ភ្នំពេញ៖ ខណៈពេលនេះស្រីស្រស់ ដែលជាកញ្ញាឯកផែនដីកម្ពុជាឆ្នាំ ២០២០ (Miss Earth Cambodia 2020) កញ្ញា ហេង សុទ្ធនិស្ស័យ កំពុងតែឆ្លងចូលដល់វគ្គបន្តនៃការប្រកួតកញ្ញាឯកផែនដីពិភពលោក Miss Earth 2020 ដែលគេសម្រេចរៀបចំតាមអនឡាញជាលើកដំបូងនៅឆ្នាំនេះ ដោយសារតែបញ្ហាកូវីដ ១៩ នោះ។
ដោយសារធ្លាប់មានបទពិសោធក្នុងការប្រកួតបវរកញ្ញារួមផ្សំសមត្ថភាពភាសាអង់គ្លេសរូបសម្រស់ និងចំណេះដឹងនោះ ទើបស្រីស្រស់កញ្ញាឯកផែនដីតំណាងឱ្យកម្ពុជាឆ្នាំ ២០២០ កញ្ញា ហេង សុទ្ធនិស្ស័យ ហាក់មានសុទិដ្ឋិនិយម និងមានដំណើរការប្រកួតរលូនទៅមុខបានល្អ សម្រាប់ភារកិច្ចក្នុងការចូលរួមប្រកួតកញ្ញាឯកផែនដី Miss Earth 2020 ដែលមានប្រទេសចូលរួមចំនួន ៨៤ ប្រទេស ទូទាំងពិភពលោក ហើយការប្រកួតវគ្គចុងក្រោយនឹងធ្វើនៅថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២០។
កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ កញ្ញា សុទ្ធនិស្ស័យ ត្រូវបានគេហទំព័រផ្លូវការនៃការប្រកួតបានទម្លាយឈ្មោះបេក្ខនារីជាប់ក្នុងការប្រកួតវគ្គ Talent Competition ថា៖ «កញ្ញា ហេង សុទ្ធនិស្ស័យ បានជាប់ក្នុងប្រភេទវិញ្ញាសាប្រកួតទេពកោសល្យច្រៀង (Singing Category) ដែលជាតំណាងនៅតំបន់អាស៊ី និងអូសេអានី (Asia &Oceania) ដែលត្រូវជួបបេក្ខនារីជាតំណាងតំបន់អឺរ៉ុប (Europe) កញ្ញា Anette Müürsep មកពីប្រទេសអេត្យូពី បេក្ខនារីតំណាងតំបន់អាហ្វ្រិក (Africa) កញ្ញា Lungo Katete មកពីប្រទេសអាហ្វ្រិកខាងត្បូង និងបេក្ខនារីតំណាងតំបន់អាមេរិក (Americas) កញ្ញា Lindsey Coffey មកពីប្រទេសអាមេរិក»។
កញ្ញាឯកផែនដីតំណាងឱ្យកម្ពុជាឆ្នាំ ២០២០ កញ្ញា ហេង សុទ្ធនិស្ស័យ ក៏ធ្លាប់ជាអតីតកញ្ញាឯក Miss University 2016 ចំណាត់ថ្នាក់លេខ ២ និងធ្លាប់បានចូលរួមប្រកួតកម្មវិធី Miss Cosmopolitan World 2016 នៅប្រទេសម៉ាឡេស៊ី ដោយទទួលបានពាន ២ គឺពាន Best in talent & ពាន Best Eyebrows។
ចំណែកឯការសិក្សាវិញកញ្ញា ហេង សុទ្ធនិស្ស័យ ទើបតែបានបញ្ចប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យ Bridgewater State University នៅក្នុងរដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិកកាលពីឆ្នាំ ២០១៩ សម្រាប់កម្មវិធីផ្លាស់ប្តូរនិស្សិត (Exchange Program) ហើយកញ្ញាក៏ជានិស្សិតរៀនជំនាញទំនាក់ទំនងអន្តរជាតិនៅសាកលវិទ្យាល័យបញ្ញាសាស្រ្តនៅប្រទេសកម្ពុជា ខណៈសមត្ថភាពភាសាបរទេសវិញ គឺអាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញដូចជាភាសាកំណើតអ៊ីចឹងដែរ។
ស្រីស្អាត សម្បុរស្រអែម កម្ពស់ ១,៧០ ម៉ែត្រ កញ្ញា ហេង សុទ្ធនិស្ស័យ ដែលធ្លាប់បម្រើការងារជាមន្ត្រីផ្នែកទំនាក់ទំនងនៃអង្គការក្រៅរដ្ឋាភិបាលមួយ និងធ្លាប់បម្រើការងារជាជំនួយការក្រុមអាកាសយានិកក្រុមហ៊ុនមួយកាលពីឆ្នាំ ២០១៧។
កញ្ញា សុទ្ធនិស្ស័យ ក៏បានសម្តែងពីអារម្មណ៍សុទិដ្ឋិនិយម ក្រោយពីបានក្លាយជាកញ្ញាឯកផែនដីប្រចាំឆ្នាំ ២០២០ ដែលតំណាងឱ្យកម្ពុជា និងមានក្តីរំពឹងខ្ពស់ សម្រាប់ការប្រកួតលក្ខណៈពិភពលោកឆ្នាំនេះដែរ៕