ៍ភ្លេងសម័យបែបបរទេស ៤ ប្រភេទ ដែលបង្រៀនដោយគ្រូជំនាញ និងមានកម្មវិធីបញ្ចូលអក្សរភ្លេង និងសៀវភៅ សម្រាប់រៀនទៀតផង។
សាលាភ្លេង «មិត្តតន្ត្រី» ដែលបើកបង្រៀនសិស្សរយៈពេលជិត ២ ឆ្នាំមកហើយនោះ មានជំនាញឧបករណ៍ភ្លេង ២ ផ្នែកធំ គឺទី១ ផ្នែកភ្លេងបុរាណខ្មែរ ចំនួន ១០ ប្រភេទ ដូចជាទ្រសោ ទ្រអ៊ូ ទ្រខ្មែរ ទ្រឆេ ចាប៉ី ខ្លុយ រនាតឯក ពិណ តាខេ ឃឹម សាដៀវ ស្គរដៃ និងចាប៉ីដងវែង ឯផ្នែកទី២ គឺឧបករណ៍ភ្លេងបរទេសចំនួន ៤ ប្រភេទ ដូចជា ព្យ៉ាណូ វីយូឡុង ហ្គីតា និងម៉ង់ដូលីន។ ម៉ោងរៀនរបស់សិស្ស មាន ២ វេន គឺរៀនវេននៅថ្ងៃចន្ទដល់ថ្ងៃសុក្រ មានម៉ោងរើសចាប់ពីម៉ោង ២ រសៀលដល់ម៉ោង ៧ យប់ និងរៀននៅថ្ងៃចុងសប្តាហ៍ (សៅរ៍-អាទិត្យ) មានម៉ោងរើសចាប់ពីម៉ោង ៨ ព្រឹក ដល់ ៧ យប់។
នាយកសាលា «មិត្តតន្រ្តី» លោក គាត សុគីម បានឲ្យដឹងថា៖ «លើសពីនេះ សាលាយើងមានកម្មវិធីថ្នាក់ទ្រឹស្ដីភ្លេង និងតែងនិពន្ធជាមួយកម្មវិធីបង្រៀនបែបទំនើប ឧបករណ៍ និងសៀវភៅភ្លេងទៅតាមឧបករណ៍នីមួយៗ បង្កលក្ខណៈងាយស្រួលជាច្រើនដល់សិស្សក្នុងការហ្វឹកហាត់មេរៀនទាំងនៅក្នុងថ្នាក់ និងក្រៅថ្នាក់។ យើងខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នា នឹងមកចូលរួមជាមួយយើង ដើម្បីទទួលបាននូវចំណេះជំនាញផ្នែកតន្ត្រី និងចូលរួមលើកកម្ពស់វិស័យតូរ្យតន្ត្រីនៅកម្ពុជាផងដែរ ជាពិសេសសម្រាប់ការជួយអភិរក្សភ្លេងបុរាណខ្មែរដែលមានតាំងពីដូនតាមកនោះ»។
ដោយសារឧបករណ៍បុរាណខ្មែរទាំង ១០ ប្រភេទ និងឧបករណ៍ភ្លេងបរទេសទាំង ៤ ប្រភេទ នឹងត្រូវសិក្សាទៅតាមកម្រិតនៃឧបករណ៍នីមួយៗ ដែលមានច្រើនខែ និងអាស្រ័យតាមទេពកោសល្យសិស្សផងដែរ តម្លៃសិក្សាគឺសមរម្យអាចឲ្យសិស្សខ្មែរគ្រប់ស្រទាប់វណ្ណៈអាចមានលទ្ធភាពរៀនបានមានចន្លោះពី ១០ ដុល្លារ រហូតដល់ ២៥ ដុល្លារ ក្នុង ១ ខែ។
លោក គាត សុគីម បញ្ជាក់ថា៖ «យើងបានរៀបចំនូវរយៈពេលរៀនឧបករណ៍នីមួយៗមាន ៤ កម្រិត ហើយ ១ កម្រិតអាចឲ្យសិស្សប្រើពេលវេលារៀនចន្លោះពី ៣ ទៅ ៤ ខែ។ ចំពោះតម្លៃទូទៅសិក្សារយៈពេល ១ ខែ គឺមានតម្លៃ ១០ ដុល្លារ ខណៈឧបករណ៍ ៣ បង់ថ្លៃសិក្សាខុសគេបន្តិច ដោយសារពិបាករកធនធានគ្រូមកបង្រៀន គឺមានឧបករណ៍ទ្រខ្មែរ និងវីយូឡុង សិស្សត្រូវបង់តម្លៃ ២០ ដុល្លារ ក្នុង ១ ខែ ហើយឧបករណ៍សាដៀវវិញ គឺរាងថ្លៃជាងគេបន្តិច គឺបង់តម្លៃ ២៥ ដុល្លារ ក្នុង ១ ខែ»។
តាមទម្លាប់ និងភាពជាក់ស្តែងនៃការពេញនិយមរបស់សិស្សរៀនផ្នែកសិល្បៈទាំងផ្នែកចម្រៀងក្តី និងរបាំក្តី រមែងមានសម្ទុះស្រូបបាននូវចំនួនសិស្សចូលរៀនលើផ្នែកសម័យជាងបុរាណ តែសម្រាប់សាលា «មិត្តតន្ត្រី» វិញ បែរជាទទួលបានសិស្សចូលរៀន ឧបករណ៍ភ្លេងបុរាណជាងឧបករណ៍បែបបរទេស ឬជាឧបករណ៍បែបសម័យ នោះទៅវិញ។
នាយកសាលាភ្លេងមិត្តតន្រ្តីបង្ហើបថា៖ «យើងក៏មានការងឿងឆ្ងល់ដែររឿងនេះ ហើយនាពេលបើកសាលាដំបូងនោះ យើងរំពឹងគិតថា ច្បាស់ជាមានសិស្សចូលរៀនឧបករណ៍ភ្លេងបរទេសបែបសម័យច្រើនជាងឧបករណ៍ភ្លេងបុរាណខ្មែរ មិនខាននោះទេ។ តែជាក់ស្តែងពេលមានសិស្សមកចុះឈ្មោះចូលរៀននោះ យើងឃើញចំនួនសិស្សចាប់អារម្មណ៍ចូលរៀនឧបករណ៍ភ្លេងបុរាណខ្មែរច្រើនជាងឧបករណ៍ភ្លេងបរទេសបែបសម័យទៅវិញ។
ហើយបើតាមការសង្កេត- និងស្ទង់មតិនោះ ពីសិស្សនោះ គឺមកពីយើងមានលក្ខណៈងាយស្រួលច្រើនទៅលើការរៀនឧបករណ៍ភ្លេងបុរាណខ្មែរគឺទី១ យើងមានសៀវភៅ មេរៀន និងអក្សរភ្លេងនៃឧបករណ៍នីមួយៗ ភ្ជាប់ជាមួយនឹងទ្រឹស្តី និងមានម៉ោងច្រើនជ្រើសសម្រាប់សិស្សចូលរៀនមិនអាក់ដំណើរ និងបំណងចង់រៀនរបស់ពួកគាត់ ហើយមានថែមទាំងមានគ្រូជំនាញតាមឧបករណ៍តែម្តង»។
សម្រាប់អ្នកចង់ចូលរៀនជំនាញឧបករណ៍ភ្លេងបុរាណខ្មែរ និងឧបករណ៍ភ្លេងបរទេសទៅតាមម៉ោងទំនេរខ្លួន ហើយអាចបង្កលក្ខណៈងាយស្រួលរៀននោះ អាចសាកសួរនាំតាមទូរស័ព្ទ ០១១ ៤៦០ ៩០០ ឬ ០៧០ ៥៩៦ ០៧៦ នៅសាលាភ្លេង «មិត្តតន្រ្តី»៕