ភ្នំពេញ៖ ខណៈអតិថិជនមួយចំនួនធំពិបាកស្វែងរកអំណោយគាំទ្រស្នាដៃផលិតក្នុងស្រុក ជូនមនុស្សជាទីស្រឡាញ់នោះ សិប្បករខ្មែរភាគច្រើនបែរជាមានផលិតផលហើយនៅមិនដឹងថាគួរគ្រប់គ្រងយ៉ាងដូចម្ដេច?។
ដោយសារឃើញភាពខ្វះចន្លោះរវាងអតិថិជន និងសិប្បករ «សិប្ប» ក៏ត្រូវបានបង្កើតឡើង ដោយសហស្ថាបនិក លឹម កណ្ណិកា ដើម្បីឱ្យទីផ្សារទាំង ២ ជួបគ្នា។
កញ្ញា កណ្ណិកា បានមើលឃើញពីភាពខ្វះចន្លោះនេះក៏ដោយសារតែកញ្ញាធ្លាប់ធ្វើការជាមួយអង្គការប្រឆាំងការជួញដូរមនុស្ស Destiny Rescue និងអង្គការ Nomi Network ដែលមានបង្រៀនរបៀបឌីហ្សាញ និងគ្រប់គ្រងផលិតផលដល់សិប្បករឱ្យមានការផលិតនៅខ្មែរ និងធ្វើដោយជនជាតិខ្មែរ។
សហស្ថាបនិក «សិប្ប» បានប្រាប់ ភ្នំពេញប៉ុស្តិ៍ ថា៖ «រយៈពេល ៣ ឆ្នាំធ្វើការជាមួយពួកគាត់ ខ្ញុំសង្កេតបានថាពួកគាត់ផលិតចេញនូវផលិតផលល្អៗ និងស្អាតៗច្រើន ប៉ុន្តែចំណុចដែលពួកគាត់មិនមានគឺផ្នែកទីផ្សារ។ ហើយខ្ញុំក៏មានមិត្តភក្តិម្នាក់ធ្វើការខាងគ្រប់គ្រងធនធានមនុស្សដែលគាត់ក៏ជាសហស្ថាបនិក «សិប្ប» ផងដែរ តែងតែមានភាពពិបាកក្នុងការរកកាដូជូនបុគ្គលិកគាត់»។
កញ្ញា កណ្ណិកា បានរៀបរាប់ថា៖ «ផ្ដើមពីចំណុចនេះនាំឱ្យខ្ញុំមានគំនិតក្នុងការទាញឱ្យពួកគាត់ទាំង ២ ជួបគ្នា ហើយដោយបទពិសោធធ្វើជាមួយសិប្បករស្រាប់ខ្ញុំក៏នៅតែបន្តមានទំនាក់ទំនងល្អទើបយើងអាចបើកសិប្បបាន»។
«សិប្ប» បានចាប់ផ្ដើមដំណើរការពីដើមឆ្នាំ ២០១៩ ដោយសហស្ថាបនិកវ័យ ៣០ ឆ្នាំរូបនេះបានចាត់ទុកថា វាជាអាជីវកម្មធម្មតា ដែលផ្តោតទៅលើការផ្សព្វផ្សាយការងារសង្គមច្រើន។
កញ្ញាក៏បានសម្គាល់ឃើញដែរថាប្រជាជនជាច្រើនដែលនៅតាមខេត្តមិនសូវមានការងារធ្វើ។ ខ្លះក៏ចំណាកស្រុក រីឯខ្លះក៏ទៅធ្វើការបម្រើសេវាកម្ម ធ្វើឱ្យមានបញ្ហាដល់កូនៗមិនមានលទ្ធភាពទៅរៀន។
កញ្ញាបានលើកឡើងថា៖ «ឃើញរូបភាពអស់នោះហើយដែលជំរុញខ្ញុំចង់ឱ្យអាជីវកម្មខ្ញុំ ជាអាជីវកម្មដែលអាចបង្កើតការងារដល់ប្រជាជនមានប្រាក់ចំណូលដល់ពួកគាត់ និងកាត់បន្ថយការចំណាកស្រុក»។
សម្ភារពី «សិប្ប» សឹងតែ ១០០% ធ្វើពីដៃ និងជារបស់កែច្នៃដោយសិប្បករខ្មែរសុទ្ធសាធ។ ផលិតផលជិត ៣០ ប្រភេទពីអង្គការផ្សេងៗរួមមាន កាបូបដៃ កាបូបយួរ ខ្សែកាបូប កញ្ច្រែង ម៉ាស់ កន្សែងចាក់ គ្រឿងអលង្ការ ក្រវិល កងដៃ និងសម្ភារផ្ទះបាយមួយចំនួនទៀតផង។
សម្ភារមានធ្វើពីផលិតផលធម្មជាតិដូចជាចចូត ស្លឹកចាក កំប្លោក ដីឥដ្ឋ សេរ៉ាមិច និងច្រើនទៀត។ កាបូបក៏មានធ្វើពីក្រណាត់តម្បាញ និងស្បែករួមបញ្ជូលគ្នា ដើម្បីអភិវឌ្ឍទៅជាផលិតផលដ៏ទាន់សម័យ។
ក្នុងអំឡុងពេលវិបត្តិកូវីដនេះម៉ាស់ជាផលិតផលដែលលក់ដាច់ជាងគេ។ អតិថិជន បន្ទាប់ពីប្រើប្រាស់បានប្រាប់ថាវាមិនហប់ពេកមិនមានប្រតិកម្មជាមួយស្បែក និងមានគុណភាពល្អ។
«សិប្ប» ទទួលបានភ្ញៀវក្នុងស្រុកស្ទើរតែ ៩០ ភាគរយ។ ការនាំចេញទៅក្រៅប្រទេសត្រូវបានធ្វើឡើងដើម្បីសាកល្បងទីផ្សារ និងមានខ្លះអតិថិជនកុម្ម៉ង់ជម្រើសម៉ូដតាមតម្រូវការយកចេញទៅលក់នៅក្រៅប្រទេស។
ក្រោមពន្លឺនៃការនាំចេញស្នាដៃសិប្បកម្មទៅបរទេស កញ្ញា កណ្ណិកា បានបញ្ជាក់ប្រាប់ថា៖ «សម្រាប់ផលិតផលដែលនាំចេញទៅជប៉ុន គាត់មានការពេញចិត្តជាមួយគុណភាពយើង ព្រោះយើងធ្វើដោយមានភាពទទួលខុសត្រូវទាំងពេលវេលាកំណត់ជាមួយភ្ញៀវ និងគុណភាពទៅតាមអ្វីដែលយើងបានសន្យាជាមួយគាត់។ កត្តាទាំងនេះហើយដែលធ្វើឱ្យកេរ្តិ៍ឈ្មោះយើងកាន់តែរីកធំឡើង ឥឡូវយើងថែមទាំងអាចផ្គត់ផ្គង់ក្រុមហ៊ុនធំៗបានទៀតផង»។
តម្លៃផលិតផលអាស្រ័យទៅលើប្រភេទដែលអតិថិជនចង់បានកត្តាកិច្ចការពិបាក និងស្មុគស្មាញក្នុងការធ្វើដោយដៃ។ ជាទូទៅផលិតផល «សិប្ប» មានតម្លៃពី ១,៥ ដុល្លាឡើងសម្រាប់ម៉ាស់។ រីឯកាបូប និងសម្ភារដទៃទៀតមានតម្លៃពី ៣ ទៅ ៦០ ដុល្លារ។
មិនខុសពីផលិតផលក្នុងស្រុកមួយចំនួនដែលត្រូវប្រឈមការរិះគន់ពីតម្លៃខ្ពស់ កញ្ញា កណ្ណិកា បានរំឭកឱ្យដឹងថា ពេលបើក «សិប្ប» ដំបូងពុំមានអ្នកចាប់អារម្មណ៍ទេ។
កញ្ញារំឭកប្រាប់ថា៖ «ពេលឮថាផលិតផលខ្មែរគ្រប់គ្នាមានគំនិតថាមិនទាន់សម័យ គុណភាពមិនសូវល្អ និងថ្លៃទៀត»។
ប៉ុន្តែក្រោយមកកញ្ញាព្យាយាមរៀបចំរចនាសម្ព័ន្ធទីផ្សារឱ្យបានត្រឹមត្រូវ និងធ្វើការបញ្ជ្រាបផ្នត់គំនិតចំពោះគុណប្រយោជន៍នៃការគាំទ្រផលិតផលខ្មែរ ដែលជាផលិតផលល្អអាចជួយដល់សិប្បករ រួមចំណែកគាំទ្រស្នាដៃវប្បធម៌ប្រពៃណីខ្មែរបន្សល់ទុកពីដូនតា និងលើកស្ទួយសិដ្ឋកិច្ចជាតិទាំងមូលឱ្យកាន់តែប្រសើរឡើង។
កញ្ញា កណ្ណិកា បានប្រាប់ថា៖ «រហូតមកដល់ពេលនេះពួកគាត់បើកចិត្តទូលាយច្រើន ហើយក៏បានគាំទ្រប្រើប្រាស់ និងយល់ឃើញថាផលិតផលយើងក៏មានគុណភាពល្អដែរ។ ថ្វីដ្បិតតែតម្លៃថ្លៃបន្តិចមែន ប៉ុន្តែវាជាសមិទ្ធផលកម្លាំងញើសឈាមបងប្អូនខ្មែរផ្ទាល់ដែលមិនងាយស្រួលដូចជាការផលិតដោយម៉ាស៊ីនទេ»។
សហស្ថាបនិក «សិប្ប» មានគម្រោងធ្វើការលក់បោះដុំ ពង្រីកការនាំចេញទៅក្រៅប្រទេស ពង្រឹងការច្នៃម៉ូដឱ្យកាន់តែមានភាពទាក់ទាញ បន្ថែមផលិតផលឱ្យបានកាន់តែសម្បូរបែប និងផ្ដោតទៅលើការវេចខ្ចប់ដែលអាចប្រកួតប្រជែងជាមួយទីផ្សារក្រៅស្រុកបាន។
កញ្ញាបញ្ជាក់ថា៖ «ព្រោះខ្ញុំយល់ថាបច្ចុប្បន្នការវេចខ្ចប់មិនទាន់ជាទូលំទូលាយទេនៅស្រុកយើង»។
ក្នុងដំណើរលើវិថីផ្សព្វផ្សាយសិប្បកម្មខ្មែរដែលមិនមែនជាកិច្ចការងាយស្រួលនេះ កញ្ញាក៏ថ្លែងអំណរគុណដល់អ្នកគាំទ្រផលិតផលពី «សិប្ប» និងទទូចដល់មហាជនងាកមកសាកល្បងប្រើប្រាស់ផលិតផលក្នុងស្រុក។
សហស្ថាបនិក «សិប្ប» បាននិយាយថា៖ «បើសិនជាបងប្អូនជួយគាំទ្រឱ្យពួកយើងរស់រាន អាជីវកម្មយើងនឹងដំណើរការទៅមុខវប្បធម៌យើងនៅតែរក្សាបាន។ ផ្ទុយមកវិញបើគ្មានការគាំទ្រ យើងអាចនឹងបិទទ្វារនៅពេលណាមួយក៏ថាបាន»
សម្រាប់ការជាវ និងពត៌មានបន្ថែម «សិប្ប» អាចទំនាក់ទំនងបានតាមគេហទំព័រហ្វេសប៊ុក @sepakcambodia៕