ភ្នំពេញៈ ក្រោយពីឃើញរៀមច្បងមានការខំប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់ភារកិច្ចដ៏ធំដែលជាតំណាងឲ្យជាតិខ្លួន ទើបអាចសម្រេចផលល្អនៅក្នុងឆាកប្រកួតប្រជែងបវរកញ្ញាពិភពលោកបាននោះ នាពេលថ្មីៗនេះយុវតី សំណាង អេលីណា ជាម្ចាស់ពានថ្មីនៃបវរកញ្ញាចក្កវាឡកម្ពុជាឆ្នាំ ២០១៩ ក៏បង្ហាញពីការតាំងចិត្តខ្ពស់ និងមានឆន្ទៈចង់បានមកុដពិភពលោកនៅក្នុងការប្រកួតកញ្ញាឯកចក្កវាឡពិភពលោកឆ្នាំនេះផងដែរ។
កញ្ញា សំណាង អេលីណា មានស្រុកកំណើតនៅរាជធានីភ្នំពេញដោយបច្ចុប្បន្នគឺជានិស្សិតឆ្នាំទី១ ចាប់យកជំនាញរៀនផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រដែលបានបន្តភារៈពីកញ្ញា រឿន ណាត អតីតជាកញ្ញាឯកចក្កវាឡឆ្នាំ ២០១៨ ដោយបានក្លាយជាកញ្ញាឯកចក្កវាឡកម្ពុជាឆ្នាំ ២០១៩ ក្រោយពីឆ្លងការប្រកួតប្រជែងឈ្នះបេក្ខនារីជាច្រើនរូបមកនោះក៏ព្រោះតែមានភាពលេចធ្លោជាងគេផ្នែកចំណេះដឹងទូទៅ និងមានសមត្ថភាពលើភាសាបរទេសល្អផងដែរ។
នេះបើតាមលោក ម៉ែន និមលរ័តន៍ ជាប្រធានប្រតិបតិ្តនៃអឹរ៉ាយស៍អេជេនស៊ី (Arise Agency) ខាងផ្នែកបណ្តុះបណ្តាល និងបញ្ជូនបេក្ខភាពកញ្ញាឯកប្រចាំឆ្នាំបានបង្ហើបប្រាប់ឲ្យភ្នំពេញប៉ុស្តិ៍ដឹងនាពេលថ្មីៗនេះ។
លោក ម៉ែន និមលរ័តន៍ ក៏បង្ហើបឲ្យដឹងអំពីចំណុចល្អ និងចំណុចខ្វះខាតដែលត្រូវបន្ថែមសម្រាប់កញ្ញាឯកចក្កវាឡប្រចាំឆ្នាំ ២០១៩ សម្រាប់តំណាងប្រទេសកម្ពុជា គឺកញ្ញា សំណាង អេលីណា ដើម្បីជាការត្រៀមខ្លួនឲ្យបានល្អ សម្រាប់ការប្រកួតបវរកញ្ញាចក្កវាឡពិភពលោកដែលនឹងប្រារព្ធធ្វើនៅចុងឆ្នាំនេះថា៖ «ជាការពិតនោះ អេលីណា នាងគឺជាក្មេងស្រីមានភាពឈ្លាសវៃលើផ្នែកចំណេះដឹងទូទៅផង និងមានសមត្ថភាពផ្នែកភាសាអង់គ្លេសផង។ តែសម្រាប់បេក្ខភាពជាកញ្ញាឯកត្រូវមានភារកិច្ចជាតំណាងប្រទេសនីមួយៗ មិនមែនមានប៉ុណ្ណេះគឺនៅមិនទាន់គ្រប់គ្រាន់នោះឡើយ។
ជាក់ស្តែង អេលីណា គាត់ត្រូវបន្ថែមចំណុចខ្វះខាតមួយចំនួនដែរ ដូចជាគាត់ត្រូវមានកាលវិភាគហាត់ប្រាណ ថែទាំសុខភាពឲ្យបានល្អ និងបង្កើនគីឡូឲ្យមានសាច់ជាងនេះបន្តិចទើបសម។ ក្រៅពីនេះគាត់ត្រូវហ្វឹកហាត់ជំនាញដើរម៉ូដ រៀនរាំ ឬសិល្បៈសម្តែងនានា និងរៀនបន្ថែមពីចំណេះដឹងសង្គមឲ្យទូលំទូលាយផងដែរ ទើបបានជាការដ៏ល្អប្រពៃ»។
ប្រធានប្រតិបតិ្តនៃអឹរ៉ាយស៍អេជេនស៊ី លោក ម៉ែន និមលរ័តន៍ បន្តថា៖ «ពេលនេះ អេលីណា កំពុងតែខិតខំយ៉ាងខ្លាំងសម្រាប់កិច្ចការទាំងនេះ ហើយនាងក៏មានឆន្ទៈចង់បានមកុដពិភពលោកជូនជាតិខ្មែរយើងផងដែរនៅលើកនេះ»៕