ភ្នំពេញៈ ជាដំណឹងដ៏ក្រៀមក្រំមួយខណៈដែលតារាចម្រៀងស្រីវ័យក្មេងជ្រកក្រោមទ្រនំផលិតកម្មសាន់ដេ កញ្ញា ខេមរៈ ស្រីពៅ ដែលមានធ្លាក់ខ្លួនឈឺអស់រយៈពេល ៤ ឆ្នាំមកហើយ បានទទួលមរណភាពនាថ្ងៃរសៀលម៉ោង ១ថ្ងៃ ទី២៥ ខែមករា ឆ្នាំ២០១៩នេះ។ នេះបើយោងតាមដំណឹងសាយភាយពេញបណ្តាញសង្គមនូវមរណភាពរបស់តារាចម្រៀងស្រីសប្បុរខ្មៅស្រអែមខេមរៈ ស្រីពៅ ចេញពីគណនីហ្វេសប៊ុកប្រុសបង្កើតជានិពន្ធទំនុកច្រៀងលោក ខេមរៈ ភារុណ នៅថ្ងៃរសៀលថ្ងៃនេះ។
តារាចម្រៀងស្រីដែលត្រូវជាប្អូនស្រីបង្កើតរបស់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត និងជាប្អូនស្រីរបស់លោក ខេមរៈ ភារុណ កញ្ញា ខេមរៈ ស្រីពៅ បានបាត់មុខពីវិស័យសិល្បៈអស់រយៈពេល៤ឆ្នាំមកហើយ ដោយមានដំណឹងថាកញ្ញាមានជំងឺជាទម្ងន់ តែមិនមាននណាម្នាក់ដឹងថាតារាស្រីរូបនេះមានជំងឺអ្វីអោយប្រាកដនោះឡើយ។
ពីគណនីយហ្វេសប៊ុករបស់លោក ខេមរៈ ភារុណ ឈ្មោះថា «Chau Sopanha» ដែលជាបងប្រុសបង្កើតរបស់តារាស្រីរូបនេះ បានបង្ហោះនូវសេចក្តីទុក្ខសោកថា៖«ប្អូនស្រីពៅបងទៅបានសុខហើយ» និងបានបង្ហោះជាបន្តទៀតថា៖«ប្អូនពៅបងបានលាយើងទាំងអស់គ្នាហើយ!»។
យ៉ាងណាមិញលោក ខេមរៈ ភារុណ នៅតែបង្ហោះសារនៅលើបណ្តាញសង្គមបង្ហាញពីភាពសោកស្តាយជាបន្តបន្ទាប់ រួមជាមួយបណ្តាអ្នកគាំទ្ររបស់តារាចម្រៀងស្រីសំនៀងផ្អែមរូបនេះ ដោយម្នាក់ស្ទើរតែមិនជឿ និងអស់សង្ឃឹមដែលតារាក្នុងដួងចិត្តរបស់ពួកគេមិនអាចមកបកស្រាយបទចម្រៀងបំពេរអារម្មណ៍ខ្លួនបានទៀត។
ទោះបីជាមានការបញ្ជាក់តាមរយៈអាខោនហ្វេសប៊ុករបស់លោក ខេមរៈ ភារុណ ពីដំណឹងមរណភាពរបស់កញ្ញា ខេមរៈ ស្រីពៅ ក៏ដោយក៏ខាងស្ថាប័នភ្នំពេញប៉ុស្តិ៍នៅមិនទាន់ព័ត៌មានបន្ថែមបំភ្លឺពីពីបងប្រុសទាំងពីរបស់សពកញ្ញា ខេមរៈ ស្រីពៅ គឺលោក ខេមរៈ សិរីមន្ត និងលោក ខេមរៈ ភារុណ ឡើយ ដោយប្រព័ន្ធទូរសព្ទរបស់លោកមិនអាចទំនាក់ទំនងបាន។
ខណៈមរណភាពនេះ ក៏ត្រូវបានលោក ហេង ឡុង ដែលជាសមាជិកសមាគមសិល្បករកម្ពុជា និងត្រូវជាគូស្នេហ៍អ្នកានាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមអ្នកសិល្បករកម្ពុជានោះដែរថា៖«ព័ត៌មានដ៏ក្រៀមក្រំបំផុត! សូមចូល រួមរំលែក ទុក្ខ តារា ចម្រៀង ខេមរ: ស្រីពៅ ដែលត្រូវជាប្អូនស្រីបង្កើតរបស់តារាចម្រៀង ខេមរៈ សេរីមន្ត បាន លាចាកលោកនេះ ហើយ នៅសៀលថ្ងៃនេះ វេលាម៉ោង១ នៅប្រទេសឥណ្ឌា! សូមបងប្អូន ទាំងអស់គ្នា ជួយចែករំលែកទុក្ខ និងជូនសាធារណជនឲ្យ បានជ្រាបផង !សូមបញ្ជាក់ថាកញ្ញាបានឈឺអស់រយៈពេល៤ឆ្នាំមកហើយ»៕