ភ្នំពេញ៖ ដោយសារ​​ធ្លាប់​មាន​បទពិសោធន៍​ស្រាប់​​​​ក្នុង​​​ការ​ប្រកួត​បវរកញ្ញា​​រួម​​ផ្សំ​​​​សមត្ថភាព​​ភាសា រូប​​​​​​​សម្រស់​ និង​ចំណេះដឹង​​ផង​​​នោះ ទើប​ស្រីស្រស់​កញ្ញាឯក​ផែនដី​តំណាង​ឱ្យ​កម្ពុជា​ឆ្នាំ ​២០២០​ កញ្ញា ហេង សុទ្ធនិស្ស័យ ហាក់​មាន​សុទិដ្ឋិនិយម​ប្រកប​ដោយ​ភាព​ជឿជាក់​ សម្រាប់​ភារកិច្ច​​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​ប្រកួត​កញ្ញាឯក​ផែនដី​​ Miss Earth 2020​ ដែល​មាន​​ចំនួន​ ៧១ ប្រទេស​​ទូទាំង​​​ពិភព​លោក​នៅ​​​​ថ្ងៃទី ​២៩ ខែ ​វិច្ឆិកា ​ចុង​​ឆ្នាំ ​២០២០​ នេះ​។

ស្រីស្រស់​កញ្ញាឯក​ផែនដី​កម្ពុជា​ឆ្នាំ ​២០២០​ (Miss Earth Cambodia 2020)​ កញ្ញា ហេង សុទ្ធនិស្ស័យ ដែល​ជា​អតីត​​​កញ្ញាឯក Miss University 2016 ចំណាត់​ថ្នាក់​លេខ​​ ​២ ​និង​​​ធ្លាប់​បាន​ចូលរួម​ប្រកួត​កម្មវិធី​ Miss​ Cosmopolitan World 2016 នៅ​​ប្រទេស​​​​​​ម៉ាឡេស៊ី ដោយ​​ទទួល​បាន​​ពាន ២ គឺ​ពាន​ Best in talent & ពាន​ Best Eyebrows។

ចំណែក​ឯ​ការ​សិក្សា​វិញ​​កញ្ញា​ ហេង សុទ្ធនិស្ស័យ ទើប​តែ​បាន​​បញ្ចប់​ការ​សិក្សា​ផ្នែក​ទំនាក់​ទំនង​​​​អន្តរជាតិ​នៅ​សាកល​​​វិទ្យាល័យ​ Bridgewater State University ​​​​​​នៅ​ក្នុង​រដ្ឋ​ម៉ាសេជូសេត សហរដ្ឋ​អាមេរិក​កាល​​​ពី​ឆ្នាំ ​២០១៩ កន្លង​​​មក​ សម្រាប់​​កម្មវិធី​​​​ផ្លាស់ប្តូរ​​​​និស្សិត (Exchange Program)​ ហើយ​កញ្ញា​ក៏​​ជា​និស្សិត​​​រៀន​​ជំនាញ​ទំនាក់​ទំនង​អន្តរជាតិ​នៅ​​សាកល​វិទ្យាល័យ​​​​បញ្ញាសាស្រ្ត​នៅ​​ប្រទេស​កម្ពុជា​​ ខណៈ​​សមត្ថភាព​ភាសា​បរទេស​វិញ​ គឺ​កញ្ញា​ក៏​​អាច​​​​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ស្ទាត់​ជំនាញ​​​ដូច​​ភាសា​​​កំណើត​​​។​

ស្រី​ស្អាត​​​សម្បុរ​​​​ស្រអែម ​​មាន​កម្ពស់ ​១,៧០ ម៉ែត្រ កញ្ញា ហេង សុទ្ធនិស្ស័យ ដែល​​​ធ្លាប់​បម្រើ​ការងារ​ជា​មន្ត្រី​ផ្នែក​​​ទំនាក់ទំនង​​នៃ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​​មួយ​​ និង​ធ្លាប់​បម្រើ​ការងារ​ជា​ជំនួយការ​ក្រុម​​​​​​អាកាសយានិក​​​ក្រុមហ៊ុន​​មួយ​​កាល​​ពី​​ឆ្នាំ ​២០១៧។

កញ្ញា​ សុទ្ធនិស្ស័យ ក៏​បាន​សម្តែង​ពី​អារម្មណ៍​សុទិដ្ឋិនិយម​​​​ក្រោយ​​ពី​បាន​ក្លាយជា​កញ្ញា​ឯក​ផែនដី​​ប្រចាំ​ឆ្នាំ ​២០២០ តំណាង​​ឱ្យ​កម្ពុជា​ និង​មាន​​ក្តី​​រំពឹង​សម្រាប់​​​ការ​ចូលរួម​ប្រកួត​មាន​​លក្ខណៈ​ពិភព​​លោក​ចុង​ឆ្នាំ​នេះ​ដែរ​​ថា៖ «នាង​​​​ខ្ញុំ​​​រំភើប​​​ចិត្ត​​​ខ្លាំង​ ជាមួយ​អ្វី​ដែល​ជា​បទពិសោធ និង​ការ​ត្រៀម​ទទួល​​​យក​អ្វី​ដែល​ថ្មី ដើម្បី​​ការ​ផ្លាស់​ប្តូរ​​។​ ដូច្នេះ​ហើយ​ នាង​ខ្ញុំ​នឹង​មាន​​​​ឱកាស​សម្រាប់​ផ្សព្វផ្សា​យ​​ទៅ​កាន់​​ពិភព​​លោក​ឱ្យ​កាន់​តែ​​​ស្គាល់ និង​បាន​យល់​ដឹង​​អំពី​ប្រទេស​​កម្ពុជា​ ជា​មិន​ខាន​​ឡើយ​។

ដោយ​ឡែក​ក្រៅ​ពី​បាន​ជាប់​ជា​តំណាង​កញ្ញា​ឯក​ផែន​ដី​ឆ្នាំ ​២០២០ នេះ កញ្ញា ហេង សុទ្ធនិស្ស័យ ក៏​​​លេចឮ​ថា​ នាង​កំពុង​​ត្រៀម​​ខ្លួន​ចូលរួម​ប្រកួត​ប្រជែង​​កម្មវិធី​អន្តរជាតិ​មួយ​ទៀត​ដែរ ​គឺ​កម្មវិធី​កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា​​ប្រចាំ​ឆ្នាំ ​២០២០ Miss Universe Cambodia ខណៈ​ក្រៅ​ពី​នេះ​​គេ​ក៏​ឃើញ​​មាន​ប្រិយមិត្ត​គាំទ្រ​នាង​​​បាន​ស្នើ​ឱ្យ​ចូលរួម​​កម្មវិធី​ប្រកួត​ផ្សេងៗ​ទៀត​រួម​មាន​ដូចជា​​​កម្មវិធី​ Miss supranational 2021 កម្មវិធី Miss intercontinental 2021 កម្មវិធី Miss ECO internasional 2021 កម្មវិធី ​Miss United continent 2021 និង​កម្មវិធី​ Miss Globe 2021 ជា​ដើម៕​