ភ្នំពេញ៖ ក្រោយពីពុះពារ និងបានជម្នះនូវរាល់ឧបសគ្គក្នុងការប្រកួតប្រជែងរហូតដណ្តើមបានមកុដកញ្ញាឯកចក្កវាឡកម្ពុជាប្រចាំឆ្នាំ ២០២០ កាលពីរាត្រីថ្ងៃទី ២៦ ខែវិច្ឆិកា កន្លងមកនោះ មហាជនជាអ្នកគាំទ្រមានការស្ងើចសរសើរយ៉ាងខ្លាំងអំពីសមត្ថភាព និងចំណេះដឹងជាពិសេសនោះ គឺសមត្ថភាពចេះភាសាបរទេសរបស់កញ្ញា រ៉េត សារីតា។
កញ្ញា រ៉េត សារីតា បច្ចុប្បន្នជានិស្សិតកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកទំនាក់ទំនងអន្តរជាតិ និងអាចនិយាយភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញស័ក្តិសមជាបវរកញ្ញាដែលតំណាងឱ្យកម្ពុជានៅលើឆាកអន្តរជាតិ ដែលនាងអាចនិយាយភាសាបរទេសជាសកលមួយនេះបានល្អ។
កាលពីឆ្នាំ ២០១៦ កញ្ញា រ៉េត សារីតា ក៏ធ្លាប់ទទួលបានពានរង្វាន់ជើងឯក Youth Champion Award ពីកម្មវិធី UNFPA Cambodia ចំពោះការជួយលើកកម្ពស់ការយល់ដឹងពីការអប់រំសុខភាពផ្លូវភេទ និងសុខភាពបន្តពូជសម្រាប់យុវជន។ លើសពីនេះ កញ្ញា សារីតា ក៏មានអាជីពជាតារាសម្តែងពិធីការិនី និងតារាបង្ហាញម៉ូដឱ្យក្រុមហ៊ុនធំៗជាច្រើន មុនឈានមកប្រកួតកញ្ញាឯកចក្កវាឡកម្ពុជា នៅឆ្នាំ ២០២០ និងបានគ្រងមកុដមួយនេះថែមទៀតផង។
នាពេលប្រកួតឆ្លើយសំណួរមួយវគ្គទៅមួយវគ្គ កញ្ញា រ៉េត សារីតា មានចំណុចទាក់ចិត្តលើសគេ ដែលគណៈកម្មាការពេញចិត្តគ្រប់វិញ្ញាសាដែលស្រីស្អាតរូបនេះ អាចបំបែកបានប្រកបដោយជំនឿចិត្ត ហើយតាមដឹងគឺនាងបានបញ្ចប់ការសិក្សាបរិញ្ញាបត្រភាសាអង់គ្លេស មានតុងនិយាយភាសានេះ បានល្អ ហើយភាសាទី២ ចេះភាសាបារាំង យកជាការបាន និងចុងក្រោយភាសាថៃក៏បានដែរ។
កញ្ញា រ៉េត សារីតា បានឆ្លើយសំណួរជុំចុងក្រោយយ៉ាងល្អថា៖ «គោលបំណងដែលខ្ញុំចង់បានមកុដថ្ងៃនេះ ព្រោះខ្ញុំជានារីមានភាពអង់អាចក្លាហានជានារីមានការទទួលខុសត្រូវខ្ពស់ក្នុងសហគមន៍ ជាពិសេស នាសម័យកាលមានជំងឺរាតត្បាតកូវីដ ១៩ នេះ»៕