ភ្នំពេញៈ នាពេលថ្មីៗនេះ បង្កើត​នូវ​ភាព​ភ្ញាក់ផ្អើល​ខ្លាំង​សា​ជា​ថ្មី ពី​សំណាក់​អតីត​តារា​សម្តែង​ស្រី​គ្រង​តំណែង​សិច​ស៊ី កាល​ពី ១ ទសវត្សរ៍​មុន​កញ្ញា វ៉ាង ស្រីណូ បង្ហាញ​មុខ​បុរស​សង្ហា ក៏​ដូច​បង្អួត​ពី​ទ្រព្យ​គឺ​ផ្ទះ​វីឡា​ដ៏ធំ​ស្កឹមស្កៃ និង​ការ​ទិញ​រថយន្ត​ម៉ាក​ឡិច​ស៊ីស ថ្មី​សន្លាង​ជូន​ជា​កាដូ​ដល់​អ្នក​មាន​គុណ​ទាំង ២ របស់​នាង។

អ្វី​កាន់តែ​ទាក់​ចំណាប់អារម្មណ៍​ពី​ប្រិយមិត្ត និង​មហាជន​នោះ ត្រង់​ថា សុខៗ​ស្រាប់​តែ​កញ្ញា វ៉ាង ស្រីណូ បង្ហោះ​រូបថត​ស្និទ្ធស្នាល​នឹង​បុរស​សង្ហា ហើយ​ក្លែម​សារ​សម្តី​ថា៖ «ជូន​ថៅកែ​ពេជ្រ​ម្ចាស់​ចិត្ត​ទៅ​អាមេរិក»។

បើ​គេ​មិន​ច្រឡំ​ទេនោះ កាលពី ២-៣ ឆ្នាំមុន អតីត​តារា​សម្តែង​ស្រី​សិច​ស៊ី សាច់​សខ្ចី មិន​ជ្រេ​ទៅ​តាម​វ័យ កញ្ញា វ៉ាង ស្រីណូ មាន​គូស្នេហ៍​ជា​អាណិក​ជន​អាមេរិក​រស់​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋ​អាមេរិក​មាន​របរ​បើក​ភោជនីយ​ដ្ឋាន ទោះបី​កាយ​នៅ​ឆ្ងាយ​ពីគ្នា​យ៉ាង​ណា តែ​សម្ព័ន្ធភាព​ស្នេហ៍​ពួកគេ​នៅ​មាន

សភាព​ធម្មតា។

តែ​ពេល​ខាង​ភ្នំពេញប៉ុស្តិ៍​បាន​សួរនាំ​បញ្ជាក់​នោះ តារា​ស្រី ដែល​មហាជន គ្រប់​មជ្ឈដ្ឋាន​ស្គាល់ និង​ធ្លាប់​គ្រង​តំណែង​ជា​តារា​សិច​ស៊ី​ដ៏​កក្រើក​ពិភព​សិល្បៈ​ម្នាក់ កាល​ពី ១ ទសវត្សរ៍​មុន​គឺ​កញ្ញា វ៉ាង ស្រីណូ បង្ហើប​ថា៖ «បុរស​ក្នុង​រូប​នេះ ជា​បង​ប្អូន​បង្កើត​ខ្ញុំ​តែ​ប៉ុណ្ណោះ។ រហូត​មក​ទល់​ពេល​នេះ ក៏​នាង​ខ្ញុំ​មិន​មាន​គូកន​ស្អី​ទេ ហើយ​ក៏​មិន​ខ្វល់​រឿង​នោះ​ដែរ។ ព្រោះ​ថា នាង​ខ្ញុំ ជាប់​រវល់​តែ​រឿង​មួយ​គត់ គឺ​ការងារ​រកស៊ី​លក់​ដូរ​ផលិតផល​នៅ​តាម​អន​ឡាញ នា​រយៈពេល ២-៣ ឆ្នាំ ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ»។

តារា​សម្តែង​ស្រី​មានកំណើត​នៅ​កំពង់ឆ្នាំង កញ្ញា វ៉ាង ស្រីណូ ដែល​នៅ​សំងំ​ដើម្បី​សោយ​សុខ​ទៅ​នឹង​ភាព​មាន​បាន​ពី​ផល​ជា​ផ្លែផ្កា​ពីរ​បរ​លក់​គ្រឿង​សម្អាង សម្លៀក​បំពាក់​ម៉ាក​ល្បីៗ និង​ផលិតផល​បំប៉ន​សុខភាព នៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ត​ថា៖ «ដោយ​សារ​តែ​រវល់​នឹង​រឿង​រកស៊ី​លក់​ផលិតផល​ម៉ាក​ល្បីៗ ដែល​នាង​ខ្ញុំ​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​មក​ពី​ប្រទេស​បារាំង អ៊ីចឹង​នាង​ខ្ញុំ​មិន​មាន​ពេល​វេលា​ណា​ទៅ​គិត​រឿង​ម្ចាស់​ចិត្ត​អ្វី​នោះ​ទេ សូម្បីតែ​ការងារ​សិល្បៈ​ក៏​នាង​ខ្ញុំ​ដក​ខ្លួន​ចេញ​យូរ​មក​ហើយ​ដែរ»។

អ្វីដែល​កាន់តែ​ងឿងឆ្ងល់​ខ្លាំង​គឺ ការលេចចេញ​ភាពមានបាន សឹងតែ​នឹកស្មាន​មិន​ដល់​របស់​អតីត​តារា​សម្តែង​ស្រី​សិច​ស៊ី វ៉ាង ស្រីណូ បង្ហោះ​រូប​ផ្ទះ​វីឡា​ដ៏​ធំ​ស្កឹមស្កៃ​តម្លៃ​មិន​ក្រោម​កន្លះ​លាន​ដុល្លារ​នោះ​ឡើយ និង​រថយន្ត Lexus ថ្មី​សន្លាង​ក៏​តម្លៃ​ខ្ទង់​រាប់​សិប​ម៉ឺន​ដុល្លារ​ដែរ។ កញ្ញា វ៉ាង ស្រីណូ បង្ហើរ​សារ​ថា៖«ជូន​កាដូ​ឡាន​ថ្មី​ដល់​អ្នក​មាន​គុណ!​ធ្វើ​បុណ្យ​ទាន់​ខែ​ភ្លឺ!​អ្នក​មាន​គុណ​ស្រឡាញ់​អី​ចង់បាន​អី បើ​កូន​មាន សមត្ថភាព​បំពេញ បំណង​លោក​បាន កូន​នឹង​ធ្វើ​វា​ដើម្បី​ឲ្យ​លោក​ទាំង ២ រីករាយ​ភ្លាម! អ្នក​មាន​គុណ​គាត់ មាន​ប្រសាសន៍​ថា គាត់​ស្រឡាញ់​ឡាន Lexus ហ្នឹង!»៕