ក្រុងហារ៉ារ៉េ៖ ឈីយេវេដហ៊្សូ មូតេរ៉ូ គឺជាជនជាតិហ្ស៊ីមបាវេ ម្នាក់ចំណោមឆ្មាំ Akashinga នារីដ៏តិចតួចដែលបំពេញកិច្ចការប្រឆាំងនឹងការបរបាញ់ ពេលនាងបាក់ម្រាមដៃ។ នាងមិននឹកចង់លាឈប់នោះទេ ដោយនាងនៅតែញញឹម ខណៈម្រាមដៃត្រូវរុំបង់ មុនពេលវិលទៅចូលរួមវគ្គហ្វឹកហ្វឺនបែបទាហានបន្ដទៀត។
ស្ដ្រីហ្ស៊ីមបាវេ អាយុ ២២ ឆ្នាំរូបនេះ និយាយថា៖ «ខ្ញុំរីករាយ នោះជាមូលហេតុដែលខ្ញុំមិនយំ។ ខ្ញុំនឹងព្យាយាមធ្វើជាឆ្មាំនារី Akashinga»។
ឆ្មាំអភិរក្សព្រៃ បំពាក់អាវុធ និងស្លៀកពាក់ឈុតបៃតងចាស់ មានភារៈតាមដាន និងចាប់ខ្លួនជនបរបាញ់ខុសច្បាប់ក្នុងតំបន់ព្រៃអភិរក្សចំនួន ៥ កន្លែង ដែលសុទ្ធតែអតីតតំបន់បរបាញ់ត្រូពិកលើផ្ទៃដី ៤ ០០០ គីឡូម៉ែត្រការ៉េ ក្បែរព្រំដែនជាមួយសំប៊ី។
បើត្រូវបានជ្រើសរើស មូតេរ៉ូ នឹងក្លាយជានារីម្នាក់ចំណោមឆ្មាំដ៏តិចតួច ដែលសម្រាំងចេញពីបេក្ខភាព ៥០០ នាក់ ឆ្មាំតែ ៨០ នាក់ នឹងត្រូវបានបញ្ជូនឲ្យទៅចូលក្នុងកង Akashinga ឬកងនារីក្លាហាន។
ប៉ុន្ដែស្ដ្រីទាំងអស់ក៏ជាអ្នករួចជីវិតធ្លាប់រងគ្រោះចំពោះអំពើរំលោភបំពានកាលពីអតីត ដែលត្រូវបានជ្រើសរើសឲ្យបម្រើការងារជាឆ្មាំដើម្បីឲ្យកាន់កិច្ចការដ៏លំបាកនេះ។
មូតេរ៉ូ បានរៀបការទាំងក្មេងវ័យ និងផ្លាស់ទៅរស់នៅអាហ្វ្រិកខាងត្បូង ជាមួយប្ដី និងកូនស្រីម្នាក់ ជាទីដែលនាងត្រូវបានបំពានលើរាងកាយពីសំណាក់ម្ដាយក្មេក។
នាងត្រឡប់មកជនបទនៃប្រទេស ហ្ស៊ីមបាវេ វិញ ដើម្បីចិញ្ចឹមបីបាច់កូនស្រីតែម្នាក់ឯង និងចែកផ្លូវពីស្វាមីដោយសារមិនបានផ្ញើប្រាក់ឧបត្ថម្ភគ្រួសារ។ អ្នកមេម៉ាយកូនមួយរូបនេះ បន្ដយ៉ាងមានជំនឿចិត្ដចំពោះកិច្ចការអភិរក្សសត្វព្រៃក្នុងប្រទេសកំណើតថា៖ «ប៉ុន្ដែឥឡូវ ខ្ញុំនៅទីនេះផ្ដល់តម្លៃឲ្យខ្លួនឯងក្នុងការចិញ្ចឹមបីបាច់កូន»។
ឆ្មាំព្រៃរកចំណូលចន្លោះពី ៣០០ ទៅ ១ ២០០ ដុល្លារ ក្នុង ១ ខែ អាស្រ័យលើតួនាទីរៀងៗខ្លួន។ មុនពេលក្រុមកងនារីក្លាហានចេញល្បាតព្រៃ ដំរីប្រមាណ ៨ ០០០ ក្បាល ត្រូវបានសម្លាប់លើរយៈពេល ១៦ ឆ្នាំ។
យោងតាមមូលនិធិប្រឆាំងការបរបាញ់អន្ដរជាតិ (IAPF) ពេលពួកគេមកបំពេញការងារ ២ ឆ្នាំនេះ ការប្រមាញ់ដំរីធ្លាក់ចុះ ៨០ ភាគរយ។
ពួកគេចាប់ខ្លួនជនល្មើស ១១៥ នាក់ ដោយមិនឮស្នូរកាំភ្លើង ១ គ្រាប់។ កម្មវិធីនេះ គ្រោងបង្កើតកងកម្លាំងស្ដ្រី ១ ពាន់នាក់ ដើម្បីអភិវឌ្ឍព្រៃ ២០ កន្លែង នៅឆ្នាំ ២០២៥៕ AFP/HR